មន្ត្រី​បក្ស​ប្រឆាំង​មិន​តក់ស្លុត ឬ​ភ័យ​ខ្លាច ចំពោះ​ការ​លប​ចូលរួម​ប្រជុំ​តាម​អនឡាញ (Zoom) របស់​លោក ហ៊ុន សែន ​ទេ

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​គ្មាន​ការ​តក់ស្លុត និង​ភ័យ​ខ្លាច ចំពោះ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​លប​ចូលរួម​ប្រជុំ​តាម​អនឡាញ ហ៊្សូម (Zoom) នោះ​ទេ។ ពួក​គេ​នឹង​រៀបចំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​របស់​ខ្លួន​នៅ​កម្ពុជា​បន្ត​ទៀត។ ទោះបីជា លោក ឡុង រី ចាត់​ទុក ការ​លប​ចូលរួម​កិច្ច​ប្រជុំ​តាម​អនឡាញ​ជា​រឿង​គ្មាន​សីលធម៌ និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​គណបក្ស​ប្រឆាំង​ក្ដី ក៏​លោក​នៅ​តែ​ស្វាគមន៍​លោក ហ៊ុន សែន បើសិនជា​ចង់​ចូលរួម​កិច្ច​ប្រជុំ​របស់​លោក​បន្ត​ទៀត។

លោក ឡុង រី អះអាង​ថា កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​ទី៩ កញ្ញា ដែល​លោក ហ៊ុន សែន លប​ចូលរួម​ដែរ​នោះ គឺ​ប្រជុំ​ជាមួយ​សកម្មជន​នៅ​រាជធានី​ភ្នំពេញ ស្ដីពី​យុទ្ធសាស្ត្រ​ការងារ ដើម្បី​ប្រទេស​ជាតិ ដូច្នេះ​គ្មាន​អ្វី​ត្រូវ​លាក់បាំង​នោះ​ទេ។ លោក​អះអាង​ថា លោក​ក៏​ដឹង​បាន​ខ្លួន​ជា​មុន​ដែរ​ថា ក្នុង​ក្រុម​ការងារ​លោក មាន​មនុស្ស​លួច​បញ្ជូន Link ហ៊្សូម(Zoom) ទៅ​ឲ្យ​អ្នក​ដទៃ​ទៀត​ស្ដាប់ តែ​មិន​នឹក​ស្មាន​ថា ជា​លោក​នាយក​រដ្ឋមន្រ្តី​នោះ​ទេ។

លោក ឡុង រី ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ត្រូវ​ហ៊ាន​ចេញ​មុខ​ប្រជុំ​ជា​ផ្លូវការ​ជាមួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ និង​ផល​ប្រយោជន៍​ជាតិ​ជា​ធំ មិនមែន​និយាយ​ពី​រឿង​បុគ្គល​នោះ​ទេ។

តើ​លោក ឡុង រី ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​មាន​សេចក្ដី​ក្លាហាន​ចូលរួម​ប្រជុំ​ជា​ផ្លូវការ​ជាមួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បែប​ណា​ខ្លះ?

សូម​លោក​អ្នក​នាង​រង់ចាំ​ស្ដាប់​បទ​សម្ភាសន៍​ជាមួយ​លោក ឡុង រី នៅ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង​នា​ព្រឹក​ស្អែក៕