ពលរដ្ឋ​នៅ​បឹង​ទន្លេសាប​ខេត្ត​សៀមរាប​រអ៊ូ​រឿង​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​យឺតយ៉ាវ

ដោយ ហង្ស សាវយុត
2016.09.02
ចុះ​ឈ្មោះ​បោះ​ឆ្នោត សៀមរាប ៨៥៥ ២០១៦ សកម្មភាព​មន្ត្រី​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សង្កាត់​ចុងឃ្នៀស ខេត្ត​សៀមរាប ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទៅ​​ក្នុង​បញ្ជី​ថ្មី កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA/Hang Savyouth

ដំណើរការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ទៅ​ក្នុង​បញ្ជី​ថ្មី គ្រាន់​តែ​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា គឺ​នៅ​ឃុំ​មួយ​ចំនួន ដូចជា​ឃុំ​ដានរុន និង​ឃុំ​ពពេល នៃ​ស្រុក​សូទ្រនិគម មាន​បញ្ហា​បច្ចេកទេស​កុំព្យូទ័រ (Computer Error) ឬ​ក៏​បើក​មិន​ចេញ​ជា​ដើម បណ្ដាល​ឱ្យ​ពលរដ្ឋ​ដែល​ទៅ​ចុះ​ឈ្មោះ​ឈរ​រង់ចាំ​ខាត​ពេល។

ចំណែក​នៅ​ឯ​សង្កាត់​ចុងឃ្នៀស ក្នុង​បឹង​ទន្លេសាប នៃ​ក្រុង​សៀមរាប វិញ គឺ​មាន​ពលរដ្ឋ​តិចតួច​ដែល​នាំ​គ្នា​មក​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ដំបូង។

អ្នក​ភូមិ​មួយ​ចំនួន​ដែល​រស់​នៅ​តំបន់​បឹង​ទន្លេសាប នៃ​សង្កាត់​ចុងឃ្នៀស ក្រុង​សៀមរាប មិន​ពេញ​ចិត្ត​ព្រមទាំង​រិះគន់​មន្ត្រី​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​លេខ​០៧១ ថា ធ្វើ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ទៅ​ក្នុង​បញ្ជី​ថ្មី​យឺតយ៉ាវ មិន​រហ័សរហួន​ទេ។

ការ​រិះគន់​នេះ បន្ទាប់​អ្នក​ភូមិ​ជា​ច្រើន​ខំ​នាំ​គ្នា​ទៅ​ឈរ​រង់ចាំ​ចុះ​ឈ្មោះ​តាំង​ពី​វេលា​ម៉ោង ៨​ព្រឹក ហើយ​ក្រោយ​មក​នាំ​គ្នា​ដើរ​ចេញ​អស់ ពីព្រោះ​តែ​ដល់​ម៉ោង​ជាង ៩​ព្រឹក​ទៅ​ហើយ គឺ​មន្ត្រី​ការិយាល័យ​ទើប​តែ​ចុះ​ឈ្មោះ​មនុស្ស​បាន​ចំនួន ១៧​នាក់ ទៅ​ក្នុង​បញ្ជី​ថ្មី។

បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ក្នុង​ចំណោម​អ្នក​ទៅ​ឈរ​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​សង្កាត់​ចុងឃ្នៀស គឺ​លោក ថៃ វ៉ា។ លោក​រអ៊ូរទាំ​ថា លោក​ខំ​នាំ​ប្រពន្ធ​មក​ឈរ​តម្រង់​ជួរ​នៅ​មុខ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​តាំងតែ​ពី​ម៉ោង ៨​ព្រឹក ក៏ប៉ុន្តែ​រហូត​ដល់​ម៉ោង​ជាង ៩ ទៅ​ហើយ នៅ​តែ​មិន​ទាន់​ដល់​វេន​របស់​លោក​ចូល​ទៅ​ចុះ​ឈ្មោះ​ទៀត៖ «ខ្ញុំ​ត្រូវការ​ពេល​វេលា ខ្ញុំ​រត់​ម៉ូតូឌុប។ ការ​ចុះ​ឈ្មោះ​យឺត​អត់​ទាន់​ចិត្ត។ បើ​គេ​ឱ្យ​ចូល​ម្ដង​ម្នាក់​អ៊ីចឹង​បាន​ចូល​ម្ដង ៣​នាក់​អី​ទៅ ទំនង​លឿន​បន្តិច»

