អង្គការ​ឃ្លាំមើល​ពិភពលោក៖ គ្រួសារ​លោក ហ៊ុន សែន មិន​ខ្វល់​ពី​របាយការណ៍​ខ្លួន

ដោយ សាន សែល
2016-09-03
Share
សែស្រឡាយ​ត្រកូល​ហ៊ុន ២០១៦ ៨៥៥ គំនូរ​បង្ហាញ​សែស្រឡាយ​ត្រកូល "ហ៊ុន" របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness)។ Photo/Global Witness
Photo/Global Witness

អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា «យើង​មិន​ខ្វល់​ទេ យើង​នៅ​តែ​ក្ដោបក្ដាប់​អំណាច​ដដែល» ដែល​ជា​ការ​បកស្រាយ​វាយ​តម្លៃ​លើ​រូបថត​ជល់​កែវ​គ្នា​របស់​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

អង្គការ គ្លបល វីនេស សរសេរ​នៅ​គេហទំព័រ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ថា ជិត​ពីរ​ខែ​ក្រោយ​របាយការណ៍​របស់​ខ្លួន​ស្ដីពី «ការ​ក្ដោបក្ដាប់​សេដ្ឋកិច្ច​កម្ពុជា​របស់​ត្រកូល​ហ៊ុន» តាម​រយៈ​រំលោភ​ច្បាប់ និង​សិទ្ធិមនុស្ស គេ​នៅ​មិន​ឃើញ​មាន​ការ​ស៊ើបអង្កេត​ណា​មួយ​ពី​ស្ថាប័នរដ្ឋ​ឡើយ។

តាម​រយៈ​រូបថត​របស់​គ្រួសារ​ត្រកូល «ហ៊ុន» ជល់​កែវ​គ្នា​យ៉ាង​សប្បាយ បង្ហោះ​នៅ​លើ​ហ្វេសប៊ុក (Facebook) អង្គការ គ្លបល វីនេស ធ្វើ​អត្ថាធិប្បាយ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គ្រួសារ មិន​ភ័យ​ព្រួយ​អំពី​របាយការណ៍​ស៊ើប​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ស្ដីពី​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​កម្ពុជា តាម​វិធី​មិន​ស្រប​ច្បាប់​របស់​ត្រកូល «ហ៊ុន» ឡើយ។

កាល​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៦ អង្គការ​ឃ្លាំមើល​ពិភពលោក បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​មួយ​ជីក​កកាយ​បង្ហាញ​ពី​ការ​ប្រើប្រាស់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ក្ដោបក្ដាប់​សេដ្ឋកិច្ច​កម្ពុជា តម្លៃ​វាល់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ភ្លាមៗ សារព័ត៌មាន​ជាតិ អន្តរជាតិ​នានា បាន​ឧទ្ទិស​ទំព័រ​មុខ និង​ម៉ោង​ផ្សាយ​សំខាន់ៗ ផ្សព្វផ្សាយ​ពី​ការ​រក​ឃើញ​នេះ។ សំណើ​សុំ​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​តម្លាភាព​លើ​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​សាច់ញាតិ​នាយករដ្ឋមន្ត្រី ត្រូវ​បាន​គេ​ទាមទារ​ដើម្បី​ឆ្លើយតប​នឹង​ការ​រក​ឃើញ​ថ្មី​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក​មួយ​នេះ។

អត្ថបទ​ដដែល​បន្ត​ថា របាយការណ៍​កម្រាស់​ជិត ៦០​ទំព័រ​នោះ លាត​ត្រដាង​ភស្តុតាង​បែប​វិទ្យាសាស្ត្រ​ស្ដីពី​ព័ត៌មាន​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ដាក់​ការសង្ស័យ​ជា​យូរ​មក​ហើយ​ពី​ការ​កាន់​កាប់​ជំនួញ​ស្ទើរ​តែ​គ្រប់​មុខ​នៅ​កម្ពុជា របស់​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន»។

អ្វី​ដែល​របាយការណ៍​នេះ​បាន​រក​ឃើញ គឺ​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» ជា​ម្ចាស់ ឬ​មាន​ភាគហ៊ុន​​ជា​ច្រើន​ដែល​មាន​ដើម​ទុន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម តម្លៃ​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្នុង​នោះ​មាន​ក្រុមហ៊ុន​បរទេស​ម៉ាក​យីហោ​ល្បីៗ​ដូចជា Apple, Unilever, Visa, Nestle, Honda, និង Nokia ជាដើម រួម​ទាំង​ក្រុមហ៊ុន ១១៤​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស។ អង្គការ គ្លបល វីនេស អះអាង​ថា ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» មាន​ភាគហ៊ុន​ច្រើន​ជាង​នេះ តែ​មិន​បាន​ប្រកាស​ឲ្យ​ដឹង​ដោយ​ប្រើ​ឈ្មោះ​អ្នក​ផ្សេង ឬ​ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន​ផ្សេងៗ ដើម្បី​គេច​ពី​ការ​តាម​ដាន​របស់​សាធារណជន។ អង្គការ គ្លបល វីនេស រក​ឃើញ​ថា ក្រុមហ៊ុន​ខ្លះ​កំពុង​រំលោភ​សិទ្ធិមនុស្ស និង​រំលោភ​ច្បាប់​ដោយ​អាង​អំណាច​របស់​នាយករដ្ឋមន្ត្រី​បុរស​ខ្លាំង​នៅ​កម្ពុជា។

