មន្ត្រីបក្សប្រឆាំងមិនតក់ស្លុត ឬភ័យខ្លាច ចំពោះការលបចូលរួមប្រជុំតាមអនឡាញ (Zoom) របស់លោក ហ៊ុន សែន ទេ
2021.09.14
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងគ្មានការតក់ស្លុត និងភ័យខ្លាច ចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលបចូលរួមប្រជុំតាមអនឡាញ ហ៊្សូម (Zoom) នោះទេ។ ពួកគេនឹងរៀបចំកិច្ចប្រជុំក្រុមការងាររបស់ខ្លួននៅកម្ពុជាបន្តទៀត។ ទោះបីជា លោក ឡុង រី ចាត់ទុក ការលបចូលរួមកិច្ចប្រជុំតាមអនឡាញជារឿងគ្មានសីលធម៌ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រឆាំងក្ដី ក៏លោកនៅតែស្វាគមន៍លោក ហ៊ុន សែន បើសិនជាចង់ចូលរួមកិច្ចប្រជុំរបស់លោកបន្តទៀត។
លោក ឡុង រី អះអាងថា កិច្ចប្រជុំកាលពីថ្ងៃទី៩ កញ្ញា ដែលលោក ហ៊ុន សែន លបចូលរួមដែរនោះ គឺប្រជុំជាមួយសកម្មជននៅរាជធានីភ្នំពេញ ស្ដីពីយុទ្ធសាស្ត្រការងារ ដើម្បីប្រទេសជាតិ ដូច្នេះគ្មានអ្វីត្រូវលាក់បាំងនោះទេ។ លោកអះអាងថា លោកក៏ដឹងបានខ្លួនជាមុនដែរថា ក្នុងក្រុមការងារលោក មានមនុស្សលួចបញ្ជូន Link ហ៊្សូម (Zoom) ទៅឲ្យអ្នកដទៃទៀតស្ដាប់ តែមិននឹកស្មានថា ជាលោកនាយករដ្ឋមន្រ្តីនោះទេ។
លោក ឡុង រី ជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ត្រូវហ៊ានចេញមុខប្រជុំជាផ្លូវការជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បីស្វែងរកដំណោះស្រាយនយោបាយ និងផលប្រយោជន៍ជាតិជាធំ មិនមែននិយាយពីរឿងបុគ្គលនោះទេ។
តើលោក ឡុង រី ជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវមានសេចក្ដីក្លាហានចូលរួមប្រជុំជាផ្លូវការជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបែបណាខ្លះ?
សូមលោកអ្នកនាងរង់ចាំស្ដាប់បទសម្ភាសន៍ជាមួយលោក ឡុង រី នៅក្នុងកម្មវិធីផ្សាយរបស់យើងនាព្រឹកស្អែក៕