ពលរដ្ឋ​ស្នើ​រដ្ឋាភិបាល​កុំ​បិទ VOD

0:00 / 0:00

ពលរដ្ឋ​ដែល​និយម​តាមដាន​ព័ត៌មាន​សោកស្ដាយ​នៅ​ពេល​ដឹង​ថា ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ចេញ​បញ្ជា​បិទ​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ VOD យ៉ាង​តក់​ក្រហល់ ​កាល​ពី​យប់​ថ្ងៃ​ទី១២ ខែកុម្ភៈ​ម្សិលមិញ។ ស្របគ្នា​នេះ​ពលរដ្ឋ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ព្រោងព្រាត​ភ្លាមៗ​ទាំង​យប់​ដែរ ស្នើ​សុំរដ្ឋាភិបាល​កុំ​បិទ​សារព័ត៌មាន VOD នេះ។ ពួកគេ​ចង់​ឱ្យ​រដ្ឋាភិបាល​រក្សា​ទុក​ស្ថាប័ន​ព័ត៌មាន ដែល​មាន​វ័យ២០ឆ្នាំ​នេះ ព្រោះ​ពួកគេ​បាន​ចាត់ទុក​ស្ថាប័ន​នេះ​ថា ​បាន​បំពេញ​តួនាទី​ដោយ​ឯករាជ្យ និង​ជា​ទី​ពំនាក់​របស់​ពលរដ្ឋ អ្នក​មិន​សូវ​មាន​​សំឡេង និង​ភាគី​ដែល​ងាយ​រងគ្រោះ​នៅ​ក្នុង​សង្គម។

ការ​បង្ខំ​បិទ​ស្ថាប័ន​ព័ត៌មាន VOD យ៉ាង​តក់ក្រហល់​ពី​សំណាក់​លោក ហ៊ុន សែន ពុំ​បាន​ការ​សាទរ​ពី​ពលរដ្ឋ​ទូទៅ​ឡើយ ជា​ពិសេស​អ្នក​និយម​តាមដាន​ព័ត៌មាន​សង្គម និង​នយោបាយ​ជា​ប្រចាំ ដោយ​ពួកគេ​ចាត់ទុក​ទង្វើ​នេះ​ថា​ជា​ការ​ផ្ដាច់​ផ្តិល​ជីវិត​សារព័ត៌មាន​ឯករាជ្យ​ឱ្យ​អស់​ពី​កម្ពុជា។

កសិករ​រស់​នៅ​ភូមិ​ជើង ឃុំជាប់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លោក ឆៃ វិត ប្រាប់​វិទ្យុ​អាស៊ី​ថា លោក​ជា​អ្នក​រស់​នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម តែង​តាមដាន​ព័ត៌មាន VOD មិន​លួស​ថ្ងៃ​ព្រោះ​តែ​ចង់​ដឹង​ស្ថានការណ៍​ពិត​ក្នុង​សង្គម។ លោក​ថា ការ​បិទ​ស្ថាប័ន​ព័ត៌មាន​ដែល​ផ្សាយ​ព័ត៌មាន​ពិត​មួយ​នេះ ស្មើ​នឹង​រដ្ឋាភិបាល​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ដែរ៖

«ពួក​ខ្ញុំ​រាល់​ថ្ងៃ​នេះ ដែល​ជា​ប្រជាពលរដ្ឋ​តាម​ព្រំដែន​តាម​ជនបទ​ខំ​ខ្នះខ្នែង​ណាស់​ស្វែង​រក​ព័ត៌មាន​ឯករាជ្យ​សម្រាប់​ពួក​ខ្ញុំ​ស្ដាប់ និង​តាមដាន​ពី​បញ្ហា​ប្រទេស​ជាតិ ពី​បញ្ហា​សង្គម និង​នយោបាយ។ ខ្ញុំ​គិត​ថា​ការ​បិទ​សំឡេង វីអូឌី សំឡេង​ឯករាជ្យ​នេះ នៅ​ពេល​នេះ​គឺ​ជា​ការ​សម្លាប់​ទឹកចិត្ត​មួយ​របស់​ពួក​ខ្ញុំ​ដ៏​ធំ​ណាស់ គឺ​ជា​ការ​បិទ​សិទ្ធិ​មិន​ឱ្យ​ពួក​ខ្ញុំ​ដឹង​ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ មិន​ឱ្យ​ពួក​ខ្ញុំ​នៅ​តាម​ស្រុកស្រែ​ចម្ការ​មិន​ឱ្យ​យល់ដឹង​ពី​បញ្ហា​ពិត​កើតឡើង​នៅ​ក្នុង​សង្គម។ ខ្ញុំ​ពិត​ជា​សោកស្ដាយ​ណាស់​បង»។

