តុលាការកំពូល កំណត់ថ្ងៃសវនាការលើបណ្ដឹងសាទុក្ខរបស់សកម្មជនបក្សប្រឆាំង លោក គង់ ម៉ាស់នៅថ្ងៃទី៨ ខែកក្កដា ខាងមុខ។ មេធាវីការពារក្ដី និងប្រពន្ធលោក គង់ ម៉ាស់ រំពឹងថា តុលាការជាន់ខ្ពស់មួយនេះនឹងទម្លាក់ចោទការចោទប្រកាន់ និងដោះលែងលោក គង់ ម៉ាស់ ឲ្យមានសេរីភាពឡើងវិញ ខណៈដែលលោកកំពុងជាប់ពន្ធនាគារ ជិតដល់ការកំណត់រយៈពេល ១៨ខែ តាមការផ្ដន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបង្ហោះសាររិះគន់រដ្ឋាភិបាល លើហ្វេសប៊ុក (Facebook)។
មេធាវីការពារក្តីឱ្យលោក គង់ ម៉ាស់ គឺលោក សំ សុខគង់ ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៣ មិថុនាថា ការកំណត់ថ្ងៃសវនាការលើបណ្ដឹងសាទុក្ខនៅថ្ងៃទី៨ ខែកក្កដា ខាងមុខនេះ គឺនៅមានភាពយឺតយ៉ាវ និងប៉ះពាល់ដល់ប្រយោជន៍កូនក្តីរបស់លោកមួយចំនួន ពីព្រោះ រហូតដល់ថ្ងៃនេះ លោក គង់ ម៉ាស់ ត្រូវឃុំក្នុងពន្ធនាគារព្រៃស (ម១) ជិត ១៧ខែហើយ ដូច្នេះនៅសល់ជាង១ខែទៀតប៉ុណ្ណោះ ដែលលោក គង់ ម៉ាស់ ដល់ថ្ងៃត្រូវដោះលែង ឲ្យមានសេរីភាពឡើងវិញ។ លោក មេធាវី បន្តថា តាមច្បាប់ តុលាការត្រូវតែជំនុំជម្រះក្តីឲ្យបានមុនកូនក្តីរបស់លោក អនុវត្តទោសចប់សប់គ្រប់។ ទោះជាយ៉ាងណា លោកសង្ឃឹមថា តុលាការកំពូលនឹងទម្លាក់ការចោទប្រកាន់លើសកម្មជនបក្សប្រឆាំងរូបនេះ ព្រោះការចោទប្រកាន់កន្លងមក គ្មានមូលដ្ឋានផ្លូវច្បាប់គ្រប់គ្រាន់នោះទេ៖ « ទាក់ទងទៅនឹងក្រមនីតិវិធី ព្រហ្មទណ្ឌ ហ្នឹង គឺនៅពេលដែលមិនមានបណ្ដឹងសារទុក្ខខាងអគ្គព្រះរាជអាជ្ញាទេ ហើយវាជាបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទ លោក គង់ ម៉ាស់ គឺនៅពេលដែលដល់ថ្ងៃកំណត់ ឬដល់ថ្ងៃដែលលោក គង់ ម៉ាស់ បានបំរើទោសចប់សព្វគ្រប់តាមសាលក្រមដែលបានសម្រេចផ្ដន្ទាទោសនៅក្នុងតុលាការជាន់ទាបហ្នឹង គឺដល់ពេលដែលកំណត់ គឺត្រូវតែដោះលែងកូនក្ដីខ្ញុំឲ្យមានសេរីភាព » ។
លោក គង់ ម៉ាស់ បានដាក់បណ្ដឹងសាទុក្ខទៅតុលាការកំពូលតាំងពីថ្ងៃទី១០ ខែមេសា បន្ទាប់ពីលោកមិនពេញ ចំពោះសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញ ដែលផ្ដន្ទាទោសឲ្យលោកជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែក្រោមការចោទប្រកាន់ពីបទប្រមាថ និងញុះញង់ឲ្យមានការរើសអើងតាមបញ្ញត្តិមាត្រា ៤៩៦ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។
នគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួន លោក គង់ ម៉ាស់ ជាសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ តាមបណ្ដឹងរបស់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បន្ទាប់ពីលោកបានសរសេរសារបង្ហោះនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាតមុនការបោះឆ្នោត ឆ្នាំ២០១៨ និងសាររិះគន់អំពីភាពអសកម្មមួយចំនួនរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។
ភរិយារបស់លោក គង់ ម៉ាស់ លោកស្រី កុល សាត សង្ឃឹមថា តុលាការកំពូលនឹងទម្លាក់ការចោទប្រកាន់ប្រឆាំងប្តីលោកស្រី ហើយរំពឹងថា ប្តីលោកស្រី នឹងត្រូវដោះលែងពីពន្ធនាគារ នៅពេលដល់ថ្ងៃកំណត់ដែលលោកបានអនុវត្តទោសចប់ នៅចុងខែក្រោយ។ លោកស្រីថា ប្តីលោកស្រី មិនមានកំហុសឡើយ ដោយគ្រាន់តែបញ្ចេញមតិនោះទេ។ លោកស្រីរៀបរាប់ថា ការលំបាករបស់លោកស្រីក៏មិនខុសពីស្ត្រីខ្មែរមួយចំនួនដែលប្តីរបស់ពួកគេកំពុងត្រូវឃុំខ្លួនទាំងអយុត្តិធម៌ព្រោះតែរឿងនយោបាយនោះទេ។
ប្រធានផ្នែកស៊ើបអង្កេត សមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ថា ការអូសបន្លាយពេលរបស់តុលាការកំពូលក្នុងការជំនុំជម្រះក្តី លោក គង់ ម៉ាស់ គឺប៉ះពាល់ដល់សិទ្ធិទទួលបានយុត្តិធម៌របស់អ្នកជាប់ឃុំ។ លោកពន្យល់ថា ព្រោះតែជនជាប់ចោទរូបនេះ មិនពេញចិត្តចំពោះការចោទប្រកាន់របស់តុលាការជាន់ទាបទើបលោកប្តឹងជំទាស់ទៅតុលាការកំពូល ប៉ុន្តែបែរជាយឺតយ៉ាវក្នុងការជំនុំជម្រះទៅវិញ៖ « រឿងនេះថាវាមានទាក់ទងទៅកត្តានយោបាយច្រើនជាងច្បាប់ ដូច្នេះសម្រាប់ខ្ញុំដែលជាអ្នកឃ្លាំមើលសិទ្ធិមនុស្ស ហើយដែលយើងមានបទពិសោធន៍ នៅក្នុងការដែលតុលាការឃុំខ្លួនទៅដល់អ្នកទាំងឡាយណាដែលពាក់ព័ន្ធទៅនឹងកត្តានយោបាយ ឬសកម្មជនផ្សេងៗ ហ្នឹង គឺឃើញភាគច្រើន តុលាការមិនងាយនៅក្នុងការទម្លាក់ចោល ឬក៏សម្រេចអីដែលវាខុសពីការសម្រេចរបស់តុលាការសាលាដំបូងទេ » ។
អង្គការជាតិ និងអន្តរជាតិ ធ្លាប់ចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ទាមទារឱ្យអាជ្ញាធរកម្ពុជា ដោះលែងលោក គង់ ម៉ាស់ ដោយឥតលក្ខខណ្ឌ ដោយសារចាត់ទុកថា លោក គង់ ម៉ាស់ គ្មានកំហុសអ្វីឡើយ តាមការបញ្ចេញមតិនៅលើបណ្ដាញសង្គមដោយសន្តិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។