១ . តុលាការបារាំងលើកលែងការចោទប្រកាន់លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ ដែលប្ដឹងដោយលោក ហ៊ុន សែន និងលោក ឌី វិជ្ជា
តុលាការបារាំងសម្រេចលើកលែងការចោទប្រកាន់លោក សម រង្ស៊ី ក្នុងសំណុំរឿងបរិហារកេរ្តិ៍ប្ដឹងដោយលោក ហ៊ុន សែន និងកូនប្រសារ គឺលោក ឌី វិជ្ជា។
សេចក្ដីថ្លែងការណ៍របស់ក្រុមមេធាវីលោក សម រង្ស៊ី ចេញនៅក្រោយតុលាការបារាំងប្រកាសសាលក្រមកាលពីថ្ងៃទី១០ ខែតុលា ឱ្យដឹងថា កូនក្ដីរបស់ខ្លួន គឺលោក សម រង្ស៊ី ពេញដោយក្ដីរំភើបក្រៃលែង ដោយទទួលសេចក្តីសម្រេចលើកលែងការចោទប្រកាន់ពីតុលាការទីក្រុងប៉ារីស។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
២ . បក្សកម្ពុជានិយមប្រកាសចូលរួមក្រោមស្លាកបក្សខ្មែររួបរួមជាតិសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣
គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម រួមគ្នាបង្កើតប៉ូលនយោបាយថ្មីមួយ ដើម្បីត្រៀមខ្លួនចូលរួមបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា ការរួបរួមគ្នារវាងគណបក្សទាំងពីរនេះ នឹងមិនសូវទទួលបានការគាំទ្រពីប្រជាពលរដ្ឋឡើយ។
អានព័ត៌មានពិស្តារ ...

៣ . ក្រុមស្រ្តីថ្ងៃសុក្រនឹងបង្កើនសកម្មភាពចេញតវ៉ានិងដាក់ញត្តិស្វែងរកយុត្តិធម៌ឱ្យគ្រួសារមុនកិច្ចប្រជុំកំពូលអាស៊ានរៀបចំនៅខែវិច្ឆិកា
ក្រុមស្រ្តីថ្ងៃសុក្រប្រកាសធ្វើសកម្មភាពចេញតវ៉ានិងដាក់ញត្តិទៅស្ថានទូតប្រទេសប្រជាធិបតេយ្យដោយសន្តិវិធីស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកាដើម្បីអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាស្តារប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សព្រមទាំងដោះលែងអ្នកជាប់ឃុំនយោបាយទាំងអស់ឱ្យមានសេរីភាពឡើយវិញ។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
៤ . លោក អូន ព័ន្ធមុនីរ័ត្ន បង្កើតក្រុមការងារដោះស្រាយផលប៉ះពាល់ដោយសារទឹកជំនន់ជូនពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជារដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគឺលោក អូន ព័ន្ធមុនីរ័ត្ន សម្រេចបង្កើតក្រុមការងារមួយដើម្បីដោះស្រាយបញ្ហាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។មន្ត្រីសង្គមស៊ីវិលជំរុញដល់អាជ្ញាធរពន្លឿននីតិវិធីក្នុងផ្ដល់ជំនួយនានាដល់ពលរដ្ឋដែលកំពុងរងទុក្ខលំបាក។

អានព័ត៌មានពិស្តារ ...
៥ . រដ្ឋាភិបាលស្នើលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីជំនួសលោក វេង សាខុន
ដើម្បីដោះស្រាយផលប៉ះពាល់ដោយសារទឹកជំនន់ជូនប្រជាពលរដ្ឋនេះនៅស្របពេលនេះរដ្ឋាភិបាលបានបញ្ជួនឈ្មោះលោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ទៅរដ្ឋសភាដើម្បីស្នើឲ្យរៀបចំការបោះឆ្នោតធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស លោក វេង សាខុន ដែលត្រូវរដ្ឋាភិបាលបានបញ្ចប់ពីមុខតំណែងកាលពីពេលថ្មីៗនេះ។ លោក ឌិត ទីណា គឺជាកូនប្រុសបង្កើតរបស់លោក ឌិត មុន្ទី ដែលជាប្រធានតុលាការកំពូល និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។

