ពលរដ្ឋរងគ្រោះអះអាងថា ពេញមួយឆ្នាំ២០២៤ មិនដែលឃើញតំណាងរាស្ត្រអាណត្តិថ្មីចុះជួបពួកគាត់ទេ
2025.01.06
ក្រោយពីរដ្ឋសភាអាណត្តិទី៧ ចូលកាន់តំណែងបានជាង ១ឆ្នាំ ពលរដ្ឋ រងគ្រោះអះអាងថា ពេញមួយឆ្នាំ២០២៤ មិនដែលឃើញតំណាងរាស្ត្រអាណត្តិថ្មីចុះជួបពួកគាត់ទេ រីឯសង្គមស៊ីវិលថា មិនដែលឃើញសភាកោះហៅថ្នាក់ដឹកនាំរដ្ឋាភិបាល ទៅសួរដេញដោលពីបញ្ហារបស់ប្រជាពលរដ្ឋ និងប្រទេសជាតិឡើយ។ ការលើកឡើងនេះ បន្ទាប់ពីប្រធានរដ្ឋសភាអ្នកស្រី ឃួន សុដារី អះអាងថា ពេញមួយឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងសមាជិកសភាទាំងអស់ បានចុះជួប និងស្វែងយល់សុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនគិតពីថ្ងៃឈប់សម្រាកឡើយ។
អ្នកសម្របសម្រួលបណ្ដាញជនជាតិដើមភាគតិចប្រចាំខេត្តមណ្ឌលគិរី លោកស្រី ភ្លឹក ភីរម្យ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ ខែមករាថា ពួកគាត់ដែលជាជនជាតិដើមភាគតិចចង់រាយការណ៍ប្រាប់តំណាងរាស្ត្រ ឱ្យជួយធ្វើអន្តរាគមន៍ ដោះស្រាយ ផលប៉ះពាល់លើធនធានធម្មជាតិ ព្រៃឈើ និងបញ្ហាទំនាស់ដីធ្លី ដែលប្រជាពលរដ្ឋកំពុងប្រឈម។ ប៉ុន្តែលោកស្រីថា ពួកគាត់មិនដឹងសុំជំនួយពីតំណាងរាស្ត្រតាមវិធីណាទេ ពីព្រោះពួកគាត់មិនដែលឃើញតំណាងរាស្ត្រណាម្នាក់បង្ហាញមុខទៅជួបពួកគាត់ ដែលជាពលរដ្ឋរងគ្រោះឡើយ។
លោកស្រី ភ្លឹក ភីរម្យ៖ «ផលប៉ះពាល់នៃធនធានធម្មជាតិ ជាពិសេស ព្រៃឈើទី១ ហើយទី២ យើងចង់ឱ្យមានការអន្តរាគមន៍ទៅជនជាតិភាគតិចទាក់ទងការបង្កើតសហគមន៍ការពារធនធានធម្មជាតិ ឬសហគមន៍សមូហភាពជាពិសេសបញ្ហាជនជាតិភាគតិចទៅលើដីធ្លី ក្នុងឆ្នាំ២០២៤ គឺកកើតណាស់ទី១។ ទី២ ទៀត យើងឃើញថា ប្រជាពលរដ្ឋជនជាតិដើមភាគតិចក៏មានទោសច្រើនដែរ ចំពោះដីធ្លី និងព្រៃឈើដែរ ហើយប្រជាពលរដ្ឋជនជាតិភាគតិចដែលមានបញ្ហាទាំងអស់ យើងអត់ទាន់ឃើញមានសភាណាមកជួបអ្នកមានបញ្ហាទាំងអស់ហ្នឹងទេ»។
សមាជិកសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាពលរដ្ឋ ឱ្យមានសំឡេង និងពាំនាំការព្រួយបារម្ភ និងសេចក្ដីត្រូវការក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាលជួយអន្តរាគមន៍ និងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ និងករណីផ្សេងៗទៀត។
ប៉ុន្តែកូដករណាហ្គាវើលដ៍ លើកឡើងថា កូដកម្មរបស់ពួកគាត់ នៅជាប់របងមន្ទីររដ្ឋសភាជាង ៣ឆ្នាំហើយ ពុំមានតំណាងរាស្ត្រទៅជួបសួរនាំទេ។ អ្នកនាង ម៉ម សុវឌ្ឍិន លើកឡើងថា តំណាងរាស្ត្រធ្វើមិនដឹងមិនឮ ចំពោះការទាមទារយុត្តិធម៌ការងាររបស់ពួកគាត់។
