ព័ត៌មានសំខាន់ៗ ចំនួន១០ ដែលលោកអ្នកនាងគួរអាននៅថ្ងៃអង្គារនេះ
2023.02.06
១. គណបក្សយុវជនកម្ពុជាបែកបាក់ផ្ទៃក្នុង ព្រោះមិនពេញចិត្តលោក ពេជ្រ ស្រស់ ទទួលលុយពីលោក ហ៊ុន សែន
មន្ត្រីជាន់ខ្ពស់គណបក្សយុវជនកម្ពុជាជាច្រើនរូបបានលាលែងពីតំណែង ដោយសារមិនពេញចិត្តប្រធានគណបក្សដោយចោទថា លោក ពេជ្រ ស្រស់ ទទួលប្រាក់ពីលោក ហ៊ុន សែន សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែលោក ពេជ្រ ស្រស់ បដិសេធការចោទប្រកាន់នេះ។ អានព័ត៌មានពិស្តារ...
២. គណបក្សភ្លើងទៀនផ្ញើសាររំលែកទុក្ខប្អូនថ្លៃលោក ហ៊ុន សែន ទោះរងការធ្វើទុក្ខបុកម្នេញពីគណបក្សកាន់អំណាច
មន្ត្រីគណបក្សភ្លើងទៀនបង្ហាញពីការផ្សះផ្សានយោបាយ និងគោលជំហរលទ្ធិប្រជាធិបតេយ្យដោយការចូលរួមរំលែកទុក្ខប្អូនថ្លៃលោក ហ៊ុន សែន នៅថ្ងៃទី៦ ខែកុម្ភៈ។ អ្នកតាមដានស្ថានការណ៍សង្គម យល់ឃើញថា ការបន្ទន់ឥរិយាបថរបស់មន្ត្រីគណបក្សភ្លើងទៀន ជារឿងល្អដើម្បីបន្ធូរបន្ថយបរិយាកាសនៅមុនពេលបោះឆ្នោត។ អានព័ត៌មានពិស្តារ...
៣. តុលាការក្រុងភ្នំពេញគ្មានភស្តុតាងចោទប្រកាន់អតីតមេឃុំជាប់ឆ្នោតបក្សប្រឆាំងអ្នកស្រី កឹម តុលា ក្នុងសំណុំរឿងញុះញង់
តុលាការក្រុងភ្នំពេញគ្មានភស្តុតាងចោទប្រកាន់អតីមេឃុំជាប់ឆ្នោតបក្សប្រឆាំងអ្នកស្រី កឹម តុលា ក្នុងសំណុំរឿងញុះញង់ ប៉ុន្តែតុលាការនឹងប្រកាសសាលក្រមនៅចុងខែកុម្ភខាងមុខ ក្រោយបញ្ចប់សវនាការជំនុំជម្រះសាឡើងវិញនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ។ មេធាវី និងមន្រ្តីសិទ្ធិមនុស្សស្នើដល់តុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងអ្នកស្រី កឹម តុលា ឱ្យមានសេរីភាពជួបជុំគ្រួសារឡើងវិញ។ អានព័ត៌មានពិស្តារ...
៤. គណបក្សនយោបាយមួយចំនួនត្រៀមបេក្ខជនរួចរាល់ ដើម្បីចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
គណបក្សនយោបាយ ដែលទទួលបានប្រជាប្រិយភាពក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ អានព័ត៌មានពិស្តារ...
៥.អាជ្ញាធរខេត្តពោធិ៍សាត់ រម្លឹកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យឡើងវិញ អំពីការដាក់កំហិតឱ្យមានអ្នកចូលរួមដង្ហែធម្មយាត្រាត្រឹមតែ៥០នាក់
អាជ្ញាធរនៅក្នុងខេត្តពោធិ៍សាត់ រម្លឹកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យជាថ្មីម្ដងទៀត អំពីសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបានដាក់កំហិតឱ្យអ្នកចូលរួមធម្មយាត្រាមានចំនួនត្រឹមតែ ៥០នាក់តែប៉ុណ្ណោះ។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចាត់ទុកការដាក់កំហិតឱ្យអ្នកចូលរួមត្រឹមតែ ៥០នាក់នេះ មិនមានភាពប្រាកដនិយម និងមិនអាចធ្វើទៅបាន ហើយអាជ្ញាធរមានចេតនាបំភិតបំភ័យប្រជាពលរដ្ឋ ដែលមានបំណងចូលរួមធម្មយាត្រានេះ។ ទោះជាមានការគាបសង្កត់យ៉ាងណាក្ដី អ្នកចូលរួមធម្មយាត្រានៅតែមានស្មារតីរឹងមាំ ដោយថែមទាំងបន្លឺសំឡេងយ៉ាងកងរំពងទៀតផង។ អានព័ត៌មានពិស្តារ...
