គណបក្សកាន់អំណាចចាប់ផ្ដើមដាក់ប៉ាណូមានរូបលោក ហ៊ុន ម៉ាណែត
2024.01.07

គណបក្សកាន់អំណាចចាប់ផ្ដើមផ្លាស់ប្ដូរប៉ាណូ ដែលមានបញ្ចូលរូបកូនប្រុសច្បងលោក ហ៊ុន សែន គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅមុនការប្រារព្ធទិវាជ័យជម្នះរបបប្រល័យពូជសាសន៍ថ្ងៃ៧ មករា។ អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយយល់ឃើញថា ការបញ្ចូលរូបលោក ហ៊ុន ម៉ាណែត ទៅក្នុងប៉ាណូគណបក្សឆ្លុះបញ្ចាំងថា គណបក្សប្រជាជនកម្ពុជាមិនមានការដឹកនាំតាមបែបប្រជាធិបតេយ្យផ្ទៃក្នុងបក្សនោះឡើយ។
គណបក្សប្រជាជនកម្ពុជាប្រកាសផ្លាស់ប្ដូររូបមេដឹកនាំក្នុងផ្ទាំងប៉ាណូ របស់គណបក្សដោយមានបញ្ចូលរូបលោក ហ៊ុន ម៉ាណែត នៅទន្ទឹមជាមួយឪពុករបស់លោក គឺលោក ហ៊ុន សែន និងលោក ហេង សំរិន ប្រធានកិត្តិយសគណបក្ស។ ផ្ទាំងប៉ាណូរបស់គណបក្សកាន់អំណាច នៅតាមបណ្ដាខេត្ត និងក្រុងមួយចំនួនក៏ត្រូវបានគេផ្លាស់ប្ដូររួចទៅហើយដែរ។
អ្នកវិភាគនយោបាយមួយចំនួនលើកឡើងថា ការលើកតម្កើងកូនប្រុសច្បងឱ្យក្លាយជាអនុប្រធានគណបក្ស និងសម្រេចដាក់រូបលោក ហ៊ុន ម៉ាណែត ទៅក្នុងឡូហ្គោគណបក្សរំលងអនុប្រធានគណបក្សចាស់វស្សា ដូចជា លោក ស ខេង លោក ទៀ បាញ់ អ្នកស្រី ម៉ែន សំអន និងលោក សាយ ឈុំ ជាដើម អាចធ្វើឱ្យលោក ហ៊ុន ម៉ាណែត កាន់តែទទួលបានអំណាចនៅក្នុងផ្ទៃក្នុងរបស់គណបក្ស តែក៏អាចធ្វើឱ្យលោកនាយករដ្ឋមន្ត្រីរូបនេះ ប្រឈមនឹងការបាត់បង់អំណាចផងដែរ នៅពេលមិនមានវត្តមានឪពុករបស់លោក។
សកម្មជនបរិស្ថាន លោក អាឡិច ហាន់ដ្រូហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) លើកឡើងថា ការដាក់រូបលោក ហ៊ុន ម៉ាណែត ទៅក្នុងប៉ាណូគណបក្សប្រជាជនកម្ពុជា គឺធ្វើឡើងទៅតាមចិត្តរបស់លោក ហ៊ុន សែន ដើម្បីពង្រឹងអំណាច និងប្រជាប្រិយភាពកូនប្រុសរបស់លោក។
លោក អាឡិច៖ «មានន័យថា គេកំពុងតែអត់សប្បាយចិត្តជាមួយហ្នឹង ការដំឡើងនូវតួនាទី ហ៊ុន ម៉ាណែត ទៅជាអនុប្រធានបក្ស នៅពេល ហ៊ុន ម៉ាណែត ហ្នឹង គឺអាយុត្រឹម ៤០ជាង បន្តិចហ្នឹង គេអត់សប្បាយចិត្តទេ ប៉ុន្តែគេអត់ហ៊ាននិយាយ អ៊ីចឹងនៅពេលណាប្រជាជនតវ៉ាទ្រង់ទ្រាយធំតាមផ្លូវ អហិង្សាដើម្បីទាមទារការផ្លាស់ប្ដូរ ត្រកូល ស ខេង ត្រកូល ទៀ បាញ់ ត្រកូលផ្សេងទៀតហ្នឹង ដែលមិនសប្បាយចិត្តជាមួយត្រកូល ហ៊ុន យូរហើយ អាចនឹងចាប់ដៃជាមួយបាតុករដើម្បីថែរក្សាប្រយោជន៍ខ្លួនឯង ដើម្បីចូលរួមជាមួយប្រជាពលរដ្ឋ»។
