លោក ស ខេង ថា ការ​ប្រកាស​​ចូលស្រុក​របស់​លោក សម រង្ស៊ី គឺជា​ល្បិច​កំដរ​នយោបាយ​ទាល់ច្រក

0:00 / 0:00

ជុំវិញ​ដំណឹង​ពី​ការ​វិល​ចូល​ស្រុក​ខ្មែរ​វិញ​របស់​អតីត​មេ​បក្ស​ប្រឆាំង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៃ​របប​ក្រុងភ្នំពេញ លោក ស ខេង ថា ការ​ប្រកាស​របស់​លោក សម រង្ស៊ី បែប​នោះ គ្រាន់តែ​ជា​លើក​ការ​ទឹក​អ្នក​គាំទ្រ​បក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​ប្រទេស និង​សហគមន៍​អន្តរជាតិ ឱ្យ​បន្ត​ជឿជាក់​លើ​ខ្លួន​តែ​ប៉ុណ្ណោះ ព្រោះថា មក​ដល់​ពេល​នេះ លោក សម រង្ស៊ី ធ្វើ​នយោបាយ​អស់​ផ្លូវ​ដើរ​ហើយ។

ចំណែក អ្នកវិភាគ​យល់ថា ប្រសិនបើ លោក សម រង្ស៊ី វិល​ចូល​ស្រុក​ដូច​ការ​គ្រោង​ទុក​មែន​នោះ នឹង​មាន​កម្លាំង​មហាជន​ចូលរួម​គាំទ្រ​លោក ហើយ​ចរន្ត​នេះ​នឹង​ធ្វើ​ឱ្យ​របប​លោក ហ៊ុន សែន នឹង​ពិបាក​ទប់ស្កាត់។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ខេង លើកឡើង​ថា ការប្រកាស​វិល​ចូល​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី នៅ​ពេល​ខាងមុខ គឺ​មិន​ដូច​ទៅ​នឹង​ពេល​ដែល​ប្រធាន​ស្ដីទី​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ វិល​ចូល​ស្រុក​ខ្មែរ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣ នោះ​ទេ ដោយ​ហេតុថា​កាលនោះ មានការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ។ លោក ស ខេង ក៏​ចោទ​ជា​សំនួរ ថា តើ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដោយ​របៀប​ណា នរណា​ជា​អ្នក​ជូន​មក ហើយ​អ្នកណា​ទៅ​ទទួល?។

ទោះបីជា​យ៉ាងណាក៏ដោយ លោក ស ខេង នៅតែ​យល់​ថា ការ​ប្រកាស​នេះ ជា​ល្បិចកល​នយោបាយ​របស់​លោក សម រង្ស៊ី ដែល​ធ្លាប់​ធ្វើ​កាល​ពី​ពេល​កន្លងមក ដើម្បី​រក្សា​កម្លាំង​និង​ការ​គាំទ្រ​នៅ​ក្នុង​ប្រទេស ឱ្យ​នៅ​មាន​ក្ដី​សង្ឃឹមថា អតីត​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ នៅតែ​ជា​មេដឹកនាំ​របស់​ពួកគេ៖ «លើក​នេះ សម រង្ស៊ី មក មក​តាម​ណា។ មក​តាម​យន្តហោះ ផ្លូវទឹក ឬក៏​ផ្លូវគោក។ ហ្នឹង​ជា​ចលនា​មួយ​ដែល​នាំ​ឱ្យ​ប្រទេស​មាន​អស្ថិរភាព។ សម រង្ស៊ី គឺ​អស់​ក្រឡា​ហើយ បើ​គាត់​មិន​សម្រេចចិត្ត​អ៊ីចឹង ហើយ​គាត់​មិន​ចូល​ចប់។ គាត់​អាច​គិត​ឃើញ​អ៊ីចឹង អន្តរជាតិ​ក៏​ចប់ ផ្ទៃក្នុង​ក៏​ចប់ ក្នុង​ពេល​ដែល​គាត់​ធ្វើតេស្ត ប្រជុំ​នៅ​អាមេរិក។ ប្រជុំ​ហើយ គាត់​ផ្សាយ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​នៅ​ខាងក្នុង។ ដល់​អ៊ីចឹង អន្តរជាតិ​ក៏​អស់ ខាងក្នុង​ក៏​អស់ ពេល​ហ្នឹង​បើ​ខ្លួន​មិន​ធ្វើ​សកម្មភាព​ទេ អស់​ហើយ អាច​នឹង​នឹកឃើញ​ច្រក​ហ្នឹង។ អ៊ីចឹង បាន​ប្រថុយប្រថាន​ថា​មក»។

