នាយករដ្ឋមន្ត្រីថៃ ជំរុញកម្ពុជាឱ្យឆាប់ដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោក និងការជួញដូរគ្រឿងញៀនឆ្លងដែន
2024.10.10
ស្របពេលដែលបញ្ហាឧក្រិដ្ឋកម្ម និងការជួញដូរគ្រឿងញៀនឆ្លងដែន ក្លាយជាកង្វល់សម្រាប់ប្រទេសក្នុងតំបន់អាស៊ី នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ បានលើកបញ្ហានេះ ទៅពិភាក្សាក្នុងកិច្ចប្រជុំអាស៊ានឆ្នាំ២០២៤ ដោយជំរុញឱ្យកម្ពុជា ទប់ស្កាត់ និងដោះស្រាយបញ្ហាទាំងនេះ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនអាចធ្វើទៅបាន លុះត្រាតែប្រទេសទាំងពីរសហការគ្នា ខណៈកម្ពុជាត្រូវពង្រឹងបន្ថែមលើប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជន។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នារដ្ឋធានីវៀងចន្ទន៍ (Vientiane) ប្រទេសឡាវ (Lao) កាលពីថ្ងៃទី៩ ខែតុលា នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បីពន្លឿនការដោះស្រាយបញ្ហាការឆបោកប្រាក់តាមអ៊ីនធើរ៍ណិត ការជួញដូរមនុស្ស និងគ្រឿងញៀនឆ្លងដែន នៃប្រទេសទាំង២។
គេហទំព័ររបស់រដ្ឋាភិបាលថៃបានចុះផ្សាយថា អ្នកស្រី ផែថងថាន បានលើកឡើងអំពីបញ្ហានេះ ចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពប្រទេសទាំង២ ដោយផ្ដោតលើការអភិវឌ្ឍន៍តំបន់ព្រំដែន និងបញ្ហាអសន្តិសុខ ដែលកំពុងគំរាមដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋថៃ បណ្ដាលមកពីអំពីឆបោកតាមប្រព័ន្ធអ៊ីនធើរ៍ណិត (Call center)។
ភាគីថៃ បានស្នើទៅរដ្ឋាភិបាលកម្ពុជា ឱ្យពង្រឹងលើកិច្ចសហប្រតិបត្តិការក្រុមការងាររួម រវាងភ្នាក់ងារប៉ូលិសថៃ និងកម្ពុជា ក្នុងការជួយជនរងគ្រោះពីករណីការជួញដូរមនុស្ស និងឆបោកតាមអ៊ីនធើរ៍ណិត ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីកម្ចាត់បណ្ដាញឧក្រិដ្ឋកម្មទាំងមូល។ ចំណែកការជួញដូរគ្រឿងញៀន ថ្នាក់ដឹកនាំកម្ពុជា និងថៃ បានព្រមព្រៀងគ្នាក្នុងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ និងពង្រឹងអភិបាលខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ ឱ្យបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងការជួញដូរគ្រឿងញៀនក្នុងតំបន់ច្រកចេញចូល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃបែបនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរថៃ បានបង្ក្រាបករណីឆបោកតាមប្រព័ន្ធអ៊ីនធើរ៍ណិត ដើម្បីជំរិតទារប្រាក់ និងបោកបញ្ឆោតពលរដ្ឋថៃឱ្យទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញជាបន្តបន្ទាប់ ដែលអាជ្ញាធរថៃ អះអាងថា មេខ្លោងនៅពីក្រោយករណីមានខ្សែបណ្ដាញនៅក្នុងប្រទេសកម្ពុជា។
