របបក្រុង​ភ្នំពេញ​​ស្នើ​ឱ្យ​អាមេរិក​ពិចារណា​​ឡើង​វិញ​​រឿង​​ច្បាប់​​​ដាក់​​ទណ្ឌកម្ម​​មន្ត្រី​កម្ពុជា

0:00 / 0:00

របប​ក្រុង​ភ្នំពេញ​សម្ដែង​ការ​ភ្ញាក់ផ្អើល​ និង​​សោក​ស្ដាយ ចំពោះ​រដ្ឋ​​សភា​អាមេរិក​ដែល​​បាន​​អនុម័ត​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩ ឬ​ H.R 526 នៅ​ព្រឹក​ថ្ងៃទី១៦ កក្កដា​នេះ​។ មន្ត្រីរាជការ និង​​ប្រជាពលរដ្ឋ​មួយ​ចំនួន​គាំទ្រ​ចំពោះ​ការ​សម្រេច​របស់​សភា​ជាន់​ទាប​អាមេរិក​នេះ ដោយ​ពួក​គេ​យល់​ថា ក្រុម​មេដឹកនាំ និង​​មន្ត្រី​គ្រាក់ៗ នៃ​របប ហ៊ុន សែន ​បាន​​បំផ្លាញ​​គ្រឹះ​ប្រជាធិបតេយ្យ​របស់​ជាតិ​ដើម្បី​តែ​អំណាច​ផ្ទាល់​ខ្លួន ដូច្នេះ​ពួក​គេ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​ដ៏​ខុស​ឆ្គង​នេះ។

របប​លោក ហ៊ុន សែន ចាត់​ទុក​ការ​អនុម័ត​ច្បាប់​ H.R 526 ដោយ​សភា​ជាន់​ទាប​សហរដ្ឋ​អាមេរិក ថា​ជា​រឿង​មិន​អាច​ទទួល​យក​បាន ពីព្រោះ​របប​នេះ​​យល់ថា ​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ២០១៩ នេះ ​មាន​ចរិត​នយោបាយ និង​ផ្ទុយ​ទៅ​នឹង​ឆន្ទៈ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ។

អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ថ្លែង​នៅ​ក្នុង​ហ្វេសប៊ុក​នៅថ្ងៃទី១៦ កក្កដា​ថា សេចក្ដី​ស្នើ​ច្បាប់​នេះ ធ្វើ​ឡើង​ផ្អែក​លើ​ការ​ចោទ​ប្រកាន់​​គ្មាន​​មូលដ្ឋាន និង​​ជា​ទង្វើ​ប្រឆាំង​សន្តិភាព ស្ថិរភាព និង​វិបុល​ភាព​របស់​កម្ពុជា។ លោក​អំពាវនាវ​​ដល់​ព្រឹទ្ធសភា និង​រដ្ឋាភិបាល​អាមេរិក ឱ្យ​ពិចារណា​ឡើង​វិញ ជុំ​វិញ​ជំហរ​របស់​ខ្លួន​ចំពោះ​កម្ពុជា ដើម្បី​ថែ​រក្សា​ទំនាក់ទំនង​ល្អ និង​ផល​ប្រយោជន៍​រវាង​ប្រទេស​ទាំង​ពីរ។

រដ្ឋសភា​អាមេរិក​ទើប​តែ​បាន​អនុម័ត​ច្បាប់ H.R 526 ដើម្បី​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក ដែល​បាន​​ចូល​ដៃ​ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