បើ​តាម​អ្វី​ដែល​លោក ហ៊ុន សែន បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​កាល​ពី​យប់​ថ្ងៃ​ទី១២ ខែ​កុម្ភៈ លោក​បង្ខំ​ឱ្យ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី បញ្ចប់​ការផ្សាយ​របស់​ខ្លួន​ត្រឹម​ម៉ោង១០ព្រឹក ថ្ងៃ​ទី១៣ ខែកុម្ភៈ​នេះ។ លោក ហ៊ុន សែន ចេញ​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លុប​ចោល​អាជ្ញា​ប័ណ្ណ​វិទ្យុ វីអូឌី តែ​ម្ដង។ លោក ហ៊ុន សែន មិន​ត្រឹម​តែ​មិន​បាន​ទុក​ពេល​ឱ្យ វីអូឌី តវ៉ា​រក​ការពិត ហេតុផល​ខុស ឬ​ត្រូវ​ប៉ុណ្ណោះ​ទេ លោក​ថែម​ទាំង​ណែនាំ​ឱ្យ​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្ដឹង​ស្ថាប័ន​នេះ​ទៅ​តុលាការ​ថែម​ទៀត។

ស្ត្រី​ជា​ពលរដ្ឋ​នៅ​ភ្នំពេញ ស្រីនិច លើក​ឡើង​ថា អាជ្ញាធរ​រដ្ឋ​គួរ​តែ​ដោះស្រាយ​បញ្ហា​នេះ ដោយ​ឱ្យ​សារព័ត៌មាន​ផ្សាយ​ព័ត៌មាន​កែ​តម្រូវ ឬ​ចាត់​វិធាន​ការ​តាម​ច្បាប់​សារព័ត៌មាន ដែល​មិន​គួរ​ឈាន​ដល់​ការ​បិទ​មិន​ឱ្យ វីអូឌី ផ្សព្វផ្សាយ​ព័ត៌មាន​តទៅទៀត​បែបនេះ​ឡើយ។ ស្រីនិច​មើល​ឃើញ​ថា ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី បាន​ជួយ​ច្រើន​ដល់​ពលរដ្ឋ​ដែល​ស្វែង​រក​ព័ត៌មាន និង​ចំណេះដឹង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ៖

«វីអូឌី​បាន​ផ្ដល់​ព័ត៌មាន​ដ៏​ជាក់លាក់​មួយ​ដល់​ពលរដ្ឋ​ឱ្យ​គាត់​មាន​ការ​យល់​ដឹង​បញ្ហា​សង្គម ព័ត៌មាន​ទូទៅ ចំណេះដឹង​ទូទៅ ដែល​ពលរដ្ឋ​មិន​មាន​ឱកាស​ទៅ​ចូល​រួម​ផ្ទាល់ ឬ​បាន​បញ្ចេញ​មតិ​ដោយ​ផ្ទាល់។ ខ្ញុំ​មាន​ការ​សោកស្ដាយ​ខ្លាំង។ ខ្ញុំ​ទទូច​ថា បើសិន​ជា​រដ្ឋាភិបាល​ជា​រដ្ឋាភិបាល​មាន​យុត្តិធម៌ គតិធម៌​គួរ​ណាស់​ប្រើ​នីតិវិធី​មាន​ការ​ពិន័យ​ធម្មតា​តាម​កិច្ចការ​រដ្ឋបាល​មិន​គួរណា​បិទ​ដោយ​តក់​ក្រហល់​បែប​នេះ»។

