រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក ម៉ាក អេស្ពើរ (Mark Esper) ស្នើឲ្យរដ្ឋាភិបាលកម្ពុជា កុំលុះក្រោមឥទ្ធិពលចិន នាំឲ្យបាត់អធិបតេយ្យ និងឯករាជ្យរបស់ខ្លួន។ នៅក្នុងកិច្ចពិភាក្សាតាមបណ្ដាញអ៊ិនធើរណិត ដែលរៀបចំដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្រ្ត (IISS) កាលពីថ្ងៃទី២១ ខែ កក្កដា មន្រ្តីជាន់ខ្ពស់អាមេរិករូបនេះ បានឆ្លើយទៅនឹងសំណួរ អំពីថាតើអ្វីអាចស្ដារទំនាក់ទំនងល្អក់កកររវាងសហរដ្ឋអាមេរិក និងកម្ពុជា និងការសង្ស័យអំពីមូលដ្ឋានទ័ពចិននៅលើទឹកដីខ្មែរ។
លោក ម៉ាក អេស្ពើរ ថ្លែងថា អាមេរិកបារម្ភ មិនមែនតែរឿងប្រទេសកម្ពុជា ងាកខ្លាំងទៅរកចិនទេ តែក៏បារម្ភរឿងប្រទេសឯទៀត ដែលកំពុងផុងខ្លួនដោយសារតែឥទ្ធិពលចិនដែរ៖ « យើងឃើញបញ្ហានេះកើតមានជាហូរហែមកហើយ។ អ្វីដែលជាបញ្ហាធំនោះ គឺរដ្ឋាភិបាលចិនប្រើយុទ្ធសាស្ត្រគាបសង្កត់ប្រទេសទាំងនោះ ឱ្យចូលស៊ងរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ចិន។ របៀបគាបនោះ រួមមានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច កាត់ផ្ដាច់ចំណងការទូតជាដើម។ យើងក៏ឃើញប្រទេសចិន ល្បួងឲ្យប្រទេសជាច្រើនខ្ចីលុយខ្លួន ដែលយូរទៅផុងខ្លួនជំពាក់បំណុលចិនវ័ណ្ឌក ឬសន្យាសង់មូលដ្ឋានជើងទឹក » ។
ក្នុងស្ថានភាពបែបនេះ លោក ម៉ាក អេស្ពើរ ថ្លែងថា ប្រទេសទាំងឡាយ ដែលកំពុងលុះក្រោមឥទ្ធិពលកៀបសង្កត់របស់ចិន ត្រូវចេះរើបម្រះខ្លួនចេញពីចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។