មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ថា លោក សម រង្ស៊ី គ្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិល​យ៉ាង​យូរ​បំផុត ៣ខែ​ទៀត

ដោយ ហេង រស្មី
2019.06.11
សម រង្ស៊ី លោក សម រង្ស៊ី (កណ្ដាល) ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង (ស្ដាំ) និង​អ្នកស្រី មូរ សុខហួរ ជា​អនុប្រធាន​គណបក្ស ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​មីនា ឆ្នាំ២០១៩។
រូប៖ សន ចាន់រដ្ឋា/RFA

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សង្គ្រោះ​ជាតិ ប្រកាស​ថា លោក​ សម រង្ស៊ី​ ដែល​កំពុង​រស់​នៅ​និរទេស​​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​ គ្រោង​នឹង​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​យ៉ាង​យូរ​បំផុត​រយៈ​ពេល​បី​ខែ​ទៀត ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើងវិញ។ ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ស្វាគមន៍​ដំណើរ​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី ក៏ប៉ុន្តែ​អះអាង​ថា រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​នៅ​ពេល​ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស។

ការ​ប្រកាស​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សង្គ្រោះ​ជាតិ នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ទី​ក្រុង​មីនី​អា​ប៉ូលិស រដ្ឋ​មីនីសូតា (Minnesota) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី៩ មិថុនា​កន្លង​ទៅ​នេះ។

សេចក្ដី​ថ្លែង​ការណ៍​របស់​គណបក្ស​ សង្គ្រោះ​ជាតិ បញ្ជាក់​ថា​ ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ សង្គ្រោះ​ជាតិ គឺ​ទៅ​រួម​សុខ​ រួម​ទុក្ខ​ជាមួយ​ជន​រួម​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​តស៊ូ​នយោបាយ​ដោយ​អហិង្សា​ ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​ ដើម្បី​ឱ្យ​មាន​ការ​ដោះ​លែង​ លោក​ កឹម សុខា​ ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​អនុញ្ញាត​ឲ្យ​គណបក្ស សង្គ្រោះ​ជាតិ ដំណើរ​ការ​ឡើង​វិញ តាម​លក្ខខណ្ឌ​របស់​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។

អនុប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក​ស្រី មូរ សុខហួរ នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​បន្ថែម​របស់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី១០ មិថុនា បញ្ជាក់​ថា លោក​ សម រង្ស៊ី និង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​យ៉ាង​យូរ​បំផុត​ក្នុង​រយះ​ពេល​បី​ខែ​ខាង​មុខ​ទៀត។

លោក​ស្រី​បញ្ជាក់​ថា ការ​ដែល​គណបក្ស​មិន​ប្រាប់​ពេល​វេលា​ច្បាស់លាស់​នៃ​ដំណើរ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី គឺ​ដោយ​សារ​គណបក្ស​ត្រូវ​រៀបចំ​បញ្ហា​បច្ចេកទេស និង​គិតគូរ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​ប្រធាន​គណបក្ស​ប្រឆាំង។

លោកស្រី​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​នឹង​ក្រៅ​ប្រទេស​ចូល​រួម​ជាមួយ​លោក​ សម រង្ស៊ី វិល​ចូល​ប្រទេស​វិញ​ផង​ដែរ៖ «ក្នុង​ការ​ដំណើរ​ឆ្ពោះ​ទៅ​ប្រទេស​កម្ពុជា​ជា​មាតុភូមិ​របស់​យើង។ យើង​ទាំង​អស់​គ្នា​ដែល​នៅ​ក្រៅ​ប្រទេស​មិនថា​យើង​ជា​អ្នក​នយោបាយ​ ជា​អ្នក​ភៀស​ខ្លួន​ទេ​គឺ​ប្រជារាស្ត្រ​ខ្មែរ​យើង​សូម​យក​ពេល​អំពាវនាវ​នៅ​ពេល​នេះ​ដល់​ប្រជារាស្ត្រ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ធ្វើ​ដំណើរ​ជាមួយ​យើង​ខ្ញុំ​ទៅ​ប្រទេស​កម្ពុជា»

ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អះអាង​ជា​ថ្មី​ម្ដង​ទៀត​ថា គម្រោង​របស់​លោក វិល​ចូល​ប្រទេស​វិញ គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ។ លោក​បញ្ជាក់​ថា សូម​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រៀម​ខ្លួន​ទទួល​លោក ហើយ​អំពាវនាវ​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ឈប់​ស្ដាប់​បញ្ជា​ពី​ជន​ផ្ដាច់ការ ឈប់​ទៅ​បាញ់​ប្រហារ​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​តវ៉ា​ដោយ​អហិង្សា។

