វៀតណាម​សុំ​ឲ្យ​កម្ពុជា​បង្ការ​បាតុកម្ម​ដុត​ទង់ជាតិ​វៀតណាម

វៀតណាម​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ក្រុម​បាតុករ ដែល​វៀតណាម ហៅ​ថា ក្រុម​បះបោរ​ខុស​ច្បាប់ ធ្វើ​បាតុកម្ម​ដុត​ទង់​ជាតិ​វៀតណាម បន្ត​ទៅ​ទៀត និង​ជំរុញ​ឲ្យ​កម្ពុជា បន្ត​សហការ​បោះ​បង្គោល​ព្រំដែន​គោក​ឲ្យ​បាន​ចប់​យ៉ាង​ឆាប់​រហ័ស។

គេហទំព័រ​រដ្ឋាភិបាល​វៀតណាម ផ្សាយ​ថ្ងៃ​ទី​១៨ សីហា ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន នៅ​ក្រុង​ហាណូយ (Hanoi) សប្ដាហ៍​នេះ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន តាន់យុង​ (Nguyen Tan Dung) បាន​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ការពារ​កុំ​ឲ្យ​មាន​បាតុកម្ម​ដុត​ទង់ជាតិ​វៀតណាម ដូច​ដែល​មាន​កន្លង​មក​បន្ត​ទៅ​ទៀត។

មេ​ដឹក​នាំ​វៀតណាម បាន​សុំ​ឲ្យ​លោក​ប្រធាន​សភា​គាំទ្រ​បន្ត​ទៅ​ទៀត នូវ​កិច្ច​ប្រឹង​ប្រែង​នៃ​ប្រទេស​ទាំង​ពីរ ​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​គោក ក្នុង​ស្មារតី​មិត្តភាព យ៉ាង​ស្អិតល្មួត ដែល​នឹង​បញ្ចប់​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​មួយ ដោយ​សន្តិភាព មិត្តភាព​យូរ​អង្វែង។

គេហទំព័រ​រដ្ឋាភិបាល​វៀតណាម ដែល​មាន​ចុះ​ផ្សាយ​រូប​ភាព​លោក ហេង សំរិន ឈរ​ចាប់​ដៃ​ជាមួយ លោក ង្វៀន តាន់យុង សរសេរ​ថា លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម ​រំពឹង​ថា រដ្ឋសភា​កម្ពុជា​នឹង​គាំទ្រ​សហគមន៍​វៀតណាម​នៅ​កម្ពុជា ស្របច្បាប់​ ថែម​ទាំង​ជួយ​ធ្វើ​សមាហរណកម្ម​សហគមន៍​វៀតណាម ទាំង​នោះ​ចូល​ក្នុង​សង្គម​ខ្មែរ ដើម្បី​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។

លោក ហេង សំរិន កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម រយៈពេល​រយៈ​ពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់ ២០ សីហា ដើម្បី​ពង្រឹង​ប្រពៃណី​មិត្តភាព សាមគ្គីភាព នៃ​ប្រទេស​ទាំងពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។