អង្គការ គ្លបល វីនេស និង​សារព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ពី​ការ​រក​ឃើញ​នេះ ត្រូវ​បាន​កូនៗ​របស់​លោក​នាយករដ្ឋមន្ត្រី និង​អ្នក​ហែហម ចោទ​ប្រកាន់​បាន​ចូលរួម​បង្ខូច​កេរ្តិ៍ឈ្មោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន»។

កូនស្រី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា បាន​បង្ហោះ​រូប​អ្នកស្រី​ឈរ​ឲ្យ​មេ​ដៃ​លើ​ហ្វេសប៊ុក ដោយ​ហៅ​របាយការណ៍​នេះ​ថា ជា​ការ​ភូតភរ​របស់​អង្គការ គ្លបល វីនេស ហើយ​បាន​ចោទ​សារព័ត៌មាន​ដែល​ផ្សាយ​រឿង​នេះ​ក្នុង​ថ្ងៃ​តែ​មួយ​ស្រប​ពេល​ការ​ចេញ​ផ្សាយ​របាយការណ៍​របស់ គ្លបល វីនេស បាន​ចូលរួម​សហការ​គ្នា​ប្រឌិត​រឿង។

ការ​ស៊ើប​អង្កេត​របស់ គ្លបល វីនេស បង្ហាញ​ថា កូនស្រី​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី គី​អ្នកស្រី ហ៊ុន ម៉ាណា កាន់​កាប់​ជំនួញ​ធំ​ជាង​គេ​ក្នុង​ចំណោម​សមាជិក​គ្រួសារ​ដែល​មាន​ជំនួញ ២២​ក្រុមហ៊ុន ឬ​តម្លៃ ៦៦​លាន​ដុល្លារ។

លោក​នាយករដ្ឋមន្ត្រី​ផ្ទាល់ ក៏​បាន​ចែក​រំលែក​បន្ត​សារ​របស់​កូនៗ​លោក លើ​ទំព័រ​ហ្វេសប៊ុក របស់​លោក ដោយ​ហៅ​ការ​ទិតៀន​របាយការណ៍​របស់​អង្គការ គ្លបល វីនេស និង​សារព័ត៌មាន​ជា​ការ​បញ្ចេញ​សមត្ថភាព​របស់​កូន​លោក។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​សកម្ម​លើ​ហ្វេសប៊ុក ក៏​បាន​បង្ហោះ​រូបភាព​លោក និង​កូន​ប្រុស កូនស្រី លើក​កែវ​ជល់​គ្នា​ក្នុង​បន្ទប់​ការិយាល័យ​របស់​លោក។

តាម​រយៈ​រូបថត​ទាំង​នេះ លោក ផាទ្រីក អាលី (Patrick Alley) សហ​ស្ថាបនិក​អង្គការ គ្លបល វីនេស វាយ​តម្លៃ​សារ​ក្នុង​រូបភាព​នេះ​ថា ក្រុម​គ្រួសារ​លោក ហ៊ុន សែន មិន​ខ្វល់ មិន​ឈឺក្បាល​នឹង​របាយការណ៍​នេះ​ទេ សំខាន់​ក្រុម​លោក «នៅ​កំពុង​ក្ដោបក្ដាប់​អំណាច​ដដែល»។

ជិត​ពីរ​ខែ ទាំង​ការ​ស៊ើប​អង្កេត​លើ​របាយការណ៍​ស្ដីពី​ការ​រក​ស៊ី​មិន​ប្រក្រតី​របស់​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» ទាំង​ការ​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ​ល្បី​ឈ្មោះ មិន​ទាន់​លេច​ចេញ​ជា​លទ្ធផល​ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ពេញ​ចិត្ត​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​នៅ​ក្នុង​អត្ថបទ​ចេញ​ផ្សាយ​ថ្ងៃ​ទី​៣១ ខែ​សីហា អង្គការ គ្លបល វីនេស បញ្ជាក់​ថា បណ្ឌិត កែម ឡី មិន​ជាប់​ទាក់ទង​នឹង​ការ​ធ្វើ​របាយការណ៍​នេះ​ទេ។

នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ ចំពោះ​ការ​ដែល​រដ្ឋាភិបាល​កម្ពុជា មិន​បើក​ការ​ស៊ើប​អង្កេត​ករណី​ពាក់ព័ន្ធ​នឹង​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​អ្នក​មាន​អំណាច និង​មាន​ឥទ្ធិពល​នៅ​កម្ពុជា​នោះ។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ «ឯកសារ​ប៉ាណាម៉ា (Panama Papers)»  ចេញ​ផ្សាយ​បង្ហាញ​ពី​ប្រព័ន្ធ​ទិន្នន័យ​ឈ្មោះ​បណ្ដា​ក្រុមហ៊ុន និង​បុគ្គល​នានា ដែល​ជាប់​ទាក់ទង​នឹង​រឿង​អាស្រូវ​លាង​លុយ​កខ្វក់ និង​គេច​មិន​បង់​ពន្ធ។ "ឯកសារ​ប៉ាណាម៉ា" ក៏​មាន​បញ្ជាក់​ឈ្មោះ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា និង​មន្ត្រី​កម្ពុជា ផ្សេង​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ក្រុមហ៊ុន​នៅ​បរទេស ដើម្បី​គេច​មិន​បង់​ពន្ធ និង​លាង​លុយ​កខ្វក់។ បើ​ទោះ​ជា​មាន​ការ​ទទូច​ពី​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​អោយ​មាន​ការ​ស៊ើប​អង្កេត​យ៉ាង​ណា ក៏​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មិន​បាន​បើក​ស៊ើបអង្កេត​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល