តុលាការ​កំពូល​តម្កល់​សេចក្ដី​សម្រេច​ផ្ដន្ទាទោស​លោក សៀម ភ្លុក និង​មន្ត្រី​បក្ស​ភ្លើង​ទៀន​ដដែល

ដោយ ខាន់ លក្ខិណា
2024.05.13
តុលាការ​កំពូល​តម្កល់​សេចក្ដី​សម្រេច​ផ្ដន្ទាទោស​លោក សៀម ភ្លុក និង​មន្ត្រី​បក្ស​ភ្លើង​ទៀន​ដដែល (ឆ្វេង) លោក ខឿន វីរ៉ាត់ មន្ត្រី​បក្ស​ភ្លើង​ទៀន (កណ្ដាល) លោក សៀម ភ្លុក ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ និង​អ្នកស្រី នូ សុទ្ធារី មន្ត្រី​បក្ស​ភ្លើង​ទៀន ពេល​មក​ស្ដាប់​ការ​ប្រកាស​សាលដីកា​តុលាការ​កំពូល នៅ​ថ្ងៃ​ទី១៣ ខែឧសភា ឆ្នាំ២០២៤។
រូបពីពលរដ្ឋ

តុលាការ​កំពូល ប្រកាស​សាលដីកា​ផ្ដន្ទាទោស​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក និង​មន្ត្រី​បក្ស​ភ្លើង​ទៀន ក្នុង​សំណុំរឿង​ក្លែងបន្លំ​ឯកសារ ដើម្បី​បង្កើត​គណបក្ស​បេះដូង​ជាតិ ដូច​តុលាការ​ថ្នាក់​ក្រោម​សម្រេច​ដែរ។

គ្រួសារ និង​មន្ត្រី​បក្ស​ភ្លើង​ទៀន ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ជាន់​ខ្ពស់​នេះ​ថា ជា​រឿង​អយុត្តិធម៌ និង​ជំរុញ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​កាន់តែ​ធ្លាក់​ចុះ។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ នៃ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី១៣ ខែឧសភា បាន បដិសេធ​បណ្ដឹង​សាទុក្ខ​របស់​ប្រធាន​បក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក និង​មន្ត្រី​បក្ស​ភ្លើង​ទៀន លោក ខឿន វីរ៉ាត់ អ្នកស្រី នូ សុទ្ធារី និង​លោក តូច ថឹង ដោយ​សំអាង​ថា ការ​សម្រេច​សេចក្ដី​របស់​តុលាការ ថ្នាក់ ក្រោម ដែល​កាត់​ឱ្យ​ពួក​គាត់​មាន​ទោស​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ២ឆ្នាំទៅ ២ឆ្នាំ​កន្លះ គឺ​ជា​រឿង ត្រឹមត្រូវ។

ក្រោយ​ស្ដាប់​តុលាការ​សម្រេច​សេចក្ដី​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ លោក ខឿន វីរ៉ាត់ ក្នុង​សំលៀក​បំពាក់​ពណ៌​ស្លាទុំ ដៃ​ជាប់​ខ្នោះ បាន​និយាយ​ខ្លាំងៗ នៅ​ក្នុង​បន្ទប់​សវនាការ និង​ពេល​សមត្ថកិច្ច​បញ្ជូន ទៅ​ពន្ធនាគារ​វិញ​ថា ការ​ចូលរួម​ធ្វើ​នយោបាយ គឺ​ដើម្បី​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ ប៉ុន្តែ​ពីព្រោះ​តែ​រឿង​នយោបាយ បង្ក​ឱ្យ​លោក​ជាប់​គុក។ លោក​ហៅ​ការ​សម្រេច​សេចក្ដី​របស់​តុលាការ​កំពូល​ថា ជា​រឿង​អយុត្តិធម៌ និង​ជំរុញ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​កាន់តែ​ធ្លាក់​ចុះ។

