ខុសប្លែកពីមន្ត្រីនៅតាមក្រសួងស្ថាប័ននានាដែលចេញញត្តិគាំទ្រការផ្ទេរតំណែងនាយករដ្ឋមន្ត្រីឱ្យលោក ហ៊ុន ម៉ាណែត ភ្លូកទឹកភ្លូកដី អ្នកនយោបាយចាស់វស្សាដែលត្រូវបានលោក ហ៊ុន សែន រុញចេញពីកៅអីគ្រប់គ្រងស្ថាប័នសំខាន់ៗក្នុងជួររដ្ឋាភិបាលនិងអង្គនីតិបញ្ញត្តិ បែរជារក្សាភាពស្ងៀមស្ងាត់ មិនបង្ហាញការគាំទ្រ ឬប្រតិកម្មអ្វីឡើយ។ មន្ត្រីបក្សប្រឆាំង និងអ្នកវិភាគថា នេះជាភាពមិនប្រក្រតីបង្ហាញថា គណបក្សប្រជាជនកម្ពុជាកំពុងមានបញ្ហាផ្ទៃក្នុងបណ្ដាលមកពីការផ្ទេរអំណាចតពូជរបស់គ្រួសារត្រកូលហ៊ុន។
ក្រោយពីលោក ហ៊ុន សែន ប្រកាសផ្ទេរតំណែងនាយករដ្ឋមន្ត្រីឱ្យកូនប្រុស គឺលោក ហ៊ុន ម៉ាណែត មន្ត្រីតូចធំនៅតាមស្ថាប័ននានា និងក្រុមឧកញ៉ាផង បានចេញញត្តិគាំទ្រជាបន្តបន្ទាប់ទៅតាមប្រពៃណី ដែលពួកគេហាក់ដឹងពីតួនាទីដែលពួកគេត្រូវធ្វើ។ ប៉ុន្តែក្នុងចំណោមអ្នកគាំទ្រទាំងនោះ គេមិនឃើញមន្ត្រីសំខាន់ៗមួយចំនួន ដែលមានឥទ្ធិពលក្នុងជួរថ្នាក់ដឹកនាំរដ្ឋាភិបាល រួមមាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អ្នកស្រី ម៉ែន សំអន និងប្រធានព្រឹទ្ធសភា លោក សាយ ឈុំ មិនទាន់ឃើញចេញញត្តិគាំទ្រលោក ហ៊ុន ម៉ាណែត នៅឡើយទេ គិតត្រឹមយប់ថ្ងៃទី២៩ កក្កដា។
មន្ត្រីគណបក្សប្រឆាំង យល់ថា ភាពស្ងៀមស្ងាត់របស់មន្ត្រីសំខាន់ៗ នៅក្នុងជួររដ្ឋាភិបាលបែបនេះ គឺជាការធ្វើពហិការ ដែលបង្ហាញការមិនសប្បាយចិត្ត ចំពោះការបែងចែកអំណាចរបស់លោក ហ៊ុន សែន។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ចាត់ទុកអ្នកដែលចេញញត្តិគាំទ្រអនាគតនាយករដ្ឋមន្ត្រី ថា ជាមនុស្សអែបអប ខណៈការរក្សាភាពស្ងៀមស្ងាត់របស់មន្ត្រីធំៗ អាចជាការបង្ហាញភាពមិនពេញចិត្តចំពោះការផ្ទេរតំណែងតវង្សត្រកូល និងការដកហូតអំណាចរបស់ពួកគាត់ ខណៈលោក ហ៊ុន សែន ខ្លួនឯងបែរជាទៅគ្រប់គ្រងស្ថាប័នកំពូលៗ របស់ជាតិទៅវិញ។ លោកបន្តថា មេដឹកនាំផ្ដាច់ការរូបនេះទំនងមើលឃើញពីភាពចម្រូងចម្រាសនៃការផ្ទេរតំណែងឱ្យកូនប្រុស ទើបលោកប្រញាប់ប្រញាល់សម្រេចកិច្ចការនេះ ស្របពេលដែលលោកជាមនុស្សចូលចិត្តច្បាមយកអំណាចគ្រប់គ្រងតែម្នាក់ឯង ហើយគាបសង្កត់អ្នកនៅក្រោមបញ្ជាដើម្បីសម្រេចតាមបំណងរបស់ខ្លួន។
លោក អ៊ុំ សំអាន៖ «លោក ហ៊ុន សែន ឱ្យគេទៅកាន់តំណែងខ្យល់ ហើយខ្លួនឯងហ្នឹង ទៅកាន់តំណែងកំពូលៗ ដែលមានអំណាចជាងមុនទៅទៀត។ ហើយក្នុងពិភពលោកក៏មិនដែលមានប្រទេសណាដែលមានឪពុកកាន់តំណែងជាប្រមុខរដ្ឋស្ដីទី ហើយកូនជានាយករដ្ឋមន្ត្រីអ៊ីចឹងដែរ ប្រទេសផ្ដាច់ការ ប្រទេសកុម្មុយនិស្តអីអត់មានទេ យើងមើលមើល។ ក្នុងរដ្ឋធម្មនុញ្ញគេចែងច្បាស់ហើយ ការបែងចែកដាច់ពីគ្នានៃអំណាចទាំងបី។ តែដល់ឪហើយកូននោះ កាន់អង្គនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិហើយហ្នឹង អ៊ីចឹងមានតុល្យភាពអំណាចពីណាមក»។
