ស្ថាន​ទូត​អាមេរិក​មិន​ឆ្លើយ​ឆ្លង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​រឿង​ប្រសាសន៍​​លោក ប៉ាទ្រីក ម័រហ្វី ជុំ​វិញ​សំណុំ​រឿង​លោក កឹម សុខា

ដោយ ខែ សុណង
2020-03-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ថ្លែង​ចំពោះ​អ្នក​កាសែត​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ២០២០។
លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ថ្លែង​ចំពោះ​អ្នក​កាសែត​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា មិន​ឆ្លើយ​ឆ្លង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា រឿង​ប្រសាសន៍​របស់​លោក​ ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជុំវិញ​ដំណើរ​ការ​សវនាការ​សំណុំ​រឿង​លោក កឹម សុខា នោះ​ឡើយ។ អ្នក​វិភាគ​យល់​ថា សហរដ្ឋ​អាមេរិក​ជា​ប្រទេស​​ចាស់ទុំ​ខាង​កិច្ច​​ការ​ការ​ទូត​ ដូច្នេះ​ទើប​មិន​ចង់​ឆ្លងឆ្លើយ​ជាមួយ​រដ្ឋាភិបាល។

ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​ក្រុង​ភ្នំពេញ មិន​ឆ្លើយ​តប​ចំពោះ​សេចក្ដី​ថ្លែង​ការណ៍​ទាំងឡាយ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ឡើយ បើ​ទោះជា​ក្រសួង​បាន​​ប្រើ​ពាក្យ​សម្ដី​ធ្ងន់ៗ​ លើ​លោក ប៉ាទ្រីក ម័រហ្វី យ៉ាង​ណា​ក្ដី។

អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អ្នក​ស្រី អេមីលី ហ្ស៊ីប៊ឺគ (Emily Zeeberg) ប្រាប់​អាស៊ី​សេរី​តាម​អ៊ីមែល​ដោយ​ខ្លី​ថា សេចក្ដី​ថ្លែង​ការណ៍​​របស់​ឯក​អគ្គ​រដ្ឋ​ទូត​ លោក ប៉ាទ្រីក ម័រហ្វី ជុំ​វិញ​ដំណើរការ​ក្ដី​លោក កឹម សុខា នោះ មាន​ភាព​ច្បាស់​លាស់​អស់​ហើយ និង​​មិន​មាន​អ្វី​ត្រូវ​បក​ស្រាយ​បន្ថែម​នោះ​ទេ។

ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ពេល​លោក​ចូល​ស្ដាប់​សវនាការ​រឿង​ក្ដី​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃទី១២ មីនា​ថា ដំណើរការ​ក្តី​នេះ​នឹង​ប៉ះពាល់​ខ្លាំង​ដល់​​នីតិរដ្ឋ និង​​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ព្រម​ទាំង​ប៉ះពាល់​ដល់​​​ទំនាក់​ទំនង​រវាង​​កម្ពុជា និង​សហរដ្ឋ​អាមេរិក ​ ព្រម​ទាំង​ប្រទេស​ដទៃ​ទៀត​ផង​ដែរ។ លោក​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​ចង់​ឃើញ​លោក កឹម សុខា ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ពេញលេញ​ឡើងវិញ ហើយ​សហរដ្ឋ​អាមេរិក​ក៏​សង្ឃឹម​ថា ពលរដ្ឋ​ខ្មែរ​ទាំង​អស់​អាច​ចូល​រួម​បាន​​នៅ​ក្នុង​ដំណើរ​ការ​នយោបាយ។ មន្ត្រី​ការ​ទូត​អាមេរិក​រូប​នេះ ក៏​បាន​សម្ដែង​ការ​​​មិន​ពេញ​​ចិត្ត​ផង​ដែរ ​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា ជា​ការ​​ការ​ប្រឌិត​រឿង​ចោទ​សហរដ្ឋ​អាមេរិក​ថា ​បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា ក្នុង​សកម្មភាព​ដែល​អាជ្ញាធរ​ហៅ​ថា ជា​ការ​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល «យើង​មាន​ការ​រំខាន​ចិត្ត​ដែល​ខាង​ព្រះរាជអាជ្ញា​លើក​ឡើង​នូវ​រឿង​ប្រឌិត​អំពី​សហរដ្ឋ​អាមេរិក​ទាក់ទង​នឹង​ការ​ឃុបឃិត​ជាមួយ​លោក កឹម សុខា។ ជា​ការ​ពិត​នោះ​គឺ​ថា ក្នុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ​ប្រមាណ ៣ ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា ក្នុង​នោះ​​រួម​ទាំង​ជំនួយ​ប្រកប​ដោយ​តម្លាភាព ដើម្បី​ពង្រឹង​ស្ថាប័ន និង​គណបក្ស​នយោបាយ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា។ កម្មវិធី​របស់​យើង​ គឺ​សម្រាប់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ដោយ​រួម​មាន​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ និង​ស្ថាប័ន​ជាច្រើន​ទៀត​របស់​រដ្ឋាភិបាល​ផង​ដែរ»

