សកម្មជនបក្សភ្លើងទៀនមួយចំនួនត្រូវបានជនមិនស្គាល់មុខវាយធ្វើបាប ជិះម៉ូតូដេញបុក និងគប់ដុំថ្មចូលផ្ទះ
2022.04.13

សកម្មជនគណបក្សភ្លើងទៀនមួយចំនួនត្រូវបានជនមិនស្គាល់មុខវាយធ្វើបាប គប់ដុំថ្មចូលផ្ទះ និងជិះម៉ូតូដេញបុក ខណៈការបោះឆ្នោតឃុំសង្កាត់កាន់តែខិតជិតចូលមកដល់។ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនចាត់ទុកទង្វើទាំងនេះថា ជាការគំរាមកំហែងផ្នែកនយោបាយ ហើយគណបក្សនេះកំពុងរៀបចំភស្តុតាងពាក់ព័ន្ធដាក់ជូនក្រសួងមហាផ្ទៃដើម្បីវែកមុខរកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់។
នៅពេលការបោះឆ្នោតឃុំសង្កាត់កាន់តែជិតមកដល់សកម្មជនបក្សភ្លើងមួយចំនួនកំពុងរងការគំរាមកំហែងដល់ជីវិតពីជនមិនស្គាល់មុខ។ រូបភាពបែបនេះ តែងតែកើតឡើងនៅពេលការបោះឆ្នោតជិតចូលមកដល់។ សមត្ថកិច្ចមិនទាន់ឃើញជនប្រព្រឹត្តិណាមួយក្នុងករណីទាំងនោះ ដើម្បីយកមកផ្ដន្ទាទោសនៅឡើយទេ។
បេក្ខជនលេខទី២ នៃឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ លោកស្រី ខន ទន់ ត្រូវបានជនមិនស្គាល់មុខលប់គប់ដុំថ្មដល់ក្នុងផ្ទះកាលពីយប់ទី១១ ខែមេសាកន្លងទៅ។ លោកស្រី ខន ទន់ ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១៣ មេសាថា ពេលនេះលោកស្រីបានប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានរួចហើយ។ លោកស្រីឲ្យដឹងទៀតថា សមត្ថកិច្ចសន្យាថា នឹងស្វែងរកជនប្រព្រឹត្តិនោះមកផ្ដន្ទាទោសតាមច្បាប់ ប៉ុន្តែ លោកស្រីថាមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់បង្ហាញតម្រុយជនល្មើសនៅឡើយទេ៖ «ខ្ញុំកំពុងហូបបាយក៏មិនឃើញមនុស្សអីដែរ តែពេលដែលខ្ញុំចេញមកពីក្នុងផ្ទះនៅមុខផ្ទះក៏គប់ដុំថ្មអត់ត្រូវខ្ញុំទេ តែត្រូវការុងស្រូវហើយពេលហ្នឹងខ្ញុំស្ទុះរកមើលអត់ឃើញមនុស្សទេ តែលឺសម្រឹបជើង។ សម្រាប់ខ្ញុំផ្ទាល់គឺជាការគំរាមកំហែងនយោបាយដោយសារខ្ញុំឈរបេក្ខជនឃុំគណបក្សភ្លើងទៀន»។

ករណីហិង្សាមួយទៀតក៏បានកើតឡើងលើសកម្មជនគណបក្សភ្លើងទៀន នៅរាជធានីភ្នំពេញដែរ កាលពីថ្ងៃទី៩ មេសាកន្លងទៅ។ ប្រធានយុវជនខណ្ឌកំបូល រាជធានីភ្នំពេញ គណបក្សភ្លើងទៀន និងជាអតីតចៅសង្កាត់រងទី១ គណបក្សសង្គ្រោះជាតិ លោក ប្រាក់ សីហា ត្រូវបានជនមិនស្គាល់មុខមួយក្រុម ព្រួតវាយធ្វើបាបបណ្ដាលឲ្យរងរបួសបែកមុខបែកមាត់។ នេះជាលើកទី២ ដែលលោក ប្រាក់ សីហា ត្រូវជនមិនស្គាល់មុខវាយធ្វើបាបបែបនេះកាលពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។
ស្រដៀងគ្នានេះដែរ ប្រធានគណបក្សភ្លើងទៀនខេត្តប៉ៃលិន លោក ខឹម មុនីកុសល ត្រូវជនមិនស្គាល់មុខ ប៉ងសម្លាប់ដោយជិះម៉ូតូដេញបុក ក្នុងពេលដែលលោកធ្វើដំណើរតាមផ្លូវនៅក្នុងខេត្តនេះ កាលពីព្រឹកថ្ងៃទី១១ មេសា។