ពលរដ្ឋ​ដែល​ទៅ​ឈរ​ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​ច្រើន​ទៀត បាន​រអ៊ូរទាំ​ប្រហាក់ប្រហែល​គ្នា​ថា ពួកគេ​ពិបាក​រង់ចាំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដោយ​ឈរ​នៅ​កណ្ដាល​វាល​ក្រោម​កម្ដៅ​ថ្ងៃ​ណាស់។

អ្នកស្រី សួន ឡឹង ដែល​អន្ទះសា​ក្នុង​ពេល​ឈរ​រង់ចាំ​គេ​ហៅ​ឈ្មោះ​របស់​គាត់​ដែរ​នោះ មាន​ប្រសាសន៍​ថា រូប​គាត់​មិន​ទាន់​បាន​ទិញ​ម្ហូប​យក​ទៅ​ចម្អិន​ឱ្យ​កូន​ទទួលទាន​នៅ​ឡើយ​ទេ រវល់​តែ​ឈរ​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត។ គាត់​ខំ​មក​ដល់​កន្លែង​ចុះ​ឈ្មោះ​តាំង​ពី​ម៉ោង ៨​ព្រឹក ក៏ប៉ុន្តែ​ម៉ោង​ជិត ១០​ទៅ​ហើយ​នៅ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ទៀត៖ «នៅ​ទ្រាំ​ឈរ​ហាល​ក្ដៅ ដើម្បី​ថា​បាន​ចុះឈ្មោះ​បោះឆ្នោត​ឱ្យ​ហើយ ប៉ុន្តែ​វា​រាង​យូរ។ ខ្ញុំ​មិន​សូវ​ចូលចិត្ត​អង្គុយ​ចាំ​ទេ ពីព្រោះ​ម្ហូប​អត់​ទាន់​បាន​ទិញ»

បុរស​ម្នាក់​ទៀត​ឈ្មោះ ភឹង សែន យល់​ថា រូប​លោក​បាន​ខំ​មក​ឈរ​ចាំ​ចុះឈ្មោះ​បោះឆ្នោត​តាំង​ពី​ព្រឹក​ព្រលឹម ក៏ប៉ុន្តែ​មន្ត្រី​ការិយាល័យ​ចុះ​ឈ្មោះ​នៅ​សង្កាត់​ចុងឃ្នៀស ហាក់​ដូចជា​ធ្វើ​ការ​យឺតយូរ​មិន​សក្ដិសម​នឹង​ទឹក​ចិត្ត​របស់​ពលរដ្ឋ​ជា​ច្រើន​ដែល​កំពុង​ចង់​ចុះ​ឈ្មោះ​នោះ​សោះ៖ «បើ​ធ្វើ​តែ​របៀប​នេះ ឧទាហរណ៍​ថា រយៈពេល ៩០​ថ្ងៃ តើ​អាច​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​បាន​គ្រប់​គ្នា​ទេ​មើល​ទៅ?»

នៅ​មុខ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​សង្កាត់​ចុងឃ្នៀស កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​កញ្ញា គឺ​មិន​មាន​ប្រជាពលរដ្ឋ​ច្រើន​កុះករ​ទៅ​ឈរ​រង់ចាំ​ចុះ​ឈ្មោះ​ដូចជា​ការិយាល័យ​ដទៃ​ទៀត​ទេ។

ប្រធាន​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សង្កាត់​ចុងឃ្នៀស លោក ថន គឹមហេង បាន​សុំ​ឱ្យ​ពលរដ្ឋ​អត់ធ្មត់​ចំពោះ​នីតិវិធី​ចុះ​ឈ្មោះ​ដែល​មាន​ភាព​យឺតយូរ​ជាង​កាល​ពី​ពេល​មុន​បន្តិច ពីព្រោះ​តែ​ច្បាប់​តម្រូវ​ឱ្យ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ទៅ​ក្នុង​បញ្ជី​ថ្មី មាន​របៀប​ផ្សេង​ខុស​ពី​លើក​មុន ដូចជា​ត្រូវ​សាក​សួររក​អត្ត​សញ្ញាប័ណ្ណ ហើយ​យក​ទៅ​ភ្ជាប់​ជាមួយ​សំបុត្រ​កំណើត រួច​បញ្ជូន​ឱ្យ​អនុ​ប្រធាន​បំពេញ​ទម្រង់ ១០២២ ដើម្បី​សំគាល់​ការិយាល័យ​បោះឆ្នោត និង​លក្ខខណ្ឌ​សំគាល់​របស់​អ្នក​បោះឆ្នោត​ជាដើម៖ «ឥឡូវ​នេះ គឺ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​កុំព្យូទ័រ។ ការ​ចុះ​ឈ្មោះ​នេះ​តាម​គិត​ទៅ​គឺ ១​ថ្ងៃ​អាច​ចុះ​បាន​តែ ៥០​នាក់​តែប៉ុណ្ណោះ។ ក្នុង​ម្នាក់​លឿន​បំផុត​ហើយ គឺ​ប្រើ​ពេល ៨​នាទី»

