តុលាការ​ខេត្ត​សៀមរាប​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង ៣នាក់ ឱ្យ​ជាប់​គុក ១៨ ខែ

ដោយ យ៉ង ចាន់តារា
2025.01.22
តុលាការ​ខេត្ត​សៀមរាប​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង ៣នាក់ ឱ្យ​ជាប់​គុក ១៨ ខែ សាលាដំបូងខេត្ត​សៀមរាប។
រូប៖ ហ្វេសប៊ុកសាលាដំបូងខេត្ត​សៀមរាប

តុលាការ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី២១ មករា ម្សិលមិញ​នេះ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​ប្រឆាំង ៣ នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៨ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១៨ លាន​រៀល ពី​បទ «គំរាមកំហែង និង​គំរាមកំហែង​ដោយ​មាន​បញ្ជា​ឱ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ»។ អ្នក​ទាំង ៣ រួម​មាន លោក ព្រហ្ម សុព្រឹក្ស លោក នង ធារ៉ា និង​លោក អាំង សុផារិទ្ធ។

ភរិយា​របស់​លោក ព្រហ្ម សុព្រឹក្ស លោកស្រី គង់ ចន្ថា ប្រាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​យប់​ថ្ងៃ​ទី២១ មករា ថា ការ​ផ្ដន្ទាទោស​ស្វាមី​របស់​អ្នកស្រី និង​សហការី​របស់​គាត់​ពីរ​នាក់​ទៀត​នេះ គឺជា​រឿង​អយុត្តិធម៌។

លោកស្រី គង់ ចន្ថា៖ «ខ្ញុំ​គិត​ថា វា​អយុត្តិធម៌​សម្រាប់​ពួកគាត់ ព្រោះ​ពួកគាត់​ជា​ជន​ស្លូតត្រង់ ហើយ​មួយ​ទៀត​ពួកគាត់​ជា​ក្រុម​ប្រឹក្សា​ដែល​ជាប់​ឆ្នោត​ដោយ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឱ្យ​ពួកគាត់។ ពួកគាត់​ធ្វើការ​រាល់​ថ្ងៃ គឺ​បម្រើ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​របស់​ពួកគាត់។ មួយទៀត ការ​ទាមទារ និង​តវ៉ា​ដល់​មេ​គណបក្ស​ភ្លើងទៀន​ហ្នឹង គឺ​ពួកគាត់​មិនមែន​ទាមទារ​ដើម្បី​តែ​ពួកគាត់ ៣ នាក់​ទេ គឺ​ទាមទារ​ដើម្បី​បងប្អូន​ឯ​ទៀត ដែល​មេ​គណបក្ស​ភ្លើងទៀន​ដក​ពួកគាត់​ចេញ»

លោក ព្រហ្ម សុព្រឹក្ស លោក នង ធារ៉ា និង​លោក អាំង សុផារិទ្ធ សុទ្ធ​សឹង​តែ​ជា​ចៅ​សង្កាត់​រង​ជាប់​ឆ្នោត​នៃ​គណបក្ស​ភ្លើងទៀន នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប។ លោក ព្រហ្ម សុព្រឹក្ស ជា​ចៅ​សង្កាត់​រង​ទី ២ នៃ​សង្កាត់​ជ្រាវ ឯ​លោក នង ធារ៉ា ជា​ចៅ​សង្កាត់​រង​ទី២ នៃ​សង្កាត់​សាលាកំរើក ហើយ​លោក អាំង សុផារិទ្ធ ជា​ចៅ​សង្កាត់​រង​ទី ២ នៃ​សង្កាត់​ទឹកវិល។

អាជ្ញាធរ​បាន​ចាប់​ខ្លួន​ពួក​លោក​ទាំង ៣ នាក់ កាល​ពី​ខែ​សីហា ឆ្នាំ ២០២៤ តាម​បណ្ដឹង​របស់​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ខេត្ត​សៀមរាប អ្នកស្រី យឹម ផល្លី។ ក្ដីក្ដាំ​នេះ កើត​ឡើង​ក្រោយ​ពេល​អ្នក​ទាំង៣ បាន​បង្ហោះ​សារ​រិះគន់​ជា​បន្តបន្ទាប់​លើ​ថ្នាក់ដឹកនាំ​បក្ស​ភ្លើងទៀន ដែល​បាន​លុប​ឈ្មោះ​ពួក​លោក​ចេញ​ពី​គណបក្ស ដោយសារ​ពួក​លោក​មាន​និន្នាការ​គាំទ្រ​គណបក្ស​កម្លាំង​ជាតិ ដែល​បែកចេញ​ពី​គណបក្ស​ភ្លើងទៀន។

គិត​មក​ដល់​ពេល​នេះ មាន​សកម្មជន​នយោបាយ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​ចំនួន​ជាង ៩០ នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ​ដែល​មាន​ចរិត​នយោបាយ ក្នុង​នោះ​ជិត ៨០ នាក់ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ក្រោម​របប​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។