ព្រះសង្ឃ​៦​អង្គ គេច​ព្រះ​កាយ​ដើម្បី​សុវត្ថិភាព ក្រោយ​ចូលរួម​ទាមទារ​ដោះលែង លោក រ៉ុង ឈុន

ដោយ ខែ សុណង
2020-08-06
Share
ព្រះសង្ឃ តវ៉ា ដោះលែង រ៉ុង ឈុន ៩២២ សកម្មភាព​ព្រះសង្ឃ និង​យុវជន​តវ៉ា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ដោះលែង លោក រ៉ុង ឈុន កា​ល​ពី​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ​២០២០។
Photo courtesy of N1M

ព្រះសង្ឃ​ចំនួន​៦​អង្គ​ដែល​គង់នៅ​វត្ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ កំពុង​ភៀស​ព្រះ​កាយ​ដោយ​ព្រួយបារម្ភ​ពី​សុវត្ថិភាព បន្ទាប់ពី​បាន​ចូលរួម​សកម្មភាព​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស។ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​បារម្ភ​ពី​ស្ថានភាព​នៃ​ការ​ភ័យខ្លាច​នាំ​ឱ្យ​ភៀស​ព្រះ​កាយ​នេះ ក្នុង​គ្រា​ដែល​ព្រះសង្ឃ​ចូលរួម​សកម្មភាព​សង្គម ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។

ព្រះសង្ឃ​ដែល​បាន​ភៀស​ព្រះកាយ​បាន​ឱ្យ​អាស៊ីសេរី​ដឹង​ថា ព្រះតេជព្រះគុណ​ព្រួយបារម្ភ​ពី​សុវត្ថិភាព បន្ទាប់ពី​បាន​ឃើញ​អាជ្ញាធរ​និង​មន្ត្រី​សង្ឃរាជ​ធានី​ភ្នំពេញ​ចាប់​បញ្ជូន​ព្រះសង្ឃ​សមាជិក​ខ្មែរ​ថាវរៈ​ត្រឡប់​ទៅ​ខេត្ត​បាត់ដំបង​វិញ ហើយ​ព្រមាន​មិន​ឱ្យ​ចូលរួម​សកម្មភាព​តស៊ូ​មតិ​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន។

ព្រះសង្ឃ​មួយ​អង្គ​ដែល​គង់នៅ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ក្នុងចំណោម​ព្រះសង្ឃ​ភៀស​ព្រះកាយ ៦​អង្គ សុំ​លាក់​ព្រះនាម ឱ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​៥ សីហា ថា ព្រះតេជព្រះគុណ​បាន​ចូលរួម​សកម្មភាព​តវ៉ា​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន ៣​ថ្ងៃ​ជាប់​គ្នា ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣ សីហា ដោយ​ព្រះអង្គ​ជ្រាប​ពី​តម្រុយ​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ព្រះសង្ឃ ទើប​ព្រះសង្ឃ​៦​អង្គ មិន​ហ៊ាន​ចូល​វត្ត និង​គេច​ព្រះ​កាយ​ផ្អាក​ចូលរួម​ការ​តវ៉ា​មួយ​គ្រា​សិន​៖ «អាត្មា​នៅ​ទីក្រុង​ភ្នំពេញ​គេ​តាម​ប្រមាញ់​យើង​វា​ពិបាក រឿង​ផ្លូវ​គេ​គូស​ឱ្យ​យើង​ដើរ វា​ពិបាក​ណាស់​។ អាត្មា​ធ្វើ​សកម្មភាព ២-៣​ថ្ងៃ​ហ្នឹង​វា ពិបាក អាជ្ញាធរ​គេ​មិន​ឱ្យ​យើង​ចូលរួម ហើយ​ឃើញ​យុវជន​គាត់​តវ៉ា​ខ្លាំងក្លា​ណាស់​។ យើង​ធ្វើ​មិន​ឈ្នះ​ពួក​អាជ្ញាធរ​គេ ឃាត់ឃាំង​គេ​ធ្វើទុក្ខបុកម្នេញ​តាម​សកម្មភាព​ដែល​មើល​ឃើញ​ញោម​! ព្រះសង្ឃ​ក៏​មិន​ឱ្យ​យើង​ចូលរួម​ដល់​យប់មិញ​ទទួល​គេ​ចាប់​គេ​អី ផ្ទុះ​សារាយ​​ទៅ​ធ្វើ​ឱ្យ​ពួក​អាត្មា​ភៀស​ព្រះកាយ​ចេញពី​វត្ត​នីមួយ​គ្រប់​អង្គ​ទៅ»

ក្ដី​បារម្ភ​នេះ បន្ទាប់ពី​មន្ត្រី​សង្ឃ​និង​អាជ្ញាធរ​បាន​បញ្ជូន​ព្រះសង្ឃ​ឯករាជ្យ និង​ព្រះសង្ឃ​ជា​សមាជិក​ខ្មែរ​ថាវរៈ​៨​អង្គ ត្រឡប់​ទៅ​ខេត្ត​បាត់ដំបង​វិញ កាលពី​រសៀល​ថ្ងៃ​ទី​៥ សីហា​។ មន្ត្រី​សង្ឃរាជ​ធានី​ភ្នំពេញ បាន​ឃាត់​ព្រះ​កាយ​ព្រះសង្ឃ​ទាំង ៨​អង្គ​នៅ​វត្ត​នួនមណីយរាម ហៅ​វត្ត​ថាន់ ក្នុង​ខណ្ឌ​ចំការមន នៅ​ពេល​ព្រះអង្គ​កំពុង​គង់នៅ ដើម្បី​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​ក្រុម​យុវជន​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក រ៉ុង ឈុន នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ។