ការ​លើកឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​នេះ ធ្វើឡើង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើក​លើក​ទី៤១ អាណត្តិ​ទី​៥ របស់​បក្ស​កាន់អំណាច នៅ​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា។

ចំណែក​អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ យល់ថា ទោះបីជា​លោក សម រង្ស៊ី​ប្រកាស​ហើយ បែរជា​មិន​វិល​ចូល​កម្ពុជា​វិញ​ក្ដី ក៏​នយោបាយ​របស់​លោក សម រង្ស៊ី មិន​អស់​ផ្លូវ​ដើរ ដូច​ការ​លើកឡើង​របស់​លោក ស ខេង នោះ​ទេ ពីព្រោះ​កម្លាំង​នយោបាយ​របស់​បក្ស​ប្រឆាំង​បច្ចុប្បន្ន គឺ​ពឹងផ្អែក​ទាំងស្រុង​ទៅ លោក សម រង្ស៊ី និង​លោក កឹម សុខា។ លោក គឹម សុខ គិត​ថា លោក ស ខេង ហាក់​ទទួលស្គាល់​ឥទ្ធិពល​របស់​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​វិញ ដែល​អាច​ជា​ចរន្ត​មួយ បង្ក​ឱ្យ​ការ​រង្គោះរង្គើ​ការ​កាន់អំណាច​របស់​លោក ហ៊ុន សែន៖ «បើសិនជា​គាត់​មិន​ចូល វា​អាច​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់ ការដែល​លោក ហ៊ុន សែន មានប្រៀប​គ្រប់គ្រង​ប្រទេស​កម្ពុជា។ ក៏ប៉ុន្តែ​បើ​គាត់​ចូល នោះ​ស្ថានការណ៍​វា​នឹង​ប្រែប្រួល។ បើ​គាត់​ចូល ប្រជារាស្ត្រ​ជា​ម្ចាស់​អំណាច​នឹង​ចូលរួម​ជាមួយ​គាត់ ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ខុសច្បាប់​របស់​លោក ហ៊ុន សែន នោះ​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​ដំណើរ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​អាច​ផ្លាស់ប្ដូរ​លឿន ឬក៏​ឆាប់​ជាង​ការ​រំពឹង​ទុក ក្នុង​ករណី​ដែល​លោក សម រង្ស៊ី មិន​ចូល»។

ជុំវិញ​ដំណឹង​វិល​ចូល​ស្រុក​វិញ​រួម​នឹង​ការ​អំពាវនាវ​របស់​លោក លោក សម រង្ស៊ី ទៅ​កង​កម្លាំង​ប្រដាប់​អាវុធ សារ​កុំ​ឱ្យ​ស្ដាប់​តាម​ការ​បញ្ជា​របស់​ជន​ផ្ដាច់ការ ក៏​បង្ក​ឱ្យ​មាន​ប្រតិកម្ម​តបត​ជា​ហូរហែ​ពី​សំណាក់​ជួរ​ទ័ព​គ្រប់​តំបន់ មេទ័ព​គ្រប់​ជាន់ថ្នាក់ នៃ​របប​ក្រុងភ្នំពេញ ដោយ​ព្រមាន​កម្ចាត់​មេ​បក្ស​ប្រឆាំង​ប្រសិនបើ​វិល​ចូល​ស្រុក​វិញ​នោះ។

អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ យល់ថា ប្រសិនបើ លោក សម រង្ស៊ី វិល​ចូល​ស្រុក​ដូច​ការ​គ្រោងទុក​មែន នោះ​នឹង​មាន​កម្លាំង​មហាជន​ចូលរួម​គាំទ្រ​លោក ហើយ​ចរន្ត​នេះ​នឹង​ធ្វើ​ឱ្យ​របប​លោក ហ៊ុន សែន ពិបាក​ទប់ស្កាត់ និង​គ្រប់គ្រង​ស្ថានការណ៍។ លោក គឹម សុខ ព្យាករណ៍​ថា បើ​មាន​វត្តមាន​លោក សម រង្ស៊ី ក្នុង​ប្រទេស​កម្ពុជា​ប្រាកដ​មែន នោះ​ព្រឹត្តិការណ៍​ដែល​នឹង​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា ទំនងជា​ដូច​ទៅ​នឹង​ប្រទេស​វេណេហ្ស៊ុយអេឡា ក្នុង​ទ្វីប​អាមេរិក​ឡាទីន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។