អាជ្ញាធរកម្ពុជាស្វាគមន៍សាច់ញាតិរបស់លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalerm Satsaksit) ដែលនឹងធ្វើដំណើរមកកម្ពុជានៅសប្ដាហ៍ក្រោយនេះ ដើម្បីត្រៀមចូលរួមក្នុងដំណើរការនីតិវិធីតុលាការ។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សអន្តរជាតិយល់ថា អាជ្ញាធរកម្ពុជាគ្មានបំណងចង់ស៊ើបអង្កេតរឿងក្តីចាប់ពង្រត់សកម្មជននយោបាយថៃរូបនេះឡើយ។
មន្ត្រីជាន់ខ្ពស់នគរបាលជាតិអះអាងថា អាជ្ញាធរកម្ពុជាកំពុងរង់ចាំភស្តុតាងពីសាច់ញាតិលោក វ៉ាន់ឆាឡឺម ដើម្បីបន្តស៊ើបអង្កេតករណីចាប់ពង្រត់សកម្មជននយោបាយថៃរូបនេះ។
អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីនៅថ្ងៃទី៣ វិច្ឆិកាថា ការស៊ើបអង្កេតរបស់សមត្ថកិច្ចកម្ពុជា មិនមានការជឿនលឿនទេ ដោយសារគ្មានតម្រុយស៊ើបអង្កេតបន្តទៀត។ លោកស្វាគមន៍វត្តមានរបស់សាច់ញាតិលោក វ៉ាន់ឆាឡឺម ក្នុងដំណើរការនីតិវិធីតុលាការ ដោយរំពឹងថា នឹងមានភស្តុតាងថ្មីជំនួយដល់ការស៊ើបអង្កេតរបស់សមត្ថកិច្ច៖« វាជារឿងត្រឹមត្រូវ ហើយយើងរង់ចាំសហការជាមួយគាត់ ប្រសិនបើព្រះរាជអាជ្ញា ឬអយ្យការគាត់បានភស្តុតាង បានឯកសារអ្វី ដើម្បីធ្វើជាមូលដ្ឋានយើងស្រាវជ្រាវបន្ត យើងរីករាយនឹងកិច្ចសហការ។ ដោយឡែក លទ្ធផលកន្លងមក យើងអត់ទាន់មានអ្វីថ្មីទេ យើងបាត់ដានត្រឹមហ្នឹង។ សមត្ថកិច្ចកម្ពុជានៅតែខំរាវដែរ តែគ្រាន់ថា យើងអត់មានមូលដ្ឋានច្បាស់លាស់ » ។
ការលើកឡើងរបស់លោក ឆាយ គឹមខឿននេះ ដោយសារតែបងស្រីបង្កើតរបស់ លោក វ៉ាន់ឆាឡឺម លោកស្រី ស៊ីថាណាន សាតស័ក្តិសិទ្ធិ (Sitanan Satsaksit) និងមេធាវីជនជាតិថៃ ៣នាក់ នឹងធ្វើដំណើរទៅកម្ពុជានៅថ្ងៃទី១០ វិច្ឆិកា ដើម្បីត្រៀមខ្លួនក្នុងការចូលឆ្លើយបំភ្លឺនៅតុលាការកម្ពុជា នៅថ្ងៃទី១០ ខែធ្នូខាងមុខ។ លោកស្រីប្រាប់វិទ្យុមួយដោយលោកស្រីរំពឹងថា សក្ខីកម្មរបស់លោកស្រីនឹងជំរុញឱ្យមានការស៊ើបអង្កេតពេញលេញចំពោះការបាត់ខ្លួនប្អូនប្រុសលោកស្រីនៅរាជធានីភ្នំពេញ កាលពីដើមខែមិថុនាកន្លងទៅ។ លោកស្រីនៅតែចោទប្រកាន់ថា គឺរដ្ឋអំណាចថៃជាអ្នកនៅពីក្រោយខ្នងករណីបាត់ខ្លួនលោក វ៉ាន់ឆាឡឺម ទោះជារដ្ឋាភិបាលថៃច្រានចោលករណីនេះយ៉ាងណាក្តី។ លោកស្រីសង្កត់ធ្ងន់ថា យុត្តិធម៌ត្រូវតែមាន ប៉ុន្តែលោកស្រីមិនដឹងថា តើអាជ្ញាធរកម្ពុជាមានឆន្ទៈស៊ើបអង្កេតរឿងនេះដល់កម្រិតណានោះទេ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង ដើម្បីសាកសួររឿងនេះបានទេ នៅថ្ងៃទី០៣ វិច្ឆិកា ដោយលោកមិនលើកទូរស័ព្ទ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍ថា ជារឿងល្អដែលសាច់ញាតិរបស់លោក វ៉ាន់ឆាឡឺម ធ្វើដំណើរទៅកម្ពុជាជាមួយក្រុមមេធាវីថៃ ដើម្បីដាក់សម្ពាធលើអាជ្ញាធរកម្ពុជា ឱ្យធ្វើកិច្ចការរបស់ខ្លួន។ ទោះជាយ៉ាងណា លោកជឿថា អាជ្ញាធរកម្ពុជានឹងមិនធ្វើអ្វីច្រើនឡើយ ព្រោះពួកគេគ្មានឆន្ទៈស៊ើបអង្កេតរឿងនេះតាំងពីដំបូងមកម្ល៉េះ៖ « ការស៊ើបអង្កេតកន្លងទៅ គ្មានអ្វីច្បាស់លាស់អាចយកជាការបានទេ ព្រោះរដ្ឋាភិបាលកម្ពុជាខ្វះឆន្ទៈនយោបាយ ដើម្បីទម្លាយពីហេតុការណ៍ដែលបានកើតឡើង។ វាច្បាស់ណាស់ថា រដ្ឋាភិបាលកម្ពុជាកំពុងរកលេសនេះ ឬលេសនោះ ដើម្បីមិនស៊ើបអង្កេតរឿងនេះ។ ពួកគេព្យាយាមអូសបន្លាយពេលវេលា ដោយលើកឡើងថា នៅរង់ចាំព័ត៌មានពីរដ្ឋាភិបាលថៃ ហើយឥឡូវនេះពួកគេបែរជាថា នៅរង់ចាំបងស្រីរបស់ វ៉ាន់ឆាឡឺម យកភស្តុតាងមកបង្ហាញ។ នេះជារឿងគួរឱ្យអស់សំណើចមែនទែន ព្រោះរដ្ឋាភិបាលកម្ពុជាមានសមត្ថភាពពេញលេញក្នុងការស៊ើបអង្កេតហេតុការណ៍ដែលបានកើតឡើង។ ការដែលរដ្ឋាភិបាលកម្ពុជានិយាយថា មិនអាចស៊ើបអង្កេតរកការពិតឃើញនោះ នាំឱ្យគ្រប់គ្នាគិតថា រដ្ឋាភិបាលកម្ពុជាបានសមគំនិតគ្នាជាមួយក្រុមអ្នកចាប់ពង្រត់លោក វ៉ាន់ឆាឡឺម » ។
លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalerm Satsaksit) អាយុ ៣៧ឆ្នាំ គឺជាសកម្មជននយោបាយប្រឆាំង ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមអាវក្រហមគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra)។ លោកបានភៀសខ្លួនមកកម្ពុជា នៅក្រោយរដ្ឋប្រហារយោធាក្នុងប្រទេសថៃ កាលពីខែឧសភា ឆ្នាំ២០១៤។ លោកបានបន្តសកម្មភាពនយោបាយយ៉ាងសកម្មអំឡុងពេលនិរទេសខ្លួននេះ ដោយជាញឹកញាប់លោកបញ្ចេញមតិរិះគន់រដ្ឋាភិបាលថៃឥតសំចៃមាត់តាមបណ្ដាញសង្គម។ វីដេអូចុងក្រោយរបស់លោកដែលរិះគន់ការដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូឆា (Prayut Chan-o-cha) ត្រូវបានបង្ហោះនៅថ្ងៃទី៣ ខែមិថុនា ពោលគឺមួយថ្ងៃមុនពេលលោកត្រូវបានចាប់ពង្រត់។
កាមេរ៉ាសុវត្ថិភាព និងសាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា ជនប្រដាប់អាវុធមួយក្រុមបានចាប់ក្រៀកលោក វ៉ាន់ឆាឡឺម រុញបញ្ចូលក្នុងឡានពណ៌ខ្មៅ ពេលលោកកំពុងដើរតាមផ្លូវទៅទិញម្ហូបអាហារ នៅមុខកន្លែងស្នាក់នៅរបស់លោក ក្នុងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានទទូចដល់អាជ្ញាធរកម្ពុជា ឱ្យស៊ើបអង្កេតរឿងនេះដោយឯករាជ្យ និងគ្មានការពន្យារពេល ដើម្បីសុវត្ថិភាពរបស់សកម្មជននយោបាយថៃរូបនេះ។
ទោះជាយ៉ាងណា អាជ្ញាធរកម្ពុជាអះអាងថា លោក វ៉ាន់ឆាឡឺម មិនមានឈ្មោះក្នុងបញ្ជីជនបរទេសដែលស្នាក់នៅកម្ពុជា តាំងពីឆ្នាំ២០១៧ មកម៉្លេះ។ អាជ្ញាធរកម្ពុជាក៏បានបដិសេធថា ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងករណីចាប់ពង្រត់នេះឡើយ ហើយការស៊ើបអង្កេតនៅតែបន្ត រហូតមកដល់ពេលនេះ។
អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន គូសបញ្ជាក់ថា ករណីចាប់ពង្រត់លោក វ៉ាន់ឆាឡឺម កំពុងបំផ្លាញមុខមាត់កម្ពុជាយ៉ាងខ្លាំង។ លោកថា ករណីនេះបង្ហាញថា កម្ពុជាមិនមែនកន្លែងមានសុវត្ថិភាពសម្រាប់ជនភៀសខ្លួនឡើយ ហើយកម្ពុជាកំពុងរំលោភលើសន្ធិសញ្ញាអន្តរជាតិទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្សដែលកម្ពុជាបានទទួលស្គាល់យកមកអនុវត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