ទាក់ទង​នឹង​ដំណឹង​ពី​ការ​ភៀស​ព្រះកាយ​នេះ ជំនួយការ​ព្រះ​មេគុណ​រាជធានី​ភ្នំពេញ​ព្រះតេជព្រះគុណ សំ អូន មាន​ថេរ​ដីកា​ថា ព្រះអង្គ​ពុំបាន​ដឹង​ថា ព្រះសង្ឃ​អង្គណា​បាត់​ព្រះកាយ ឬ​ភៀស​ព្រះ​កាយ​នោះ​ទេ​។ ចំណែក​ព្រះសង្ឃ​ទាំង​៨​អង្គ ត្រូវ​បាន​មន្ត្រី​សង្ឃ​បញ្ជូន​ទៅ​ខេត្ត​បាត់ដំបង​វិញ ព្រោះតែ​ព្រះសង្ឃ​ទាំងនោះ​បាន​ចាក​ចេញពី​វត្ត​នៅ​ក្នុង​រដូវ​ចូល​ព្រះវស្សា ប្រាសចាក​ធម៌​វិន័យ។

ថ្វីបើ​អះអាង​ពី​ចំណាត់ការ​លើ​ព្រះសង្ឃ​យ៉ាង​នេះ​ក្ដី ក្រុម​យុវជន​ដែល​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន ថ្កោលទោស​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ព្រះសង្ឃ​ដោយ​ខុសច្បាប់។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​ព័ត៌មាន​ពី​ការ​ភ័យព្រួយ​ពី​សុវត្ថិភាព​របស់​ព្រះសង្ឃ​ទាំងនោះ​ដែរ​។ លោក​ពន្យល់​ថា សកម្មភាព​ណាមួយ​ក្នុង​រូបភាព​រារាំង​ព្រះសង្ឃ​មិន​ឱ្យ​ចូលរួម​នេះ គឺជា​ការរំលោភ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ដែល​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​អន្តរជាតិ​។ លោក​បញ្ជាក់​ថា រីឯ​ការ​យក​ធម៌​វិន័យ​មក​ដាក់​គំនាប​ព្រះអង្គ​នេះ​ទៀតសោត គ្រាន់តែ​ជាហេតុ​ផល​មួយ ប៉ុន្តែ​មិន​គួរ​ឱ្យ​ព្រះសង្ឃ​មានការ​ភ័យខ្លាច​បែប​នេះ​ឡើយ​៖ «បញ្ហា​នេះ​គួរ​មានការ​សម្របសម្រួល​ណាមួយ​ប្រកបដោយ​សន្តិវិធី​ទៅ ដើម្បី​កុំ​ឱ្យ​ព្រះអង្គ​ទាំងអស់​មាន​អារម្មណ៍​ភ័យខ្លាច​ឬក៏​ភៀស​ព្រះកាយ​ចេញ​ព្រោះ​ទាក់ទង​ផ្លូវច្បាប់​មិនទាន់​មានអី​ខុស​នោះ​ទេ​។ ចង់​ឱ្យ​មានការ​ដោះស្រាយ​គ្នា ឬ​សម្របសម្រួល​ដើម្បី​ឱ្យ​ដើរ​តាម​ពុទ្ធឱវាទ​ទៅ​និង​គោរព​ព្រះសង្ឃ​ក្នុងនាម​សិទ្ធិពល​រដ្ឋ​ឱ្យ​រលូន​ទាំង​ផ្នែក​ពុទ្ធចក្រ​នោះ»

ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ទាំង​៨​អង្គ​គង់នៅ​ខេត្ត​បាត់ដំបង បាន​និមន្ត​ចូល​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​យុវជន និង​ពលរដ្ឋ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន តាំង​ពី​ថ្ងៃ​ទី​១ ខែ​សីហា រហូត​មក​។ សមាជិក​ក្រុម​ខ្មែរថាវរៈ យុវតី ឈឿន ដារ៉ាវី ឱ្យ​ដឹង​ថា ព្រះសង្ឃ​ដែល​បាន​ភៀស​ព្រះ​កាយ និង​មិន​អាច​ទាក់ទង​បាន​សរុប ៦​អង្គ ក្នុង​នោះ​មាន​ព្រះនាម ស៊ឹម សុវណ្ណ ឌី និង​ព្រះតេជព្រះគុណ ប៊ូ បេត រួម​ទាំង​ព្រះសង្ឃ ៤​អង្គ​ផ្សេងទៀត​ដែល​បាត់​ព័ត៌មាន ភៀស​ព្រះ​កាយ​ផ្អាក​ចូលរួម​តវ៉ា ដើម្បី​សុវត្ថិភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។