កាលពីថ្ងៃទី២៦ កក្កដា លោក ហ៊ុន សែន ប្រកាសថា លោកនឹងចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី ដើម្បីប្រគល់ឱ្យទៅកូនប្រុស គឺលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែសីហា ខាងមុខ។ លោកស្នើដល់មន្ត្រីទាំងឡាយ ដែលមិនបន្តតំណែងក្នុងគណៈរដ្ឋមន្ត្រីតទៅទៀតឱ្យយោគយល់ និងស្នើឱ្យរដ្ឋមន្ត្រីនានា ដែលមិនទទួលតំណែងជារដ្ឋមន្ត្រីតទៅទៀតនោះ អង្គុយនៅក្នុងសភាជាតំណាងរាស្ត្រ ដែលលោក ហ៊ុន សែន អះអាងថា ពួកមន្ត្រីទាំងនេះចាស់ៗណាស់ហើយ។ លោក ហ៊ុន សែន បន្ថែមថា មន្ត្រីមួយចំនួន អាចនឹងត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល និងមួយចំនួនទៀតក៏អាចក្លាយជាសមាជិកព្រឹទ្ធសភា នៅពេលខាងមុខ ចំណែកខ្លួនលោកវិញ នឹងទៅកាន់តួនាទីជាប្រធានព្រឹទ្ធសភាជំនួសលោក សាយ ឈុំ ដែលលោកឱ្យចូលនិវត្តន៍។ ប្រធានព្រឹទ្ធសភាជាតួនាទីដែលមានឋានៈស្មើនឹងប្រមុខរដ្ឋស្ដីទី សម្រេចកិច្ចការជំនួសព្រះមហាក្សត្រពេលទ្រង់អវត្តមាន ហើយជាមួយគ្នានេះ លោកក៏នឹងក្លាយជាប្រធានក្រុមប្រឹក្សារាជសម្បត្តិផងដែរ។
ចំពោះការស្នើសុំរបស់លោក ហ៊ុន សែន នេះ មន្ត្រីសំខាន់ៗ មួយចំនួន ដូចជាលោក ស ខេង លោក ហេង សំរិន លោក សាយ ឈុំ លោក ទៀ បាញ់ និងអ្នកស្រី ម៉ែន សំអន ជាដើម មិនទាន់ឃើញបញ្ចេញសារបង្ហាញការគាំទ្រជាសាធារណៈនោះទេ។ លោក ហ៊ុន សែន ប្រកាសថា លោក ហេង សំរិន លោក ស ខេង លោក ទៀ បាញ់ និងអ្នកស្រី ម៉ែន សំអន នឹងត្រូវបានតែងតាំងជាឧត្ដម ទីប្រឹក្សាព្រះមហាក្សត្រ ដែលជាតួនាទីដែលមិនមានអំណាចអ្វីនោះទេ។
ការផ្លាស់ប្ដូរតំណែង ដែលលោក ហ៊ុន សែន តាំងខ្លួនឯងជាមេចំណែកនេះ ហាក់គ្មានតុល្យភាពចំពោះមន្ត្រីចាស់ៗ ដែលជាអតីតសមមិត្តរួមអាវុធជាមួយលោកនោះទេ ពីព្រោះអំណាចគន្លឹះសំខាន់ៗ ត្រូវបានលោករៀបចំសម្រាប់គ្រួសារត្រកូល"ហ៊ុន" ជាអ្នកគ្រប់គ្រង ចំណែកផ្សេងៗ ទៀត ទទួលបានតំណែងខ្យល់ដែលចាំតែគោរពតាមបញ្ជារបស់លោក ហ៊ុន សែន។
ទាក់ទិនរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បដិសេធថា មិនមានជម្លោះផ្ទៃក្នុង នៅក្នុងជួររដ្ឋាភិបាលនោះទេ។
លោក សុខ ឥសាន៖ «សម្ដេច ហ៊ុន សែន សម្ដេច ស ខេង សម្ដេច ម៉ែន សំអន និងសម្ដេច ទៀ បាញ់ នេះគឺសុទ្ធតែក្រុមមេដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា រាល់ការចាត់ចែងតំណែង និងតួនាទីឱ្យមន្ត្រីឥស្សរជនជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ហើយនិងស្ថាប័នកំពូលនានា នេះគឺកើតឡើងពីមតិសមូហភាពហើយ បានពិភាក្សាជាមួយសម្ដេចទាំង៤ហ្នឹង»។
ជុំវិញរឿងនេះដែរ អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ឃើញថា ការបំផុសឱ្យមានញត្តិគាំទ្រ លោក ហ៊ុន ម៉ាណែត បង្ហាញថា អនាគតនាយករដ្ឋមន្ត្រីរូបនេះខ្វះប្រជាប្រិយភាព និងការគាំទ្រពីសមាជិកគណបក្សទាំងមូល ជាពិសេសនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស។ លោកបន្តថា មូលហេតុដែលមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនមិនគាំទ្រលោក ហ៊ុន ម៉ាណែត ដោយសារការផ្ទេរតំណែងនេះគ្រាន់តែជាការបំភ័ន្ត និងគេចពីការដាក់សម្ពាធរបស់ប្រទេសប្រជាធិបតេយ្យ ដែលអាចធ្វើឱ្យកម្ពុជាទាំងមូលធ្លាក់ទៅក្នុងវិបត្តិសង្គម និងសេដ្ឋកិច្ចធ្ងន់ធ្ងរ។
លោក គឹម សុខ៖ «ហើយវិបត្តិវានឹងកើតមានឡើងធំណាស់សម្រាប់ប្រទេសកម្ពុជា ទាំងវិបត្តិសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអត់ការងារធ្វើ វិបត្តិបំណុល ភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្មែរ រហូតឈានដល់ធ្លាក់ក្នុងវិបត្តិសង្គមធ្ងន់ធ្ងរ។ ហើយមួយវិញទៀត ជួបនឹងវិបត្តិសង្គមនេះ ហ៊ុន ម៉ាណែត មិនអាចដោះស្រាយបញ្ហាបានទេ ក៏វាកើតទៅជាវិបត្តិនៃសង្គ្រាមផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាកាន់តែខ្លាំងក្លាឡើង»។
កាលពីខែមីនា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងកូនប្រុសគឺលោក ទៀ សីហា បានចេញមុខមកអះអាងថា គ្រួសារលោកគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ក្រោយពេលសារព័ត៌មានអន្តរជាតិមួយចុះផ្សាយថា រដ្ឋមន្ត្រីការពារជាតិកម្ពុជាដ៏មានឥទ្ធិពលមិនគាំទ្រ និងអាចធ្វើឱ្យប៉ះពាល់ដល់ផែនការរបស់ លោក ហ៊ុន សែន ក្នុងការប្រគល់អំណាចទៅកូនប្រុសរបស់គាត់។ រឿងរ៉ាវនេះ បានបង្កការសង្ស័យថា គណបក្សប្រជាជនកម្ពុជាកំពុងមានបញ្ហាផ្ទៃក្នុង។
ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង វិញ កាលពីចុងឆ្នាំ២០២១ បានចេញសេចក្ដីថ្លែងការណ៍ថា លោកនឹងគាំទ្រសេចក្ដីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី បន្តទៀត ហើយលោកក៏នឹងគោរពតាមការសម្រេចរបស់ លោក ហ៊ុន សែន សម្រាប់ការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតដែរ។
មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគលើកឡើងថា ប្រសិនបើភាគីមន្ត្រីសំខាន់ៗ ទាំងនោះ លើកទង់ជ័យស សុំចុះចាញ់ និងយល់ស្របតាមមហិច្ឆតារបស់លោក ហ៊ុន សែន មែននោះ នឹងធ្វើឱ្យអំណាចត្រកូលហ៊ុន កាន់តែខ្លាំង និងគ្រប់គ្រងកម្ពុជាតាមបែបអំណាចផ្ដាច់ការ គ្រួសារនិយម ដែលបង្កឱ្យមានអតុល្យភាពផ្នែកនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