អនុប្រធាន​គណបក្ស សង្គ្រោះ​ជាតិ​ម្នាក់​ទៀត គឺ​លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​ សង្គ្រោះ​ជាតិ ចាំបាច់ ​ត្រូវ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ ដើម្បី​តស៊ូ​នយោបាយ​ បន្ទាប់​ពី​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ក្រោយ​ពេល​របប​ក្រុង​ភ្នំពេញ​រំលាយ​​​គណបក្ស សង្គ្រោះ​ជាតិ ដែល​មិន​អាច​តស៊ូ​នយោបាយ​នៅ​ក្នុង​ប្រទេស គឺ​បាន​តែ​តស៊ូ​នយោបាយ​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ៖ «ឆ្នាំ២០១៩ នេះ គឺ​ជា​ឆ្នាំ​ដែល​ចាំបាច់​ដែល​យើង​ត្រូវ​តែ​ចូល​ទៅ​វិញ។ អញ្ចឹង​យើង​ឃើញ​ថា​ខែ​នេះ គឺ​ខែ​មិថុនា​ហើយ ៦ខែ​នៃ​ឆ្នាំ២០១៩។ អញ្ចឹង​វា​នៅ​សល់ ៦ខែ​ទៀត​ទេ​វា​នឹង​ដាច់​ឆ្នាំ២០១៩។ អញ្ចឹង​យើង​ចាំ​បាច់​វា​នឹង​ទៅ​ហើយ​។​ប៉ុន្តែ​រយៈពេល​ជាក់លាក់​ថា​ពេលណា​ថ្ងៃ​ណា គឺ​យើង​នឹង​ជួប​គ្នា​គ្នា​បន្ត​លម្អិត​ជាមួយ​គ្នា​ទៀត​ហើយ​នឹង​យើង​ជួប​មួយ​ខែ​ក្រោយ​ទៀត​យើង​នឹង​ជួប ដើម្បី​សម្រេច​ជាមួយ​គ្នា ដើម្បី​ដាក់​ថ្ងៃ​តែ​ម្តង»។​

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​បាន​ព្រមាន​រួច​ហើយ​ថា រដ្ឋាភិបាល​នឹង​កាំភ្លើង​​ស្វ័យប្រវត្តិ​ដើម្បី​ស្វាគមន៍​ដំណើរ​និវត្តន៍​របស់​មេ​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ប្រសិន​បើ​វិល​ត្រឡប់​មក​មាតុប្រទេស​តាម​ព្រំដែន​កម្ពុជា​ថៃ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បញ្ជាក់​ថា របប​របស់​លោក​ស្វាគមន៍​ដំណើរ​វិល​ចូល​មក​មាតុ​ប្រទេស​វិញ​របស់​លោក សម រង្ស៊ី ក៏ប៉ុន្តែ​រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ភ្លាម​ប្រឆាំង និង​លោក សម រង្ស៊ី ពេល​ដែល​មក​ដល់​ប្រទេស​កម្ពុជា​វិញ៖ «មនុស្ស​ហ្នឹង​មាន​ដីកា​ចាប់​ខ្លួន​ ហើយ​អត់មាន​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​ទេ។ អ៊ីចឹង​សមត្ថកិច្ច​គេ​រង់ចាំ​ឱ្យ​តែ​ឃើញ​មុខ​តើ។ ទេ​ឃើញ​មុខ​គាត់​ គេ​ដាក់​ខ្នោះ​គាត់​ មាន​ស្អី​ ហើយ​អ្នក​ជូន​ទៅ គឺ​ព្រឹទ្ធសភា​អាមេរិក​ ឬ​រដ្ឋសភា​អាមេរិក គេ​មិន​ដាក់​ខ្នោះ​ទេ ពី​ព្រោះ​គាត់​អត់​មាន​រឿង​អី។ គេ​អញ្ជើញ​ទៅ​សណ្ឋាគារ ហើយ​ចំណែក​អ្នក​មាន​ទោស​គេ​អញ្ជើញ​ទៅ​សណ្ឋាគារ​ព្រៃស​ទៅ»

ទោះ​បី​​មាន​ការ​ព្រមាន​ចាប់​ដាក់​ពន្ធនាគារ​ពី​មន្ត្រី​របប​ក្រុង​ភ្នំពេញ​បែប​នេះ​ក្តី ទាំង​លោក សម រង្ស៊ី ជា​មេ​ដឹក​នាំ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​របស់​គណបក្ស​ប្រឆាំង​នេះ នៅ​តែ​អះអាង​ថា ដំណើរ​វិល​ត្រឡប់​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​គណបក្ស​​នេះ នឹង​វិល​ទៅ​កម្ពុជា​វិញ គឺ​មាន​យ៉ាង​ពិត​ប្រាកដ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៩ នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។