ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បានចូលរួមតាមដានសវនាការកាត់ក្តីសំណុំរឿងលោក កឹម សុខា ជាលើកដំបូងបង្អស់ នៅព្រឹកថ្ងៃទី១២ មីនា នេះ។ ក្រោយចេញពីសវនាការ មន្ត្រីការទូតដ៏មានបទពិសោធន៍រូបនេះ បានចេញមុខច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋានរបស់អាជ្ញាធរកម្ពុជាដែលថា សហរដ្ឋអាមេរិកមានពាក់ព័ន្ធក្នុងគម្រោងការរបស់លោក កឹម សុខា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកមិនពេញចិត្តឡើយចំពោះការប្រឌិតរឿងថា សហរដ្ឋអាមេរិកបានឃុបឃិតជាមួយលោក កឹម សុខា ក្នុងសកម្មភាពដែលអាជ្ញាធរចោទថា ជាការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។ លោកបញ្ជាក់ថា ជំនួយរបស់សហរដ្ឋអាមេរិកមានតម្លាភាព និងត្រូវបានផ្ដល់ឱ្យគ្រប់គណបក្សនយោបាយ ក្នុងនោះក៏រួមមានទាំងគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ផងដែរ៖« យើងមានការរំខានចិត្តដែលខាងព្រះរាជអាជ្ញាលើកឡើងនូវរឿងប្រឌិតអំពីសហរដ្ឋអាមេរិកទាក់ទងនឹងការឃុបឃិតជាមួយលោក កឹម សុខា។ ជាការពិតនោះគឺថា ក្នុងពេលប៉ុន្មានទសវត្សរ៍មកនេះ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយប្រមាណ ៣ពាន់លានដុល្លារដល់កម្ពុជា ក្នុងនោះរួមទាំងជំនួយប្រកបដោយតម្លាភាព ដើម្បីពង្រឹងស្ថាប័ន និងគណបក្សនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ កម្មវិធីរបស់យើង គឺសម្រាប់គ្រប់គណបក្សនយោបាយទាំងអស់ ដោយរួមមានទាំងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច និងស្ថាប័នជាច្រើនទៀតរបស់រដ្ឋាភិបាលផងដែរ » ។
ចាប់តាំងពីចូលកាន់តំណែងផ្លូវការជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាកាលពីខែតុលា ឆ្នាំ២០១៩ មក នេះគឺជាលើកទីមួយហើយដែល លោក ប៉ាទ្រីក ម័រហ្វី បានបញ្ចេញសារដាស់តឿន និងឆ្លើយតបចំពោះការចោទប្រកាន់របស់ក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ដែលជាញឹកញាប់ត្រូវមន្ត្រីក្រោមបង្គាប់នាំគ្នាស្រែកបន្ទរតាមគ្នាថា សហរដ្ឋអាមេរិកគឺជាអ្នកនៅពីក្រោយខ្នងលោក កឹម សុខា ក្នុងផែនការបដិវត្តន៍ពណ៌។
លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) គូសបញ្ជាក់ទៀតថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានកេរ្តិ៍ឈ្មោះដែលសមនឹងទទួលបាននៅទូទាំងពិភពលោកថា ជាជើងឯកខាងសិទ្ធិមនុស្ស និងសេរីភាព។ លោកអះអាងថា សហរដ្ឋអាមេរិកចង់ឃើញលោក កឹម សុខា ទទួលបានសិទ្ធិធ្វើនយោបាយពេញលេញឡើងវិញ ហើយក៏សង្ឃឹមដែរថា ពលរដ្ឋខ្មែរទាំងអស់អាចចូលរួមនៅក្នុងដំណើរការនយោបាយបាន។
ទោះជាយ៉ាងណា មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានប្រកាសទុកជាមុនហើយថា លោក កឹម សុខា ត្រូវតែមានទោស ព្រោះមេបក្សប្រឆាំងរូបនេះដឹកនាំការតវ៉ាឱ្យមានការផ្លាស់ប្ដូររដ្ឋាភិបាលនៅក្រោយការបោះឆ្នោត។ ជាពិសេស លោកបានទម្លាក់កំហុសរឿងហិង្សានៅផ្លូវ វេង ស្រេង ទៅលើក្រុមមេបក្សប្រឆាំង បើទោះបីជាសាក្សីនៅកន្លែងកើតហេតុបានឃើញកងកម្លាំងចម្រុះរដ្ឋាភិបាលគឺជាអ្នកបានប្រើហិង្សាបង្ក្រាបទៅលើបាតុករអហិង្សាមុន និងបន្ទាប់មកបានបាញ់ទៅលើពលរដ្ឋបណ្ដាលឱ្យស្លាប់នៅគ្រានោះក៏ដោយចុះ៖«អាមុនបោះឆ្នោតអាឯងឃោសនាដូរមិនដូរ ហ្អែងឃោសនាត្រូវហើយ ដូរមិនដូរ ដូរហ្នឹងមុនបោះឆ្នោត។ តែបោះឆ្នោតរួចហើយហ្អែងមកទារដូរ អាហ្នឹងស្អី ? ។ ផែនការដែលផ្ដួលរំលំចុងក្រោយ ដែលថ្ងៃផ្ដាច់ព្រ័ត្រទី២៩ ខែធ្នូ ឆ្នាំ២០១៣ អាហ្នឹងជាស្អី ? ដែលជាចុងបំផុត នាំដល់មនុស្សស្លាប់នឹងរបួសនៅផ្លូវ វេង ស្រេង អាហ្នឹងជាស្អី ? ។ គិតមិនឱ្យគេកាត់ទោស ឬស្អី ត្រូវតែកាត់ ហើយម្ដងនេះ មិនមែនគុកត្រពាំងផ្លុងទេ ប្រាប់ឱ្យហើយ គឺកន្លែងផ្សេង។ តែសាលក្រមចេញគ្រឹបហើយ គឺដាក់ហើយ គ្មានទៅទុកទេ » ។
ការប្រកាសបែបនេះរបស់លោក ហ៊ុន សែន ត្រូវបានអ្នកច្បាប់ និងអ្នកការពារសិទ្ធិមនុស្សចាត់ទុកថា ជាទង្វើខុសច្បាប់ និងជាការរំលោភបំពានដល់ឯករាជ្យនៃអំណាចតុលាការ ដែលធ្វើឱ្យចៅក្រមភ័យខ្លាច មិនហ៊ានកាត់សេចក្ដីតាមវិជ្ជាជីវៈឡើយ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី អះអាងថា សហរដ្ឋអាមេរិកកំពុងតាមដានសវនាការសំណុំរឿងលោក កឹម សុខា យ៉ាងដិតដល់។ លោកសង្កត់ធ្ងន់លើដំណើរការក្ដីនេះថា គឺជាបច្ច័យយ៉ាងសំខាន់សម្រាប់នីតិរដ្ឋ ភាពត្រឹមត្រូវតាមច្បាប់ ហើយនិងទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា។ ជាមួយគ្នានេះ លោកក៏បដិសេធការចោទប្រកាន់របស់រដ្ឋាភិបាលដែលថា សហរដ្ឋអាមេរិកមានបំណងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែរ៖ « សហរដ្ឋអាមេរិកមិនដែលចង់ជ្រៀតជ្រែកអភិបាលកិច្ចរបស់កម្ពុជានោះទេ ហើយយើងគោរពយ៉ាងពេញលេញចំពោះឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា។ ក៏ប៉ុន្តែ ទន្ទឹមនឹងនេះ យើងគាំទ្រសេរីភាពបញ្ចេញមតិ សង្គមស៊ីវិលដែលមានភាពសកម្ម និងការអត់ឱនដល់ទស្សនៈប្រឆាំង ដែលជាធាតុផ្សំដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យនៅគ្រប់ទីកន្លែងលើពិភពលោក » ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា សហរដ្ឋអាមេរិកចាំបាច់ត្រូវតែតាមដានករណីលោក កឹម សុខា និងថ្លែងការណ៍អំពីជំហររបស់ខ្លួន ពីព្រោះរដ្ឋាភិបាលកម្ពុជាបានចោទអាមេរិកថា ជាអ្នកនៅពីក្រោយខ្នងលោក កឹម សុខា។ លោកថា ដោយសារតែការចោទប្រកាន់បែបនេះហើយ ទើបបានជាទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់មានភាពល្អក់កករមកដល់ពេលនេះ។ លោកបន្ថែមថា ប្រសាសន៍របស់លោក ប៉ាទ្រីក ម័រហ្វី សបញ្ជាក់ឱ្យឃើញថា សហរដ្ឋអាមេរិកគ្មានជំនឿលើភស្តុតាងដែលអាជ្ញាធរកម្ពុជាយកមកប្រើដើម្បីចោទប្រកាន់លោក កឹម សុខា និងចោទអាមេរិកថា មានជាប់ពាក់ព័ន្ធក្នុងរឿងនេះ៖ « សហរដ្ឋអាមេរិកមានតំណាងរបស់គេតាមដានរហូត ដូច្នេះដល់ពេលវេលាមួយដែលគេត្រូវធ្វើសេចក្ដីថ្លែងការណ៍ដើម្បីបញ្ជាក់អំពីភាពមិនពាក់ព័ន្ធ ហើយនិងមិនជំពាក់ជំពិននៅក្នុងរឿងសមគំនិតនេះទេ។ គេចង់បង្ហាញអំពីសុឆន្ទៈនៅក្នុងការកសាងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកហ្នឹងឱ្យមកមានប្រសើរហើយ » ។
លោក ឯម សុវណ្ណរ៉ា ពន្យល់ថា សហរដ្ឋអាមេរិក គឺជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ ដូច្នេះប្រទេសមហាអំណាចមួយនេះ មានសិទ្ធិជំរុញឱ្យរដ្ឋាភិបាលកម្ពុជា អនុវត្តកាតព្វកិច្ចរបស់ខ្លួនស្របតាមកិច្ចព្រមព្រៀង និងបទដ្ឋានអន្តរជាតិទាំងឡាយដែលកម្ពុជាបានទទួលស្គាល់។
ជុំវិញការចោទប្រកាន់លើលោក កឹម សុខា នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានពិនិត្យឃើញថា ករណីនេះជារឿងនយោបាយសុទ្ធសាធ។ អង្គការអន្តរជាតិមួយនេះ ជំរុញឱ្យប្រទេសម្ចាស់ជំនួយ និងដៃគូពាណិជ្ជកម្មជាមួយកម្ពុជា ដាក់សម្ពាធឱ្យរបបក្រុងភ្នំពេញដោះលែងលោក កឹម សុខា និងផ្ដល់សិទ្ធិសេរីភាពដល់មេបក្សប្រឆាំងរូបនេះវិញដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។