មេធាវី​បន្ត​ប្ដឹង​ទៅ​តុលាការ​កំពូល​ប្រឆាំង​ដីកា​មិន​ព្រម​ដោះលែង លោក រ៉ុង ឈុន

ដោយ ហេង រស្មី
2020-08-29
Share
រ៉ុង ឈុន 072120 លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជួប​ពលរដ្ឋ​នៅ​ចំណុច​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

មេធាវី​ការពារ​ក្ដី​ឱ្យ លោក រ៉ុង ឈុន សម្រេច​ប្ដឹង​សាទុក្ខ​ជំទាស់​ការសម្រេច​របស់​សាលាឧទ្ធរណ៍​ដែល​បន្ត​ឃុំខ្លួន​លោក រ៉ុង ឈុន ទៅ​តុលាការ​កំពូល​។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា តុលាការ​គួរ​ដោះលែង ឬ​ទម្លាក់​បទ​ចោទ​លើ​លោក រ៉ុង ឈុន ដោយ​សង្កេត​ឃើញ​ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន កន្លង​មក​មិន​ត្រឹមត្រូវ​តាមច្បាប់ និង​នីតិវិធី​នោះ​ទេ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក រ៉ុង ឈុន គឺ​លោក ជូង ជូងី ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២៩ ខែ​សីហា ថា ការ​ប្ដឹង​សាទុក្ខ​នេះ មាន​ពីរ​ករណី គឺ​ប្រឆាំង​ដីកា​មិន​ព្រម​ដោះលែង លោក រ៉ុង ឈុន និង​ប្រឆាំង​ដីកា​ឃុំ​ខ្លូន​។ លោក​បន្ត​ថា ពេលនេះ​តុលាការ​កំពូល​បាន​ទទួល​ពាក្យ​ប្ដឹង​របស់​មេធាវី​រួចហើយ ប៉ុន្តែ​មិនទាន់​កំណត់​ថ្ងៃ​បើក​សវនាការ​នៅ​ឡើយ​ទេ៖ «សមត្ថកិច្ច​ចាប់ខ្លួន​គាត់ (លោក រ៉ុង ឈុន​) ខុស​នីតិវិធី ចៅក្រម​ផ្អែក​ស៊ើបសួរ​ផ្អែកលើ​ការ​ចាប់​ខ្លួន​នោះ​ចេញ​ដីកា​ឃុំខ្លួន​រឿង​ក៏​បំពាន​ច្បាប់​ខុស​នីតិវិធី​ដែរ​។ ករណី​ទី​២ យើង​សុំ​ឱ្យ​ដោះលែង​ក្រៅ​ឃុំ​វិញ យើង​ផ្អែកលើ​គាត់​មានការ​ការងារ​ត្រឹម​ត្រូវ​មាន​ទីលំនៅ​គាត់​មិន​គេច​ខ្លួន​ទៅ​ទេ គាត់​នឹង​សហការ​​ជាមួយ​សមត្ថកិច្ច​ជានិច្ច នៅ​ពេល​សមត្ថកិច្ច​កោះហៅ​គាត់​ពេលណា​គាត់​ចូល​បំភ្លឺ​ពេល​ហ្នឹង»

លោក ជូង ជូងី ទាមទារ​ឱ្យ​តុលាការ​កំពូល​ត្រូវ​ជម្រះក្ដី​ដោយ​ហ៊ាន​វិនិច្ឆ័យ​តាមច្បាប់ និង​តាម​វិជ្ជាជីវៈ​របស់​ខ្លួន​។ លោក​បន្ត​ថា ករណី​សមត្ថកិច្ច​ចាប់ខ្លួន​លោក រ៉ុង ឈុន ​​គឺ​បំពាន​នីតិវិធី ប៉ុន្តែ សាលាដំបូង​ក្រុងភ្នំពេញ និង សាលាឧទ្ធរណ៍​ភ្នំពេញ បែរជា​សម្រេច​ថា ចំណាត់​របស់​សមត្ថកិច្ច​ដែល​ចាប់ខ្លួន​ក្ដី​របស់​លោក​ទាំង​យប់​នោះ​ថា​ត្រឹមត្រូវ​ទៅវិញ៖ «ទាមទារ​ឱ្យ​ចៅក្រម​បំពេញ​តួនាទី​របស់​ខ្លួន​នៅ​តុលាការ​តាម​វិជ្ជាជីវៈ​ខុស​ថា ខុស ត្រូវ​ថា​ត្រូវ ជៀសវាង​លុះ​អគតិ​ទាំង​បួន​បំពាន​ច្បាប់​កាយ​កប់​ត្រឡប់​ជាន់​បាំង​ខុស នៅតែ​ការពារ​ថា​ត្រូវ​ហ្នឹង​យុត្តិធម៌​ក្រឡាប់​ចាក់​ហើយ»

រីឯ​ទាក់ទង​រឿង​សុខភាព លោក រ៉ុង ឈុន វិញ លោក​មេធាវី ជួង ជូ​ងី ឱ្យ​ដឹង​ទៀត​ថា លោក រ៉ុង ឈុន មាន​សុខភាព​ល្អ​ធម្មតា។