ពាក់ព័ន្ធ​ការ​ឈាន​ដល់​បញ្ជា​​ដក​អាជ្ញា​ប័ណ្ណ​ការផ្សាយ​របស់​វីអូឌី​នេះ ដំបូង​លោក ហ៊ុន សែន ទុក​ពេល​ឱ្យ​ស្ថាប័ន​នេះ៧២ម៉ោង បន្ទាប់​មក​ទុក​ពេល ២៤ម៉ោង ដោយឱ្យសុំទោស​កូនប្រុស គឺលោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​របស់​លោក។ តែ​ទី​បញ្ចប់ លោក ហ៊ុន សែន ក៏​ប្រែ​ប្រកាស​ទាំង​កំរោល​ដក​អាជ្ញាប័ណ្ណ​តែ​ម្ដង នៅ​ក្រោយ​ថ្នាក់ដឹកនាំ​វីអូឌី ផ្ញើ​លិខិត​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដោយ​ប្រើ​ពាក្យ​ថា​ «សោកស្ដាយ» និង​«សូម​អធ្យាស្រ័យ» ​ប្រសិន​បើ​មាន​កំហុស​ដោយ​អចេតនា​នៅ​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី៩ ខែ​កុម្ភៈ ដែល​មាន​ចំណង​ជើង​ថា «មន្ត្រី​រដ្ឋាភិបាល​ថា​ការដែល​លោក ហ៊ុន ម៉ាណែត ដើរ​តួនាទី​ជំនួស​ឪពុក​ក្នុង​ការ​ផ្ដល់​ជំនួយ​ឱ្យ​តួគី មិនមែន​ជា​រឿង​ខុសឆ្គង»

ទាក់ទង​នឹង​រឿង​នេះ ព្រះតេជព្រះគុណ ប៉ម សុខៃវណ្ណៈ គង់​នៅ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ មាន​ថេរដីការ​ថា​ នេះ​ជា​រឿង​មិន​ល្អ​ទាល់តែសោះ ដែល​រដ្ឋាភិបាល​បង្ខំ​បិទ​ការផ្សាយ​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី នៅ​មុន​ពេល​បោះឆ្នោត​បែប​នេះ។ ព្រះអង្គ​ត្រៀម​ចូលរួម​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រក្សាទុក​ស្ថាប័ន​នេះ​ឱ្យ​ដំណើរការ​តទៅ​ទៀត៖

«ពិត​ជា​សំខាន់​មែនទែន​សំឡេង​ប្រជាធិបតេយ្យ​ហ្នឹង រយៈពេល​២០​ឆ្នាំ​ហើយ ដែល​គាត់​មាន​ភាព​ឯករាជ្យ​ខ្លួន​ឯង។ គាត់​ផ្សាយ​ព័ត៌មាន​ពិត​ក្នុង​សង្គម​ប្រជាធិបតេយ្យ និយាយ​ការពិត មិន​គួរ​ណា​បិទ​ទេ។ អាត្មាភាព​នឹង​ចូលរួម​យុទ្ធនាការ ដើម្បី​ទទូច​ឱ្យ​រដ្ឋាភិបាល​គិត​ពិចារណា​ឡើង​វិញ»។

ស្របគ្នា​នេះ​ពលរដ្ឋ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ព្រោងព្រាត​ភ្លាមៗ​ទាំង​យប់​ដែរ ស្នើសុំរដ្ឋាភិបាល​កុំឱ្យបិទ​សារព័ត៌មាន VOD នេះ។ ពួកគេ​ថែម​ទាំង​ចែក​រំលែក​សារ​ប្រហាក់​ប្រហែល​គ្នា​ថា ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី សំខាន់​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន។ ពលរដ្ឋ​ជា​ច្រើន​បង្ហោះ​រូប Logo VOD ដោយ​សរសេរ​សារ​ភ្ជាប់​ថា វីអូឌី ជា​អ្នកនាំសារ​ពិត​ជូន​ពលរដ្ឋ និង​រដ្ឋាភិបាល។ សូម​មេត្តាកុំ​បិទ​វីអូឌី។ សូម​មេត្តា​ទុក វីអូឌី សម្រាប់​អ្នក​ស្រេក​ឃ្លាន​ព័ត៌មាន។

ប្រធាន​សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា សរសេរ​ថា ការពិត ការ​បិទ​វីអូឌី គឺ​មិន​ខុសពី​យក​ពូថៅ​ទៅ​វាយ​បំបែក​កញ្ចក់​ទិព្វ ដែល​ឆ្លុះ​ខ្លួន​ប្រាណ​យើង​នោះ​ទេ។ ចំណែក​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​អ្នកស្រី ចក់ សុភាព ដែល​ទាមទារ​មិន​ឱ្យ​បិទ​វីអូឌី ដែរ​នោះ លើកឡើង​ថា​ អ្នកស្រី​សង្ឃឹម​ថា​ នាយករដ្ឋមន្ត្រី​នឹង​បើក​ចិត្តទូលាយ ព្រោះ​ការសម្រេច​បិទ វីអូឌី ពិត​ជា​ប៉ះពាល់​ខ្លាំង​ដល់​សេរីភាព​សារព័ត៌មាន។