ភ្លាមៗ​ក្រោយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្លែង​បែបនេះ ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ឆ្លើយ​តប​ថា ក្នុង​ដំណើរ​រឿង​ក្ដី​លោក​ កឹម សុខា នេះ ព្រះរាជ​អាជ្ញា​ពុំ​បាន​ចោទ​ប្រកាន់​ប៉ះពាល់​ទៅលើ​សហរដ្ឋ​អាមេរិក​ រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណាមួយ​នោះ​ឡើយ។ ស្ថាប័ន​អយ្យការ​បញ្ជាក់​ថា ព្រះរាជអាជ្ញា​បាន​ចោទ​ប្រកាន់​តែ​ទៅ​លើ​លោក កឹម សុខា ដែល​​ស្ថាប័ន​នេះ​អះអាង​ថា មាន​អង្គហេតុ អង្គច្បាប់ ព្រម​ទាំង​មាន​ធាតុផ្សំ​បទល្មើស​គ្រប់​គ្រាន់​ទៅ​តាម​ច្បាប់​របស់​កម្ពុជា​ប៉ុណ្ណោះ។

ទោះ​ជា​បែប​នេះ​ក្តី អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា កត់​សម្គាល់​ថា ចាប់​តាំងពី​សវនាការ​ថ្ងៃ​ដំបូង​មក​ ខាង​តំណាង​អយ្យការ​តែង​តែ​សួរ​ដេញ​ដោល​​លោក កឹម សុខា ​អំពី​ទំនាក់​ទំនង​រវាង​មន្ត្រី​បក្ស​ប្រឆាំង​ជាមួយ​​នឹង​មន្ត្រី​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​របស់​សហរដ្ឋ​អាមេរិក ជាពិសេស​គឺ​ជំនួយ​​របស់​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​ផ្ដល់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ឱ្យ​ដឹង​ទៀត​ថា ស្ថាន​ទូត​អាមេរិក​តែង​បញ្ជូន​មន្ត្រី​​របស់​ខ្លួន​មក​តាម​​ដាន​សវនាការ​រឿងក្ដី​នេះ​គ្រប់​ពេល​ ដូច្នេះ​លោក​ជឿ​ថា លោក​ ប៉ាទ្រីក ម័រហ្វី មាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​នៅ​ក្នុង​ដៃ មុន​នឹង​លោក​ថ្លែងការណ៍​ជា​សាធារណៈ​បែប​នេះ។ ម្យ៉ាង​វិញ​ទៀត លោក​យល់ថា នេះ​ជា​រឿង​ចាំបាច់​ដែល​តំណាង​រដ្ឋាភិបាល​អាមេរិក​ត្រូវ​ចេញមុខ​បកស្រាយ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ជុំ​វិញ​ការ​ចោទ​ថា សហរដ្ឋ​អាមេរិក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្នុង​រឿង​នេះ។

