ពលករខ្មែរមួយចំនួនធ្វើការនៅប្រទេសថៃ(Thailand) នាំគ្នាដុតទីងមោងរូបលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បង្ហាញពីការឈឺចាប់ និងប្រឆាំងការដឹកនាំតពូជនៅកម្ពុជា។ ពួកគេយល់ថាបើសិនលោក ហ៊ុន ម៉ាណែត បានដឹកនាំប្រទេសនឹងដើរតាមគន្លងឪពុកដែលពលរដ្ឋរងទុក្ខវេទនាបន្តទៀត។
ក្រុមពលករខ្មែរប្រមាណ២០នាក់បានជួបជុំគ្នាលើកបដាសម្តែងមតិនៅខេត្តសមុទ្រប្រាកាន (Samut Pakan) ប្រទេសថៃ នៅថ្ងៃទី០៦ ខែសីហា ដើម្បីប្រឆាំងនឹងការផ្ទេរតំណែងតវង្សត្រកូលឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីថ្មី ក្រោយពីការបោះឆ្នោតក្លែងក្លាយដែលរៀបចំដោយឪពុកគឺលោក ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែកក្កដា។ កម្មវិធីនោះក្រុមកម្មករក៏បានយករូបថតរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត វាយនឹងស្បែកជើងរួចហើយយកទៅដុតចោលបង្ហាញពីកំហឹងរបស់ពួកគាត់ដែលមិនពេញចិត្តនឹងរបបដឹកនាំលោក ហ៊ុន សែន សម្លាប់លទ្ធិប្រជាធិបតេយ្យ ជិះជាន់និងធ្វើបាបពលរដ្ឋខ្មែរ។
តំណាងពលករខ្មែរធ្វើការនៅប្រទេសថៃ លោក ឆន សុខឿន ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមការងាររបស់លោករៀបចំកម្មវិធីជួបជុំជាមួយកម្មករនេះឡើងចង់ផ្ញើសារទៅសហគមន៍ជាតិ និងអន្តរជាតិថាពលរដ្ឋខ្មែរដែលមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិមិនគាំទ្រទង្វើរបស់លោក ហ៊ុន សែន ផ្ទេរតំណែងនាយករដ្ឋមន្ត្រីឱ្យលោក ហ៊ុន ម៉ាណែត ដែលគ្មានសមត្ថភាពការពារកម្មករ ឬស្នាដៃដឹកនាំប្រទេសនោះទេ។ លោកបញ្ជាក់ថា ទឹកចិត្តរបស់ពលរដ្ឋខ្មែរត្រូវការកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដូច្នេះការផ្ទេរតំណែងពីឪពុកដល់កូនបែបនេះផ្ទុយពីឆន្ទៈពលរដ្ឋដែលចង់ឱ្យមានការផ្លាស់ប្ដូរ។ លោក ឆន សុខឿន ឱ្យដឹងថា ពលករយល់ឃើញដូចៗគ្នាថា បើសិនលោក ហ៊ុន ម៉ាណែត បានដឹកនាំប្រទេសនឹងជៀសមិនផុសពីគន្លងផ្ដាច់ការជាងឪពុកនោះទេ។
លោក ឆន សុខឿន៖ «ពលករ ក៏ដូចជាបងប្អូនធ្វើការ និងស្នាក់នៅប្រទេសថៃមើលឃើញពីចំណុចអវិជ្ជមានមិនខុសគ្នាទេការផ្ទេរអំណាចហ្នឹងមិនតាមបែបប្រជាធិបតេយ្យទេចំពោះការផ្ទេរអំណាចពីឪពុកទៅកូននោះ កាលណាធ្វើអ៊ីចឹងហាក់ដូចជាប្រទេសហ្នឹងជាប្រទេសរបស់ត្រកូល ហ៊ុន ទៅហើយ អ៊ីចឹងបានជាយើងគិតថាវាជាការផ្ទេរអំណាចបន្តពូជដូចនឹងប្រទេសកូរ៉េខាងជើងដែរ»។
ស្រដៀងគ្នានេះដែរ ពលករម្នាក់ទៀតដែលមានស្រុកកំណើតនៅខេត្តកំពង់ចាមលោក ឯម ពិសិដ្ឋ ថ្លែងថា លោកបានសុំច្បាប់ថៅកែឈប់សម្រាប់មួយថ្ងៃដើម្បីចូលរួមយុទ្ធនាការនេះ ដោយសារតែលោកឈឺចាប់នឹងលោក ហ៊ុន សែន ដឹកនាំប្រទេសញាំញីដោយអំពើអយុត្តិធម៌ រឹតត្បិតសិទ្ធិសេរីភាព ធ្វើបាបខ្មែរស្លូតត្រង់ និងអសមត្ថភាពដោះស្រាយបញ្ហាជីវភាពដែលនាំឱ្យពលរដ្ឋរាប់លានបង្ខំចិត្តចំណាកស្រុកធ្វើការនៅប្រទេសថៃ។ ពលកររូបនេះបញ្ជាក់ថា លោកមិនគាំទ្រការផ្ទេរអំណាចតាមរយៈគ្រួសារ និងបក្ខពួកនិយមឡើយ។
លោក ឯម ពិសិដ្ឋ៖ «បើសិនយើងខ្ញុំមិនធ្វើយុទ្ធនាការបែបនេះទេ គឺមិនសមស្របនឹងយើងជាកូនខ្មែរមិនពេញចិត្តនឹងទង្វើរបស់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ យើងឃើញស្រាប់ហើយថា ប្រទេសកម្ពុជាប្រើអំណាចគាបសង្កត់ប្រជារាស្ត្រ និងគណបក្សដទៃទៀតដែលមិនឱ្យចូលរួមបោះឆ្នោតជាមួយពួកគាត់(បក្សប្រជាជនកម្ពុជា)អ៊ីចឹងខ្ញុំមានសិទ្ធិបញ្ចេញមតិរិះគន់ទៅលើរដ្ឋាភិបាលធ្វើទង្វើមិនគប្បីទៅលើប្រជាពលរដ្ឋខ្មែរ»។
