យុវជនសង្គមលើកឡើងថា ជំនួបរវាងនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានរដ្ឋនៃសាធារណរដ្ឋឡាវ នឹងផ្ដល់ប្រយោជន៍តិចតួចដល់កម្ពុជា។
ការលើកឡើងនេះនៅបន្ទាប់ពីលោក ហ៊ុន សែន ជួបជាមួយប្រធានរដ្ឋនៃសាធារណរដ្ឋឡាវ លោកថងលូន ស៊ីសុលីត (Thongloun Sisoulith) កាលពីថ្ងៃទី៤ ឧសភា នៅវិមានសន្តិភាព ដើម្បីទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ តាមការអញ្ជើញរបស់លោកហ៊ុន សែន។
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំប្រទេសកម្ពុជា និងឡាវ លើកឡើងអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យទេសចរណ៍ វិស័យវិនិយោគ វិស័យសន្តិសុខ ដើម្បីត្រៀមដោះស្រាយគ្រោះមហន្តរាយជាយថាហេតុ។ លោក ហ៊ុន សែន ឯកភាពជាមួយថ្នាក់ដឹកនាំនៃប្រទេសឡាវ លើទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយលោក ហ៊ុន សែន ស្នើសុំឲ្យប្រទេសទាំងពីររួមគ្នារៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីជំរុញការវិនិយោគប្រទេសទាំងពីរ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរលោក កើត សារ៉ាយ យល់ឃើញថា ជំនួបរវាងមេដឹកនាំប្រទេសទាំងពីរ ជារឿងល្អ ព្រោះប្រទេសទាំងពីរជាប្រទេសដែលនៅជាប់ព្រំដែនគ្នា។ ទោះជាយ៉ាងណាលោកថា ឡាវមិនមែនជាប្រទេសដែលជាទីផ្សារគោលដៅរបស់កម្ពុជា និងនាំឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់នោះឡើយ។
លោក កើត សារ៉ាយ៖ «យើងឃើញថាឡាវមិនមែនជាប្រទេស ដែលយើងអាចរំពឹងក្នុងការធ្វើពាណិជ្ជកម្ម ឬក៏ធ្វើកិច្ចសហប្រតិបត្តិការណាមួយដែលអាចនាំកម្ពុជាទៅរកកំណើនសេដ្ឋកិច្ចខ្ពស់អ្វីនោះទេ គ្រាន់តែថា បើមានកិច្ចសហប្រតិបត្តិការល្អ អានឹងក៏អាចរក្សាស្ថិរភាពនយោបាយរបស់ប្រទេសជិតខាងនឹងគ្នា អានឹងវាមានផលប្រយោជន៍របស់វា ប៉ុន្តែដូចខ្ញុំថា អ៊ីចឹងផលប្រយោជន៍ មិនផលប្រយោជន៍វាត្រូវតែមើលលើចេតនារបស់ថ្នាក់ដឹកនាំក្នុងការជួបគ្នាដែរ ជួបគ្នានោះទៅជាផ្ដល់ ផលប្រយោជន៍ប្រជាពលរដ្ឋជាសំខាន់ ផលប្រយោជន៍ជាតិជាសំខាន់ ឬក៏ទៅលើប្រធានបទអ្វីផ្សេងជាលក្ខណៈបក្សពួកអ្វីផ្សេងៗ អានឹងយើងត្រូវមើល»។
រីឯអ្នកវិភាគឯករាជ្យលោក គឹម សុខ ថា រដ្ឋាភិបាលកម្ពុជាគួរតែពិនិត្យមើលរឿងសន្តិសុខ និងអំពើខុសច្បាប់ឆ្លងដែន ដោយស្នើដល់ពលរដ្ឋខ្មែរគួរតែប្រយ័ត្ន និងតាមដានបញ្ហាព្រៃឈើ គ្រឿងញៀន ការជួញដូរមនុស្ស ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។