៦ . ប្រជាសហគមន៍នៅខេត្តកោះកុងប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី ៣៧
សហគមន៍រងគ្រោះដីធ្លីចំនួន៤នៅខេត្តកោះកុងជិត៤០០នាក់នៅព្រឹកថ្ងៃទី១០ ខែតុលាបានប្រមូលផ្ដុំគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៧ដើម្បីជំរុញដល់រដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធពន្លឿនការដោះស្រាយដីធ្លីនិងទម្លាក់បទចោទលើតំណាងសហគមន៍ទាំងអស់។សង្គមស៊ីវិលយល់ឃើញថារដ្ឋាភិបាលគួរពន្លឿនការដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់សហគមន៍ដើម្បីអោយពួកគាត់មានទីលំនៅច្បាស់លាស់និងមានដីបង្កបង្កើនផលរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។

៧ . ពលរដ្ឋនៅតំបន់អង្គរមួយចំនួនមិនទុកចិត្តអាជ្ញាធរក្នុងការដោះស្រាយប្តូរទីលំនៅ
ពលរដ្ឋមានទីលំនៅតំបន់ឧទ្យានអង្គរ ឬហៅថា តំបន់អប្សរាមួយចំនួននៅស្ទាក់ស្ទើរទទួលយកដំណោះស្រាយពីអាជ្ញាធរអប្សរាក្នុងការរុះរើលំនៅដ្ឋានទៅតាំងទីលំនៅថ្មីដែលឆ្ងាយពីក្រុងសៀមរាបជាង ៣០ គីឡូម៉ែត្រ។ ពលរដ្ឋខ្លះមិនទុកចិត្តអាជ្ញាធរក្នុងការផ្តល់ដំណោះស្រាយលើបញ្ហានេះនិងស្នើឱ្យផ្ដល់ព័ត៌មានឱ្យបានទូលំទូលាយពីការជម្លៀសពួកគាត់ពីលំនៅឋាន។
៨ . អង្គការអន្តរជាតិអំពាវនាវប្រទេសជាសមាជិកអង្គការសហប្រជាជាតិកុំបោះឆ្នោតគាំទ្របេក្ខភាពវៀតណាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស
សហព័ន្ធខ្មែរកម្ពុជាក្រោមនិងអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួនបានអំពាវនាវឲ្យឯកអគ្គរដ្ឋទូតនិងតំណាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិកុំបោះឆ្នោតគាំទ្របេក្ខភាពប្រទេសវៀតណាមឲ្យធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។អង្គការសិទ្ធិទាំងនោះលើកឡើងថាប្រទេសវៀតណាមបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរលើពលរដ្ឋខ្លួនឯងនិងជនជាតិដើមដែលជាម្ចាស់ស្រុករួមមានពលរដ្ឋខ្មែរក្រោមជាដើម។

[ អានព័ត៌មានពិស្តារ... Opens in new window ]
៩ . ពលករខ្មែរមួយចំនួននៅប្រទេសថៃ ប្រកបរបរលក់ដូរបន្តិចបន្តួចរកប្រាក់ចិញ្ចឹមជីវភាព
ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការនៅប្រទេសថៃ ងាកមកប្រកបរបរលក់ដូរ ម្ហូបអាហារខ្មែរ នំចំណី និងភេសជ្ជៈ ទឹកអំពៅ បានប្រាក់ចំណូលបង្គួរ សម្រាប់ដោះស្រាយជីវភាព ចិញ្ចឹមបានកូនរៀនសូត្រ។ ពួកគាត់លើកឡើងថា ពីមុនធ្វើកម្មករគេ រកប្រាក់ចាយស្ទើរតែមិនគ្រប់ តែឥឡូវមកលក់ដូរដោយខ្លួនឯង ជីវភាពធូរធារជាងមុន។

១០ . ធនាគារភីអិលស៊ីផ្ដល់កម្ចី២៥លាន៥សែនដុល្លារឲ្យសហគ្រាសទាក់ទងនិងទេសចរណ៍
ធនាគារសហគ្រាសធុនតូចនិងមធ្យមនៃកម្ពុជា Plc (SME Bank) បានផ្ដល់ប្រាក់កម្ចីចំនួន២៥លាន៥សែនដុល្លារអាមេរិក ឲ្យទៅសហគ្រាសទាក់ទងនឹងវិស័យទេសចរណ៍ចំនួន១៨៩។ប្រាក់កម្ចីជាង២៥លានដុល្លារនេះគឺក្រោមគម្រោងហិរញ្ញប្បទានស្ដារទេសចរ (TRCS) ក្រោយពីជំងឺកូវីដ១៩ដែលមានទឹកប្រាក់សរុបចំនួន១៥០លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