ជាក់ស្ដែង កាលពីថ្ងៃទី២៣ ខែកញ្ញា អាជ្ញាធរកម្ពុជា បានបញ្ជូនខ្លួនជនជាតិថៃ ២៤នាក់ នៅរាជធានីភ្នំពេញ ទៅឱ្យអាជ្ញាធរថៃ បន្ទាប់ពីពួកគេបានចូលរួមក្នុងក្រុមឆបោកតាមអនឡាញជាមួយជនជាតិចិន ដើម្បីបោកប្រាស់ពលរដ្ឋថៃ។ ក្នុងចំណោមជនជាតិថៃទាំង ២៤នាក់នោះ មានស្ត្រី ២នាក់ ជាជនសង្ស័យ ដែលរត់គេចពីដីកាចាប់ខ្លួនរបស់តុលាការថៃ ចំណែក ២២នាក់ផ្សេងទៀត អាជ្ញាធរថៃរកឃើញថា ពួកគេមិនមែនជាជនរងគ្រោះ ដោយសារការបង្ខំឱ្យចូលធ្វើការឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១០ ខែតុលា។
ជុំវិញរឿងនេះ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសក៍នៃអង្គការសង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា សង្កេតឃើញថា មន្ត្រីអាជ្ញាធរថៃ តែងធ្វើអន្តរាគមន៍ឆាប់រហ័ស នៅពេលមានករណីឧក្រិដ្ឋកម្ម និងការជួញដូរគ្រឿងញៀន ជាពិសេស ប្រសិនបើករណីនោះជាប់ពាក់ព័ន្ធនឹងជនជាតិថៃ។ លោក ឌី ថេហូយ៉ា ចង់ឃើញអាជ្ញាធរកម្ពុជា បង្កើនការរឹតបន្តឹងវិធានបង្ក្រាបឧក្រិដ្ឋជនទាំងការឆបោក ជួញដូរមនុស្ស និងជួញដូរគ្រឿងញៀន ដោយចាក់ជ្រៅឱ្យដល់មេខ្លោងក្រុមឧក្រិដ្ឋជន ដើម្បីធានាពីប្រសិទ្ធភាពនៃការលុបបំបាត់នូវបទល្មើសទាំងនេះ។
លោក ឌី ថេហូយ៉ា៖ «យើងក៏បានដឹង យើងក៏បានឮ អំពីការតាំងចិត្តការប្រឹងប្រែងតាមរយៈធ្វើគោលនយោបាយ តាមរយៈកិច្ចប្រជុំថ្នាក់ជាតិ ថ្នាក់អន្តរជាតិ ពាក់ព័ន្ធនឹងការបោសសម្អាត កម្ចាត់នូវឧក្រិដ្ឋឆ្លងដែន ការជួញដូរមនុស្ស ការឆបោកតាមប្រព័ន្ធអនឡាញក្ដី។ ក៏ប៉ុន្តែ ជាការអនុវត្តដែលធានាបាននូវប្រសិទ្ធភាពនឹង យើងមើលឃើញថា វានៅមានកម្រិតនៅឡើយ វាមិនទាន់បានឆ្លើយតបនឹងបញ្ហា ដែលកើតឡើង ដូចអ្វីដែលជាការលើកឡើងរបស់អង្គការ ដែលធ្វើការលើវិស័យហ្នឹង ជាពិសេស តាមរបាយការណ៍របស់អង្គការសហប្រជាជាតិកន្លងមកហ្នឹង»។
យ៉ាងណាក៏ដោយចុះ ក្នុងកិច្ចពិភាក្សារវាងអគ្គស្នងការនគរបាលជាតិកម្ពុជា និងថៃ លើកិច្ចសហប្រតិបត្តិការ ប្រឆាំងនឹងការឆបោកតាមអ៊ីនធើរ៍ណិត កាលពីខែកក្កដា ភាគីថៃបានរកឃើញថា ជនឆបោកតាមអ៊ីនធើរ៍ណិត (Call Center) ដែលបានធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋថៃ បានប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីលាក់ខ្លួន និងធ្វើជាមូលដ្ឋាន ដែលមានលក្ខណៈជាបណ្ដាញ ដើម្បីប្រព្រឹត្តិបទល្មើស។ ទន្ទឹមគ្នានេះ អាជ្ញាធរថៃ បានស្នើសុំកិច្ចសហការពីអាជ្ញាធរកម្ពុជា ក្នុងការបញ្ជូនជនជាតិថៃ ជាង ១០០នាក់ ដែលមានដីកាចាប់ខ្លួន ក្នុងសំណុំរឿងឆបោកលើបណ្ដាញអ៊ីនធើរ៍ណិត យកទៅកាត់ទោសនៅប្រទេសថៃ។
របាយការណ៍ថ្មីមួយ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចាត់ថ្នាក់កម្ពុជានៅលំដាប់ទី៣ បន្ទាប់ពីរកឃើញថា កម្ពុជាគ្មានឆន្ទៈស្រាវជ្រាវតាមដាន វែកមុខ និងផ្ដន្ទាទោសឧក្រិដ្ឋជនទុច្ចរិត និងខ្វះប្រព័ន្ធបង្ការបទល្មើស។ ក្នុងរបាយការណ៍នោះ បានលាតត្រដាងអំពើពុករលួយរបស់មន្ត្រីក្នុងស្ថាប័នរដ្ឋ ទាក់ទិននឹងការបញ្ជូនជនរងគ្រោះទៅប្រទេសកំណើតវិញ តាមរយៈការយកលុយក្រោមតុជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។