លោក សម រង្ស៊ី អវត្តមាន​ក្រោយ​ប្រកាស​ជំហរ​ធ្វើ​មហា​បាតុកម្ម

0:00 / 0:00

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​រឿយៗ​តែង​ប្រកាស​ជំហរ​កៀរគរ​អ្នក​គាំទ្រ​តាម​បណ្ដា​ខេត្ត ឲ្យ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​គណបក្ស​នេះ​អះអាង​ថា លទ្ធផល​ឆ្នោត​នោះ​មិន​ត្រឹមត្រូវ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ ទន្ទឹម​ពេល​ដែល​ប្រកាស​ធ្វើ​មហា​បាតុកម្ម និង​កៀក​ពេល​ប្រកាស​លទ្ធផល​ឆ្នោត​នោះ ស្រាប់​តែ​លោក សម រង្ស៊ី ត្រូវ​អវត្តមាន​នៅ​ក្នុង​ប្រទេស ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្លះ និង​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​រិះគន់​ចំពោះ​អវត្តមាន​របស់​មេ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ។

លោក សម រង្ស៊ី បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស ខណៈ​ដែល​លោក​ព្យាយាម​កៀរគរ​ពលរដ្ឋ​គ្រប់​ទិសទី​ឲ្យ​ចូល​រួម​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត ដែល​គ្រោង​នឹង​ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​ទី​១០ ខែ​សីហា។

បន្ទាប់​ពី​បញ្ចប់​ពិធី​ជួប​សំណេះសំណាល និង​ថ្លែង​អំណរគុណ​ម្ចាស់​ឆ្នោត​ប្រមាណ​ជាង ១​ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៦ ខែ​សីហា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រញាប់​ចាកចេញ និង​រៀបចំ​អីវ៉ាន់​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ទាំង​យប់ ដើម្បី​ចូល​រួម​ពិធី​មង្គលការ​កូន​របស់​លោក។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក របស់​លោក សម រង្ស៊ី លើក​នេះ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​ជា​គម្រោង​យូរ​មក​ហើយ។ ទោះ​យ៉ាង​ណា អ្នក​វិភាគ ពិសេស​អ្នក​គាំទ្រ​លោក​ខ្លះ​រិះគន់​ថា អវត្តមាន​លោក សម រង្ស៊ី ពេល​នេះ មិន​សម​ជា​មេដឹកនាំ​នោះ​ឡើយ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច មាន​ប្រសាសន៍​ថា ពេល​ស្រុក​មាន​បញ្ហា បែរ​ជា​មេដឹកនាំ​ចាក​ចេញ​ពី​ស្រុក​ដើម្បី​ទៅ​រៀបចំ​ការ​កូន​នៅ​ក្រៅ​ប្រទេស។ លោក​សម្ដែង​ការ​ងឿងឆ្ងល់​ថា ម្ដេច​លោក សម រង្ស៊ី មិន​តម្កល់​បញ្ហា​ជាតិ​ជា​ធំ ព្រោះ​មេដឹកនាំ​ជា​កូនសោ​នៃ​ដំណោះ​ស្រាយ។ លោក​បន្ត​ថា កុំ​ថា​ឡើយ​រៀបការ​កូន សូម្បី​តែ​ការ​ជួប​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋ ក៏​ត្រូវ​ផ្អាក​ដែរ លុះ​ត្រា​តែ​មាន​ស្ថិរភាព​នយោបាយ​ទើប​មាន​ទស្សនកិច្ច​ទៅ​បរទេស។

លោក សុខ ទូច បាន​លើក​ឧទាហរណ៍​ថា នៅ​សហរដ្ឋអាមេរិក លោក បារាក់ អូបាម៉ា (Barack Obama) ឈ្នះ​ឆ្នោត​អាណត្តិ​ទី​២​បាន​ដោយ​លោក​យក​បញ្ហា​ជាតិ​ជា​ធំ ជាក់ស្ដែង​នៅ​ពេល​អាមេរិក​ជួប​គ្រោះ​មហន្តរាយ លោក អូបាម៉ា លុប​ចោល​ទាំង​ស្រុង​នូវ​រាល់​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន ដើម្បី​ឈរ​ក្នុង​ប្រទេស​ដោះស្រាយ​បញ្ហា​ទាំង​នោះ។ ប៉ុន្តែ​សម្រាប់​កម្ពុជា​វិញ លទ្ធផល​បោះ​ឆ្នោត​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ខាង​មុខ​នេះ ហើយ​ការ​ប្រកាស​ដឹកនាំ​បាតុកម្ម​ក៏​ត្រូវ​ធ្វើ​ឡើង​ស្ទើរ​ទូទាំង​ប្រទេស បែរ​ជា​លោក សម រង្ស៊ី ជា​មេដឹកនាំ​គិត​តែ​ពី​បញ្ហា​គ្រួសារ ដោយ​មិន​គិត​បញ្ហា​ជាតិ​ដែល​កំពុង​មាន​កម្ដៅ។

