ព័ត៌មាន​សំខាន់ៗ​ចំនួន ១៣ ដែល​លោកអ្នកនាង​គួរអាន​នៅ​ថ្ងៃពុធនេះ

. លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ប្រធានាធិបតី​អាមេរិក​ប្រាប់​ឱ្យ​កែ​លំអ​ស្ថានភាព​សិទ្ធិមនុស្ស មុន​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ខាង​មុខ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្គាល់​ថា ជំនួប​ទ្វេ​ភាគី​រវាង​លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joe Biden) កាល​ពី​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន គឺ​លោក ចូ បៃឌិន បាន​ប្រាប់​លោក​ទៅ​ឱ្យ​បើក​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០២៣ ឡើង​វិញ។ អានព័ត៌មានពិស្តារ ...

. ប្រមុខការពារ​ជាតិ​អាមេរិក និង​កម្ពុជា ជួប​ទ្វេភាគី​ផ្តោត​លើ​កិច្ចសហប្រតិបត្តិការ​វិស័យ​ការពារជាតិ និង​សន្តិសុខ

ប្រមុខ​ការពារជាតិ​អាមេរិកនិង​កម្ពុជាជួបទ្វេភាគី​ផ្តោត​លើ​កិច្ចសហប្រតិបត្តិការ​វិស័យ​ការពារជាតិនិង​សន្តិសុខស្របពេល​ដែល​កម្ពុជា​កំពុង​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន​ចង្អៀត​លើកទី៩និង​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ាន​បូក​ជា​មួយ​ប្រទេស​ដៃគូនៅ​ឯខេត្ត​សៀមរាប។ អានព័ត៌មានពិស្តារ ...

. ក្រុមអ្នកឃ្លាំមើល ជំរុញឱ្យកម្ពុជាលើកយកបញ្ហាសង្ស័យវត្តមានទ័ពចិននៅកំពង់ផែរាម​ទៅ​ពិភាក្សា​ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក
ក្រុម​អ្នកឃ្លាំមើលជំរុញឱ្យកម្ពុជា​លើកយកបញ្ហា​សង្ស័យវត្តមានទ័ពចិន​នៅកំពង់ផែ​កងទ័ព​ជើងទឹករាម​ទៅពិភាក្សា​ជាចំហ​នៅក្នុង​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ាន​បូក​នៅ​ខេត្តសៀមរាប។ ការ​ជំរុញនេះ​កើតមានឡើងស្រប​ពេល​កម្ពុជា​កំពុង​ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតនិង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក (ADMM Plus) លើកទី៩ ដោយមាន​ក្រុមមេដឹកនាំកំពូលៗ​ក្នុងវិស័យ​យោធា​តំណាង​ប្រជាជន​ជាងពាក់កណ្តាល​ពិភពលោក​មក​ចូលរួមក្នុងនោះក៏​មាន​មហាអំណាច​អាមេរិក និងចិន ផងដែរ។ អានព័ត៌មានពិស្តារ ...

. AIPA គ្រោង​បង្កើត​គណៈកម្មការ​អន្តរសភា​យុវជន​អាស៊ាន​ដើម្បី​ពង្រឹង​វិស័យ​នយោបាយ

មហាសន្និបាត​អន្តរសភា​អាស៊ាន ហៅកាត់ថា (AIPA) លើកទី៤៣ ដែល​រៀបចំ​ឡើង​នៅ​កម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកានេះ បានសម្រេច​ជា​គោលការណ៍ដើម្បីបង្កើត​គណៈកម្មការ​អន្តរសភា​យុវជន​អាស៊ានដើម្បី​ពង្រឹង​វិស័យ​នយោបាយ និងសេដ្ឋកិច្ច។

ក្រុមអ្នកវិភាគ​សាទរចំពោះការបង្កើត​គណៈកម្មការនេះប៉ុន្តែ​អ្នកវិភាគ​លើកឡើង​ថាសម្រាប់​ស្ថានភាព​នយោបាយ​នៅកម្ពុជា​បច្ចុប្បន្នមេដឹកនាំគួរតែ​បើកលំហរ​សិទ្ធិសេរីភាព​ពលរដ្ឋនិង​នយោបាយទើបជាការបើក​ផ្លូវ​ឲ្យ​យុវជន​ចូលរួម​ក្នុងវិស័យ​នយោបាយ​ដោយ​គ្មាន​ការ​ភ័យខ្លាច។

អានព័ត៌មានពិស្តារ ...

