លោក រ៉ុង ឈុន រំពឹង​ថា សាលាឧទ្ធរណ៍​ផ្តល់​នីតិសម្បទា ខណៈ​អ្នក​គាំទ្រ​រៃអង្គាស​លុយ​ជូន​លោក បង់​សំណង

0:00 / 0:00

លោក រ៉ុង ឈុន ស្នើ​ឲ្យ​សាលាឧទ្ធរណ៍​ភ្នំពេញ​ផ្តល់​នីតិសម្បទា​ឱ្យ​លោក​មាន​សេរីភាព​ពេញលេញ​ធ្វើ​នយោបាយ​ឡើងវិញ ខណៈ​អ្នកគាំទ្រ​បន្ត​ធ្វើ​យុទ្ធនាការ​រៃអង្គាស​ប្រាក់​ជូន​លោក​ដែល​ត្រូវ​បង់​សំណង​ដល់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ចំនួន ១០ម៉ឺន​ដុល្លារ តាម​ការ​បង្គាប់​របស់​តុលាការ។ មន្ត្រី​សិទ្ធិមនុស្ស​ថា ការ​ចោទ​ប្រកាន់ និង​បំបិទ​សិទ្ធិ​លើ​លោក រ៉ុង ឈុន គឺ​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ។

តំណាង​អយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ លោក អ៊ឹម សុផាន បាន​ចេញ​ដីកា​កោះ​ហៅ​លោក រ៉ុង ឈុន ឱ្យ​ចូលរួម​សវនាការ​ជំនុំជម្រះ លើ​បណ្ដឹង​សុំ​ឱ្យ​ផ្តល់​នីតិសម្បទា​ឡើង​វិញ នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែមីនា ខាងមុខ បន្ទាប់​ពី​លោក រ៉ុង ឈុន អនុវត្ត​ទោស​ព្យួរ​រយៈ​ពេល ៣ឆ្នាំ​រួចរាល់ កាល​ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២១ ខែកុម្ភៈ​ថា លោក​នឹង​ចូលរួម​សវនាការ​នេះ ពីព្រោះ​កន្លង​ទៅ​លោក​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ការ​កំណត់​របស់​តុលាការ ចំណែក​សកម្មភាព​នយោបាយ​របស់​លោក​ជាមួយ​បក្ស​ប្រឆាំង ឬ​ការ​បញ្ចេញ​មតិ​អំពី​បញ្ហា​សង្គម ឬ​ការ​ជួបជុំ​ជាមួយ​ពលរដ្ឋ​រងគ្រោះ​កន្លង​មក មិនមែន​ជា​សកម្មភាព​ខុស​ច្បាប់ ឬ​បំពាន​បម្រាម​តុលាការ​នោះ​ទេ។ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា បើ​តុលាការ​សម្រេច​ក្ដី​ឈរ​លើ​ភាព​ឯករាជ្យ និង​យុត្តិធម៌​នោះ លោក​នឹង​ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញលេញ ដើម្បី​ឱ្យ​លោក​បាន​ធ្វើ​នយោបាយ​បម្រើ​សង្គម និង​ប្រជាពលរដ្ឋ​ខ្មែរ។

លោក រ៉ុង ឈុន៖«នៅ​ថ្ងៃ​ទី២៨ ខែមីនា​ខាង​មុខ​នេះ ខ្ញុំ​គ្រាន់តែ​ស្នើ​ឱ្យ​តុលាការ​ត្រូវតែ​អនុវត្ត​ច្បាប់​តាម​វិជ្ជាជីវៈ ប្រកាន់​​គោលការណ៍​ជំហរ​ឯករាជ្យ គឺ​យើង​នឹង​ទទួល​បាន​យុត្តិធម៌ និង​ការ​ផ្តល់​នីតិសម្បទា​ដល់​ខ្ញុំ​ឡើងវិញ​បាទ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង ដើម្បី​សាកសួរ​រឿង​នេះ​បានទេ នៅ​ថ្ងៃ​ទី២១ ខែកុម្ភៈ។

កាលពី​ខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ដាក់​ពន្ធនាគារ​ជា​លើក​ទី២ ក្រោយ​ពី​លោក​បាន​ចុះ​ឃ្លាំមើល​ដីធ្លី​របស់​ប្រជាពលរដ្ឋ នៅ​ខេត្តត្បូងឃ្មុំ និង​ការ​រិះគន់​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម។