៦. សហព័ន្ធខ្មែរកម្ពុជាក្រោមផ្សព្វផ្សាយការរំលោភសិទ្ធិសេរីភាពសាសនា នៅកម្ពុជាក្រោមក្នុងសន្និសីទសេរីភាពអន្តរសាសនានៅរដ្ឋធានីវ៉ាស៊ីនតោន
សហព័ន្ធខ្មែរកម្ពុជាក្រោមបានយកឱកាសនៃសន្និសីទសេរីភាពសាសនាពិភពលោកនៅរដ្ឋធានីវ៉ាស៊ីនតោនផ្សព្វផ្សាយពីការរំលោភសិទ្ធិសេរីភាពផ្នែកសាសនានៅលើទឹកដីកម្ពុជាក្រោម។ សហព័ន្ធក៏បានជម្រាបជូនមេដឹកនាំសាសនាមួយចំនួនអំពីប្រវត្តិខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់វៀតណាម។ អានព័ត៌មានពិស្តារ...
៧. បទល្មើសព្រៃឈើនៅតំបន់អារ៉ែង នៅតែកើតមាន
បទល្មើសអារឈើជាច្រើនកន្លែងនៅតំបន់អារ៉ែង ខេត្តកោះកុង ដោយពុំមានអាជ្ញាធរណាទប់ស្កាត់នៅឡើយទេ។ បទល្មើសព្រៃឈើទាំងនោះ មានមុខកាត់ចាប់ពី ១ម៉ែត្រទៅ ២ម៉ែត្រ ត្រូវបានជនល្មើសលួចកាប់បំផ្លាញថ្មីៗ ដោយខ្លះអារច្រៀកជាក្ដារបន្ទះទុកចោលតាមជ្រលងភ្នំ។ ប្រជាសហគមន៍ និងយុវជនស្នើឱ្យអាជ្ញាធរគួរតែទប់ស្កាត់បទល្មើសអារឈើទាំងនោះឱ្យមានប្រសិទ្ធភាព។
៨. សកម្មជនបរិស្ថានអំពាវនាវឱ្យពលរដ្ឋចូលរួមទាមទារឱ្យអាជ្ញាធររក្សាឆ្នេរជាសម្បត្តិរដ្ឋ បញ្ឈប់ការធ្វើរបងព័ទ្ធយកឆ្នេរសមុទ្រ
សកម្មជនបរិស្ថាន យុវជន ថុន រដ្ឋា អំពាវនាវឱ្យពលរដ្ឋចូលរួមទាមទារឱ្យអាជ្ញាធររក្សាឆ្នេរជាសម្បត្តិរដ្ឋ និងបញ្ឈប់ការធ្វើរបងព័ទ្ធយកឆ្នេរសមុទ្រជាបន្ទាន់។ ការអំពាវនាវនេះបន្ទាប់ពីក្រុមយុវជន មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋ មើលឃើញថា អាជ្ញាធរខេត្តព្រះសីហនុ បានបណ្ដែតបណ្ដោយឱ្យក្រុមហ៊ុនឯកជន សាងសង់របងបំពានដីឆ្នេរសមុទ្រ នៅឆ្នេរអូរឈើទាល។ ទស្សនាបទសម្ភាសន៍...
៩. សហគមន៍ខេត្តកំពត សៀមរាប និង ខេត្តស្ទឹងត្រែងបានទទួលពានរង្វាន់ទេសចរណ៍អាស៊ាន
សហគមន៍ខេត្តកំពត ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង បានទទួលជ័យលាភីពានរង្វាន់សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ាន ក្នុងឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែងថែទាំបរិស្ថាន និងធនធានធម្មជាតិ បម្រើវិស័យទេសចរណ៍។ ក្រសួងទេសចរណ៍សាទរ ចំពោះពានរង្វាន់នេះដោយចាត់ទុកថា ជាការលើកទឹកចិត្តសហគមន៍ ឱ្យបន្តកិច្ចខំប្រែងប្រែងបន្ថែមទៀត ដើម្បីឱ្យជីវភាពពួកគាត់រីកចម្រើន។
១០. សមាគមថា កម្មវិធីនយោបាយរបស់បក្សប្រជាជនហាក់ពុំមានប្រសិទ្ធភាពក្នុងការជួយកសិករ និងអ្នកប្រកបរបរក្រៅប្រព័ន្ធ
សង្គមស៊ីវិលលើកឡើងថា ការដាក់ចេញយុទ្ធសាស្រ្តជួយដល់កសិករ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់បក្សប្រជាជនកម្ពុជានឹងមិនផ្តល់ប្រយោជន៍ដល់ពលរដ្ឋនោះទេ ពីព្រោះគោលនបាយនេះមិនខុសពីអាណត្តិចាស់ឡើយ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពេលគណបក្សប្រជាជនកម្ពុជាប្រកាសដាក់ចេញគោលនយោបាយថ្មីៗ នេះ ដោយផ្តោតលើការជួយកសិករ និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ដើម្បីស្វែងរកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។