. តុលាការ​លើក​ពេល​កាត់ក្ដី​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក

ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី ភ្នំពេញ លោក ឃុន សូណា សម្រេច​លើក​ពេល​សវនាការ​ជំនុំជម្រះ​ក្ដី សំណុំរឿង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ទៅ​ពេល​ក្រោយ ព្រោះ​អវត្តមាន​មេធាវី​ការពារ​ក្ដី។ តុលាការ​ក៏​មិន​ទាន់​កំណត់​ថ្ងៃ​ជាក់លាក់​សម្រាប់​ការ​កាត់ក្ដី​សំណុំរឿង «ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង» នេះ​នៅ​ឡើយ​ដែរ។ អានព័ត៌មានពិស្តារ ...

. គណៈកម្មការ​ទទួល​បន្ទុក​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ​សហរដ្ឋអាមេរិក​ជំរុញ​ឱ្យ​ឈប់​ធ្វើទុក្ខបុក​ម្នេញ​សិទ្ធិ​សាសនា​ខ្មែរ​ក្រោម

សហព័ន្ធខ្មែរ​កម្ពុជាក្រោម​និង​ពលរដ្ឋខ្មែរ​ក្រោម​ស្វាគមន៍​ស្ថាប័ន​ការពារសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​សហរដ្ឋអាមេរិក ដែលបាន​ស្នើឲ្យ​រដ្ឋាភិបាលលោកប្រធានាធិបតី (Joe Biden) ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​ឲ្យបញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​សេរីភាព​សាសនា​របស់​ជនជាតិ​ដើម​ខ្មែរ​ក្រោម។ សំណើនេះ​ធ្វើឡើង​ដោយ​សារ​តែអាជ្ញាធរ​វៀតណាម​កំពុង​ស្វែង​រក​គ្រប់​វិធី​ ដើម្បី​វាយកម្ទេច សាលា​ឆទាន​របស់​ពលរដ្ឋក្រោម​ ដែល​បាន​កសាង​ដើម្បី ប្រតិបត្តិ​ព្រះពុទ្ធសាសនា ​និង​បង្រៀន​អក្សរ​ខ្មែរ។ អានព័ត៌មានពិស្តារ ...

. មេធាវីថា សុខភាព និង​ជំហរ​ទាមទារ​យុត្តិធម៌​របស់​កញ្ញា សេង ធារី នៅតែរឹងមាំ

មេធាវី​អះអាងថាស្ថានភាព​សុខភាព កម្លាំងចិត្ត និង​ជំហរ​ទាមទារ​យុត្តិធម៌​របស់​កញ្ញាសេង ធារីកាន់តែរឹងមាំ បន្ទាប់ពីអាជ្ញាធរ​ពន្ធនាគារ​បន្ធូរបន្ថយ​លក្ខខណ្ឌ​រឹតត្បិត​សិទ្ធិនៅក្នុង​ពន្ធគានារ​របស់​កញ្ញា។ ក្រុមយុវជន និង​មន្រ្តីសិទ្ធិមនុស្ស​ស្នើដល់​រដ្ឋាភិបាល​ស្តារ​បញ្ហា​ប្រជាធិបតេយ្យនិង​ការ​គោរព​មនុស្ស​ឡើង​វិញដោយផ្តើម​ចេញ​ពី​ការ​ដោះលែង​កញ្ញា សេង ធារី និង​សកម្មជន​ផ្សេង​ទៀតដើម្បី​ស្តារ​មុខមាត់​រដ្ឋាភិបាលនិង​ផលប្រយោជន៍​ជាតិ។ អានព័ត៌មានពិស្តារ ...

