ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅតែបង្ហាញវត្តមាននៅតាមបណ្ដាខេត្តមួយចំនួន ដោយមានទាំងជួបពលរដ្ឋ ដាំដើមឈើ លែងត្រីជាដើម នៅក្នុងសប្ដាហ៍នេះ។ តំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់ដែលស្និទ្ធនឹងលោក កឹម សុខា មួយចំនួនបានបង្ហោះរូបថតជាច្រើនអំពីសកម្មភាពលោក កឹម សុខា ក្នុងនោះរួមមាន លោក កឹម សុខា ឈរហូបបាយក្នុងចំការកៅស៊ូ ជួបពលរដ្ឋអ្នកលក់ដូរតាមផ្លូវ ការយកទេយ្យទានប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា និងការដាំកូនដើមក្រញូងនៅខេត្តព្រៃវែង និងខេត្តកំពង់ចាមជាដើម។ ក្នុងនោះក៏ឃើញមានសហការីរបស់រួមមេធាវីការពារក្ដី និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ និងអង្គរក្សលោក កឹម សុខា ជាដើម។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺបន្ថែមពីមេធាវីលោក កឹម សុខា គឺ លោកមេធាវី លោក ចាន់ ចេន និងអ្នកស្រី ម៉េង សុធារី នៅថ្ងៃទី៣០ ខែសីហា ប៉ុន្តែទូរស័ព្ទហៅចូលជាច្រើនដងគ្មានអ្នកទទួល។
កាលពីអំឡុងខែកក្កដា លោក កឹម សុខា បានធ្វើដំណើរទៅតាមខេត្តមួយចំនួនសួរសុខទុក្ខអតីតសហការីរបស់លោក ទៅកន្លែងសក្ការមួយចំនួនធ្វើពិធីបួងសួងសុំក្ដីសុខ ដើរមើលប្រាសាទបុរាណ ហើយលោកក៏បានជជែកសំណេះសំណាលជាមួយពលរដ្ឋផងដែរ។ ប៉ុន្តែទន្ទឹមគ្នានោះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ចៅក្រម កូយ សៅ បានចេញលិខិតមួយ ព្រមានថា សកម្មភាពមួយចំនួនរបស់លោក កឹម សុខា ដែល ចុះជួបសំណេះសំណាលជាមួយពលរដ្ឋ ក៏ដូចជាការប្រមូលផ្ដុំជួបជុំអ្នកគាំទ្ររបស់ខ្លួនក្រោមរូបភាពផ្សេងៗ អាចឈានទៅបំពានកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ។
ទោះយ៉ាងណាមន្ត្រីខុទ្ទកាល័យលោក កឹម សុខា គឺលោក មុត ចន្ថា បានសរសេរលើហ្វេសប៊ុកលោកកាលពីថ្ងៃទី២៩ សីហា ថា ទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ទោះបីតិច ឬច្រើនក្តី ដើម្បីជាប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ ក្រៅពីការទទួលជួបជាមួយអ្នកការទូត តំណាងប្រទេសសំខាន់ៗ លោក កឹម សុខា តែងតែមានសកម្មភាពចូលរួមតាមលទ្ធភាព ស្របច្បាប់ដែលអាចធ្វើបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។