ទាក់​ទង​​នឹង​ការ​បំភ្លឺ​របស់​ស្ថាប័ន​អយ្យការ​វិញ អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ យល់​ថា វា​ជា​រឿង​មិន​សម​ហេតុ​ផល​ ព្រោះ​បទ​ចោទ​ប្រឆាំង​នឹង​លោក កឹម សុខា គឺ​អំពើ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ប៉ុន្តែ​អយ្យការ​បែរ​ជា​ថា មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​ការ​ចោទ​ប្រកាន់​លើ​រដ្ឋ​បរទេស​ណា​ទៅ​វិញ៖ «បើ​យើង​ចោទ​បទល្មើស​ហ្នឹងហើយ យើង​ថា​អត់​ទាន់បាន​ចោទ​ពាក់ព័ន្ធ​ជាមួយ​បរទេស​ណា ខ្ញុំ​យល់​​ថា វា​មិន​​សម​ហេតុ​សម​ផល​ទាល់​តែ​សោះ​តែ​ម្ដង ពីព្រោះ​ជា​ទូទៅ​ត្រូវ​រក​ឱ្យ​ឃើញ​ថា បុគ្គល​ហ្នឹង​ពាក់ព័ន្ធ​នឹង​រដ្ឋ​បរទេស​ហ្នឹង ពាក់​ព័ន្ធ​នឹង​រឿង​អ្វី? ព្រមព្រៀង​គ្នា ស្រុះ​ស្រួល​គ្នា​ ចង់​ធ្វើ​អ្វី? ផ្ដួល​រំលំ​រដ្ឋាភិបាល​តាម​បែប​ម៉េច? មាន​ផល​ប្រយោជន៍​​ ឬក៏​ធ្វើ​ឱ្យ​​ប៉ះពាល់​អ្វី​ខ្លះ​ទៅ​ហើយ? ហើយ​ភាគី​ហ្នឹង​ត្រូវ​មាន​កិច្ច​ព្រមព្រៀង​របៀប​ម៉េច​ខ្លះ​ដើម្បី​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ពី​ការ​ឃុបឃិត​គ្នា​ហ្នឹង អ៊ីចឹង​បើ​យើង​មិន​ទាន់​ឃើញ​ភាគី​ដែល​ឃុបឃិត​ជាមួយ​ផង​ តើ​យើង​អាច​ចោទ​មាត្រា​ហ្នឹង​ដោយ​របៀប​ម៉េច

ថ្វី​​ដ្បិត​តែ​ខាង​ស្ថាប័ន​អយ្យការ​ព្យាយាម​បក​ស្រាយ​ថា ព្រះរាជ​អាជ្ញា​មិន​ទាន់​​ចោទ​ប្រកាន់​ប៉ះពាល់​ដល់​​សហរដ្ឋអាមេរិក​ក៏ដោយ ក៏​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ដែល​ជា​មនុស្ស​មាន​អំណាច​​លើស​ស្ថាប័ន​តុលាការ​ទៀត​នោះ បាន​ចោទ​ប្រកាន់​ម្ដង​ហើយ​ម្ដង​ទៀត​ថា គឺ​សហរដ្ឋ​អាមេរិក​ជា​អ្នក​នៅពីក្រោយខ្នង​លោក កឹម សុខា។ លោក​ ហ៊ុន សែន បាន​ផ្ដើម​ការ​​ចោទ​ប្រកាន់​​បែបនេះ កាល​ពី​ចុង​ឆ្នាំ២០១៧ កន្លងទៅ ក្រោយ​ពេល​លោក​បាន​បញ្ជា​​ឱ្យ​សមត្ថកិច្ច​​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កណ្ដាល​អាធ្រាត្រ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ។ ទន្ទឹម​នឹង​នេះ​ លោក​បាន​ព្រមាន​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ដទៃ​ទៀត កុំ​ឱ្យ​លូកដៃ​ធ្វើ​អន្តរាគមន៍​រឿង​នេះ ព្រោះ​លោក​ថា ករណី​នេះ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា៖ «អ្វីៗ​ទាំង​អស់​ គឺ​មនុស្ស​នេះ​ជា​អ្នក​កសាង ដូច្នេះ​ការ​ចាប់​ខ្លួន​នៅ​ពេល​នេះ​ គឺ​ជា​ការ​ទូទាត់​បញ្ជី​ពី​ដើម​ដល់​ចប់​។ ហើយ​បាត​ដៃ​ពី​ក្រោយ​ គឺ​វា​នៅ​តែ​ដដែល​ គឺ​អាមេរិក។ អំពើ​ក្បត់​ជាតិ​ ឃុប​ឃិត​ជាមួយ​បរទេស ក្បត់​ជាតិ​ខ្លួន​ឯង គឺ​តម្រូវ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ភ្លាមៗ»