នៅ​ខែវិច្ឆិកា ឆ្នាំ២០២១ សាលាឧទ្ធរណ៍​ភ្នំពេញ បាន​សម្រេច​ប្រកាស​សាលដីកា ដោយ​កាត់​តម្រឹម​ទោស លោក រ៉ុង ឈុន មក​នៅ​ត្រឹម ១ឆ្នាំ ៣ខែ និង ១១ថ្ងៃ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ២ឆ្នាំ។ តុលាការ​បាន​បង្គាប់​ឱ្យ​លោក រួម​ជាមួយ​កញ្ញា ស កណិការ និង​លោក តុន និមល សង​ជំងឺចិត្ត​ទៅ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា ៤០០លាន​រៀល ឬ​ស្មើ ១០ម៉ឺន​ដុល្លារ។ លោក រ៉ុង ឈុន ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ នៅ​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោម​លក្ខខណ្ឌ​ព្យួរទោស​សាកល្បង​ចំនួន ៣ឆ្នាំ។

ប៉ុន្តែ​កាលពី​ខែកញ្ញា ឆ្នាំ២០២៤ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​យក​សំណុំរឿង​ចាស់​មក​ចោទ​ប្រកាន់​លោក រ៉ុង ឈុន បន្ថែម​ទៀត គឺ​នៅ​មុន​ពេល​លោក​ត្រូវ​ទទួល​បាន​នីតិសម្បទា​ពេញលេញ​ឡើង​វិញ នៅ​ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ តុលាការ​ចោទ​ប្រកាន់​លោក អំពី​បទ «មិន​រាងចាល​ក្នុង​បទ​មជ្ឈិម​បន្ទាប់​ពី​ការ​ផ្ដន្ទាទោស​បទ​មជ្ឈិម លើ​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដោយសារ​លោក​បញ្ចេញមតិ និង​ចុះ​សួរ​សុខទុក្ខ​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នៅ​ក្នុងឆ្នាំ២០២៤។

សំណុំរឿង​ញុះញង់​នេះ​ដែរ សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១១ ខែកុម្ភៈ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​បង្គាប់​ឱ្យ​លោក រ៉ុង ឈុន កញ្ញា ស កណិការ និង​លោក តុន និមល រួមគ្នា​សង​សំណង​ចំនួន ១០ម៉ឺន​ដុល្លារ​ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន។ ចំណែក​ប្រាក់​ទាំង​នោះ តុលាការ​ដាក់​កំហិត​ឱ្យ​បង់​ទៅ​ម្ចាស់​បំណុល​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​រយៈ​ពេល ១ខែ គិត​ចាប់​ពី​ថ្ងៃ ទទួល​បាន​លិខិត។

ជុំវិញ​រឿង​នេះ អ្នកគាំទ្រ​បាន​ធ្វើ​យុទ្ធការ​រៃអង្គាស​លុយ ក្រោយពី​លោក រ៉ុង ឈុន ប្រកាស​គ្មាន​លុយ​បង់​ទៅ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​តាម​ដីកា​បង្គាប់​របស់​តុលាការ។ ពួក​គេ​បង្ហាញ​ចំនួន​លុយ​នៅ​លើ​ហ្វេសប៊ុក​ថា ចំនួន​លុយ​អ្នក​ដែល​បរិច្ចាគ​ជួយ​លោក រ៉ុង ឈុន គិត​ត្រឹម​ថ្ងៃ​ទី២១ ខែកុម្ភៈ បាន​យ៉ាង​ហោច​ជាង ១ម៉ឺន​ដុល្លារ​ហើយ។

គណបក្ស​កម្លាំង​ជាតិ​ចេញ​លិខិត​ថ្លែង​អំណរគុណ ចំពោះ​សមាជិក​បក្ស មន្ត្រី​រាជការ កម្មករ និង​ប្រជាពលរដ្ឋ​ក្នុង និង​ក្រៅ​ប្រទេស ដែល​លះបង់​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ជួយ​សម្រាល​បន្ទុក លោក រ៉ុង ឈុន។ គណបក្ស​កម្លាំង​ជាតិ​ចាត់​ទុក​ចរន្ត​ចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​នេះ​កើត​ចេញ​ពី​ទឹកចិត្ត​ស្នេហាជាតិ ស្រឡាញ់​យុត្តិធម៌ និង​បង្ហាញ​ពី​រូបភាព​សាមគ្គីភាព​ក្នុងនាម​ខ្មែរ​តែ​មួយ។

លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា យុទ្ធនាការ​នេះ​នៅតែ​បន្ត ហើយ​មន្ត្រី​គណបក្ស​នឹង​បូក​សរុប​ចំនួន​ថវិកា​បង្ហាញ​ឱ្យ​សាធារណជន​បាន​ដឹង​នៅ​ពេល​បញ្ចប់​យុទ្ធនាការ។ លោក​ថា​រូបលោក​ជា​អ្នក​ធ្វើ​ការងារ​បម្រើ​សង្គម​ជាតិ​ដោយ​ស្មោះ​ពុំ​មាន​លុយ​សម្រាប់​បង់​ឱ្យ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ចំនួន ១០ម៉ឺន​ដុល្លារ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក រ៉ុង ឈុន ឱ្យ​ដឹង​ថា លោក​នឹង​ប្រកាស​ជំហរ​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​ ថា​តើ​លោក​នឹង​សង​សំណង​ប្រាក់​ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ឬ​ក៏​យ៉ាងណា។

