អាជ្ញាធរខេត្តកណ្ដាលថា វៀតណាមរុះរើតង់២៦កន្លែងនៅជាប់ព្រំដែនខេត្តកណ្ដាល

អាជ្ញាធរខេត្តកណ្ដាលឲ្យដឹងថា វៀតណាម បានរុះរើតង់ចំនួន២៦កន្លែងអស់ហើយ ដែលបានបោះទីតាំងនៅជាប់ព្រំដែនខេត្តកណ្ដាល គិតត្រឹមរសៀលថ្ងៃទី២៥ ខែវិច្ឆិកា។
អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ មានប្រសាសន៍ប្រាប់អាស៊ីសេរី នៅថ្ងៃទី២៥ ខែវិច្ឆិកាថា ការរុះរើតង់ទាំងនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការសន្ទនាតាមប្រព័ន្ធវីដេអូ រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ង្វៀង សួនហ្វុក (Nguyen Suon Phok) នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។ លោកបន្តថា អាជ្ញាធរកម្ពុជា រួមទាំងរូបលោកផង បានចុះទៅត្រួតពិនិត្យមើលការរុះរើតង់ទាំងនោះ៖ «មកដល់ម៉ោងនេះ ខាងភាគីវៀតណាម ខេត្តអាងយ៉ាង បានរុះរើអស់ហើយ មានតង់ជាប់ដី និងតង់សង់ខ្ពស់ពីដី ប្រក់ស័ង្កសីទាំងអស់២៦តង់ ចាប់ពីព្រឹករហូតដល់ឥឡូវនេះ។ យើងបានទៅពិនិត្យមើល ហើយកងកម្លាំងរបស់យើង នៅតាមព្រំដែនមានប៉ូលិស យោធា អភិបាលស្រុកជាដើម បានទៅមើលនិងថតរូបទៀតផង»។
កាលពីចុងខែកក្កដាកន្លងទៅ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរី ថា វៀតណាមបានបោះតង់ចំនួន ២៨៧កន្លែង នៅតំបន់ដែលមិនទាន់ឯកភាពបោះបង្គោលព្រំដែនក្នុងខេត្តកណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង កំពត ត្បូងឃ្មុំ រតនគិរី និងខេត្តមណ្ឌលគិរី។
អាស៊ីសេរី នៅមិនទាន់អាចសុំការបញ្ជាក់បន្ថែម ពីអភិបាលខេត្តមួយចំនួនទៀត នៅជាប់ព្រំដែនវៀតណាមបាននៅឡើយទេ ជុំវិញករណីវៀតណាម បោះតង់នៅតាមព្រំដែន ហើយកន្លែងខ្លះ បានប្រែក្លាយជាសំណង់រឹងមាំ។ ដូចនេះ ការរើរុះតង់ទាំង២៦កន្លែងនេះ គឺនៅខេត្តកណ្តាលមួយតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។