លោក ខឿន វីរ៉ាត់៖ «តុលាការ​អយុត្តិធម៌ រំលោភ​រដ្ឋធម្មនុញ្ញ លទ្ធិ​ប្រជាធិបតេយ្យ​កាន់តែ​ធ្លាក់​ចុះ ជា​រឿង​នយោបាយ ត្រូវ​តែ​ដោះ​លែង​តាម​រឿង​នយោបាយ»

ប្រពន្ធ​ប្រធាន​ចលនា​យុវជន​ថ្នាក់​ជាតិ​របស់​បក្ស​ភ្លើង​ទៀន លោក ខឿន វីរ៉ាត់ គឺ​លោកស្រី ថាច់ ចន្ធូ បង្ហាញ​ការ​ខក​ចិត្ត ចំពោះ​ការ​សម្រេច​សេចក្ដី​របស់​តុលាការ​កំពូល ដោយ​ថា ប្ដី​របស់​លោកស្រី​មិន​បាន​ប្រព្រឹត្ត​ខុស ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

លោកស្រី ថាច់ ចន្ធូ៖ «ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​ប្ដី​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ខុស រឿង​តុលាការ​ចោទ​គាត់»

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​បក្ស​ភ្លើង​ទៀន គឺ​លោក តូច ថឹង មិន​មាន​វត្តមាន ក្នុង​អំឡុង​ពេល​តុលាការ​ប្រកាស​សាលដីកា​នេះ​ទេ។

ប្រពន្ធ​មន្ត្រី​គណបក្ស​ភ្លើង​ទៀន លោក តូច ថឹង គឺ​លោកស្រី ហាញ់ សុវណ្ណា លើក​ឡើង​ថា ប្ដី​របស់​គាត់​មិន​បាន​មក​ស្ដាប់​តុលាការ​ប្រកាស​សាលដីកា ពីព្រោះ​គាត់​ឈឺ។ លោកស្រី​ស្នើ​ទៅ​តុលាការ និង​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ឱ្យ​ដោះលែង​ប្ដី និង​អ្នកទោស​មនសិការ ឱ្យ​មាន​សេរីភាព​វិញ។

លោកស្រី ហាញ់ សុវណ្ណា៖ «ចុង​ក្រោយ​ខ្ញុំ​មាន​ពាក្យ​ថា សុំ​ឱ្យ​តុលាការ សុំ​ឱ្យ​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោះ​លែង​គ្រួសារ​ខ្ញុំ​លោក តូច ថឹង ហ្នឹង ហើយនិង​បងប្អូន ដែល​ជាប់​ទោស​នយោបាយ​ទាំង​អស់​គ្នា។ សូម​ដោះ​លែង​គាត់​ទៅ កុំ​ទុក​គាត់​ធ្វើ​អី​ទៀត ឱ្យ​មក​ជុំ​កូន​ជុំ​ចៅ ជាពិសេស គ្រួសារ​ខ្ញុំ គាត់​ឈឺ គាត់​ឈឺ​ភ្នែក ហើយ​គាត់​ចាស់​ផង»

រីឯ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក សៀម ភ្លុក គឺ​លោក ជូង ជូងី ប្រាប់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​តុលាការ​ប្រកាស​សាលដីកា​ថា សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​កូន​ក្ដី​របស់​លោក ពីព្រោះ​ការ​ប្រមូល​ស្នាម​មេដៃ​បង្កើត​គណបក្ស​នយោបាយ​នេះ គឺ​គ្មាន​ចេតនា​ទុច្ចរិត​នោះ​ទេ។