កាល​ពី​នៅ​ថ្ងៃ​ទី​២៦ សីហា សាលាឧទ្ធរណ៍​មិន​អនុញ្ញាត​ឱ្យ​លោក រ៉ុង ឈុន បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ​ទេ ដោយ​តម្កល់​ការសម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ទុក​ជា​បាន​ការ ក្រោម​ហេតុផល​ថា ដើម្បី​បញ្ចប់​បទល្មើស និង​កុំ​ឱ្យ​មាន​បទល្មើស​កើតឡើង​ជាថ្មី។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា សង្កេត​ឃើញ​ថា សំណុំរឿង​លោក រ៉ុង ឈុន គឺ​ចាប់​តាំង​ពី​ការ​ចាប់ខ្លួន​មក គឺជា​ការ​ធ្វើតាម​ទំនើងចិត្ត​របស់​សមត្ថកិច្ច។ លោក​ជំរុញ​ទៅ​តុលាការ គួរ​ទម្លាក់​ចោល​ការចោទប្រកាន់ ឬ​អនុញ្ញាត​ឱ្យ​លោក រ៉ុង ឈុន អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន៖ «ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ឱ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ»

អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន សិទ្ធិមនុស្ស សិទ្ធិ​ការងារ លោក រ៉ុង ឈុន ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​៣១ កក្កដា​ពី​បទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ ការ​ចាប់ខ្លួន​នេះ បន្ទាប់ពី​លោក​បាន​និយាយ​ថា អាជ្ញាធរ​វៀតណាម​រំលោភ​យក​ដី​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ​។ ក្រោយ​ការ​ចាប់ខ្លួន​នេះ យុវជន អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ រិះគន់​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន។

សហព័ន្ធ​សហជីព​ពាណិជ្ជកម្ម​អន្តរជាតិ (ITUC) ដែល​តំណាង​ឱ្យ​កម្មករ​ជាង​២០០ លាន​នាក់ ទូទាំង​ពិភពលោក​នេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក រ៉ុន ឈុន ដោយ​លើកឡើង​ថា អ្វី​ដែល​លោក រ៉ុង ឈុន លើកឡើង​កន្លង​ដែល​នាំឱ្យ​មានការ​ចាប់ខ្លួន​នោះ ជា​សិទ្ធិ​សេរីភាព​​​បញ្ចេញមតិ​ដែល​ត្រូវ​បាន​ដោយ​ធានា​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​កម្ពុជា​។ រីឯ សាច់ញាតិ សកម្មជន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ដែល​គាំទ្រ​លោក រ៉ុង ឈុន ក៏​កំពុង​ធ្វើ​យុទ្ធនាការ​បង្ហោះ​សារ អាវ​រូបលោក រ៉ុង ឈុន ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​លោក រ៉ុង ឈុន ដែរ។

ចំណែក ក្រុម​យុវជន​មួយ​ចំនួន​ទៀត ដែល​សកម្មភាព​នឹង​ការងារ​សង្គម ក៏​ប្រកាស​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី ទាមទារ​រក​យុត្តិធម៍ ជូន​លោក រ៉ុង ឈុន និង​មនុស្ស​ចំនួន ទៀត​ដែល​ត្រូវ​ចាប់ខ្លួន​ក្នុង​ពេល​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​លោក រ៉ុង ឈុន​។ បាតុកម្ម​ដោយ​សន្តិវិធី នោះ ក្រុម​យុវជន​គ្រោង​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃ​ច័ន្ទ​ទី​០៧ ដល់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ខាងមុខ។

សាច់ញាតិ និង​ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន នាំ​គ្នា​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក នៅ​មុខ​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ២០២០។
សាច់ញាតិ និង​ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន នាំ​គ្នា​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក នៅ​មុខ​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

អ្នក​ផ្ដួចផ្ដើម​ការ​ទាមទារ​នេះ និង​ជា​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ កញ្ញា សូ មេត្តា ឱ្យ​អាស៊ីសេរី​ដឹង​ថា ពេលនេះ​មាន​យុវជន និង​ពលរដ្ឋ​ផ្សេងទៀត យល់ព្រម​ចូលរួម​ក្នុង​ការ​ទាមទារ​នេះ​។ កញ្ញា​អះអាង​ថា ទោះ​មានការ​ព្រមាន​បង្ក្រាប​ពី​សាលាក្រុង​ភ្នំពេញ​ក្ដី ក៏​ក្រុម​កញ្ញា​នៅតែ​ព្យាយាម​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​នេះ ដដែល៖ «សូម​ផ្ដា​ផ្ញើ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស និង​ទូទាំង​ពិភពលោក​មក​ចូលរួម​សម្ដែង​មិន​ថា មក​ដោយ​ផ្ទាល់ ឬ​នៅ​តាម​គេហដ្ឋាន​យើង​តស៊ូ​មតិ​ទាំងអស់​គ្នា»

រីឯ​ក្មួយប្រុស​លោក រ៉ុង ឈុន គឺ​លោក រ៉ុង វិជ្ជា ឱ្យដឹង​ថា ក្នុងនាម​ជា​សាច់ញាតិ លោក នៅតែ​ធ្វើ​ការ​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង លោក រ៉ុង ឈុន ដដែល​។ ក្រៅពី​ការ​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​តាម​អន​ឡាញ លោក​ក៏​គ្រោង​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងៗ និង​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ករណី​នេះ​ផង​ដែរ៕

លោក រ៉ុង ឈុន កាល​ពី​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ២០២០ និង​​លោក ភុន យុទ្ធ ជា​ជន​ពិការ​ពេល​ទាមទារ​អាជ្ញាធរ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ពី​ការ​ឃុំឃាំង​ នៅ​ភ្នំពេញ​ថ្ងៃ​ទី២៤ ខែសីហា ឆ្នាំ២០២០។
លោក រ៉ុង ឈុន កាល​ពី​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ២០២០ និង​​លោក ភុន យុទ្ធ ជា​ជន​ពិការ​ពេល​ទាមទារ​អាជ្ញាធរ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ពី​ការ​ឃុំឃាំង​ នៅ​ភ្នំពេញ​ថ្ងៃ​ទី២៤ ខែសីហា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល