ព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ក្រុមមន្រ្តីសិទ្ធិមនុស្ស អ.ស.ប អំពាវនាវដល់រដ្ឋាភិបាលឱ្យផ្ដល់អាជ្ញាប័ណ្ណវិទ្យុ VOD ឡើងវិញនៅមុនពេលបោះឆ្នោត
2023.02.20

១. ក្រុមមន្រ្តីសិទ្ធិមនុស្ស អ.ស.ប អំពាវនាវដល់រដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណឲ្យវិទ្យុ VOD ឡើងវិញនៅមុនពេលបោះឆ្នោត
អ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបីរូប ទាមទារឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជា បើកឲ្យវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) ដំណើការឡើងវិញជាបន្ទាន់ នៅមុនពេលបោះឆ្នោតជាតិមកដល់។ ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំងនេះព្រួយបារម្ភថា ការដែលរដ្ឋាភិបាលដកអាជ្ញាប័ណ្ណវិទ្យុវីអូឌី ដែលធ្វើឡើងមិនត្រឹមត្រូវតាមច្បាប់ និងយ៉ាងតក់ក្រហល់បែបនេះ នឹងប៉ះពាល់ដល់ដំណើការបោះឆ្នោតជាតិដ៏សំខាន់ ដែលនឹងមកដល់នាពេលខាងមុខ។

២. លោក ហ៊ុន សែន ថា ការផ្សាយរបស់ វីអូឌី ជាកំហុសធ្ងន់ធ្ងរ និងបំបែកបំបាក់ផ្ទៃក្នុងគណៈរដ្ឋមន្ត្រី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទការផ្សាយព័ត៌មានរបស់វិទ្យុវីអូឌី (VOD) ដែលថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសលោកដើម្បីផ្ដល់ជំនួយដល់ប្រទេសតួកគី (Turkey) នោះ គឺជាកំហុសដ៏ធ្ងន់ធ្ងរ និងមិនអាចលើកលែងបាន។ សង្គមស៊ីវិលថា ការផ្សាយព័ត៌មានរបស់ វីអូឌី គឺធ្វើឡើងទៅតាមវិជ្ជាជីវៈសារព័ត៌មាន និងមិនមែនជាកំហុសធ្ងន់ធ្ងរឡើយ ហើយព័ត៌មាននោះ គឺបានស្រង់សម្ដីលោក ផៃ ស៊ីផាន ទៀតផង។

៣. អនុប្រធានបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា នៅតែអះអាងថា លោកមិនបានចេញសែកស្អុយ
អនុប្រធានបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា នៅតែអះអាងថា លោកមិនបានចេញសែក (Check) អត់លុយ ឬសែកស្អុយឱ្យដើមបណ្ដឹងឡើយ។ លោកស្នើដល់តុលាការផ្តល់យុត្តិធម៌ និងដោះលែងឱ្យលោកមានសេរីភាព ដើម្បីវិលត្រឡប់ទៅធ្វើនយោបាយឡើងវិញ។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលយល់ថា ស្ថានការណ៍នយោបាយបច្ចុប្បន្ន ប្រសិនបើសំណុំរឿងរបស់លោក ថាច់ សេដ្ឋា ជាប់ពាក់ព័ន្ធរឿងនយោបាយ នោះមេដឹកនាំបក្សភ្លើងទៀនរូបនេះមិនអាចទទួលបានសេរីភាពនោះទេ។

៤. សកម្មជនបក្សភ្លើងទៀនបន្តធ្វើយុទ្ធនាការកៀងគរពលករខ្មែរនៅប្រទេសថៃឱ្យគាំទ្រគណបក្សខ្លួន
សកម្មជនបក្សភ្លើងទៀនដែលកំពុងរស់នៅប្រទេសថៃ នៅថ្ងៃទី១៩ ខែកុម្ភៈ បន្តជួបជុំពលករខ្មែរជិត៦០នាក់នៅខេត្ត ឈុនបុរី ប្រទេសថៃ (Chonburi) ដើម្បីផ្សព្វផ្សាយពីគោលនយោបាយបក្សរបស់ខ្លួន ដើម្បីរកអ្នកគាំទ្រមុនការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ។ អ្នកនាំពាក្យបក្សកាន់អំណាចចាត់ទុកការជួបជុំនេះថា ជាសិទ្ធិសម្ដែងមតិផ្នែកនយោបាយ ប៉ុន្តែត្រូវរក្សាជំហរឱ្យត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ។

៥. ក្រុមពលរដ្ឋសកម្មដាក់លិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញ ដើម្បីជួបជុំគ្នាស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍
ក្រុមពលរដ្ឋសកម្មក្នុងការទាមទារឱ្យ រដ្ឋាភិបាលបញ្ឈប់ការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍ បានដាក់លិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញម្ដងទៀត នៅថ្ងៃទី២០ ខែកុម្ភៈ ដើម្បីជួបជុំគ្នាចំនួន ១២០នាក់ នៅថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខ។ មន្ត្រីអង្គការសង្គមស៊ីវិលគាំទ្រចំពោះសកម្មភាពរបស់ប្រជាពលរដ្ឋ ដែលមានភាពក្លាហាន ហ៊ានលើកពីក្ដីកង្វល់របស់ខ្លួន និងស្នើរដ្ឋាភិបាលឱ្យលើកកម្ពស់ការអនុវត្តច្បាប់ទៅលើជនអន្តោប្រវេសន៍ ដើម្បីសុខសុវត្ថិភាពសង្គមជាតិ។

៦. កម្មកររោងចក្រជួបការលំបាកក្នុងការចិញ្ចឹមជីវិត បន្ទាប់ពីរោងចក្រជាច្រើនបានបិទ
កម្មកររោងចក្រក្នុងរាជធានីភ្នំពេញត្អូញត្អែរពីបញ្ហាជីវភាពដោយសារទទួលបានប្រាក់ខែតិច និងគ្មានការងារបន្ថែមម៉ោងធ្វើ បន្ទាប់ពីថៅកែរោងចក្រកាត់បន្ថយថ្ងៃធ្វើការ និងព្យួរការងារ ព្រោះគ្មានការបញ្ជាទិញផលិតផលពីរោងចក្រ។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាល គួរចរចាជាមួយសហគមន៍អន្តរជាតិ ដើម្បីបានប្រព័ន្ធអនុគ្រោះពន្ធមកវិញ មុននឹងវិស័យកាត់ដេរកម្ពុជារងផលប៉ះពាល់កាន់តែខ្លាំង។

៧. កម្ពុជា និងចិន គ្រោងបន្តធ្វើសមយុទ្ធយោធា
ក្រុមអ្នកឃ្លាំមើលនៅតែព្រួយបារម្ភចំពោះការកើនឡើងឥទ្ធិពលចិនកាន់តែខ្លាំងឡើង ស្របពេលកម្ពុជាបង្កើនទំនាក់ទំនងលើវិស័យយោធា និងគ្រោងបន្តធ្វើសមយុទ្ធយោធាជាមួយចិន។ ការព្រួយបារម្ភនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ប្រកាសថា កងទ័ពកម្ពុជា និងចិន នឹងគ្រោងបន្តធ្វើសមយុទ្ធយោធានាចុងខែមីនាខាងមុខ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។