. តុលាការ​ខេត្តកណ្ដាល​សម្រេច​ឱ្យ​ពលរដ្ឋ​នៅខេត្តកណ្ដាល៩នាក់រួចខ្លួន​ពី​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន OCIC

តុលាការខេត្តកណ្ដាល​សម្រេចឱ្យ​ពលរដ្ឋ​នៅខេត្តកណ្ដាល​៩​នាក់រួចខ្លួន​ពី​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​វិវាទដីធ្លីជាមួយ​ក្រុមហ៊ុនOCICរបស់​ឧកញ៉ា ពុង ឃាវសែ។ អ្នកនាំពាក្យ​តុលាការ​ខេត្តកណ្ដាល លោក សូ សារិន ប្រាប់សារព័ត៌មាន​ក្នុង​ស្រុក​ថាតុលាការបាន​ប្រកាស​សាលក្រម​កាលពីថ្ងៃទី២២ ខែវិច្ឆិកា ដោយឱ្យអ្នក​ទាំង​៩​បាន​មាន​សេរីភាព​ពីការចោទ​ប្រកាន់។

ពលរដ្ឋទាំង​៩នាក់ត្រូវចោទ​ប្រកាន់​ពីបទ “ហិង្សាដោយចេតនា​មាន​ស្ថាន​ទម្ងន់ទោស” “ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍” និងបទ“ប្រឆាំងនឹង​អ្នក​រាជការ​សាធារណៈមាន​ស្ថាន​ទម្ងន់ទោស”។

ពួកគេស្ថិត​ក្នុងចំណោម​ពលរដ្ឋ៣០នាក់ដែលត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅពេល​ដែល​ពួកគេនិង​ប្រជាពលរដ្ឋដែល​ជា​ម្ចាស់ដីបានប៉ះទង្គិចគ្នា​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធក្នុងការ​តវ៉ា​ឱ្យ​ក្រុមហ៊ុនOCICផ្ដល់សំណង​សមរម្យ​ដល់​ពលរដ្ឋដែលរង​ផលប៉ះពាល់​ពី​គម្រោង​កសាង​ព្រលានយន្ដហោះថ្មីស្ថិតនៅក្នុងខេត្តកណ្តាល។

. អាជ្ញាធរ​ក្រុង​ភ្នំពេញ​រងការ​ចោទ​ថារើសអើង​និន្នាការ​នយោបាយ​មិន​ផ្តល់​ប័ណ្ណក្រីក្រជូនសកម្មជន​បក្សប្រឆាំង
សកម្មជន​គណបក្ស​ប្រឆាំង​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ក្រុងភ្នំពេញមកពី​គណបក្ស​កាន់​អំណាចថាផ្ដល់​ប័ណ្ណក្រីក្រ​ជូន​ប្រជាពលរដ្ឋ​រើសអើងនិន្នាការ​នយោបាយ។ សកម្មជន​គណបក្ស​ភ្លើងទៀនបន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហានេះនិងបញ្ឈប់ការរើសអើង​និន្នាការ​នយោបាយ​ធ្វើបាប​ពលរដ្ឋស្លូតត្រង់។ អានព័ត៌មានពិស្តារ ...

១០ . កសិករ​ចិញ្ចឹម​ជ្រូក​នៅខេត្តមួយចំនួនរិះគន់​រដ្ឋាភិបាលថា អសមត្ថភាព​ទប់ស្កាត់​ការ​នាំចូល​សាច់​ជ្រូកកកដែល​ប៉ះដល់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក
កសិករ​ចិញ្ចឹម​ជ្រូក​នៅខេត្តមួយ​ចំនួនរិះគន់​រដ្ឋាភិបាល​ថាអសមត្ថភាពទប់ស្កាត់​ការនាំ​ចូល​សាច់ជ្រូក​កកដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​កសិករ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក។ការរិះគន់​នេះបន្ទាប់ពី​តម្លៃជ្រូក​រស់​បន្តចុះថោកនិង​លក់​មិន​បាន​ប្រាក់​ចំណេញ​ដោះស្រាយ​ជីវភាព​គ្រួសារ។ អ្នក​ឯកទេស​ចិញ្ចឹម​សត្វ​កម្ពុជាយល់​ឃើញ​ថា រដ្ឋាភិបាល និង​ក្រសួងពាក់ព័ន្ធគួរទប់ស្កាត់​ការនាំចូល​សាច់ជ្រូកកក​ (ក្លាសេ) ឬដំឡើងតម្លៃ​ពន្ធនាំចូល​សាច់ជ្រូកពីប្រទេសជិត​ខាង​ហើយ​ជួយ​រកទីផ្សារ​លក់​ជ្រូកនិង​ផ្សព្វផ្សាយវិធីសាស្ត្រ​កែច្នៃសាច់ជ្រូក​ដល់​ពលរដ្ឋ។ អានព័ត៌មានពិស្តារ ...

