គណនី និងគេហទំព័រហ្វេសប៊ុក (Facebook)របស់មេយោធា មេប៉ូលិស និងស្ថាប័នរដ្ឋមួយចំនួន ត្រូវបានជនមិនស្គាល់មុខ លួចយកទៅប្រើប្រាស់ និងបង្ហោះសារលើកទឹកចិត្តកងទ័ពកុំឱ្យប្រើអំពើហិង្សា និងបង្ហូរឈាមគ្នា។ របបក្រុងភ្នំពេញអះអាងថា កងទ័ពគ្មានទិសដៅបង្ក្រាប ឬបាញ់សម្លាប់ពលរដ្ឋខ្មែរទេ គឺលុះត្រាតែមានករណីណាមួយ ដែលជាទង្វើរដ្ឋប្រហារ ទើបត្រូវមានបើកយុទ្ធនាការទប់ស្កាត់។
បណ្ដាញសង្គមហ្វេសប៊ុករបស់មន្ត្រីរបបក្រុងភ្នំពេញ និងស្ថាប័នរដ្ឋ ត្រូវបានជនមិនស្គាល់មុខលួចចូលទៅបង្ហោះសារជាបន្តបន្ទាប់ ចាប់ពីម៉ោងជាង ២រសៀល នៅថ្ងៃទី៩ វិច្ឆិកា។ ការលួចចូលនោះ ជនលួចចូល ដែលហៅថា Hacker បានបង្ហោះសារថា កងទ័ពជាតិ មានតួនាទី ការពារជាតិ ការពារប្រជាជនខ្មែរ ការពារព្រំដែន ការពារបូរណភាពដែនដី ការពារលទ្ធិប្រជាធិបតេយ្យ។ កងទ័ព ត្រូវតែអព្យាក្រឹត មិនប្រកាន់បក្សពួក ឬបក្សនយោបាយណាមួយទេ។ ដាច់ខាត ត្រូវជៀសវាងអំពើហិង្សា ឬការបង្ហូរឈាម។
គណនី និងទំព័រហ្វេសប៊ុក ដែលរងការលួចយកទៅបង្ហោះសារលើកទឹកចិត្តកងទ័ពឱ្យជៀសវាងអំពើហិង្សា និងការបង្ហូរឈាម គឺមានហ្វេសប៊ុករបស់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាយឧត្ដមសេនីយ៍ មាស សុភា ស្នងការនគរបាលខេត្តព្រះសីហនុ ឧត្ដមសេនីយ៍ ជួន ណារិន្ទ ទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឈ្មោះ (GRK News) ទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ រដ្ឋបាលខណ្ឌសែនសុខ ហ្វេសប៊ុករបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ហ្វេសប៊ុករបស់ខុទ្ទកាល័យ អ្នកស្រី ប៊ុន រ៉ានី ភរិយារបស់លោក ហ៊ុន សែន ជាដើម។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់ថា ហ្វេសប៊ុករបស់រដ្ឋបាលខេត្តពិតជាត្រូវបានជនខិលខូចលួចចូល ហើយបង្ហោះសារ មិនមែនជាឆន្ទៈរបស់រដ្ឋបាលខេត្តព្រះសីហនុពិតមែន។ លោកថា គិតត្រឹមម៉ោងជិត ៤រសៀលថ្ងៃដដែល មន្ត្រីជំនាញមិនទាន់អាចយកទំព័រ (page) ហ្វេសប៊ុកនោះបានមកវិញនៅឡើយទេ។ ទោះយ៉ាងណា លោកបន្តថា មន្ត្រីជំនាញរបស់ខេត្ត និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់ក្រសួងមហាផ្ទៃ នឹងស្រាវជ្រាវរកជនល្មើសក្នុងករណីនេះ៖« យើងមានជំនាញរបស់រដ្ឋបាលខេត្តសហការជាមួយ នឹងនាយកដ្ឋានប្រឆាំងបទល្មើសប្រឆាំងប្រព័ន្ធបច្ចេកវិទ្យាហ្នឹង ហើយនឹងនាយកដ្ឋានព័ត៌មានរបស់ក្រសួងមហាផ្ទៃ។ ទី១ គឺយើងយកផេកមកគ្រប់គ្រងវិញ។ ទី២ យើងស្វែងរកអ្នកដែលហេកយកផេក របស់រដ្ឋបាលខេត្តទៅបង្ហោះព័ត៌មាន ដែលមិនមែនជាឆន្ទៈរបស់រដ្ឋបាលខេត្ត។ បើតាមដឹងមិនមែនតែ រដ្ឋបាលខេត្តទេ គឺមានស្ថាប័នផ្សេងៗមួយចំនួនទៀត ដែលបានបង្ហោះខ្លឹមសារដូចគ្នា » ។