មុន​នឹង​ចាកចេញ​ទៅ​បរទេស លោក សម រង្ស៊ី បាន​ចុះ​ទៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា កន្លង​ទៅ ដើម្បី​អរគុណ​ម្ចាស់​ឆ្នោត។ ក្នុង​នោះ​លោក​ក៏​បាន​ផ្ញើ​សារ​ឲ្យ​ពលរដ្ឋ​ដែល​គាំទ្រ​លោក និង​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត ប្រសិន​បើ គ.ជ.ប ប្រកាស​ថា គណបក្ស​នេះ​ចាញ់ ខណៈ​ដែល​លោក​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​បាន ៦៣​កៅអី​ក្នុង​រដ្ឋ​សភា។

ការ​ចាកចេញ​របស់​លោក សម រង្ស៊ី នេះ រង​ការ​រិះគន់ និង​ឆ្លើយឆ្លង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជាច្រើន។

អ្នក​លេង​ហ្វេសប៊ុក​ម្នាក់ ឈ្មោះ វ៉ារីផល បាន​សម្ដែង​ការ​ហួស​ចិត្ត និង​ចោទ​ជា​សំណួរ​ថា តើ​ពេល​ណា​ទើប​លោក សម រង្ស៊ី ត្រឡប់​មក​វិញ? ចុះ​បាតុកម្ម​នៅ​ថ្ងៃ​ស្អែក​ប្រព្រឹត្ត​ទៅ​យ៉ាង​ម៉េច? ម្នាក់​ទៀត​បន្ទរ​ថា បើ​មេ​មិន​នៅ​ហើយ ក៏​មិន​អាច​ចាត់​ចែង​អី​បាន​ដែរ។

អ្នក​ខ្លះ​សរសេរ​បែប​គាំទ្រ​ដំណើរ​លោក សម រង្ស៊ី ថា អវត្តមាន​របស់​លោក​បី​បួន​ថ្ងៃ​វា​មិន​មែន​ជា​មហន្តរាយ​នៃ​កម្ពុជា​ទេ។ ផ្ទុយ​ទៅ​វិញ វត្តមាន​នៃ​អំពើ​ផ្ដាច់ការ​និង​ជន​ផ្ដាច់ការ​ទេ​ដែល​ត្រូវ​ព្រួយ​បារម្ភ។ ខ្លះ​ទៀត ថា​គេ​ទៅ​គេ​មាន​អ្នក​ស្ដីទី​ចាំ​ផ្ទះ​ដែរ​តើ! នាំ​គ្នា​ជជែក​អត់​ប្រយោជន៍។ ខ្លះ​ទៀត​និយាយ​បែប​ឌឺ​ថា គាត់​មិន​មែន​ទៅ​ការ​កូន​ទេ គឺ​ទៅ​ធ្វើ​ការងារ​សំខាន់​មួយ​ចំនួន​នៅ​បរទេស ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​ខ្លះ​ព្រលយ​ថា លោក សម រង្ស៊ី ចង់​រត់​យក​រួច​ខ្លួន​ទៀត។

ជុំវិញ​ការ​រិះគន់​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ អំពាវនាវ​ឲ្យ​ពលរដ្ឋ​គួរ​មាន​វប្បធម៌​គិត​ថ្មី ហើយ​កុំ​គិត​វប្បធម៌​បុគ្គល ដោយ​មាន​ន័យ​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ថ្នាក់​ដឹក​នាំ​ច្រើន​ទៀត។ លោក​បន្ត​ថា អវត្តមាន​លោក សម រង្ស៊ី ដោយ​ហេតុ​មាន​ធុរៈ​ចាំបាច់​មិន​អាច​ខាន​បាន​នោះ មិន​មាន​ន័យ​ថា ធ្វើ​ឲ្យ​ប៉ះពាល់​កិច្ចការ​សំខាន់​របស់​គណបក្ស​នេះ​ទេ ហើយ​លោក សម រង្ស៊ី នឹង​វិល​មក​កម្ពុជា​វិញ​នៅ​ចុង​សប្ដាហ៍​នេះ។

សម្រាប់​អ្នក​វិភាគ​សង្គម លោក កែម ឡី វិញ យល់​ថា ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ​សព្វ​ថ្ងៃ​នេះ មេដឹកនាំ​មិន​មែន​ជា​លោក សម រង្ស៊ី ឬ​លោក កឹម សុខា ទេ ប៉ុន្តែ​ពលរដ្ឋ​ដែល​គាំទ្រ​ទេ​ដែល​កំពុង​មាន​ឥទ្ធិពល​លើ​សេចក្ដី​សម្រេច​ចិត្ត​របស់​គណបក្ស​នេះ។

លោក កែម ឡី គិត​ថា មហា​បាតុកម្ម​នឹង​មិន​ទាន់​កើត​ឡើង​ភ្លាមៗ​ទេ នៅ​ពេល​ដែល​លោក សម រង្ស៊ី នៅ​បរទេស។ បាតុកម្ម​របស់​ពលរដ្ឋ​អាច​កើត​ឡើង​ក្រោយ​ពី​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត ឬ​ក្រោយ​ថ្ងៃ​ប្រជុំ​សភា​លើក​ដំបូង ឬ​ក្រោយ​ថ្ងៃ​ដែល គ.ជ.ប បែង​ចែក​កៅអី​រដ្ឋ​សភា​ឲ្យ​ទៅ​គណបក្ស​ផ្សេង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។