តុលាការ​សម្រេច​ឃុំខ្លួន​លោក សួង សុភ័ណ្ឌ និង​យុវជន​ខ្មែរ​ថាវរៈ​ពីរ​នាក់ ក្នុង​ពន្ធនាគារ

ដោយ ហេង រស្មី
2020-08-15
Share
ហ៊ុន វណ្ណៈ ឈឿន ដារ៉ាវី សួង សុភ័ណ្ឌ (ពី​ឆ្វេង) សមាជិក​យុវជន​ខ្មែរ​ថាវរៈ​ លោក ហ៊ុន វណ្ណៈ កញ្ញា ឈឿន ដារ៉ាវី និង​ប្រធានគណបក្ស​ខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ។
Photo courtesy

តុលាការ​ក្រុង​ភ្នំពេញ សាកសួរ​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ ពេញ​មួយថ្ងៃ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា បន្ទាប់ពី​លោក​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម និង​ចូលរួម​តវ៉ា​ជាមួយ​ក្រុម​យុវជន​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន។ ចំណែក​យុវជន​ខ្មែរ​ថាវរៈ​ពីរ​រូប ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំខ្លួន​មុន​នេះ​មួយ​ថ្ងៃ ខណៈ​យុវជន ៤​នាក់​ទៀត ត្រូវ​បាន​ដោះលែង​វិញ។ អ្នក​សិក្សា​ផ្នែក​ច្បាប់ និង​យុវជន ចាត់​ទុក​ការ​ចាប់ខ្លួន​នេះ​ថា ជា​ការ​បំពាន​គោលការណ៍​ច្បាប់ និង​គោលការណ៍​សិទ្ធិ​មនុស្ស ព្រមទាំង​ទាមទារ​ឲ្យ​ដោះលែង​ពួកគេ​ជាបន្ទាន់។

សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​លោក សួង សុភ័ណ្ឌ ពី​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ និង​បង្ក​អសន្តិសុខ​ដល់​សង្គមជាតិ ហើយ​បញ្ជូន​លោក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស នៅ​ល្ងាច​ថ្ងៃ​ទី១៥ សីហា។

គណបក្ស​ខ្មែរ​ឈ្នះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ថ្កោលទោស​ចំពោះ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ស្ថាប័ន​តុលាការ​ដែល​បាន​ចាប់ខ្លួន និង​ចោទ​ប្រកាន់​លោក សួង សុភ័ណ្ឌ ទាំង​បំពាន​ច្បាប់ និង​ទាមទារ​ឲ្យ​ទម្លាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​ប្រធាន​គណបក្ស​របស់​ពួកគេ​ជាបន្ទាន់​។ គណបក្ស​ខ្មែរ​ឈ្នះ អះអាង​ថា លោក សួង សុភ័ណ្ឌ មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ទេ ពោល​គឺ​លោក​គ្រាន់តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល សើរើ​ការ​បោះបង្គោល​ព្រំដែន​ឡើងវិញ​តាម​ការ​ទាមទារ​របស់​ពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ផ្ទាល់ និង​គ្រាន់តែ​បង្ហាញ​ទិដ្ឋភាព​ច្បាប់​ចំពោះ​ការដោះដូរ​ដី​ប៉ុណ្ណោះ។

អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​ឈ្នះ លោក យិន ឈឿន លើកឡើង​ថា ការ​ចាប់​ខ្លួន​មេ​បក្ស​ខ្មែរ​ឈ្នះ​នេះ គឺជា​ចេតនា​នយោបាយ ដើម្បី​បំបិទ​សំឡេង​អ្នក​នយោបាយ​ប្រឆាំង ដែល​តែង​ឈឺឆ្អាល​បញ្ហា​ជាតិ និង​ប្រជាពលរដ្ឋ​។ លោក​បន្ត​ថា គណបក្ស​នឹង​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ និង​ស្ថានទូត​បរទេស​នានា ដើម្បី​ជំរុញ​ឲ្យ​មានការ​ដោះលែង លោក សួង សុភ័ណ្ឌ ឡើង​វិញ៖ «ទី​១ ការ​ចាប់ខ្លួន​លោក សួង សុភ័ណ្ឌ ក៏ដោយ លោក រ៉ុង ឈុន ក៏ដោយ អត់​មាន​ផ្តល់​ផល​ចំណេញ​អី​សោះ​មកដល់​ស្រុក​ខ្មែរ ទី​២ បើ​អត់​មាន​ចាប់ខ្លួន ក៏​អត់​មាន​ខាត​អី​ដែរ ហើយ​ទី​៣ ការ​ចាប់ខ្លួន​នេះ គឺ​ខាត់​ទាំងស្រុង​ហ្មង​ដូចជា​បង្ហាញ​ពី​ភាព​ខ្សោយ​របស់​យើង​ជាមួយ​បរទេស​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន ហើយ​ចំណុច​ខាត​មួយទៀត​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​កាន់តែ​សង្ស័យ​រដ្ឋាភិបាល​ខ្លាំង​ឡើងៗ ព្រោះ​ដោយសារ​និយាយ​រឿង​ព្រំដែន ដឹង​តែ​ចាប់​ខ្លួន អ៊ីចឹង​តិច​មាន អី​លាក់បាំង​រឿង​ព្រំដែន​ដ​ទៅ​?»