ទោះ​ជា​យ៉ាង​ណា​ក្រុម​អ្នក​សង្កេតការណ៍​មក​ពី​គណបក្ស​នយោបាយ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សង្កាត់​ចុងឃ្នៀស បាន​ទទួល​ស្គាល់​ថា ដំណើរ​ការ​បាន​ប្រសើរ​ដោយ​មិន​មាន​ខុស​ប្រក្រតី​អ្វី​ទេ។

អាជ្ញាធរ​សង្កាត់​ចុងឃ្នៀស បាន​រៀបចំ​ដំឡើង​ដំបូល​តង់ ១​ភ្លាម បន្ទាប់​ពី​នៅ​មុខ​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មិន​មាន​ម្លប់​សម្រាប់​ឱ្យ​អ្នក​រង់ចាំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ជ្រក​ត្រឹមត្រូវ​នោះ។

នៅ​សង្កាត់​ចុងឃ្នៀស តំបន់​បឹង​ទន្លេសាប បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន​ជាង ៤.០០០​នាក់។ ជាមួយ​គ្នា​នោះ​ដែរ នៅ​ទី​នោះ​ក៏​មាន​ជនជាតិ​វៀតណាម រាប់​ពាន់​នាក់​កំពុង​រស់​នៅ​លើ​ផ្ទៃ​ទឹក​នៃ​បឹង​ទន្លេសាប។

អាជ្ញាធរ​សង្កាត់​ចុងឃ្នៀស ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ​មាន​ជនជាតិ​វៀតណាម ចំនួន​ជាង ៥០០​នាក់ បាន​ចុះ​ឈ្មោះ​បោះឆ្នោត។ ប៉ុន្តែ​សម្រាប់​ការ​ចុះ​ឈ្មោះ អ្នក​បោះ​ឆ្នោត​ទៅ​ក្នុង​បញ្ជី​ថ្មី​ដែល​ដំណើរ​ការ​ថ្ងៃ​ដំបូង​នេះ គឺ​មិន​ឃើញ​មាន​ជនជាតិ​វៀតណាម ណា​ម្នាក់​ទាន់​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ឡើយ​ទេ។

​នៅ​ក្នុង​ផ្ទៃ​ទឹក​នៃ​បឹង​ទន្លេសាប គឺ​ឃើញ​ជនជាតិ​វៀតណាម ខ្លះ កំពុងតែ​រវល់​ចែវ​ទូក​លក់​បន្លែ​នៅ​តាម​ផ្ទះ និង​ខ្លះ​ទៀត បើក​កាណូត​យក​ត្រី និង​កំពឹស​មក​លក់​ដូរ​ជាដើម។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប មក​ពី​គណបក្ស​ប្រឆាំង​លោក សុខ គឹមសេង មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដាក់​ភ្នាក់ងារ​សង្កេតការណ៍​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​សង្កាត់​ចុងឃ្នៀស ឱ្យ​ឃ្លាំមើល​យ៉ាង​ប្រុង​ប្រយ័ត្ន​កុំ​ឱ្យ​ជនជាតិ​វៀតណាម ជា​ច្រើន នៅ​ក្នុង​បឹង​ទន្លេសាប អាច​ឡើង​មក​​ចុះ​ឈ្មោះ​ដោយ​ខុសច្បាប់​បាន។ គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប អំពាវនាវ​សុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តំបន់​ចុងឃ្នៀស បើ​ស្គាល់​ប្រវត្តិ​ជនជាតិ​វៀតណាម ណា​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​បញ្ជី​ថ្មី​ដោយ​ខុសច្បាប់ គឺ​សូម​ផ្ដល់​ដំណឹង​ទៅ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ នោះ គណបក្ស​នឹង​ចុះ​ទៅ​ស្រាវជ្រាវ ព្រម​ទាំង​ប្ដឹង​ជំទាស់​ឱ្យ​ដក​ឈ្មោះ​នោះ​ចេញ​ក្នុង​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រកាស​បិទ​បញ្ជី​ដំបូង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​មេដឹកនាំ​កម្ពុជា​ស្ដារ​ប្រជាធិបតេយ្យ​និង​គោរព​សិទ្ធិ​មនុស្ស
អត្ថបទពេញនិយម
នយោបាយ
ហេតុអ្វី​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។