យ៉ាងណាក្ដី លោក ឃាង ភារម្យ ប្រាប់ថា ការលួចយកទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តទៅបង្ហោះសារនេះ មិនមានអ្វីប៉ះពាល់ដល់សណ្ដាប់ធ្នាប់ ឬសន្តិសុខរបស់ខេត្តព្រះសីហនុឡើយ។
អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់ថា រដ្ឋាភិបាលមិនទាន់អាចសន្និដ្ឋានបានថា ជាក្រុមណាមួយនៅឡើយទេ ប៉ុន្តែលោកចាត់ទុកទង្វើនេះថា ជាឧក្រិដ្ឋកម្មភេរវកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ លោក ផៃ ស៊ីផាន យល់ថា ការលួចធ្វើបែបនេះ គ្មានបានផលប្រយោជន៍ ឬជះឥទ្ធិពលទៅលើកងទ័ពឡើយ ហើយលោកអះអាងថា រដ្ឋាភិបាលគ្មានទិសដៅបញ្ជាឱ្យកងទ័ពសម្លាប់ពលរដ្ឋទេ គឺមានគោលបំណងចាប់ខ្លួន អ្នកដែលមានដីកាតុលាការប៉ុណ្ណោះ។ តែយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បញ្ជាក់ថា ក្នុងករណីកើតមានអំពើណាមួយ ដែលប្រឆាំងរដ្ឋាភិបាល កងទ័ពនឹងបើកយុទ្ធនាការបង្ក្រាប៖« ជាភេរវកម្មមួយតាមផ្លូវវិស័យអនឡាញ។ កងទ័ព កងកម្លាំងប្រដាប់អាវុធអត់មានទិសដៅណាទៅសម្លាប់ ទៅបង្ហូរឈាមអ្នកណាទេ។ ទី១ គឺកាតព្វកិច្ចនាំក្រុមមានឈ្មោះនៅក្នុងសាលដីកាតុលាការ នាំទៅតុលាការ។ អាហ្នឹងសារៈសំខាន់។ ទី២ នាំខ្លួន ឃាត់ខ្លួនទៅតុលាការ បើសិនជាមានសកម្មភាពយ៉ាងណាមួយ ដែលបង្កឲ្យទៅជាសកម្មភាពសាធារណៈ វាបង្ហាញអំពីអំពើឧក្រិដ្ឋកម្មណាមួយ យើងនឹងបង្ក្រាបជាមួយយថាហេតុណាមួយ យើងនឹងបំផ្លាញចោល » ។
ការលួច Hack ចូលហ្វេសប៊ុករបស់មេយោធា និងស្ថាប័នរដ្ឋនេះ ដើម្បីអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធត្រូវអព្យាក្រឹត្យ និងបញ្ចៀសអំពើហិង្សា បង្ហូរឈាម ធ្វើឡើងស្របពេលដែលក្រុមមេដឹកនាំគណបក្សប្រឆាំងកំពុងដឹកនាំពលករ រកផ្លូវចូលប្រទេសកម្ពុជា ហើយពួកគេបន្តអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ កុំស្ដាប់បញ្ជាមេយោធាផ្ដាច់ការរូបណា ដែលបញ្ជាឱ្យវាយបង្ក្រាប ចាប់ខ្លួន ឬបាញ់ប្រហារពលរដ្ឋខ្មែរដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។