ក្រោយ​ការ​ប្រកាស​បែបនេះ​របស់​លោក ហ៊ុន សែន ក្រុម​មន្ត្រី​គ្រាក់ៗ របប​ក្រុង​ភ្នំពេញ​ក៏​បាន​នាំ​គ្នា​ស្រែក​បន្ទរ​តាម​លោក ហើយ​ប្រព័ន្ធ​ឃោសនា​ក្នុង​ស្រុក​មួយ​ចំនួន ដែល​បម្រើ​នយោបាយ​ឱ្យ​​បក្ស​កាន់​អំណាច ក៏​បាន​នាំ​គ្នា​សរសេរ​អត្ថបទ​បែប​​ចោទ​ប្រកាន់​ និង​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក​ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។ សូម្បី​តែ​ពេល​លោក ប៉ាទ្រីក ម័រ​ហ្វី បញ្ជាក់​ពី​ជំហរ​សហរដ្ឋ​អាមេរិក​​​នេះ​ក៏​ដោយ ក៏​ប្រព័ន្ធ​ឃោសនា​របប​ក្រុង​ភ្នំពេញ​សរសេរ​វាយ​ប្រហារ​ថា សហរដ្ឋ​អាមេរិក​មាន​បំណង​គ្រលាស់​ដៃ​ចេញពី​លោក កឹម សុខា ដែរ។

ចំណែក​ឯ​ក្រសួង​ការបរទេស​កម្ពុជា​វិញ ​បាន​ចាត់​ទុក​ការ​ថ្លែង​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប៉ាទ្រីក ម័រ​ហ្វី ថា ​ជា​ឥរិយាបថ​គ្មាន​ការ​ទូត និង​ខ្វះ​ការ​គោរព​ចំពោះ​អធិបតេយ្យភាព​កម្ពុជា​។ ក្រសួង​ការ​បរទេស​ថា សេចក្ដី​ថ្លែង​ការណ៍​នេះ​ផ្ទុយ​ទៅ​នឹង​ស្មារតី​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​។ ជាពិសេស​ ក្រសួង​ការ​បរទេស​កម្ពុជា​ថា ប្រសាសន៍​របស់​លោក ប៉ាទ្រីក ម័រ​ហ្វី នេះ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​តុលាការ​កម្ពុជា ដែល​ក្រសួង​ហៅ​ថា ជា​ស្ថាប័ន​ឯក​រាជ្យ។

ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​សង្កេត​ការណ៍​ជឿ​ថា សេចក្ដី​ថ្លែង​ការណ៍​​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​នេះ នឹង​គ្មាន​ឥទ្ធិពល​អ្វី​លើ​តុលាការ​កម្ពុជា​ឡើយ ប៉ុន្តែ​គឺ​ប្រសាសន៍​របស់​លោក ហ៊ុន សែន ទៅ​វិញ​ទេ ទើប​ប៉ះពាល់​ធ្ងន់ធ្ងរ និង​ជា​ការ​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា មូលហេតុ​ដែល​ស្ថានទូត​អាមេរិក​មិន​ឆ្លើយ​ឆ្លង​ជាមួយ​ក្រសួង​ការបរទេស​កម្ពុជា​នោះ ព្រោះ​សហរដ្ឋ​អាមេរិក​មិន​ចង់​ឱ្យ​មាន​​ភាព​រកាំរកូស​ និង​ការ​ប្រឈម​មុខ​គ្នា​​ខ្លាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ លោក​បន្ត​ថា ការ​វាយ​តម្លៃ​លើ​ឥរិយាបថ​ការ​ទូត​របស់​លោក ប៉ាទ្រីក ម័រហ្វី នេះ គឺ​ជា​សិទ្ធិ​របស់​ភាគី​កម្ពុជា ប៉ុន្តែ​លោក​ថា ​លើ​សាច់​ការ​ជាក់​ស្ដែង មុន​នឹង​ទទួល​បាន​ការ​តែង​តាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​ណា​មួយ​នោះ មន្ត្រី​ការ​ទូត​អាមេរិក​ដែល​មាន​សមត្ថភាព និង​បទពិសោធន៍ ​ត្រូវ​ឆ្លង​កាត់​ការ​ទុក​ចិត្ត​ពី​ស្ថាប័ន​កំពូលៗ​របស់​សហរដ្ឋ​អាមេរិក​ជា​មុន​សិន៖ «រឿង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថ្លែង​នេះ ខ្ញុំ​គិត​ថា​ជា​ឥរិយាបថ​មួយ​ដែល​អាច​ជំរុញ​ឱ្យ​កាន់​តែ​ឈាន​ទៅ​រក​ភាព​ប្រឈម​មុខ​គ្នា​កាន់​តែ​ខ្លាំង​ទេ។ បើ​រឿង​នេះ​​ជា​រឿង​របស់​តុលាការ ខ្ញុំ​គិត​ថា គួរ​តែ​ឱ្យ​តុលាការ​បកស្រាយ ឬក៏​បន្ថែម​ភស្តុតាង​ បង្ហាញ​អំណះអំណាង​គ្រប់គ្រាន់ ធ្វើ​ម៉េច​ឱ្យ​បរទេស​ដែល​ជាប់​ពាក់ព័ន្ធ​ហ្នឹង គេ​ទទួល​យក​បាន។ បើ​ចោទ​អត់​មាន​អំណះអំណាង​គ្រប់គ្រាន់ ក្នុង​នាម​ប្រទេស​ដែល​ពាក់ព័ន្ធ​ គេ​មាន​សិទ្ធិ​បកស្រាយ​ការពារ​កិត្តិយស និង​​មុខ​មាត់​ប្រទេស​របស់​គេ​ហើយ»

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​យល់​ថា សេចក្ដី​ថ្លែង​ការណ៍​របស់​លោក ប៉ាទ្រីក ម័ហ្វី បង្ហាញ​ថា សហរដ្ឋ​អាមេរិក​មាន​សុឆន្ទៈ​នៅ​ក្នុង​ការ​ស្ដារ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ដែល​បាន​ប្រេះស្រាំ​ដោយ​សារ​បទ​ចោទ​ប្រឆាំង​នឹង​លោក កឹម សុខា។ លោក​ជឿ​ថា ប្រសិន​បើ​សំណុំ​រឿង​នេះ​ ត្រូវ​បាន​ទម្លាក់​ចោល នោះ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា អាច​នឹង​ត្រូវ​បាន​ស្តារឱ្យ​​​ល្អ​ប្រសើរ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

គ្មានវាចានឹងថ្លែង

Mar 19, 2020 01:54 AM

គេហទំព័រ​ទាំងមូល