អ្នកនាង ម៉ម សុវឌ្ឍិន៖ «កូដករនិងតំណាងបានដាក់ញត្តិតាំងពីប៉ុន្មានឆ្នាំ នៅពេលដែលយើងមានវិវាទនឹងកើតឡើងក៏អត់មានការមកសួរនាំក៏អត់ទាន់មានដំណោះស្រាយឱ្យប្រជាជន»។
ការលើកឡើងនេះ បន្ទាប់ពីប្រធានរដ្ឋសភាអ្នកស្រី ឃួន សុដារី បានអះអាងកាលពីថ្ងៃទី២ ខែមករាថា ពេញមួយឆ្នាំ២០២៤ ថ្នាក់ដឹកនាំនិងសមាជិកសភាទាំងអស់ បានបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ដោយបានចុះជាប់ជាមួយប្រជាពលរដ្ឋ សិក្សាឈ្វេងយល់ពីសុខទុក្ខ និងតម្រូវការប្រជាពលរដ្ឋនៅតាមមណ្ឌលរាជធានី ខេត្តទូទាំងប្រទេស។
អ្នកស្រីថា ថ្នាក់ដឹកនាំ និងសមាជិកសភាទាំងអស់ បានចុះតាមមណ្ឌលរាជធានី ខេត្ត នៅទូទាំងប្រទេស ដោយមិនគិតថ្ងៃសៅរ៍និងថ្ងៃអាទិត្យនោះឡើយ បើមិនមាន ការងារនៅក្នុងវិមានរដ្ឋសភា ដូចជា ការប្រជុំពិភាក្សាអនុម័តច្បាប់ ឬត្រូវបំពេញ បេសកកម្មនៅក្រៅប្រទេសនោះទេ។
យ៉ាងណា ពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា គឺលោក នួន នឿន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ ខែមករាថា ពួកគាត់ចាញ់បោកក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ជាង ១ឆ្នាំហើយ តែមិនដែលឃើញតំណាងរាស្ត្រចុះជួបពួកគាត់ ដើម្បីសួរនាំម្ដងណាឡើយ គឺមានតែពលរដ្ឋរងគ្រោះខំស្វះស្វែងទៅរកជួបមន្ត្រី តែនៅតែមិនបានផលអ្វី។ លោកថា ពេលពលរដ្ឋតវ៉ាទាមទាររកយុត្តិធម៌ បែរជាត្រូវអាជ្ញាធរចោទប្រកាន់ភ្ជាប់ទៅនឹងរឿងនយោបាយទៅវិញ។
លោក នួន នឿន៖ «បើសិនជាមានតំណាងរាស្ត្រគេអាចមកសម្ភាសន៍យើង ឬក៏យើងអាចជួបគេដោយផ្ទាល់ ខ្ញុំនឹងលើកបញ្ហាហ្នឹងហើយ មកជជែកជាមួយគេ ព្រោះរយៈពេលមួយឆ្នាំហើយ ប្រជាជនក៏រងកម្ម វាហួសប្រមាណហើយ។ បើបានគេមកដោះស្រាយមែនខ្ញុំលើកបញ្ហាហ្នឹង បញ្ហាក្រុមហ៊ុន ដែលបោកប្រាស់ប្រជាជនម្នាក់រងកម្មដោយសារក្រុមហ៊ុននឹងឯង»។
មកដល់ពេលនេះ មិនមានរបាយការណ៍ណាមួយបង្ហាញឱ្យឃើញថា តំណាងរាស្ត្រអាណត្តិថ្មីនេះ ប៉ុន្មាននាក់បានចុះជួបប្រជាពលរដ្ឋ និងចុះទៅប៉ុន្មានដងនោះទេ។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ជុំវិញព័ត៌មាននេះ បានទេ នៅថ្ងៃទី០៥ ខែមករា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។ យ៉ាងណា នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់រដ្ឋសភានៅពេញមួយឆ្នាំ២០២៤ ឃើញមានតែការចែករំលែករឿងរ៉ាវ ទាក់ទងសកម្មភាពរបស់ថ្នាក់ដឹកនាំរដ្ឋសភា ចូលរួមបុណ្យសពសាច់ញាតិមន្ត្រីជាន់ខ្ពស់ លិខិតឆ្លើយឆ្លងអំពីការរំលែកទុក្ខ និង ការជូនពរគ្នាទៅវិញទៅមក កិច្ចប្រជុំតិចតួច និងជំនួបជាមួយអ្នកការទូតម្ដងម្កាល ប៉ុណ្ណោះ។