មុន​ការ​ចាប់ខ្លួន​នេះ លោក សួង សុភ័ណ្ឌ បាន​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​ចន្លោះ​លេខ​១១៤ ដល់​១១៨ ស្ថិតនៅ​ភូមិ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ដូច​ការ​រក​ឃើញ​របស់​លោក រ៉ុង ឈុន ដែរ ។ លើស​ពី​នេះ លោក សួង សុភ័ណ្ឌ ថែមទាំង​បាន​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​ក្រុម​យុវជន ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ជា​បន្តបន្ទាប់​ទៀត​ផង។

ពាក់ព័ន្ធ​នឹង​ករណី​អាជ្ញាធរ​ក្រុងភ្នំពេញ បង្ក្រាប​ដោយ​ហិង្សា និង​ចាប់ខ្លួន​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៦​នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី១៣ ខែ​សីហា នោះ​វិញ យុវជន​២​នាក់ គឺ លោក ហ៊ុន វណ្ណៈ និង​យុវតី ឈឿន ដារ៉ាវី ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ព្រលប់ ថ្ងៃ​ទី១៤ ខែ​សីហា ក្រោម​បទចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ដូចគ្នា​នឹង​បទ​ចោទ​លើ​លោក សួង សុភ័ណ្ឌ ដែរ។ ចំណែក​យុវជន ៤​នាក់​ទៀត ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឲ្យ​ចុះ​កិច្ច​សន្យា​ឈប់​ចូលរួម​តវ៉ា ឈប់​បញ្ចេញមតិ​រឿង​សង្គម និង​នយោបាយ​លើ​ហ្វេសប៊ុក (Facebook) និង​ឈប់​ផ្តល់​ព័ត៌មាន​ឲ្យ​អ្នក​សារព័ត៌មាន​ជាដើម មុននឹង​ដោះលែង​ពួកគេ​វិញ​នៅ​ព្រលប់​ថ្ងៃ​ទី១៤ សីហា។ យុវជន​ទាំង ៤​នាក់ ដែល​ត្រូវ​បាន​ដោះ លែង​នោះ រួមមាន​៖ កញ្ញា យ៉ង សៀងហៃ កញ្ញា ជា គន្ធីន លោក ថា ឡាវី និង​លោក ស្វាយ សំណាង។

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ថ្លែង​ថា ការ​ឲ្យ​យុវជន​ចុះ​កិច្ចសន្យា មុន​ដោះលែង​នោះ គឺ​ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​សកម្ម​ដដែលៗ​ម្តង​ទៀត ហើយ​មិនមែន​ជា​ការ​បង្ខិតបង្ខំ​នោះ​ទេ។ លោក​ទទួល​ស្គាល់​ថា ពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​សេរីភាព​ជាច្រើន ប៉ុន្តែ​ការ​តវ៉ា​តាម​ទី​សាធារណៈ គឺ​តម្រូវ​ឲ្យ​សុំច្បាប់​អនុញ្ញាត​ជាមុន​សិន៖ «ករណី​ទាមទារ​ដើម្បី​បង្ក​ជា​បញ្ហា​ផ្សេងៗ​ក្នុង​ការ​ដោះលែង​លោក រ៉ុង ឈុន គឺ​វា​ទាក់ទង​ដូចជា​ការបំពាន​ទៅ​លើ​ច្បាប់ ព្រោះ​ច្បាប់​បាន​ចោទប្រកាន់​ទៅលើ​គាត់​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នោះ»