លោក ជូង ជូងី៖ «ខ្ញុំ​យល់​ថា មិន​យុត្តិធម៌​សម្រាប់​កូនក្ដី​ខ្ញុំ​ទេ ពីព្រោះ​ការ​ដែល​បង្កើត​គណបក្ស​នយោបាយ​នេះ គឺ​គាត់​អត់​មាន​គំនិត​ទុច្ចរិត។ គាត់​ចង់​បាន​ស្នាម​មេដៃ​ពិត​ប្រាកដ គាត់​ចង់​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ ប៉ុន្តែ​បែរ​ជា​ក្រសួង​មហាផ្ទៃ​ចាប់​ទោស​អូស​ដំណើរ បឹ្ដង​ចោទ​ប្រកាន់​គាត់​ពី​បទ​ក្លែងបន្លំ ចុង​ក្រោយ​តុលាការ​សម្រេច​ផ្ដន្ទាទោស​គាត់»

សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែមីនា ឆ្នាំ២០២៣ បាន​ផ្ដន្ទាទោស​ឱ្យ​លោក សៀម ភ្លុក ជាប់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ ៦ខែ ចំណែក​លោក ខឿន វីរ៉ាត់ លោក តូច ថឹង និង​អ្នកស្រី នូ សុទ្ធារី ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​លិខិត​ក្លែង និង​ការ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ ដើម្បី​បង្កើត​គណបក្ស​បេះដូង​ជាតិ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា យល់ថា ក្នុង​កាលៈទេសៈ ដែល​អ្នក​នយោបាយ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា ស្ថានភាព នៃ​វាសនា​របស់ សកម្មជន ដែល​ជាប់​ពន្ធនាគារ ក៏​មិន​មាន​វាសនា​ល្អ​ដែរ ក្នុង​ការ​ដំណើរ​ការ​ក្ដី នៅ​តុលាការ​នោះ។

លោក​បន្ត​ថា តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ បើ​ឯកសារ​ស្នើសុំ​បង្កើត គណបក្ស​មាន​ភាព​មិន​ប្រក្រតី រដ្ឋាភិបាល​ត្រូវ​បញ្ជូន​ឯកសារ​ទាំង​នោះ ឱ្យ​តំណាង​បក្ស​កែតម្រូវ​ឡើង​វិញ ដោយ​អាជ្ញាធរ​មិន​គួរ​ចាប់ខ្លួន និង​ចោទ​ប្រកាន់​ដាក់​ពន្ធនាគារ​នោះ​ទេ។

លោក នី សុខា៖ «ជា​ជាង​យើង​យក​បញ្ហា​ទាំង​អស់​ហ្នឹង ដាក់​ទណ្ឌ​ខាង​ផ្លូវ​ច្បាប់ ដែល​វា​ជា​សញ្ញា​មួយ​បង្ហាញ​អំពី​ការ​រឹតត្បិត​ទៅ​លើ​សេរីភាព​នយោបាយ​របស់​ប្រជាពលរដ្ឋ​ទៅ​វិញ។ អា​ហ្នឹង ដែល​យើង​ធ្លាប់​បាន​អំពាវនាវ​កន្លង​ទៅ​ឱ្យ​រដ្ឋាភិបាល ធ្វើ​យ៉ាង​ណា ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង ហើយ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទៅ​សកម្មជន​នយោបាយ​ទាំង​អស់​ហ្នឹង ឱ្យ​មាន​សេរីភាព»

កាល​ពី​ថ្ងៃ​ទី៨ ខែឧសភា ក្នុង​កិច្ចប្រជុំ​ការ​ត្រួតពិនិត្យ​ឡើង​វិញ ជា​សកល​តាម កាល​កំណត់ (UPR) នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​បន្ត​រិះគន់​មក លើ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ថា បាន​រំលោភ​សិទ្ធិ នយោបាយ សេរីភាព​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ​ជា​ដើម។

ពួក​គេ​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ដោះ​លែង​អ្នកទោស​មនសិការ ជាពិសេស មេ​ដឹកនាំ​បក្ស​ប្រឆាំង និង​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ តុលាការ​ឱ្យ​មាន​ភាព​ឯករាជ្យ និង​មិន​លំអៀង ស្រប​តាម​គោល​ការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។