ពលរដ្ឋ​សង្ស័យ​មេ​នគរបាល​ប៉ុស្តិ៍​អុកឡុក​ពលរដ្ឋ​ហូប​នំបញ្ចុក​នៅ​ខេត្ត​កំពង់ចាម​នៅ​ធ្វើ​ការ​កន្លែង​ដដែល បន្ទាប់​ពី​អភិបាល​ខេត្ត​ស្នើ​ដក​បញ្ឈរ​ជើង

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះ​សុទិន ខេត្ត​កំពង់ចាម មាន​មន្ទិល​សង្ស័យ​ថា ​មេ​ប៉ុស្តិ៍​រដ្ឋបាល​ពាមប្រធ្នោះ គឺ​លោក​ ហេង ប៊ុនថន​ នៅ​ធ្វើ​ការ​កន្លែង​ដដែល​ ដោយ​មិន​បាន​ដក​បញ្ឈរ​ជើង​នោះ​ទេ។ កា​លើក​ឡើង​នេះ​ បន្ទាប់​ពី​ឃើញ​លោក​មេ​ប៉ុស្តិ៍​រូប​នេះ​ប្រចាំ​ការ​នៅ​កន្លែង​ដដែល​ ខណៈ​ដែល​អភិបាល​ខេត្ត​កំពង់ចាម បាន​ប្រកាស​ដក​មន្ត្រី​ប៉ូលិស​រូប​នេះ​បញ្ឈរ​ជើង​ ដោយសារ​បាន​នាំ​កម្លាំង​ប៉ូលិស​ទៅ​អុក​ឡុក​រំខាន​ពលរដ្ឋ​ហូប​នំបញ្ចុក​ជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី៦ មិថុនា​កន្លង​ទៅ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាមប្រធ្នោះ ស្រុក​កោះ​សុទិន សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​រឿង​នេះ ដោយ​ចោទ​ថា​អាជ្ញាធរ​បាន​អនុវត្ត​ច្បាប់​ស្តង់ដារ​២។

លោក សេក សណ្ដាប់ ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី១១ មិថុនា​ថា លោក​ឃើញ​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ពាមប្រធ្នោះ គឺ​លោក ហេង ប៊ុនថន អង្គុយ​នៅ​កន្លែង​ធ្វើ​ការ​ដដែល កាល​ពី​ថ្ងៃ​ទី​៩​មិថុនា ដោយ​មិន​មាន​ការ​ដក​បញ្ឈរ​ជើង​នោះ​ទេ។ ពលរដ្ឋ​រូប​នេះ​បន្ថែម​ទៀត​ថា ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាមប្រធ្នោះ​បាន​តាមដាន​រឿង​នេះ​យ៉ាង​យក​ចិត្ត​ទុកដាក់ និង​ទទូច​​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​​តាម​បទ​បញ្ជា​របស់​អភិបាល​ខេត្ត​កំពង់ចាម​ឱ្យ​បាន​តឹងរ៉ឹង​ ដើម្បី​ជា​គំរូ​ដល់​មន្ត្រី​ប៉ូលិស​ដទៃ​ កុំ​ឱ្យ​ទៅ​គំរាមកំហែង​ពលរដ្ឋ​តាម​អំពើ​ចិត្ត​ទៀត៖ «ខ្ញុំ​យល់​ថា​ការ​អនុវត្ត​ច្បាប់​នឹង​មាន​ស្តង់ដារ២ គឺ​ខាង​បក្ស​ប្រឆាំង​គេ​ប្រឹងប្រែង​អនុវត្ត​ធ្វើ​ដោយ​មាន​ការ​គំរាម​កំហែង​ខ្លាំងៗ អីចឹង​ទៅ​ បើ​បក្ស​ប្រជាជន​កម្ពុជា​គ្រាន់​តែ​ជា​លេស​មួយ​គ្រាន់​តែ​ធ្វើ​ឱ្យ​ល្អ​មើល​មួយ​ភ្លែត គ្រាន់​តែ​អ្នក​ដែល​ឃើញ​គេ​មិន​សប្បាយ​ទេ​ គេ​ថា​គ្រាន់​តែ​ជា​លេស​ធ្វើ​ឱ្យ​ល្អ​មើល​។ខ្ញុំ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ដែរ​ថា ហេតុ​អី​​បាន​វា​អត់​មាន​តម្លៃ​អីចឹង ​អ្នក​ដែល​ត្រូវ​ដក​តំណែង​អត់​មាន​តម្លៃ​គ្រាន់​តែ​ថា​តែ​ម៉ាត់ គឺ​គ្នា​គេ​នៅ​ដដែល »

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ លោក​ ឯម កុសល​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១១ មិថុនា​ ដោយ​លោក​ប្រាប់​ថា​ ជាប់​រវល់​ប្រជុំ។

ចំណែក​អធិការ​នគរ​បាល​ស្រុក​កោះ​ សុទិន​ លោក​ អ៊ីម ឃឿន និង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពាមប្រធ្នោះ​លោក​ ហេង ប៊ុនថន​ ក៏​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ដែរ​ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ ពុំ​មាន​អ្នក​ទទួល។