ចំណែកឯ ប្រធានរដ្ឋសភាអ្នកស្រី ឃួន សុដារី ត្រឹមតែលើកឡើងជាទូទៅថា រដ្ឋសភាបានរួមសហការជាមួយរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធយ៉ាងជិតស្និទ្ធ ដើម្បីធានាថា ផលប្រយោជន៍របស់ពលរដ្ឋ ត្រូវបានការពារនិងដោះស្រាយប្រកបដោយប្រសិទ្ធភាពនិងឆាប់រហ័ស ដោយអ្នកស្រីមិនបានបញ្ជាក់ថា ដោះស្រាយបានបញ្ហាអ្វីខ្លះជូនប្រជាពលរដ្ឋនោះទេ។
ក្រៅពីតួនាទីជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ការតាក់តែង និងអនុម័តច្បាប់ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ព្រមទាំងតួនាទីបោះឆ្នោតទម្លាក់នាយករដ្ឋមន្ត្រីវិញ ពេលនាយករដ្ឋមន្ត្រីធ្វើខុសនោះ សភានិងតំណាងរាស្ត្រ ក៏មានតួនាទីតាមដានរដ្ឋាភិបាល និងកោះហៅមន្ត្រីរដ្ឋាភិបាល ឱ្យចូលបំភ្លឺនៅក្នុងរដ្ឋសភាដែរ។
អ្នកសម្របសម្រួលផ្នែកអង្កេត នៃអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថា ខុមហ្វែល (COMFREL) លោក កន សាវាង្ស លើកឡើងថា កន្លងមកឃើញតែតំណាងរាស្ត្រសរសើររដ្ឋាភិបាល ប៉ុន្តែលោកមិនបានទទួលព័ត៌មានថា តំណាងរាស្ត្របានបំពេញតួនាទីពេញលេញ ក្នុងការកោះហៅមន្ត្រី និងថ្នាក់ដឹកនាំរដ្ឋាភិបាល ទៅសួរដេញដោលនៅក្នុងរដ្ឋសភា ពាក់ព័ន្ធនឹងបញ្ហារបស់ ប្រជាពលរដ្ឋនោះទេ។
លោក កន សាវាង្ស៖ «ការអន្តរាគមន៍របស់តំណាងរាស្ត្រនៅក្នុងការជជែកសួរដេញដោលទាក់ទងនឹងជាមួយស្ថាប័ននីតិប្រតិបត្តិអី នៅក្នុងសភាអី គឺយើងអត់បានទទួលទាំងអស់ទេ»។
រដ្ឋសភាកម្ពុជាបច្ចុប្បន្ន មានតំណាងរាស្ត្រចំនួន ១២៥រូប ដែល ១២០រូប មកពីគណបក្សប្រជាជនកម្ពុជានិង ៥រូប ពីគណបក្សហ៊្វុនស៊ិនប៉ិច។ រដ្ឋសភាដឹកនាំដោយអ្នកស្រី ឃួន សុដារី ដែលគេដឹងជាទូទៅថា ជាមនុស្សជំនិតរបស់ភរិយារបស់លោក ហ៊ុន សែន ។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ អង្គការតម្លាភាពអន្តរជាតិបានចេញរបាយការណ៍ បង្ហាញថា រដ្ឋសភាកម្ពុជាគ្មានអំណាច ត្រួតពិនិត្យផ្លូវច្បាប់អ្វីទាំងអស់ លើរដ្ឋាភិបាល ហើយនាយករដ្ឋមន្ត្រីមកពីបក្សប្រជាជនកម្ពុជា មានឥទ្ធិពលកាន់តែខ្លាំង បន្ទាប់ពីអវត្តមានគណបក្សប្រឆាំង។ របាយការណ៍ដដែលថា ស្ថានភាពកាន់តែយ៉ាប់យ៉ឺនខ្លាំងឡើង ដោយសារឋានានុក្រមរចនាសម្ព័ន្ធគណបក្សកាន់អំណាចដែលពេញណែននៅស្ថាប័នសភា នោះ ជាការរារាំងការរិះគន់នានាលើមេដឹកនាំរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។