លោក រ៉ុង ឈុន៖«ការចូលរួម​របស់​ប្រជាពលរដ្ឋ​មាន​តម្លៃ​ធំធេង​ណាស់ ដោយ​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ ពួក​គាត់​ចូលរួម​ថវិកា​នេះ​ចង់​បាន​យុត្តិធម៌ និង​ចង់​បង្ហាញ​ថា រ៉ុង ឈុន អត់​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ បាទ»។

ទាក់ទង​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក នី សុខា មាន​ប្រសាសន៍​ថា​ការ​ចោទ​ប្រកាន់​លើ​លោក រ៉ុង ឈុន ពី​ករណី​មួយ​ទៅ​ករណី​មួយ​ទៀត​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​មើល​ឃើញ​ថា ជា​រឿង​នយោបាយ​ច្រើន​ជា​ជាង​ការ​អនុវត្ត​ច្បាប់ ពីព្រោះ​សកម្មភាព​របស់​លោក រ៉ុន ឈុន កន្លង​មក​គឺ​ជា​ការអនុវត្ត​សិទ្ធិ​សេរីភាព​ស្រប​តាម​ច្បាប់។ លោក​យល់​ថា អ្នក​នយោបាយ​ល្មម​ដល់​ពេល​ជជែក​គ្នា​ដោះស្រាយ​វិវាទ​នយោបាយ​ជាជាង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ យក​មក​ចោទប្រកាន់​លើ​ដៃគូ​ប្រជែង ដែល​នាំ​ឱ្យ​ជាតិ និង​អន្តរជាតិ​រិះគន់​​ប៉ះពាល់​ផល​ប្រយោជន៍​ជាតិ។

លោក នី សុខា៖«ការ​កាត់​ក្ដី ការ​ដាក់​ទោស​ទណ្ឌ​កន្លង​មក​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​លោក រ៉ុង ឈុន នៅ​ក្នុង​ភាព​សកម្ម​របស់​គាត់​ខាង​សកម្មភាព​ផ្នែក​នយោបាយ រឿង​ហ្នឹង​ហើយ​សង្គម​ស៊ីវិល​នៅតែ​ទទូច​ឱ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​សកម្មជន​នយោបាយ ជាពិសេស ដូចជា​ករណី​លោក រ៉ុង ឈុន ហ្នឹង​សូម​ឱ្យ​ដោះស្រាយ​លក្ខណៈ​សម្របសម្រួល​ខាង​ផ្លូវ​នយោបាយ វា​ប្រសើរ​ជាង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ដើម្បី​យក​មក​ដាក់​ទោស​ទណ្ឌ ហើយ​រឿង​នេះ បើ​សិន​នៅ​មាន​ដាក់​ទោស​ទណ្ឌ​ទៀត នោះ​វា​ជា​រូបភាព​មិន​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​យើង​ទេ»។

មន្រ្តីសិទ្ធិមនុស្ស និង​អ្នកឃ្លាំមើល​បារម្ភ​ថា បើ​តាម​ស្ថានភាព​នយោបាយ​ដូច​បច្ចុប្បន្ន ដែល​រដ្ឋាភិបាល​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកនយោបាយ​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​ឥត​ស្រាកស្រាន្ត​ដូច្នេះ លោក រ៉ុង ឈុន នឹង​មិន​រួចផុត​ពី​ការ​ចោទ​ប្រកាន់ ឬ​ទទួល​បាន​នីតិសម្បទា​ឡើងវិញ​នោះ​ឡើយ។ ពួកគាត់​ស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ប្រើ​ប្រព័ន្ធ​តុលាការ​ធ្វើជា​ឧបករណ៍​បង្ក្រាប​សំឡេង​ប្រឆាំង និង​សំឡេង​រិះគន់ ដូច​ជំនាន់​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន តទៅទៀត ព្រោះ​វា​មិន​ផ្តល់​ផល​ចំណេញ​ដល់​ជាតិ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​កាន់តែ​ធ្វើឲ្យ​ជាតិ​បែកបាក់ និង​មាន​កេរ្តិ៍ឈ្មោះ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​បាត់បង់​ធនធាន​មនុស្ស​ចូលរួម​អភិវឌ្ឍ​ជាតិ​ជាដើម៕