ក្រៅពីនេះ អនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀននៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗ នេះ។ គ្រួសារជនរងគ្រោះសង្ស័យការស្លាប់របស់លោក ជឿន សារឹម ជាប់ពាក់ព័ន្ធរឿងនយោបាយ ព្រោះជនរងគ្រោះរូបនេះធ្លាប់ទទួលរងការគំរាមកំហែងពីសំណាក់អាជ្ញាធរ និងរងការលបវាយប្រហារនឹងដំបងពីជនមិនស្គាល់មុខដោយសារសកម្មភាពគាំទ្រគណបក្សសង្គ្រោះជាតិ និងបន្តគាំទ្រគណបក្សភ្លើងទៀន។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា និងជាអ្នកនាំពាក្យគណបក្សនេះ ឲ្យវិទ្យុអាស៊ីសេរីដឹងថា សមត្ថកិច្ចមិនទាន់រកឃើញជនប្រព្រឹត្តិលើករណីវាយធ្វើបាប និងការទុក្ខទុកម្នេញលើសកម្មជនគណបក្សភ្លើងទៀនទាំងនោះបាននៅឡើយទេ គិតត្រឹមថ្ងៃទី១៣ ខែមេសា។ លោកឲ្យដឹងទៀតថា ក្រៅពីករណីទាំងនោះ នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១២ ខែមេសា សមត្ថកិច្ចបានចាប់សកម្មជនគណបក្សភ្លើងទៀនម្នាក់ពាក់ព័ន្ធនឹងរឿងនយោបាយ។ លោក ថាច់ សេដ្ឋា ឲ្យដឹងទៀតថា ពេលនេះ គណបក្សកំពុងប្រមូលភស្តុតាងនានាបញ្ជូនទៅក្រសួងមហាផ្ទៃ ដើម្បីឲ្យក្រសួង ស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់៖ «ទាល់តែមានអ្នកក្រោយខ្នងបង្គាប់បញ្ជាបានមានហេតុការណ៍ហ្នឹងកើតឡើង ព្រោះសុទ្ធតែជាអំពើគំរាមកំហែងសកម្មជននយោបាយ ហើយនយោបាយយើងដឹងហើយការប្រកួតប្រជែងទៅគណបក្សណាដែលមានសក្ដានុពលហើយដែលឃើញប្រៀបចាញ់ ប្រៀបឈ្នះជាមួយគណបក្សប្រឆាំងនៅតាមមូលដ្ឋាននោះ មិនមែននៅសុខៗ មនុស្សអត់ស្គាល់គ្នាទៅគប់គ្នាម៉េចទេ?»។
ទាក់ទងករណីនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអ្នកនាំពាក្យនគរបាលជាតិ លោក ឆាយ គឹមខឿន បានទេនៅថ្ងៃទី១៣ ខែមេសា។
ទោះយ៉ាងណាក្ដី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់ណែនាំមន្ត្រីថ្នាក់ក្រោម និងអាជ្ញាធរមូលដ្ឋាន ឲ្យបង្កភាពងាយស្រួលដល់គ្រប់គណបក្សនយោបាយក្នុងការធ្វើសកម្មភាពនយោបាយ និងការចូលរួមបោះឆ្នោតនាពេលខាងមុខ។
នាយកប្រតិបត្តិ អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី យល់ថា ទង្វើមកលើសកម្មជនគណបក្សភ្លើងទៀនបែបនេះ ធ្វើឲ្យប៉ះពាល់ដំណើរការបោះឆ្នោត ព្រោះរូបនេះបែបនេះ ជាការដាក់សម្ពាធលើសកម្មជនគណបក្សភ្លើងទៀនមិនអាចចូលរួមការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ មន្ត្រីសង្គមស៊ីវិលរូបនេះជំរុញទៅសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ស្វែងរកជនប្រព្រឹត្តិយកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីការបោះឆ្នោតអាចដំណើរការបានរលូន៖ «ដាក់សម្ពាធលើសកម្មជន ដែលគេចូលរួមគណបក្សនោះ គេមានបានធ្វើសកម្មភាពចូលរួមសេរី ត្រឹមត្រូវឯណា ព្រោះរងការគាបសង្កត់ រងការគំរាមហែងសព្វបែបយ៉ាង។ បាទយើងនឹងតាមដាន បើសិនគណបក្សពាក់ព័ន្ធ មានភស្តុតាង មានឯកសារដាក់ទៅក្រសួងចាំមើលក្រសួងគេចាត់ការរបៀបម៉េច? លទ្ធផលក្រសួងចេញមករបៀបម៉េច យើងរង់ចាំមើលទាំងអស់គ្នាបាទ»។
កំណើននៃការធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សភ្លើងទៀនបែបនេះស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ថ្ងៃទី៥ ខែមិថុនា នៅតែជិតពីរទៀតប៉ុណ្ណោះ។ ក្រុមអ្នកឃ្លាំមើលសង្កេតឃើញថា គណបក្សនយោបាយទាំង១៧ ដែលចូលរួមការបោះឆ្នោតនេះ គណបក្សភ្លើងទៀន គឺជាគូប្រកួតប្រជែង ដែលមានកម្លាំងប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។