ព័ត៌មានសំខាន់ៗ ចំនួន ៩ ដែលលោកអ្នកនាងគួរអាននៅថ្ងៃអង្គារនេះ
2022.10.17
១. លោក ហ៊ុន សែន ប្រកាសដាក់ផែនការតាមកម្ចាត់មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ចេញពីឆាកនយោបាយ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសដាក់ផែនការតាមកម្ចាត់មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ចេញពីឆាកនយោបាយឱ្យខាងតែបាន ហើយលោកក៏ព្រមានវាយខ្នោះលោក សម រង្ស៊ី និងមេដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេសផ្សេងទៀត បើពួកគេហ៊ានឈានជើងជាន់ដីកម្ពុជា។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវតែផ្លាស់ប្តូររដ្ឋាភិបាលលោក ហ៊ុន សែន ដោយសន្តិវិធីនៅឆ្នាំ២០២៣ ខាងមុខ។

២. អ្នកគាំទ្រគណបក្សភ្លើងទៀនម្នាក់នៅខេត្តត្បូងឃ្មុំត្រូវគេបាញ់សម្លាប់
អ្នកគាំទ្រគណបក្សភ្លើងទៀនម្នាក់នៅខេត្តត្បូងឃ្មុំ ត្រូវបានគេបាញ់សម្លាប់។ ជនរងគ្រោះមានឈ្មោះ ប៉ូ ហ៊ីនលាន ភេទប្រុស អាយុ ៤៩ឆ្នាំ ជាអ្នកភូមិព្រីង ឃុំចក ស្រុកអូរាំងឪ។ ជនរងគ្រោះមានប្រពន្ធ និងកូន៣នាក់ក្នុងបន្ទុក។

៣. វេទិកាប្រជាពលរដ្ឋកម្ពុជា ជំរុញឱ្យយុវជនក្លាយជាពលរដ្ឋសកម្មក្នុងការងារសង្គម
កម្មវិធីវេទិកាប្រជាពលរដ្ឋកម្ពុជានៅថ្ងៃទី១៧ ខែតុលានេះ ជំរុញឱ្យយុវជនក្លាយជាពលរដ្ឋសកម្ម ដើម្បីសមធម៌ និងយុត្តិធម៌សង្គមតាមរយៈ ការរួមគ្នាលុបបំបាត់អំពើពុករលួយ អំពើហិង្សា និងការរើសអើង។ ដោយឡែក អ្នកវិភាគនយោបាយ ជំរុញឱ្យយុវជនត្រូវចេះស្វែងយល់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនឯង ហើយបានចាត់ទុកពលរដ្ឋអសកម្មប្រៀបដូចជាដាវ ដែលនៅតែក្នុងស្រោមប៉ុណ្ណោះ។

៤. ក្រុមកូដករណាហ្គាវើលដ៍ដាក់ពាក្យពន្យាចូលបំភ្លឺនៅតុលាការតាមបណ្ដឹងក្រុមហ៊ុន
ក្រុមកូដករក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (Naga World) នៅថ្ងៃទី១៧ តុលាបាន ដាក់ពាក្យពន្យានៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងការចូលបំភ្លឺតាមបណ្ដឹងរបស់ក្រុមហ៊ុនដែលបានប្ដឹងពួកគាត់ថា បានរំលោភលំនៅឋាន និងបង្ខាំងដោយខុសច្បាប់។ កូដករម្នាក់ក្នុងចំណោម ៤នាក់ដែលក្រុមហ៊ុនប្ដឹង គឺកញ្ញា សុខ ថាវុធ ប្រាប់វិទ្យុអាស៊ីសេរីថា មូលហេតុដែលក្រុមកូដករដាក់ពាក្យពន្យាពេលចូលខ្លួនបំភ្លឺនៅតុលាការនេះ ដោយសារតែព្រះរាជអាជ្ញារង បានចេញដីកាកោះហៅពួកគាត់ទាំងតក់ក្រហល់ ដែលធ្វើឱ្យក្រុមកូដករមិនទាន់ត្រៀមខ្លួន និងស្វែងរកមេធាវី ដើម្បីការពារតាមផ្លូវច្បាប់បាននៅឡើយ។ ទោះយ៉ាងណា កញ្ញាបញ្ជាក់ថា កញ្ញា និងកូដករ ៣នាក់ផ្សេងទៀតនឹងចូលបំភ្លឺនៅតុលាការក្នុងពេលឆាប់ៗនេះ។