រីឯ​អធិការ​រង​នគរបាល​ស្រុក​កោះ​សុទិន​លោក​ ឡោ ស៊ាង​ហ៊ត់​ ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា លោក​មិន​បាន​ដឹង​ជុំវិញ​បញ្ហា​នេះ​ទេ៖ «តើ​គេ​ដក​ទៅ​ខេត្ត​ឬ​ទៅ​នៅ​កន្លែង​ណា​ផ្សេង​មួយ​រយៈ​ហើយ បើ​គេ​ដក​ហើយ​ម៉េច​គាត់​នៅ​កាន់កាប់​ទៀត​ មាន​ស្ដីទី​គេ​ជំនួស​ហើយ​ ស្ដី​គឺ​រង​ប៉ុស្តិ៍​ឡើង​ជំនួស »

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក (Adhoc) ខេត្ត​កំពង់ចាម អ្នក​ស្រី ធីម ណារីន មាន​ប្រសាសន៍​ថា លោក​អធិការ និង​នាយ​ប៉ុស្តិ៍​ពាមប្រធ្នោះ​ទាំង ២រូប​នេះ​​ ត្រូវ​បាន​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ហៅ​ទៅ​សាកសួរ​ម្ដង​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី៧ មិថុនា។អ្នក​ស្រី​បន្ថែម​ថា រឿង​នេះ​ ប្រសិន​បើ​ដាក់​ពិន័យ​ផ្នែក​រដ្ឋបាល​ គឺ​ត្រូវ​ដក​បញ្ឈរ​ជើង​ទាំង ២នាក់ ពុំ​មែន​ដក​​លោក​ ហេង ប៊ុន​ថន តែ​ម្នាក់​នោះ​ទេ ព្រោះ​លោក​អធិការ​ក៏​មាន​កំហុស​ដែរ ដែល​បាន​បញ្ជា​​លោក​មេ​ប៉ុស្តិ៍​អោយ​ទៅ​ឃ្លាំង​មើល​ពលរដ្ឋ​ហូប​នំ​បញ្ចុក​នោះ។ ទោះ​ជា​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​​ជឿ​ថា មន្ត្រី​ប៉ូលិស​ទាំង ២រូប​នេះ​ទំនង​ជា​មិន​ទាន់​ត្រូវ​បាន​ដក​ចេញ​តំណែង​តាម​បញ្ជា​របស់​អភិបាល​ខេត្ត​នៅ​ឡើយ​ទេ៖ «បើ​សិន​មាន​ត្រឹម​គោល ការណែនាំ​អា​នឹង​មាន​ ព្រោះ​មក​ដល់​ពេល​នេះ​អត់​ទាន់​មាន​លិខិត​ណា​ជា​ផ្លូវ​ការ​ក្នុង​ការ​ដក​តំណែង​ទេ​ គ្រាន់​តែ​ជា​ប្រសាសន៍​របស់​លោក​ គួច​ ចំរើន​ តែ​ប៉ុណ្ណឹង​ទេ​ ហើយ​គ្មាន​សេចក្ដី​សម្រេច​ពី​ថ្នាក់​ដឹក​នាំ​ និង​​ពី​ក្រសួង​មហាផ្ទៃ មាន​ន័យ​ថា គាត់​នៅ​តែ​បំពេញ​ការងារ​បាន​ដូច​ធម្មតា​នឹង »

កាល​ពី​ព្រឹក​ថ្ងៃ​ទី៦ មិថុនា​កន្លង​ទៅ សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ ៣០នាក់ បាន​ធ្វើ​ពិធី​ហូប​នំបញ្ចុក​ជុំ​គ្នា​ នៅ​ក្នុង​ផ្ទះ​នៅ​ពាម​ប្រធ្នោះ ស្រាប់​តែ​មន្ត្រី​ប៉ូលិស​ឃុំ​ពាម​ប្រធ្នោះ​ ចំនួន ៤នាក់ បាន​ចូល​ទៅ​រំខាន​ពួកគាត់​​ដល់​ផ្ទះ​ ដោយ​បាន​ហាមឃាត់​ពួកគាត់​មិន​អោយ​ជួប​ជុំ​គ្នា​ហូប​នំបញ្ចុក​ ដោយ​សំអាង​ថា ការ​ជុំ​គ្នា​នេះ មិន​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ។ នៅ​រសៀល​ថ្ងៃ​ទី៦ មិថុនា អភិបាល​ខេត្ត​កំពង់ចាម​ លោក គួច ចំរើន​ បាន​សរសេរ​ក្នុង​ហ្វេសប៊ុក​របស់​លោក​មាន​ខ្លឹម​សារ​ថា​ ខ្ញុំ​​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង និង​សូម​អភ័យទោស ចំពោះ​សកម្មភាព​របស់ លោក ហេង ប៊ុនថន មេ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ពាម​ប្រធ្នោះ ដែល​បាន​ចុះទៅ​រារាំង​សិទ្ធិ​សេរីភាព​របស់​ប្រជាជន ក្នុង​ការ​ហូប​នំ​បញ្ចុក។ លោក​បន្ត​ថា​ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​សម្រេច​ដក​នាយ​ប៉ូលិស​ឃុំ​ពាម​ប្រធ្នោះ​លោក ហេង ប៊ុនថន ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។