ពលរដ្ឋថៃជាច្រើននាក់ នៅថ្ងៃទី១៥ មិថុនា នេះ បានធ្វើបាតុកម្មនៅមុខស្ថានទូតខ្មែរប្រចាំប្រទេសថៃ ជាថ្មីទៀតទាមទារ ឱ្យមានការស៊ើបអង្កេតករណីចាប់ពង្រត់សកម្មជននយោបាយថៃម្នាក់ គឺ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit )នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា។ កាលពីថ្ងៃទី៨ មិថុនា ពលរដ្ឋថៃ ប្រមាណ ១០០នាក់បានធ្វើបាតុកម្មនៅមុខស្ថានទូតខ្មែរប្រចាំប្រទេសថៃ ម្តងរួចទៅហើយ ក្នុងគោលបំណងដូចគ្នានេះ។
សកម្មជនក្រុមអាវក្រហមថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្ខិសិទ្ធិ អាយុ ៣៧ឆ្នាំ ត្រូវបានជនប្រដាប់អាវុធមួយក្រុមចាប់ពង្រត់ពីកន្លែងស្នាក់នៅរបស់លោក នៅម្តុំជ្រោយចង្វារ ក្នុងក្រុងភ្នំពេញ ចូលទៅក្នុងរថយន្តពណ៌ខ្មៅមួយ រួចបើកទៅបាត់ កាលពីថ្ងៃទី៤ មិថុនា។ សហការីរបស់លោកមួយរូប ដែលកំពុងនិយាយទូរស័ព្ទជាមួយលោក ក្នុងពេលកើតហេតុនោះ បានឮលោក វ៉ាន់ឆាឡឺម ស្រែកថា លោកមិនអាចដកដង្ហើមបានទេ ហើយទូរស័ព្ទក៏ត្រូវកាត់ផ្ដាច់ទៅ។ យុវនិស្សិត វ៉ាន់ឆាឡឺម ជាអ្នករិះគន់ឥតសំចៃមាត់ទៅលើនយោបាយដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងធ្លាប់ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រថៃ តាំងពីឆ្នាំ២០១៤។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស APHR ធ្លាប់បានជំរុញឲ្យអាជ្ញាធរកម្ពុជាបើកការស៊ើបអង្កេតជាបន្ទាន់ ករណីចាប់ពង្រត់សកម្មជននយោបាយក្រុមអាវក្រហមថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalerm Satsaksit) នៅក្រុងភ្នំពេញ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជំរុញឲ្យអាជ្ញាធរកម្ពុជា បើកការស៊ើបអង្កេតភ្លាមៗ ករណីចាប់ពង្រត់ លោក វ៉ាន់ឆាឡឺម នេះ។ មន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា អ្នកស្រី អេមីលី ហ្សីប៊ឺក (Emily Zeeberg) ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិក នៅថ្ងៃទី៩ មិថុនា ថាសហរដ្ឋអាមេរិក តែងលើកទឹកចិត្តឲ្យរដ្ឋាភិបាលបរទេស រួមទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃផង ធានាឲ្យបាន ចំពោះសេរីភាពនៃការបញ្ចេញមតិ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងសេរីភាពជាមូលដ្ឋានដទៃទៀត ស្របតាមកាតព្វកិច្ច អន្តរជាតិ និងការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងនេះ។
ដោយឡែក ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា APHR នៅថ្ងៃទី៩ មិថុនា ក៏អំពាវនាវឲ្យអាជ្ញាធរកម្ពុជា និងថៃ បើកការស៊ើបអង្កេតករណីមួយនេះដែរ និងត្រូវធានាសុវត្ថិភាពរបស់សកម្មជនថៃរូបនេះជាបន្ទាន់។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា លោក ឆាយ គឹមឃឿន ពុំមានប្រតិកម្មទៅនឹងការជំរុញឲ្យអាជ្ញាធរកម្ពុជាបើកការស៊ើបអង្កេតករណីនេះទេ តែលោកបដិសេធ ចំពោះការចោទប្រកាន់ដែលថា អាជ្ញាធរកម្ពុជាជាប់ពាក់ព័ន្ធនឹងករណីចាប់ពង្រត់សកម្មជន នយោបាយថៃរូបនេះ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ផ្អែកតាមឯកសារស្រាវជ្រាវ លោក ឆាឡឺមស័ក្តិ នេះបានបាត់ខ្លួនពីកម្ពុជាតាំងពីឆ្នាំ២០១៧។ លោកបន្តថា អាជ្ញាធរកម្ពុជាក៏កំពុងតែខិតខំរកសាក្សី រកភស្តុតាងពាក់ព័ន្ធនឹងព័ត៌មានទាំងនេះ។
ករណីចាប់ពង្រត់សកម្មជនអាវក្រហមថៃរូបនេះ កើតមានឡើងពីរថ្ងៃ ក្រោយពេលដែលលោកបានបង្ហោះវីដេអូរិះគន់រដ្ឋាភិបាលថៃ នៅលើទំព័រហ្វេសប៊ុករបស់លោក។ អាជ្ញាធរថៃកាលពីខែមិថុនា ឆ្នាំ២០១៨ បានចេញដីកា តាមចាប់ខ្លួនលោក វ៉ាន់ឆាឡឺម ពីបទល្មើសព័ត៌មានវិទ្យា ដោយសារតែលោកបានប្រើ ទំព័រហ្វេសប៊ុក ធ្វើជាមធ្យោបាយរិះគន់រដ្ឋាភិបាលថៃ។ ក្រោយករណីចាប់ពង្រត់នេះ ទាំងរដ្ឋាភិបាលកម្ពុជា និងស្ថានទូតថៃប្រចាំក្រុងភ្នំពេញ និយាយថា ពួកគេពុំមានព័ត៌មានអំពីលោក វ៉ាន់ឆាឡឺម នោះទេ។ ទន្ទឹមគ្នានេះ ពលរដ្ឋថៃប្រមាណ ១០០នាក់ បាននាំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅទីក្រុងបាងកក កាលពីថ្ងៃទី៨ មិថុនា ទាមទារឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតករណីបាត់ខ្លួននេះ ដោយ តាមចាប់ខ្លួនជនល្មើស និងធានាសុវត្ថិភាពដល់លោក វ៉ាន់ឆាតឡឺម។ ក្រុមអ្នកតវ៉ាជនជាតិថៃទាំងនោះ ក៏បានចោទប្រកាន់រដ្ឋអំណាចថៃថា ជាអ្នកនៅពីក្រោយការរៀបចំ ករណីចាប់ពង្រត់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។