៥. លោក ហ៊ុន សែន បញ្ជាអោយអភិបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបងចុះកំណត់ព្រំប្រទល់រដ្ឋបាលខេត្តទាំង២ អោយច្បាស់លាស់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាអោយអភិបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង ពន្លឿននីតិវិធីកំណត់ភូមិសាស្ត្រព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឱ្យបានច្បាស់លាស់ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងសិទ្ធិស្របច្បាប់លើកម្មសិទ្ធិដីធ្លី។ សង្គមស៊ីវិល សាទរចំពោះចំណាត់ការរបស់ប្រមុខរដ្ឋាភិបាល ហើយស្នើឱ្យអាជ្ញាធរ កាត់ឆ្វៀលដីជូនពលរដ្ឋ និងបែងចែកតំបន់រដ្ឋបាលច្បាស់លាស់។

៦. ពលរដ្ឋរងគ្រោះទឹកជំនន់ជាង ៥០គ្រួសារនៅខេត្តបាត់ដំបង ខ្វះទីជម្រកនិងស្បៀងអាហារ
ប្រជាពលរដ្ឋជាង ៥០គ្រួសាររស់នៅតាមបណ្ដោយស្ទឹងភាស ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងខ្វះទីជម្រក និងស្បៀងអាហារ ខណៈទឹកជំនន់កំពុងពន្លិចផ្ទះសម្បែង និងស្រែចម្ការរបស់ពួកគាត់។ មន្ត្រីសង្គមស៊ីវិលស្នើរដ្ឋបាលស្រុក និងស្ថាប័នពាក់ព័ន្ធជួយសង្គ្រោះប្រជាពលរដ្ឋ ដែលបានជម្លៀសទៅរស់នៅលើទីទួលសុវត្ថិភាពហើយនោះ និងធ្វើរបាយការណ៍ជុំវិញផលប៉ះពាល់បណ្ដាលមកពីទឹកជំនន់ឱ្យបានឆាប់រហ័ស។

៧. ជនជាតិដើមភាគតិចខេត្តភាគឦសានខ្លះខ្លាចរអាមិនហ៊ានការពារព្រៃឈើ ខ្លាចក្រែងអាជ្ញាធរចាប់ដាក់គុក
ជនជាតិដើមភាគតិចរស់នៅខេត្តភាគឦសាន្តមួយចំនួន ខ្លាចរអាមិនហ៊ានចុះល្បាតព្រៃ និងរាយការណ៍ពីបទល្មើសព្រៃឈើទៅប្រព័ន្ធផ្សព្វផ្សាយទេ ព្រោះភ័យខ្លាចអាជ្ញាធរចាប់ដាក់គុក។ ចំណែកអាជ្ញាធរបានច្រានចោល ចំពោះការលើកឡើងនេះ ហើយលើកទឹកចិត្តឱ្យពលរដ្ឋចូលរួមការពារព្រៃឈើស្របតាមច្បាប់។

៨. សកម្មជនព្រៃឡង់ខេត្តស្ទឹងត្រែង លោក គង់ រី ឈឺធ្ងន់ខកខនចូលល្បាតព្រៃឡង់
ក្រុមស្នូលបណ្តាញព្រៃឡង់ខេត្តស្ទឹងត្រែងម្នាក់ ដែលក្លាយហានការពារព្រៃឈើ នៅតំបន់ព្រៃឡង់ គឺ លោក គង់ រី ខកខានមិនបានចូលល្បាតព្រៃជាច្រើនខែមកហើយ ដោយសារតែមានជម្ងឺឈឺធ្ងន់ និងកំពុងសម្រាលបាល។

៩. តំណាងសហគមន៍ដីធ្លីម្នាក់ ជំរុញឱ្យអាជ្ញាធរស្វែងរកជនដៃដល់វាយលោក
តំណាងសហគមន៍ដីធ្លីម្នាក់ ស្នើសុំអាជ្ញាធរឱ្យស្វែងរកជនដៃដល់ ៣នាក់ ដែលព្រួតគ្នាប្រើហិង្សាលើរូបលោកបណ្ដាលឲ្យរងរបួសក្បាល និងក្រោមភ្នែកខាងឆ្វេងដេរ៣ថ្នេរ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។