សមាជិកសភា​អាមេរិក​លោក ថិត យ៉ូហូ (Ted Yoho) ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ស្នើ​ច្បាប់​នេះ ថ្លែង​ថា ច្បាប់ H.R 526 នឹង​វាយបក​ទៅ​របប​លោក ហ៊ុន សែន ចំពោះ​ការបំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស ដោយ​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​បិទ​ទិដ្ឋាការ​ចំពោះ​មន្ត្រី​របប​នេះ។ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ច្បាប់​ដែល​គាំទ្រ​ដោយ​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រដ្ឋសភា​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ដើម្បី​អនុម័ត និង​បន្ទាប់​មក​ទៅ​ប្រធានាធិបតី​ ដើម្បី​ចុះ​ហត្ថលេខា​​ប្រកាស​ឱ្យ​ចូល​ជា​ធរមាន។ លោក​សង្កត់​ធ្ងន់​ថា ឥលូវ​នេះ​ដល់​ពេល​ដែល​ត្រូវ​បង្ខំ​​​របប​ ហ៊ុន សែន ឱ្យ​ទទួលខុសត្រូវ ចំពោះ​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នោះ​ហើយ។

អ្នក​​ជំនាញ​ផ្នែក​​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា ជឿ​ជាក់​ថា ​​​​ពេល​ចូល​ជា​ធរមាន ច្បាប់​នេះ​នឹង​មាន​ឥទ្ធិពល​ចាប់​បង្ខំ​​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​សម្រប​តាម​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ។ បើ​ពុំ​ដូច្នេះ​ទេ ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​​នឹង​ត្រូវ​រង​ភាព​​អាម៉ាស់​​ដោយ​សារ​ការ​មិន​ផ្ដល់​ទិដ្ឋាការ ​និង​​ត្រូវ​រង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​​​ផ្ទាល់​ខ្លួន​​ដែល​មាន​នៅ​សហរដ្ឋ​អាមេរិក។ ម្យ៉ាង​វិញ​​ទៀត​ថា លោក​ថា ច្បាប់​នេះ​ក៏​​នឹង​បើក​​ផ្លូវ​ឱ្យ​មាន​​ការ​ដាក់​ទណ្ឌ​​កម្ម​ផ្នែក​សេដ្ឋកិច្ច​​ផ្សេង​ទៀត​​​ដែរ មាន​ជា​អាទិ៍ ការ​ដក​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​អាមេរិក ​ការ​កាត់​ផ្ដាច់​​​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ព្រម​ទាំង​ការ​គាប​សង្កត់​ផ្សេង​ទៀត​ពី​​សំណាក់​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក៖ «ប្រសិន​បើ​ច្បាប់​នេះ​ចេញ ហើយ​ជំរុញ​​ឱ្យ​អនុវត្ត វា​អាច​ជួយ​ជំរុញ​ឱ្យ​ការ​អនុវត្ត​លទ្ធិ​​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​​ចរន្ត ឬ​ការ​សម្រេច​ចិត្ត​លឿន​ជាង​ពី​រយៈ​កា​​ល​កន្លង​មក។ បើ​ច្បាប់​ហ្នឹង​អនុម័ត​មុន​ដាច់​ឆ្នាំ​នេះ អ៊ីចឹង EBA ខែ​កុម្ភៈ​ហ្នឹង ក៏​​អាច​មក​​ដល់​លឿន​ដែរ ហើយ​ខ្ញុំ​គិត​ថា ជា​​យន្តការ​មួយ​ដែល​អាច​មាន​​ឥទ្ធិពល​គាប​សង្កត់​ទៅលើ​ការ​វិវឌ្ឍ​រីក​ចម្រើន​របស់​សេដ្ឋកិច្ច​កម្ពុជា​ហើយ ហើយ​អ៊ីចឹង​ទេ កម្ពុជា​គួរ​មាន​​ចំណាត់​ការ​ ឬ​ការ​ពិចារណា​មួយ​ឱ្យ​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ពលរដ្ឋ»

មន្ត្រី​រាជការ និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​គាំទ្រ​ការ​អនុម័ត​ច្បាប់​នេះ ពី​ព្រោះ​ពួក​គេ​យល់​ថា ក្រុម​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​សម​នឹង​ទទួល​ទណ្ឌកម្ម​ចំពោះ​​ទង្វើ​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