ទោះ​យ៉ាង​ណា សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ កញ្ញា យ៉ង សៀងហៃ លើកឡើង​ថា ទង្វើ​របស់​អាជ្ញាធរ គឺជា​ការ​ប្រើ​អំណាច​ហួសហេតុ​ដោយ​គំរាមកំហែង និង​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​របស់​ក្រុម​យុវជន និង​ក្នុង​បំណង​បំបាក់​ស្មារតី​យុវជន។ យុវតី​រូប​នេះ អះអាង​ថា នាង​និង​យុវជន​ខ្មែរ​ថាវរៈ​ដទៃ​ទៀត នៅ​តែ​មាន​ឆន្ទៈ និង​ជំហរ​រឹងមាំ​ក្នុង​ការ​តស៊ូ​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន និង​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​ទាំងពីរ​នាក់ រួម​ទាំង​អ្នកស្នេហាជាតិ​មួយ​ចំនួន​ទៀត៖ «ខ្ញុំ​ជា​យុវជន ក៏ដូចជា​យុវជន​ខ្មែរ​ថាវរៈ និង​យុវជន​ដទៃ​ទៀត គឺ​គោលជំហរ​នៅ​តែ​មាន ទោះជា​ពេលនេះ បង​ដារ៉ាវី និង​បង​វណ្ណៈ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​យ៉ាង​អយុត្តិធម៌ ប៉ុន្តែ​សម្រាប់​ពួក​ខ្ញុំ គឺ​អត់​ខ្លាច​ទេ និង​អត់​រាថយ​ទេ ព្រោះ​អី​ដែល​អាជ្ញាធរ​ធ្វើ​នេះ គឺ​រំលោភ​សិទ្ធិ​ពលរដ្ឋ យ៉ាង​ពេញ​ទំហឹង»

អ្នក​សិក្សា​ផ្នែក​ច្បាប់ យុវជន វ៉ន ចាន់ឡូត លើកឡើង​ថា វិធានការ​របស់​រដ្ឋាភិបាល​នេះ​គឺ​មាន​ចេតនា​បំបិទ​សំឡេង​អ្នក​ដែល​ឈឺឆ្អាល​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ព្រោះ​ករណី​ព្រំដែន​នេះ គឺជា​ចំណុចខ្សោយ​ដ៏​ធំ​មួយ​របស់​រដ្ឋាភិបាល និង​ទប់ស្កាត់​កុំ​ឲ្យ​មាន​សកម្មភាព​តវ៉ា​ពាក់ព័ន្ធ​នឹង​រឿង​បាត់បង់​EBA ចំនួន​២០​ភាគរយ ។ លោក​សង្កេត​ឃើញ​ថា ក្រុម​យុវជន​បាន​ព្យាយាម​តវ៉ា​ដោយ​សន្តិវិធី​បំផុត ដើម្បី​ចៀសវាង​ការចោទប្រកាន់​និង​ការ​លាប​ពណ៌​ផ្សេងៗ ប៉ុន្តែ​អាជ្ញាធរ នៅតែ​ប្រើ​ច្បាប់​ជា​ឧបករណ៍​ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​ពួកគេ​ទៅវិញ​។ លោក​បារម្ភ​ថា ទង្វើ​របស់​អាជ្ញាធរ​បែបនេះ នឹង​មិន​អាច​រក្សា​ស្ថិរភាព​សង្គម​បាន​យូរ​អង្វែង​នោះ​ទេ៖ «តាមពិត​គ្មាន​ច្បាប់​ណា​ចែង​មិន​ឲ្យ​ពលរដ្ឋ​ចូលរួម នៅ​ក្នុង​ការ ឈឺឆ្អាល​រឿង​សង្គម រឿង​បូរណភាព​ទឹកដី ឬ​រឿង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ គឺ​អត់​មាន​ច្បាប់​ណា​ចែង​ទេ ហើយ​ការ​ចេញទៅ​តវ៉ា​ទាមទារ គឺជា​ការប្រើប្រាស់​សិទ្ធិ​ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ ក៏​ដូចជា ច្បាប់​អន្តរជាតិ ហើយ​សូម្បីតែ​ក្នុង​គោលនយោបាយ​ខ្លួនឯង ក៏​មាន​ចែង​ដែរ»

ចំណែក​អ្នកវិភាគ​នយោបាយ និង​ជា​អ្នក​ជំនាញ​ផ្នែក​ច្បាប់ គឺ​បណ្ឌិត ឡៅ ម៉ុងហៃ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ការ​អនុវត្ត​ច្បាប់ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​នៅ​មាន​លក្ខណៈ​កុម្មុយនិស្ត​ច្រើន ដែល​មិន​អាច​ការពារ​សិទ្ធិ​សេរីភាព​ដូច​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល