ក្រុមយុវជន១០០រាត្រី ដែលបន្តបេសកកម្មពីលោក បណ្ឌិត កែម ឡី គ្រោងផ្សាយរបាយការណ៍ស្រាវជ្រាវរាត្រីទី ៤៥ ស្ដីពីសមត្ថភាពការពារព្រំដែន របស់កម្ពុជា ទន់ខ្សោយ ដែលមិនអាចធានាបានថា កម្ពុជានឹងមិនបាត់បង់ទឹកដីទៀត ទៅវៀតណាមនាថ្ងៃអនាគត។ ការលាតត្រដាងរបាយការណ៍នេះ ក្រោយពីពួកគេបានចុះសិក្សា ស្រាវជ្រាវជាង ១ ឆ្នាំ ដោយបានចុះប្រមូលព័ត៌មាន ពីពលរដ្ឋ និងសមត្ថកិច្ចការពារព្រំដែនខ្មែរ និងឯកសារពាក់ព័ន្ធនានា។
របាយការណ៍ ក្រុមយុវជន១០០រាត្រី បានលាតត្រដាង ពីហានិភ័យជាច្រើន ដែលរុញឱ្យកម្ពុជា ប្រឈមរបូតទឹកដី ទៅវៀតណាមគ្រប់គ្រងជាបន្តបន្ទាប់ បូករួមទាំងការហូរចូលជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ និងយុទ្ធសាស្ត្រជាច្រើន ជាល្បិចឈ្លានពានរយៈពេលវែងរបស់រដ្ឋាភិបាលវៀតណាម។ លើសពីនេះ សមត្ថភាពការពារព្រំដែនរបស់សមត្ថកិច្ចកម្ពុជា មិនត្រឹមតែខ្វះខាតច្រើននោះទេ អ្វីដែលប្រឈមខ្លាំងជាងគេ គឺរដ្ឋាភិបាលមិនយកចិត្តទុកដាក់ដោះស្រាយទាល់តែសោះ គឺជីវភាពប្រជាជនរស់នៅតាមព្រំដែនធ្លាក់ចុះខ្លាំង ដោយសារគ្មានការអភិវឌ្ឍតាមព្រំដែន ជាច្រើនទសវត្សរ៍មកហើយ។
ខ្លឹមសាររបាយការណ៍បង្ហាញ ពីចំណុចស្នូលមួយចំនួនបង្ហាញពីសមត្ថភាពការពារព្រំដែនរបស់កម្ពុជាទន់ខ្សោយខ្លាំង បើធៀបប្រទេសជិតខាងរួមមាន អគារត្រួតពិនិត្យតាមព្រំដែនផ្នែកកម្ពុជាគ្មានស្តង់ដារ ទាហានព្រំដែនកម្ពុជាមានប្រាក់ខែទាបជាង ទាហានវៀតណាម និងគ្មានយន្តការបំបាត់អំពើពុករលួយនៅតាមព្រំដែន និងបញ្ហាសំខាន់ៗមួយចំនួនទៀត។
សមាជិកក្រុមការងារ ១០០រាត្រី លោក មួង សូនី និយាយថា វៀតណាមប្រើរូបភាពជាច្រើន ក្នុងបំណងឈ្លានពានកម្ពុជាគ្រប់កាលៈទេសៈរួមមាន ការជះលុយទិញមន្ត្រីកម្ពុជា ប្រើស្រីស្អាតទិញទឹកចិត្តមន្ត្រីខ្មែរ គំរាមកំហែងសមត្ថកិច្ចកម្ពុជាតាមព្រំដែន និង ញុះញង់ឱ្យថ្នាក់ដឹកនាំខ្មែរបែកបាក់ផ្ទៃក្នុងជាដើម។ លោកថា វៀតណាម លើកទឹកចិត្តឱ្យប្រជាជនគេចូលដីខ្មែរ ធ្វើកសិកម្ម និងទិញដីខ្មែរតាមបណ្ដោយព្រំដែនរស់នៅ ព្រមទាំងបញ្ជូនប្រជាជនគេមករស់នៅ កៀកព្រំដែន រំកិលចូលដីខ្មែរបន្តិចម្តងៗ ខណៈដែលព្រំដែនកម្ពុជាគ្មានការអភិវឌ្ឍអ្វីទាំងអស់។ លោក មួង សូនី បន្ថែមថា រដ្ឋាភិបាលកម្ពុជាហាក់គ្មានទំនួលខុសត្រូវ ចំពោះភារកិច្ចរបស់ខ្លួនដឹកនាំប្រទេស ដែលធានាថា នឹងរក្សាការពារដីខ្មែរឱ្យគង់វង្សនោះទេ៖ «សមត្ថភាពការពារព្រំដែនរបស់រដ្ឋាភិបាលនៅមានកម្រិតខ្សោយណាស់ ដែលមិនអាចទទួលយកបាន មិនមានភាពប្រាកដនិយម ដែលមិនអាចធានាបានថា យើងនឹងមិនអាចបាត់បង់ទឹកដីតាមបណ្ដោយកម្ពុជា និងវៀតណាមទៀត នៅថ្ងៃអនាគត និងបណ្ដោយព្រំដែនកម្ពុជាគ្មានការអភិវឌ្ឍន៍ចំណុចទាំងពីរ នេះ វានឹងធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីទៅវៀតណាមទៀត នៅថ្ងៃអនាគត»។
ខ្លឹមសាររបាយការណ៍បន្ថែមថា ការសិក្សាស្រាវជ្រាវនេះ ធ្វើឡើងនៅខេត្តចំនួន ៦ ជាប់ព្រំដែនវៀតណាម គឺខេត្តត្បូងឃ្មុំ ខេត្តតាកែវ កំពត ព្រៃវែង ស្វាយរឿង និងខេត្តកណ្តាល ដែលរៀបរាប់ពីស្ថានភាព ព្រំដែនរបស់កម្ពុជា- វៀតណាមគ្មានរបង។ របាយការណ៍បន្ថែមថា នៅខេត្តតាកែវ ក្នុងស្រុកចំនួន ២ គឺស្រុកបូរីជលសារ និងស្រុកគិរីវង្ស មានច្រកព្រំដែនអន្តរជាតិភ្នំដិន ច្រករបៀងកំណប់ និងច្រកថ្មបីដុំ ឋិតនៅចន្លោះបង្គោលព្រំដែនលេខ២៦៥ ដល់បង្គោលលេខ ២៧៥ គឺស្ថានភាពព្រំដែននៅតំបន់នោះ គ្មានការអភិវឌ្ឍនោះទេ សូម្បីតែប្រជាជនខ្មែរ ធ្វើចំណាកស្រុកស្ងាត់ភូមិ ស្រូវស្រែខ្លះគ្មានអ្នកធ្វើ និងជួលឱ្យវៀតណាម ដែលផ្ទុយគ្នាដាច់ស្រឡះពីប្រទេសវៀតណាម មានហេដ្ឋារចនាសម្ព័ន្ធ និងប្រជាជនរស់នៅច្រើនស្អេកស្កះ។ លើសពីនេះ នៅតាមបណ្ដោយព្រំដែនខេត្តព្រៃវែង និងស្រុកចន្ទ្រា ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ ក៏ទិដ្ឋភាពព្រំដែនដូចគ្នាដែរ។
លោក មួង សូនី មើលឃើញថា រដ្ឋាភិបាលកម្ពុជា ហាក់គ្មានឆន្ទៈ ការពារព្រំដែនទាល់តែសោះ បើទោះបីជា គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងពលរដ្ឋខ្មែរ បានត្អូញត្អែរ និងបារម្ភ ពីការឈ្លានពានទឹកដីខ្មែរ ពីសំណាត់វៀតណាមក្តី។ លោកសង្កេតឃើញថា បើទោះបីជា ពលរដ្ឋសំណូមពរជាច្រើនក្ដី ក៏រដ្ឋាភិបាលមិនរវល់ទាល់តែសោះចំពោះការអភិវឌ្ឍតាមបណ្ដោយព្រំដែន៖ «វៀតណាមប្រើរូបភាពច្រើនណាស់ឈ្លានពានកម្ពុជាទៅតាមកាលៈទេសៈស្របដែលគេអាចធ្វើបាន តាំងពីប្រើលុយទិញមន្ត្រីខ្មែរ ប្រើស្រីស្អាតទិញទឹកចិត្តមន្ត្រី ប្រើការគំរាមកំហែងធ្វើឱ្យមន្ត្រីភ័យខ្លាច ការញុះញង់បែកបាក់គ្នាចំពោះថ្នាក់ដឹកនាំខ្មែរ ហើយគេយកនេះពុំមែនតែវិធី ឈ្លានពានយកតែមួយមុខទេ សូម្បីតែមួយ មីលីម៉ែត្រដែលគេអាចយកបានក៏គេយកដែរ សូម្បីរូបភាពបាក់ច្រាំងក៏គេអាចយកបានរូបភាព ជួលដី និងទិញដីខ្មែរតាមព្រំដែន រូបភាពគេបញ្ជូនប្រជាជនគេមកនៅតាមព្រំដែន គេយកម្ដង ១ហិកតារ និង ២ហិកតារ»។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា បដិសេធមិនអធិប្បាយពីរបាយការណ៍ក្រុមការងារ ១០០រាត្រីទេ ដោយលោករុញឱ្យសួរ ក្រសួងមហាផ្ទៃវិញ។
អាស៊ីសេរីបានទូរស័ព្ទទៅ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភគ៌ តែលោកឆ្លើយថា ច្រឡំលេខ។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មិនលើកទូរស័ព្ទ។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុករបាយការណ៍នេះ គ្រាន់តែជាការយល់ឃើញពីមនុស្សមួយក្រុមតូចប៉ុណ្ណោះ។ លោកថា រដ្ឋាភិបាល កំពុងខិតខំចរចាកំណត់ខណ្ឌសីមាព្រំដែនជាមួយប្រទេសជិតខាងឱ្យរួចរាល់ ដើម្បីការពារអធិបតេយ្យភាពកម្ពុជា។ លើសពីនេះ ច្រកព្រំដែនកម្ពុជាមួយចំនួន មានមូលដ្ឋានសំណង់ធំៗ និងកាស៊ីណូជាច្រើន ដែលមិនអាចរំកិលព្រំដែនបាន ដែលលោកចាត់ទុកថា ពុំមែនគិតគូរតែផ្នែកសេដ្ឋកិច្ចទេ ដើម្បីការពារទឹកដីកម្ពុជាផង។ ចំពោះសំនួរដែលសួរថា តើរបាយការណ៍របស់ក្រុមការងារ ១០០រាត្រី ស្រាវជ្រាវនេះ តើរដ្ឋាភិបាលឬគណបក្សប្រជាជន នឹងយកមកជាមូលដ្ឋានដោះស្រាយឬទេ? លោកសុខ ឥសាន ឆ្លើយថា លោកមិនប្រាកដថា របាយការណ៍នេះត្រឹមត្រូវឬយ៉ាងណាទេ ប៉ុន្តែបើពិនិត្យឃើញថា របាយការណ៍នេះសមស្រប រដ្ឋាភិបាលនឹងយកជាមូលដ្ឋានដោះស្រាយ៖ «ការបោះបង្គោលព្រំដែន ព្រោះខ្លាចកិលចុះឡើង បានជារាជរដ្ឋាភិបាលលោកខិតខំណាស់ បោះបង្គោលព្រំដែនឱ្យបានសម្រេចលទ្ធផល។ ទ្វារអន្តរជាតិនីមួយៗ សុទ្ធតែមានបង្គោលច្បាស់លាស់ណាស់ សុទ្ធមានមូលដ្ឋានសំណង់ធំៗ ដូចកាស៊ីណូ មិនអាចកិលបានទេ។ នេះហើយជាគោលគំនិតពុំមែនតែក្នុងន័យសេដ្ឋកិច្ចទេ វាគំនិតការពារបូរណភាពទឹកដី»។
លោក សុខ ឥសាន បន្ថែមថា កម្ពុជាជាប្រទេសក្រីក្រ និងធ្លាប់ឆ្លងកាត់សង្គ្រាម ខុសពីវៀតណាមគ្មានសង្គ្រាម ហេតុនេះ ការអភិវឌ្ឍតាមបណ្ដោយព្រំដែនរបស់វៀតណាមជឿនលឿនជាងកម្ពុជា។ នៅពេលដែលសួរថា ក្រុមយុវជនចង់ឱ្យរដ្ឋាភិបាលប្រុងប្រយ័ត្នក្នុងកិច្ចគាំពារព្រំដែន ខណៈវៀតណាមពុំមាន ភាពស្មោះត្រង់កំណត់បង្គោលព្រំដែនជាមួយកម្ពុជា លោក សុខ ឥសាន ឆ្លើយផ្ដាំទៅយុវជនថា សូមកុំវាយតម្លៃវៀតណាមដូច្នេះមិនត្រឹមត្រូវទេ បើគ្រាន់តែទៅដេក ២ទៅ បីយប់៖ «បើពិនិត្យឃើញថា សមស្របអាហ្នឹងរដ្ឋាភិបាលលោកយកមក ជាមូលដ្ឋានមកជជែក តែកុំដាក់កំហិតថា ត្រូវតែយក អស់លោកប្អូនៗគ្មានសិទ្ធិអីមកបង្ខំរដ្ឋាភិបាលទេ»។
ទោះជាយ៉ាងនេះក្តី លោក មួង សូនី បបួល លោក សុខ ឥសាន ឆ្លើយតទល់ជាសាធារណៈទាក់ទិនរឿងព្រំដែនដែលលោកអះអាងថា ក្រុមការងារ ១០០រាត្រី មានភស្តុតាង និងរបាយការណ៍ជាក់លាក់ ដែលបញ្ជាក់ថា វៀតណាមឈ្លានពានកម្ពុជាគ្រប់រូបភាព និងមានដីខ្មែរមួយចំនួន របូតទៅវៀតណាមគ្រប់គ្រង នៅរយៈពេលប៉ុន្មានឆ្នាំចុងនេះ៖ «បើទោះបីជាលោក សុខ ឥសាន លើកឡើងថា មិនជឿ ថាក្រុមការងារ ១០០រាត្រី អាចសិក្សាផ្ដល់ព័ត៌មានពិតប្រាកដ លោក គួរតែជួបជាមួយក្រុមការងារ ១០០រាត្រី ហើយគាត់គួរតែធ្វើកម្មវិធីតុមូល ដើម្បីជជែកជាមួយក្រុមការងារ ១០០រាត្រី»។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការ ព្រំដែន លោក វ៉ា គឹមហុង ប្រាប់អាស៊ីសេរីថា គណៈកម្មការព្រំដែន មានតួនាទីបច្ចេកទេស ការចរចា កំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែន រវៀងប្រទេសកម្ពុជា និងប្រទេសជិតខាង។ រីឯ សុវត្ថិភាពច្រកចេញចូល និងការអភិវឌ្ឍតាមបណ្ដោយព្រំដែន ជាភារកិច្ចរបស់ក្រសួងមហាផ្ទៃគ្រប់គ្រង។ លោកបន្ថែមថា មកទល់ពេលនេះ ការបោះបង្គោលកំណត់ខណ្ឌសីមាព្រំដែនជាមួយវៀតណាម សម្រេចបាន ៨៤ភាគរយ និងជាមួយឡាវសម្រេចបាន ៨៦ភាគរយ ហើយចំណុចដែលនៅសេសសល់កំពុងចរាចរ ដោះស្រាយ ដោយទ្វេភាគី៖ «កម្ពុជាចង់ឱ្យបោះបង្គោលព្រំដែន ចប់ឆ្នាំ ២០១៩ ក៏មិនអាចចប់បានដែរ បើភាគីម្ខាងទៀងមិនចង់ក៏យើងមិនដឹងធ្វើម៉េចដែរ។ នេះជាការចរចាទ្វេភាគីរវាងប្រទេស និងប្រទេស ដូច្នេះយើងមិនអាចនិយាយបានថា ត្រូវចប់ពេលណា»។
យុវជនរស់នៅរាជធានីភ្នំពេញ លោក សឺន ពិសិទ្ធិ ដែលតែងចុះពិនិត្យស្ថានភាពព្រំដែន សង្កេតឃើញថា ការកំណត់បង្គោលព្រំដែន របស់រដ្ឋាភិបាលកម្ពុជាចាញ់ប្រៀបជាង វៀតណាមគ្រប់កន្លែង ក្នុងនោះបង្គោលព្រំដែនខ្លះបោះចូលដីខ្មែរជាច្រើនគីឡូម៉ែត្រ ដូចជានៅស្រុកចន្ទ្រា ខេត្តស្វាយរៀងជាដើម។ លោកអំពាវនាវឱ្យរដ្ឋាភិបាល ត្រូវភ្ញាក់ខ្លួនឡើងវិញ និងត្រូវគិតបញ្ហាព្រំដែនជាចំណុចសំខាន់ ដែលធានាថា ទឹកដីខ្មែរមិនឱ្យបាត់បង់ជាបន្តទៀត៖ ៖ «រដ្ឋាភិបាលដូចអត់មានឆន្ទៈធ្វើរឿងហ្នឹង ជារឿងរបស់ជាតិ។ ខ្ញុំគិតថា របៀបធ្វើការងាររបស់រដ្ឋាភិបាលយើងអីចឹង ទៅថ្ងៃមុខយើងនឹងបាត់បង់ទឹកដីខ្មែរផ្នែកណាមួយ នៃបូរណភាពទឹកដី ដែលដូនតាយើងបន្សល់ទុកមក ។ អីចឹងខ្ញុំព្រួយបារម្ភខ្លាំងមែនទែនវាអាចប៉ះពាល់អ្នកជំនាន់ក្រោយទៀត»។
ក្រុមការងារ ១០០រាត្រី បន្ថែមថា ពួកគេនឹងយករបាយការណ៍នេះ ចម្លងជូន គណៈកម្មការកិច្ចការព្រំដែនកម្ពុជា រាជបណ្ឌិត្យសភា ក្រសួងមហាផ្ទៃ និងទីស្តីការគណៈរដ្ឋមន្ត្រី ដោយរុញឱ្យស្ថាប័នកំពូលទាំងនេះ ត្រូវបង្ហាញឆន្ទៈរឹងមាំ និងទំនួលខុសត្រូវ ក្នុងកិច្ចគាំពារព្រំដែនកម្ពុជាឱ្យគង់វង្សស្របតាមច្បាប់ជាតិ និងអន្តរជាតិ។ ពួកគេបារម្ភថា វៀតណាមនៅតែមហិច្ឆតាឈ្លានពានកម្ពុជាគ្រប់ទម្រង់ ទាំងផ្នែកសេដ្ឋកិច្ច ប្រជាជនច្រើន និងការអភិវឌ្ឍតាមបណ្ដោយព្រំដែនរបស់គេមានសន្ទុះខ្លាំង ជាពិសេសគេបញ្ជូនប្រជាជនវៀតណាមរាប់សែននាក់ មករស់នៅច្រើនស្អេកស្កះដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា កើតកូនពូនជាចៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។