មន្ត្រី​រាជការ​​មួយ​រូប​នៅ​ខេត្ត​តាកែវ លោក គៀន សុគន្ធ​ ថ្លែង​ថា លោក​​ស្វាគមន៍​ ចំពោះ​សភា​ជាន់​ទាប​របស់​​អាមេរិក​ដែល​បាន​​អនុម័ត​ច្បាប់​នេះ ក្នុង​គោលដៅ​ជួយ​​ស្ដារ​ស្ថានការណ៍​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​ឡើង​វិញ។ លោក​យល់​ថា ការ​សម្រេច​របស់​រដ្ឋសភា​អាមេរិក​នេះ គឺ​ជា​រឿង​ដ៏​​ត្រឹម​​ត្រូវ​បំផុត ដើម្បី​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​នា​ពេល​កន្លង​មក។ ទោះ​ជា​យ៉ាង​ណា លោក​ចង់​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​ជា​លក្ខណៈ​បុគ្គល ប៉ុន្តែ​លោ​ក​មិន​ចង់​ឱ្យ​ទណ្ឌកម្ម​នេះ​រាល​ដាល​ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ឬ​ទំនាក់ទំនង​ផ្នែក​​ពាណិជ្ជកម្ម​​នោះ​ឡើយ ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​មូល៖ «វី​​ដែល​សហរដ្ឋ​អាមេរិក​ចង់​បាន​នោះ គឺ​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​គេ​បាន​ផ្ដល់​ឱ្យ​ប្រទេស​កម្ពុជា​ហ្នឹង​កែ​ប្រែ​នូវ​កំហុស​ដែល​ខ្លួន​បាន​សម្លាប់​ប្រជាធិបតេយ្យ​​ក្នុង​ប្រទេស​កម្ពុជា។ តែ​មក​ដល់​ពេល​នេះ គឺ​រដ្ឋាភិបាល​នៅ​តែ​​ធ្វើ​ផ្គើន​ទៅលើ​ទាំង​សហភាព​អឺរ៉ុប​ ហើយ​និង​សហរដ្ឋ​អាមេរិក អ៊ីចឹង​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​​សេដ្ឋកិច្ច ហើយ​និង​​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​ណា​ ដែល​បាន​សម្លាប់​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ត្រឹម​​ត្រូវ​បំផុត»

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ឈ្មោះ សុភ័ក្រ្ត ថ្លែង​ថា លោក​ចង់​ឱ្យ​​សហរដ្ឋ​អាមេរិក​ពន្លឿន​ការ​បង្កើត​ច្បាប់H.R 526 នេះ​ឱ្យ​​បាន​​ឆាប់ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​​មន្ត្រី​របប​ក្រុង​ភ្នំពេញ ដែល​ព្រងើយ​កន្តើយ​ចំពោះ​​ការ​ធ្លាក់​ចុះ​​ដុន​ដាប​នៃ​ការ​គោរព​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​ពលរដ្ឋ​​ខ្មែរ លោក​​ពិត​ជា​មិន​ចង់​ឱ្យ​ប្រទេស​ជាតិ ​​ត្រូវ​​រង​​ភាព​អាម៉ាស់​ដោយសារ​​ទណ្ឌកម្ម​​អន្តរជាតិ​​​ឡើយ ប៉ុន្តែ​បើ​មិន​ធ្វើ​បែប​នេះ​ទេ ក្រុម​មេ​ដឹក​នាំ​បច្ចុប្បន្ន ​នឹង​មិន​ខ្វល់​ពី​ការ​​ស្ដារ​ស្ថានការណ៍​ស្រុក​ទេស​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​នោះ​ឡើយ។ ម្យ៉ាងវិញទៀត លោក​​ពិត​ជា​ចង់​ឃើញ​ច្បាស់​ថា តើ​មន្ត្រី​កម្ពុជា​​ណា​ខ្លះ​ដែល​មាន​ទ្រព្យ​សម្បត្តិ​​នៅ​​អាមេរិក ហើយ​ត្រូវ​ហាមឃាត់​មិន​ឱ្យ​​ជាន់​ទឹក​​ដី​ប្រទេស​មហាអំណាច​មួយ​នេះ ដោយសារ​តែ​ទង្វើ​ក្រាញ​អំណាច​របស់​​ពួក​​គេ៖ «ការ​អនុម័ត​ច្បាប់​នេះ ពីដើម​ដំបូង​ខ្ញុំ​​គិត​ថា មិន​ស្រប​ទេ ប៉ុន្តែ​បើ​យើង​មើល​ឱ្យ​មែន​ទែន​ទៅ ប្រទេស​មហា​អំណាច​ទាំង​អស់​នេះ គេ​ទុក​ពេល​ឱ្យ​រដ្ឋាភិបាល​យើង​កែប្រែ​ច្រើន​ដែរ ប៉ុន្តែ​មើល​ទៅ​វា​ហាក់​បីដូច​ជា​អត់ ( កែប្រែ ) ទេ។ អ៊ីចឹង​បាន​ជា​ច្បាប់​នេះ​ចេញ ខ្ញុំ​​អបអរ​សាទរ​មែន​ទែន ហើយ​ខ្ញុំ​ចង់​ឱ្យ​​រដ្ឋាភិបាល​អាមេរិក​អនុម័ត ឬ​លោក​ ដូណាល់ ត្រាំ ហ្នឹង ចុះហត្ថលេខា​ទទួល​ស្គាល់​ច្បាប់​​នេះ​ឱ្យ​បាន​ឆាប់​កាន់​តែ​ល្អ»

ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជាឆ្នាំ២០១៩ ត្រូវ​បាន​រដ្ឋ​សភា​អាមេរិក​អនុម័ត​ជា​ឯកច្ឆន្ទ​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ២០១៨ កន្លងទៅ ដោយ​កាល​ណោះ​មាន​ឈ្មោះ​ថា ​ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ២០១៨ ឬ H.R 5754។ ប៉ុន្តែ​ដោយសារ​ដំណើរ​ការ​​រៀប​ចំ​​ច្បាប់​​នេះ ធ្វើ​ឡើង​នៅ​ចុង​អាណត្តិ​ពេក ទើប​សមាជិក​សភា​ត្រូវ​ស្នើ​ច្បាប់​នោះ​ជា​ថ្មី​ម្ដង​ទៀត នៅ​ក្នុង​សភា​អាណត្តិ​ថ្មី។

អ្នក​ជំនាញ​ផ្នែក​​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា ជឿ​ជាក់​ថា ច្បាប់ H.R 526 នឹង​អាច​ចេញ​ទៅ​រួច​នៅ​អាណត្តិ​ថ្មី​នេះ ពីព្រោះ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ខ្វាយ​ខ្វល់​នឹង​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ​រឿង​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នោះ​ឡើយ​។ ក្រៅ​ពី​នេះ លោក​យល់​ថា ​ច្បាប់​នេះ​ក៏​នឹង​អាច​ក្លាយ​ជា​ច្បាប់​ថ្មី​មួយ​ទៀត​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ដាក់​ទណ្ឌ​កម្ម​ប្រទេស​ណា​​​ដែល​មាន​ការ​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​ ដូច​ករណី​ច្បាប់ គ្លូបល មែកនីតស្គី (Global Magnitsky Act) ដែល​អាមេរិក​ប្រើ​ប្រាស់​ប្រឆាំង​នឹង​មេ​កង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង យ៉ាង​ដូច្នេះ​ដែរ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គិត​គូរ​ឱ្យ​បាន​ហ្មត់ចត់​អំពី​ការ​ស្ដារ​ស្ថានការណ៍​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ ឱ្យ​បាន​មុន​ច្បាប់ H.R 526 នេះ ចូល​ជា​ធរមាន ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច សង្គម និង​មុខ​មាត់​របស់​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។