សកម្មជនបក្សប្រឆាំងនៅស្វាយរៀង លោក គង់ ម៉ាស់ ត្រូវអាជ្ញាធរចាប់ខ្លួននៅភ្នំពេញ
2019.01.16
ប៉ូលិសក្រសួងមហាផ្ទៃ បានចាប់ខ្លួនសកម្មជនបក្សប្រឆាំងដ៏សកម្ម និងល្បីនៅខេត្តស្វាយរៀងម្នាក់ ពាក់ព័ន្ធនឹងការបង្ហោះសារអំពីសកម្មភាពបក្សប្រឆាំង និងការរិះគន់របបក្រុងភ្នំពេញនៅលើទំព័រហ្វេសប៊ុក។ មន្ត្រីសិទ្ធិមនុស្សយល់ថា ប្រសិនបើការឃាត់ខ្លួននេះ ពាក់ព័ន្ធនឹងរឿងបង្ហោះសាររិះគន់លើហ្វេសប៊ុកនោះ គឺជារំលោភសិទ្ធិសេរីភាព និងរំលោភច្បាប់រដ្ឋធម្មនុញ្ញ ដែលធានាពីសិទ្ធិសេរីភាពរបស់ពលរដ្ឋគ្រប់រូប។
សមាជិកក្រុមការងារគណបក្ស សង្គ្រោះជាតិ ខេត្តស្វាយរៀង និងជាអនុប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្ម គឺលោក គង់ ម៉ាស់ ដែលរបបក្រុងភ្នំពេញរំលាយចោលនោះ ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន បញ្ជូនទៅសួរនាំនៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែមករា ក្នុងពេលលោកកំពុងអង្គុយទទួលទានកាហ្វេក្នុងហាង អាលមិន (Almond) ស្ថិតនៅជិតស្ថានទូតរុស្ស៊ី រាជធានីភ្នំពេញ។
សកម្មជនបក្សប្រឆាំងមួយរូប គឺលោក ឯម សុខសុវណ្ណ ដែលអង្គុយទទួលទានកាហ្វេជាមួយគ្នា ឲ្យដឹងថា អាជ្ញាធរប្រមាណ ១០នាក់ មានទាំងព្រះរាជអាជ្ញាផង បានចុះទៅឃាត់ខ្លួនលោក គង់ ម៉ាស់ ពាក់ព័ន្ធនឹងការបង្ហោះសារលើហ្វេសប៊ុក តែមិនបានបញ្ជាក់ថា ជាសារអ្វីនោះទេ។ លោកបញ្ជាក់ថា ភ្លាមៗនោះ អាជ្ញាធរបាននាំខ្លួនលោក គង់ ម៉ាស់ ទៅសួរនាំនៅអគ្គស្នងការនគរបាលជាតិតែម្តង ដើម្បីបន្តសួរនាំ៖ «គេមកនេះ គេប្រាប់ថា រឿងបង្ហោះសារលើហ្វេសប៊ុក ហើយយើងក៏អត់ថាម៉េចដែរ គ្រាន់តែគេថា "សុំទៅសាកសួរនៅទីនោះទៅ”»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីថា លោកមិនទាន់ ទទួលបានព័ត៌មាននេះទេ៖ «ខ្ញុំអត់ទាន់ទទួលបានព័ត៌មានអីផង។ ខ្ញុំអត់ដឹងថា គេឃាត់ខ្លួនអីអត់ផង»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ ដោយលោកពុំទទួលទូរស័ព្ទ។
លោក មេធាវី សំ សុគង់ ដែលត្រូវបានគ្រួសារលោក គង់ ម៉ាស់ ពឹងពាក់ឲ្យធ្វើជាមេធាវីការពាក្តី ឲ្យអាស៊ីសេរីដឹងថា លោក គង់ ម៉ាស់ កំពុងត្រូវបានសាកសួរនៅក្នុងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការនគរបាលជាតិ៖ «យើងអត់ទាន់បានជួបគាត់ (គង់ ម៉ាស់) ផ្ទាល់ទេ ដោយសារខាងនគរបាលយុត្តិធម៌ថា មិនទាន់អនុញ្ញាតទេ ដោយសារសមត្ថកិច្ចកំពុងធ្វើការងារ ហើយចាំគាត់ជូនដំណឹងមកមេធាវីនៅពេលក្រោយ តែមិនដឹងថាពេលណាទេ។តាមនីតិវិធីគេត្រូវការស្រាវជ្រាវ ២៤ម៉ោង ទើបមានការជួបជាមួយមេធាវី និងក្រុមគ្រួសារ។ ខ្ញុំសួរទៅមន្ត្រីប៉ូលិស ខាងប៉ូលិសប្រាប់ថា គេចោទនោះ គឺពាក់ព័ន្ធនឹងបទញុះញង់ ប៉ុន្តែមិនដឹងថា ញុះញង់រឿងអ្វីនោះទេ»។
នៅមុនការឃាត់ខ្លួនមួយម៉ោង លោក គង់ ម៉ាស់ បានបង្ហោះរូបថតរបស់លោក កំពុងអង្គុយទទួល ទានកាហ្វេ និងសរសេរថា យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានចុះផ្សាយថា ទឹកទី១៖ សហភាពអឺរ៉ុបបានសម្រេចជំហានដំបូងដាក់ទណ្ឌកម្មលើការយកពន្ធ និងតំឡើងថ្លៃលើការនាំចូលអង្ករពីកម្ពុជា ដោយយកពន្ធ ២០០.៧៣ដុល្លារក្នុងមួយតោន។ ដោយឡែក កាលពីថ្ងៃទី១៥ មករា លោកក៏បានបង្ហោះសារមួយដែរ ដោយចោទថា រដ្ឋបាលលោក ហ៊ុន សែន គិតតែរឿងអំណាច មួយថ្ងៃៗ មិនបានយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារតម្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល ជាពិសេស មិនបានយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារជូនប្រជាពលរដ្ឋ ឲ្យមានកម្រិតសមរម្យនោះទេ។ លោកសូមឲ្យប្រជាពលរដ្ឋខ្មែរងើបឡើងតវ៉ា ដើម្បីជីវភាពគ្រប់ៗ គ្នា។ ចុងក្រោយ លោកសរសេរពាក្យថា ប្តូៗ ជាដើម។
ក្រៅពីនេះកន្លងមក លោក គង់ ម៉ាស់ តែងតែបង្ហោះសារនៅលើហ្វេសប៊ុកស្ទើរាល់ថ្ងៃអំពីសកម្មភាពនានារបស់គណបក្ស សង្គ្រោះជាតិ និងតែងតែរិះគន់លើការដឹកនាំរបស់របបក្រុងភ្នំពេញ។
សកម្មជនបក្សប្រឆាំងនៅខេត្តស្វាយរៀង លោក ស៊ុន មករា ឲ្យដឹងថា ការឃាត់ខ្លួននេះ គ្មានអ្វីក្រៅពីរឿងនយោបាយនោះទេ ព្រោះលោក គង់ ម៉ាស់ គឺជាសកម្មជនគណបក្ស សង្គ្រោះជាតិ ដ៏ក្លាហាន ដោយមិនខ្លាចការគំរាមកំហែងរបស់អាជ្ញាធរនោះទេ។ លោករម្លឹកថា នៅមុនពេលឃាត់ខ្លួននេះ លោក គង់ ម៉ាស់ ក៏ត្រូវបានអាជ្ញាធរខេត្តស្វាយរៀង គំរាមកំហែងធ្ងន់ៗ និងស្វែងរកចាប់ខ្លួនជាច្រើនលើកច្រើនសារមកហើយ ដោយសារតែលោកមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច និងបន្តរិះគន់គណបក្សកាន់អំណាចថែមទៀត៖ «ខាងរដ្ឋាភិបាលធ្លាប់ហៅលោក គង់ ម៉ាស់ ឲ្យចុះចូលឲ្យតំណែងឲ្យតួនាទីច្រើនលើកច្រើនសាមកហើយ តែលោក គង់ ម៉ាស់ មិនព្រមចូលជាមួយនោះទេ ដោយសារលោកគោរពឆន្ទៈរបស់ប្រជាពលរដ្ឋដែលស្រឡាញ់គាំទ្រ និងស្រលាញ់លទ្ធិប្រជាធិបតេយ្យ។ សកម្មភាពរបស់គាត់គឺគ្មានអីខុសច្បាប់ទេ»។
ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះ បន្ទាប់ពីកាលពីថ្ងៃទី១៤ ខែមករា លោក ហ៊ុន សែន ប្រកាស ថា របបលោកនឹងបន្តតាមកម្ទេចគណបក្សប្រឆាំងដោយមិនទុកឲ្យមានជីវិតទេ ប្រសិនបើអន្តរជាតិដាក់គំនាបសេដ្ឋកិច្ចលើកម្ពុជាមែននោះ។ ការរបស់លោក ហ៊ុន សែន នេះ ដោយសារសហភាព អឺរ៉ុប និងអាមេរិក ព្រមានដកប្រពន្ធអនុគ្រោះពន្ធពីកម្ពុជា ប្រសិនបើនៅតែចចេសមិនមិនព្រមស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
អ្នកនាំពាក្យសមាគមន៍ អាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ប្រសិនបើការឃាត់ ខ្លួនសកម្មជនបក្សប្រឆាំងពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់របបដឹកនាំសព្វថ្ងៃនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជាការអនុវត្តវិធានការរំលោភទៅលើសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលធានាអំពីសិទ្ធិសេរីភាពពលរដ្ឋគ្រប់រូប។ លោកយល់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ គឺជៀសមិនផុតពីការរិះគន់របស់ប្រជាពលរដ្ឋនោះទេ ព្រោះពួកគេចង់ឲ្យការដឹកនាំប្រទេស ងាកមករកផ្លូវត្រឹមត្រូវ និងល្អប្រសើរឡើងវិញ៖ «បើយើងយកនិន្នាការនៃនយោបាយ មកចាត់វិធានការអ្នកដែលមានគំនិត និងទស្សនៈនយោបាយផ្ទុយ គឺវាធ្វើឲ្យរំលោភទៅលើសិទ្ធិអ្នកគាំទ្រនូវគោលនយោបាយ និងអ្នកនយោបាយទាំងអស់នេះ គឺវាបានរំលោភបំពានសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា»។
លោកបន្តថា ចំណាត់ការបែបនេះ នឹងបង្ហាញឲ្យឃើញពីស្ថានភាពនយោបាយកម្ពុជាកាន់តែអាក្រក់ថែមទៀត ខណៈដែលកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន កំពុងរងការរិះគន់ជុំទិសស្រាប់ទៅហើយអំពីរឿងបំផ្លាញលទ្ធិប្រជាធិបតេ្យ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
ចំណែកសកម្មជនបក្សប្រឆាំងនៅខេត្តស្វាយរៀង ក៏ទាមទារឲ្យអាជ្ញាធរនៃរបបក្រុងភ្នំពេញ ដោះលែងលោក គង់ ម៉ាស់ វិញ ដោយឥតលក្ខខណ្ឌដែរ ព្រោះពួកគេយល់ថា សកម្មភាពរបស់លោក គង់ ម៉ាស់ គឺស្របតាមច្បាប់ ក្នងការចង់ឃើញកម្ពុជា មានលទ្ធិប្រជាធិបតេយ្យពេញលេញ មានការគោរពសិទ្ធិមនុស្ស និងសង្គមជាតិរីកចម្រើនត្រឹមត្រូវ និងពុំបានញុះញង់អ្វីធ្វើឲ្យប៉ះពាល់ប្រទេសកម្ពុជានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។