លោក សម រង្ស៊ី អំពាវនាវ​កសិករ​​ឲ្យ​ងើប​ឡើង​ដូរ​របប​លោក ហ៊ុន សែន ចេញ ដើម្បី​ដោះ​បំណុល​

ដោយ ទីន ហ្សាការីយ៉ា
2019-02-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។
រូបថត៖ ហ្វេសប៊ុក Sam Rainy

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អំពាវនាវ​ដល់​កសិករ​ខ្មែរ​ទាំង​អស់​ ឲ្យ​ងើប​ឈរ​ឡើង ដូរ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ចេញ​ពី​អំណាច ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​ការ​ជំពាក់​បំណុល​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ដោយ​សារ​តែ​របប​នេះ មិន​អាច​ជួយ​ជីវភាព​កសិករ​ឲ្យ​ល្អ​ប្រសើរ​នោះ​ឡើយ។ អ្នក​វិភាគ​ថា គាំទ្រ​ការ​អំពាវនាវ​នេះ នឹង​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន ប្រសិនបើ​​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​ចេញ​មុខ​ជា​គំរូ​ដឹកនាំ​ការ​តវ៉ា​ទាមទារ​ដោយ​សន្តិ​វិធី និង​បែប​បទ​ប្រជាធិបតេយ្យ​ ក្នុង​ប្រទេស​កម្ពុជា​នោះ។

លោក សម រង្ស៊ី លើក​ឡើង​ថា ប្រជារាស្ត្រ​ខ្មែរ​ភាគ​ច្រើន​ជា​កសិករ ជំពាក់​បំណុល​ច្រើន​មិន​អាច​ដោះ​ខ្លួន​រួច គឺ​ដោយ​សារ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោ ហ៊ុន សែន គ្មាន​សមត្ថភាព​រក​ទីផ្សារ​ឲ្យ​កសិករ​ និង​មិន​អាច​គ្រប់គ្រង​តម្លៃ​ទំនិញ​នៅ​លើ​ទី​ផ្សារ​បាន។ លោក សម រង្ស៊ី ហៅ​ លោក ហ៊ុន សែន ថា​ ជា​មេដឹកនាំ​សម្លាប់​មុខ​របរ​កសិកម្ម​របស់​ពលរដ្ឋ​ខ្មែរ ដោយ​បើក​ដៃ​ឲ្យ​ឈ្មួញ​មក​ពី​ប្រទេស​ជិត​ខាង កំណត់​តម្លៃ ស្រូវ អង្ករ សណ្ដែក និង​ដំឡូង តាម​តែ​អំពើ​ចិត្ត។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​​រូប​នេះ យល់​ថា​ លោក ហ៊ុន សែន គួរ​យកប្រាក់​ដែល​របប​ក្រុង​ភ្នំពេញ​ ខ្ចី​ពី​ប្រទេស​ចិន​ រាប់​ពាន់​លាន​ដុល្លារ មក​សង​បំណុល​ជំនួស​ពលរដ្ឋ​ខ្មែរ ជាពិសេស​កសិករ​ក្រីក្រ ដែល​កំពុង​ជួប​បញ្ហា។ លោក អំពាវនាវ​កសិករ​ទាំង​អស់ ឲ្យ​ងើប​ឈរ​ឡើង ដើម្បី​ដូរ​របប​គ្រប់គ្រង​ប្រទេស​សព្វថ្ងៃ​នេះ​ចេញ៖ «បង​ប្អូន​ដូច​ប្រជារាស្ត្រ​ក្នុង​ប្រវត្តិសាស្ត្រ បើ​បបួល​ឲ្យ​ធ្វើ​អ្វី​មួយ​ឲ្យ​បះបោរ ខ្លះ​គិត​សិន ប៉ុន្តែ​បើ​ប៉ះពាល់​ អាយុជីវិត​ខ្លួន​ដឹង​តែ​ទៅ​ហើយ​។ បាន​ការងារ​ធ្វើ រក្សា​ការងារ​ធ្វើ បាន​ប្រាក់​ខែ​បាន​ដីធ្លី​មកវិញ បាន​ទីផ្សារ​លក់​ផល​ដំណាំ​បាន​តម្លៃ​ខ្ពស់ ហើយ​បំណុល​ដែល​គេ​បង្ខំ​ឲ្យ​យើង​ទៅ​ខ្ចី​លុយ​ពី​គេ​ឆា​ចោល​បំណុល។ រួចខ្លួន​ពេល​ហ្នឹង ងើប​ឡើង​បង​ប្អូន​ឆា​របប​ហ៊ុន សែន ដើម្បី​ឆា​បំណុល​របស់​យើង​ចោល»

ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​អំពាវនាវ​ឲ្យ​ប្រទេស​ជិត​ខាង​ជួយ​ទិញ​កសិផល​របស់​កម្ពុជា ពិសេស​ប្រទេស​វៀតណាម ដែល​ការ​អំពាវនាវ​នេះ ក្រោយ​ពី​សហភាព​អឺរ៉ុប បាន​យក​ពន្ធ​អង្ករ​របស់​កម្ពុជា នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប។ កាល​ពី​ថ្ងៃ​ទី១៧ មករា ក្រសួង​ពាណិជ្ជកម្ម បាន​ចាត់​ទុក​ការ​យក​ពន្ធ​អង្ករ​របស់​អឺរ៉ុប​ថា មិន​បាន​ឆ្លុះបញ្ចាំង​ទាំង​ស្រុង​លើ​ទិដ្ឋភាព​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ បទដ្ឋាន​បច្ចេកទេស និង​សច្ចភាព​នោះ​ទេ។ លើស​ពី​នេះ​ទៀត វិធានការ​នេះ​មាន​ឥទ្ធិពល​ដក​ហូត​ចំណូល​កសិករ​ក្រីក្រ​កម្ពុជា និង​ជា​អាវុធ​ធ្វើឃាត​ជីវភាព​កសិករ ដែល​កំពុង​ជាប់​បំណុល​ជាមួយ​ស្ថាប័ន​ឥណទាន ផ្ដល់​ប្រាក់​កម្ចី។ ទន្ទឹម​នឹង​នេះ ក្រសួង​ពាណិជ្ជកម្ម​អះអាង​ថា ក្រសួង​កំពុង​ផ្ទៀងផ្ទាត់​សេចក្ដី​សម្រេច​នេះ ដោយ​ផ្អែក​ទៅ​លើ​ទិដ្ឋភាព​ច្បាប់ និង​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ ដើម្បី​បន្ត​ការ​តវ៉ា ចំពោះ​សេចក្ដី​សម្រេច​នេះ ដែល​ក្រសួង​ចាត់​ទុក​ថា គ្មាន​សុក្រឹតភាព។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ហ៊ុន សែន បាន​ទម្លាក់​កំហុស​ទៅ​លើ​បក្ស​ប្រឆាំង​ទៅ​វិញ ហើយ​លោក​កន្លង​មក​បាន​ព្រមាន​ថា បើ​សិន​ជា​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​កម្ពុជា​មែន​នោះ លោក​នឹង​កម្ទេច​បក្ស​ប្រឆាំង និង​មិន​អត់ឱន​ឲ្យ​ឡើយ។ ការ​ព្រមាន​របស់​លោក ហ៊ុន សែន នេះ នៅ​ស្រប​ពេល​សហភាព​អឺរ៉ុប​កំពុង​តែ​ដំណើរ​នីតិវិធី​លើ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBAចេញ​ពី​កម្ពុជា​បន្ថែម​ទៀត។

សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប គឺ​ជា​ទីផ្សារ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា សម្រាប់​ការ​នាំ​ចេញ​ផលិតផល​ក្នុងស្រុក​របស់​កម្ពុជា ក្នុង​នោះ​មាន​ដូចជា សំលៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើ​ពី​ស្បែក ប្លាស្ទិក ម្ហូបអាហារ និង​ផលិតផល​កសិកម្ម​ជាដើម។

សហរដ្ឋអាមេរិក ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) តាំង​ពី​ឆ្នាំ១៩៩៧។ កម្ពុជា​ទទួល​បាន​ការ​មិន​យក​ពន្ធ​សរុប​តម្លៃ ៤០០​លាន​ដុល្លារ ពី​សហរដ្ឋ​អាមេរិក តាម​រយៈ​ការ​អនុគ្រោះ​ពន្ធ​នេះ។ ចំណែក​ឯ​សហភាព​អឺរ៉ុប ក៏​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ តាម​រយៈ​កម្មវិធី​អ្វីៗ ទាំង​អស់ លើកលែង​តែ​អាវុធ (Everything But Arms, EBA) តាំង​ពី​ឆ្នាំ២០១២។ ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​ទទួល​បាន​ការ​មិន​យក​ពន្ធ សរុប​តម្លៃ​ជិត ៧០០​លាន​ដុល្លារ ពី​សហភាព​អឺរ៉ុប។

អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​ លោក គឹម សុខ យល់ថា​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី គឺ​ជា​រឿង​ពិត​ដែល​កំពុង​មាន​ឡើង​ក្នុង​សង្គម​ខ្មែរ។ អ្នក​វិភាគ​រូប​នេះ​យល់ថា បើ​​ជា​លោក សម រង្ស៊ី វិល​ចូល​ស្រុក​មែន​នោះ គឺ​​ធ្វើ​ជា​​ក្ដី​សង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ។ លោក គឹម សុខ សង្កេត​ឃើញ​ថា រាល់​បាតុកម្ម​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កន្លង​មក មិន​ថា​នៅ​ឆ្នាំ​១៩៩៨ ឬក៏​ឆ្នាំ​២០១៣​នោះ​ទេ តែង​តែ​មាន​​កម្លាំង​មហាជន​ច្រើន​កុះករ​ទាំង​អ្នក​នៅ​ទី​ក្រុង និង​មក​ពី​តាម​បណ្ដា​ខេត្ត ចូល​រួម​ជានិច្ច៖ «ស្ថានការណ៍​ដែល​លោក​ ហ៊ុន កំពុង​រង​សម្ពាធ​ពី​អន្តរជាតិ ហើយ​ការ​ដែល​លោក​ហ៊ុន រក​ច្រក​មិន​ឃើញ​ក្នុង​ការ​ដោះស្រាយ​អំណាច​របស់​ខ្លួន ទាំង​ស្ថានការណ៍​ជាក់​ស្ដែង​ដែល​ពលរដ្ឋ​កំពុង​ពុះ​កញ្ជ្រោល​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​​ហ្នឹង។ ដូច្នេះ ក្រុម​លោក សម រង្ស៊ី ត្រូវ​វែក​យុទ្ធសាស្ត្រ ដើម្បី​បើក​ផ្លូវ​យ៉ាង​ណា ដឹកនាំ​ចលនា​របៀប​នៃ​ការ​តវ៉ា​បែប​ប្រជាធិបតេយ្យ​របស់​ពលរដ្ឋ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ហ្នឹង ងើប​ឡើង​បាន​ទើប​ជា​ការ​ជោគជ័យ មិនមែន​ការ​អំពាវនាវ​ទេ។ ហើយ​រឿង​នេះ ត្រូវ​ធ្វើ​ឲ្យឆាប់​និង​ត្រូវ​កាលៈទេសៈ​បំផុត»

អ្នក​វិភាគ​ថា នៅ​ក្នុង​សង្គម​ណា​ក៏​ដោយ ដែល​មាន​ការ​ញាំញី​ពី​អំណាច​ផ្ដាច់ការ គឺ​មាន​តែ​ការ​ងើប​ឡើង​ពី​ប្រជា​ពលរដ្ឋ​ក្នុង​សង្គម​នោះ ទើប​អាច​ផ្លាស់ប្ដូរ​របប​គ្រប់គ្រង​ប្រទេស​នោះ​បាន។ ចំពោះ​ប្រទេស​កម្ពុជា អ្នក​វិភាគ​ថា អ្វី​ដែល​អន្តរជាតិ​អាច​ជួយ​បាន​ គឺ​ដាក់​សម្ពាធ​ផ្នែក​ពាណិជ្ជកម្ម ឬ​សេដ្ឋកិច្ច​ទៅ​លើ​របប​លោក ហ៊ុន សែន ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ គឺ​ការ​ងើប​ឡើង​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ប្រទេស ត្រូវ​តែ​ដើរ​ជួរ​មុខ ដោយ​មាន​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ចលនា​នេះ​ឲ្យ​បាន​ច្បាស់លាស់ ​តាម​បែប​បទ​លទ្ធិប្រជាធិបតេយ្យ។

គិត​ត្រឹម​ចុង​ឆ្នាំ២០១៨ កម្ពុជា​ជំពាក់​បំណុល​ចិន​ជាង ៤ពាន់​លាន​ដុល្លារ ក្នុង​ចំណោម​បំណុល​បរទេស​សរុប​ជាង ៩ពាន់​លាន​ដុល្លារ។ ស្ថាប័ន​អន្តរជាតិ និង​អ្នក​តាម​ដាន​សង្គម​ធ្លាប់​បាន​អះអាង​ថា កម្ពុជា​នឹង​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន តាម​រយៈ​ជំនួយ និង​កម្ចី​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​របប​ក្រុង​ប៉េកាំង ហើយ​និន្នាការ​បែប​នេះ​នឹង​មិន​អាច​ធ្វើ​ឱ្យ​កម្ពុជា​មាន​ឯករាជ​ភាព​លើ​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ​បាន​ដោយ​ខ្លួន​ឯង​ឡើយ។ ក៏​ប៉ុន្តែ​ការ​ងាក​ទាំង​ស្រុង​របស់​របប​លោក ហ៊ុន សែន ទៅ​ចិន​នេះ គឺ​របប​នេះ កំពុង​តែ​អនុវត្ត​ខុស​រដ្ឋធម្មនុញ្ញ​ទាំង​ស្រុង ដែល​ចែង​ថា កម្ពុជា​អនុវត្ត​របប​លទ្ធិ​ប្រជាធិបតេយ្យ និង​ជា​រដ្ឋ​ឯករាជ្យ​មិន​អាច​បំបែក​បាន និង​ឈរ​លើ​នយោបាយ​អព្យាក្រឹត្យ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Dan

ពី LA

Sam Rainsy is a real coward, who want someone else to waste their lifves for him. As for him, he tugs his tail between his legsand claims himself a hero. This is a pure violence call for uprising against Hun Sen government. If anyone want to get killed for this coward man, please go ahead. Don't forget to buy yourselves some nice coffins too.

Feb 05, 2019 09:48 AM

គេហទំព័រ​ទាំងមូល