១១. កសិករ​នៅខេត្តបាត់ដំបង​និង​បន្ទាយមានជ័យ​នៅ​តែ​ត្អូញត្អែរពី​បញ្ហា​តម្លៃស្រូវ​ចុះថោក

ពាក់ព័ន្ធនឹង​តម្លៃស្រូវ​ចុះថោក​វិញប្រជាកសិករ​នៅខេត្តបាត់ដំបងនិង​ខេត្តបន្ទាយមានជ័យអះអាង​ថាស្រូវនៅ​តែ​មាន​តម្លៃ​ថោកដោយសារ​ឈ្មួញ​និង​រោងម៉ាស៊ីន​កិន​ស្រូវ​មួយ​ចំនួន​មិន​ទិញ​តាម​តម្លៃ​ដែល​ក្រសួង​កសិកម្ម​បាន​កំណត់​ឡើយ។ អ្នកជំនាញ​កសិកម្មជំរុញឱ្យ​ក្រសួង​កំណត់​តម្លៃ​ជាក់លាក់និង​តាមដាន​ការ​ទិញ​ដូរ​របស់​ឈ្មួញចៀសវាងចេញ​តែសេចក្ដីប្រកាស​តែការ​អនុវត្ត​គ្មាន​ប្រសិទ្ធិភាព។ អានព័ត៌មានពិស្តារ ...

១២ . កម្ពុជា​គ្រោង​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​បង់ក្លាដេសជំហាន​ដំបូង​ក្នុង​បរិមាណ​២​ម៉ឺន ៥ពាន់តោន

កម្ពុជាគ្រោង​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​បង់ក្លាដេស (Bangladesh) ជំហានដំបូង​ក្នុង​បរិមាណ​២ម៉ឺន៥ពាន់​តោននាពេល​ឆាប់ៗ​ខាងមុខ។
ការសម្រេច​នាំអង្គរ​ចេញជាង​២ម៉ឺន៥ពាន់តោន​នេះធ្វើឡើង​ក្នុង​ជំនួប​រវាង​ភាគី​កម្ពុជានិង​ភាគី​ប្រទេស​បង់ក្លាដេសដឹកនាំ​ដោយ​លោក ស្សាកាវ៉ាត់ ហ៊ូសេន (Md. Shakhawat Hossain) អគ្គនាយក​ផ្នែក​ចំណី​អាហារនៃក្រសួង​ចំណី​អាហារ​របស់​ប្រទេស​បង់ក្លាដេស។ចំណែកភាគី​កម្ពុជាដឹកនាំ​ដោយ​លោក ចាន់ សុខទី ប្រធាន​អគ្គនាយក ក្រុមហ៊ុនហ្គ្រីនត្រេ និងមានការចូលរួម​ពី​ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជា​លោក សុង សារ៉ន និងមន្ត្រីមួយចំនួន​ទៀត។

១៣ . ពលរដ្ឋ​ប្រមាណ​ ៧៤​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ ក្រោយ​ទីប្រឹក្សា​លោក យឹម ឆៃលី ធ្វើ​របង​ដី​បិទ​ផ្លូវ
ពលរដ្ឋ​រស់នៅ​ខេត្ត​បាត់ដំបង​ប្រមាណ ៧៤​គ្រួសារ ស្នើ​អាជ្ញាធរ​ឃុំ​តា​គ្រៃ អន្តរាគមន៍​បើកផ្លូវ​ចេញចូល​ផ្ទះ ខណៈ​ទីប្រឹក្សា​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី គឺ លោក តូ ធានទឺ បាន​ធ្វើ​របង​បិទផ្លូវ​មិន​ឱ្យ​ពលរដ្ឋ​ចេញ​ចូល។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា លោក តួ ធានទឺ គួរ​បើកផ្លូវ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ចុះទៅពិនិត្យ​ជាក់ស្ដែង ដើម្បី​សម្របសម្រួល​បើកផ្លូវ​ជូន​ដល់​ពលរដ្ឋ​ឡើងវិញ។ អាន​ព័ត៌មាន​ពិស្តារ ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។