ស្រដៀងគ្នានេះដែរ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ី និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញថា ការដាក់រូបលោក ហ៊ុន ម៉ាណែត ទៅក្នុងប៉ាណូគណបក្សនេះ អាចបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត នឹងក្លាយទៅជាថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងពេលអនាគត។ លោកស្នើថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរតែចាប់ផ្ដើមបើកលំហលទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីទទួលបានប្រជាប្រិយភាព និងការគាំទ្រពិតប្រាកដពីពលរដ្ឋ។
លោក សេង វណ្ណលី៖ «ដោយសារតែនៅពេលបើកសិទ្ធិសេរីភាព និងបើកលំហនយោបាយអាចទាក់ទាញការវិនិយោគពីបរទេស ហើយក៏ជួយសម្រួលដល់ការអនុវត្តគោលនយោបាយទំនាក់ទំនងការបរទេសរបស់ខ្លួនឱ្យទូលំទូលាយ អ៊ីចឹងបើសិនជា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនមើលឃើញថា លើសសមត្ថភាព លើសសមិទ្ធផល ឬក៏ស្នាដៃរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ហ្នឹងនៅក្នុងជួរគណបក្សហើយ គឺព្យាយាមពង្រឹង គណនេយ្យភាព តម្លាភាព ក្នុងការដឹកនាំរដ្ឋាភិបាលរបស់គណបក្សប្រជាជនឱ្យច្រើនបន្តិច»។
ឆ្លើយតបនឹងការលើកឡើងបែបនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ការសម្រេចដាក់រូបលោក ហ៊ុន ម៉ាណែត ទៅក្នុងប៉ាណូគណបក្ស ធ្វើឡើងតាមសេចក្ដីសម្រេចរបស់ថ្នាក់ដឹកនាំគណបក្ស ដូច្នេះគណបក្សប្រជាជនកម្ពុជា មិនមានការបែកបាក់ផ្ទៃក្នុងនោះទេ។
លោក សុខ ឥសាន៖ «វីរជនវ័យចាស់របស់គណបក្សប្រជាជន បានលះបង់ធ្វើពលិកម្មគ្រប់បែបយ៉ាងអស់ហើយ អ៊ីចឹងទេ ជាក្រិត្យក្រមបន្តទៀតត្រូវតែមានអ្នកបន្តវេន ដូច្នេះការដែលលះបង់ដោយសុទ្ធតែចិត្ត ការលះបង់ដោយភ្ញាក់រឭក ដោយច្បាស់លាស់នេះទៅ ឱ្យឈាមថ្មីបន្តវេនដឹកនាំប្រទេសនេះ គឺថា វាគ្មានអីធ្វើឱ្យថ្នាំងថ្នាក់ទេ ពីព្រោះថ្នាក់ដឹកនាំវ័យចាស់ហ្នឹង គឺសុទ្ធតែបានលះបង់អស់ហើយ វាអត់មានបញ្ហាអីទេ»។
គណបក្សប្រជាជនកម្ពុជា បានសម្រេចផ្លាស់ប្ដូរប៉ាណូថ្មីនេះ សម្រាប់ការអបអរសាទរនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ ២០២៤ និងបន្តប្រើប្រាស់សម្រាប់ការឃោសនាបោះឆ្នោត ទាំងសកល និងអសកលក្នុងពេលខាងមុខ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។