ការតវ៉ារបស់ពលករនេះធ្វើឡើងបន្ទាប់លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន និងជាមេទ័ពពាក់ផ្កាយ៤ នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី២២ ខែសីហា ខាងមុខ។ ចំណែក លោក ហ៊ុន សែន ដែលត្រូវបានគេចាត់ទុកជា មេដឹកនាំផ្ដាច់ការគ្រួសារនិយម និងពុករលួយនោះវិញ លោកនឹងទៅក្ដោបយកតួនាទីសំខាន់ៗរបស់ជាតិដូចជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយចាប់ពីដើមឆ្នាំ២០២៤ លោកនឹងក្លាយជាប្រធានព្រឹទ្ធសភាដែលជាប្រមុខរដ្ឋស្តីទីនៅពេលអវត្តមាននៃអង្គព្រះមហាក្សត្រ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសាកសួរជុំវិញរឿងនេះបន្ថែមបានទេ នៅថ្ងៃទី៦ ខែសីហា។
ប៉ុន្តែលោក សុខ ឥសាន ធ្លាប់អះអាងថា សកម្មភាពរបស់ក្រុមពលករទាំងនោះមិនអាចរារាំងដល់ដំណើរឡើងកាន់តំណែងនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត នៅពេលខាងមុខបានទេ។ លោកបញ្ជាក់ថា រដ្ឋាភិបាលថ្មីដឹកនាំដោយលោក ហ៊ុន ម៉ាណែត នឹងនៅតែបន្តអនុវត្តកម្មវិធីនយោបាយគណបក្សដោយគ្មានកែប្រែខុសនឹងឪពុករបស់លោកនោះទេ។
ជុំវិញរឿងនេះអ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា យុទ្ធនាការរបស់ក្រុមពលករបដិសេធមិនទទួលស្គាល់ការផ្ទេរតំណែងតពូជជាសកម្មភាពត្រឹមត្រូវ ពីព្រោះការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នឹងធ្វើឱ្យពលរដ្ឋរងទុក្ខលំបាក ការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យកាន់តែធ្ងន់ធ្ងរ។ លោកបន្តថា សកម្មភាពសម្ដែងមតិរបស់ពលកររស់នៅកន្លែងណាដែលមានសិទ្ធិសេរីភាពនេះគឺជាសារប្រាប់ពិភពលោកថា ពលរដ្ឋខ្មែរទូទៅមិនទទួលយកការផ្ទេរអំណាចតពូជនោះទេ ហើយប្រទេសប្រជាធិបតេយ្យត្រូវតែជួយអន្តរគមន៍ជួយដល់ពួកគេ។
លោក គឹម សុខ៖ «វាមានឥទ្ធិពល ហើយមានឥទ្ធិពលធំទីមួយបញ្ជាក់ទៅកាន់ពិភពលោកថា ពលរដ្ឋខ្មែរនៅកន្លែងណា តំបន់ណាមានសិទ្ធិសេរីភាពគឺនៅមិនស្ងៀមក្នុងនាមជាម្ចាស់ប្រទេសប្រឆាំងនឹងអំណាចផ្ដាច់ការរបស់គ្រួសារហ៊ុន ប្រឆាំងនឹងការផ្ទេរតំណែងនាយករដ្ឋមន្ត្រីខុសច្បាប់ពី ហ៊ុន សែន ទៅ ហ៊ុន ម៉ាណែត ហើយបញ្ជាក់ពីជំហរទឹកចិត្តបេះដូងរបស់ប្រជាពលរដ្ឋទូទៅថា មិនទទួលយកអំណាចផ្ដាច់ការពី ហ៊ុន សែន ទៅ ហ៊ុន ម៉ាណែត ទេ»។
លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅពេលខាងមុខ ក្រោយការបោះឆ្នោតដែលគ្មានគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងដែលសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ។
ក្រុមពលករខ្មែរ អះអាងថា ពួកគេនឹងធ្វើយុទ្ធនាការប្រឆាំងនឹងការផ្ទេរអំណាចពីឪពុកទៅកូននេះជាបន្តបន្ទាប់ទៀត។ ក្រៅពីពលករនៅប្រទេសថៃក៏មានពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង( South Korea) ប្រទេសម៉ាឡេស៊ី (Malaysia)ក៏គ្រោងធ្វើបាតុកម្មប្រឆាំងនឹង លោក ហ៊ុន ម៉ាណែត ធ្វើជាអនាគតនាយករដ្ឋមន្ត្រីរដ្ឋាភិបាលអាណត្តិថ្មីខាងមុខនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