ចំណែក​ព្រះតេជគុណ លួន សាវ៉ាត បាន​បង្ហោះ​សារ​ថា បិទ​វីអូឌី​ដូចជា បិទ​ភ្នែក បិទ​មាត់​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស។

ទាក់ទង​នឹង​រឿង​នេះ ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​ប្រើ​ហ្វេសប៊ុក ឈ្នោះ បងចិត្ត ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​បាន​ដឹង​ព័ត៌មាន​ពិត​ក្នុង​ប្រទេស​ដោយសារ​វីអូឌី​ផ្សព្វផ្សាយ ពោល​គឺ​លោក​បាន​ដឹង​ព័ត៌មាន​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស​ទោះ​បី​ជា​លោក​ទៅ​ធ្វើការ​នៅ​ស្រុក​គេ​ក្ដី៖

«ការ​ធ្វើ​កូដកម្ម​នៅ​ណាហ្គាវើដ៏​ក៏​គាត់​បាន​ទៅ​យក​ព័ត៌មាន ការ​ធ្វើការ​តវ៉ា​អី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក៏​គាត់​បាន​ទៅ​យក។ ជាក់ស្ដែង​ខ្ញុំ​មិន​បាន​នៅ​ក្នុង​ស្រុក គឺ​ខ្ញុំ​នៅ​ខាង​ក្រៅ​ក៏​គាត់​ទៅ​យក​ព័ត៌មាន​មក​ផ្សាយ​ឱ្យ​ខ្ញុំ​បាន​ឃើញ»។

និយាយ​ដល់​ការ​តវ៉ា​របស់​ពលរដ្ឋ​ដែល​សារព័ត៌មាន​ក្នុង​ស្រុក​ទូទៅ​មិន​ផ្សព្វផ្សាយ​នេះ កូដករ​នៅ​ណាហ្គា​វើលដ៍ (NagaWorld) កញ្ញា វ៉ាន់ រីណា បារម្ភ​ថា ​ព័ត៌មាន​ពិត ដែល​ជា​ទុក្ខសោក​ការឈឺចាប់​របស់​ពលរដ្ឋ ដែល​រង​ការរំលោភ​បំពាន​ផ្សេងៗ ដូច​ករណី​ណាហ្គា​វើលដ៍​ជាដើម​នេះ ​នឹង​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយទៀតទេ៖

«ស្ថាប័ន​ព័ត៌មាន​មួយ​ គឺ​ប្រៀប​បី​ដូច​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​តថភាព​ពិត​ក្នុង​សង្គម​របស់​យើង។ អ៊ីចឹង​បើសិនជា​បិទ​សារព័ត៌មាន​ឯករាជ្យ វា​ស្មើ​ហ្នឹង​អា​កញ្ចក់ ដែល​ឆ្លុះ​បញ្ចាំង​ហ្នឹង​ត្រូវ​បាន​ផ្កាប់ ដល់​ពេល​ចឹង​យើង​មិន​អាច​មើល​ឃើញ​អ្វី​បាន​ទៀត​ទេ»។

មិន​ខុស​គ្នា​នេះ​អ្នក​ធ្លាប់​រងគ្រោះ​ដោយសារ​ការរំលោភ​យក​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ កន្លង​ទៅ​វីអូឌី តែង​ជួយ​ផ្សព្វផ្សាយ​ពី​បញ្ហា​ដី​ធ្លី បញ្ហា​របស់​ពលរដ្ឋ​រងគ្រោះ​ឱ្យ​ពិភព​លោក​បាន​ដឹង ដែល​មិន​គួរ​បិទ​ស្ថាប័ន​នេះ​ឡើយ។ អ្នកស្រី ទេព វន្នី មើល​ឃើញ​ថា មន្ត្រី​ពាក់ព័ន្ធ​គួរ​មាន​ការទទួលខុសត្រូវ​ចំពោះ​ការផ្ដល់​ព័ត៌មាន​ដល់​អ្នកសារព័ត៌មាន ដែល​មិន​ត្រូវ​ទម្លាក់​កំហុស​លើ​អ្នកសារព័ត៌មាន​ឡើយ៖

«កន្លង​មក ដែល​មាន​ការ​ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិ​មនុស្ស ដីធ្លី ការ​កាប់​បំផ្លាញ​ព្រៃឈើ ជា​រួម​ទៅ​ឱ្យ​តែ​មាន​ភាព​អយុត្តិធម៌​ក្នុង​សង្គម​គឺ​វិទ្យុ​របស់​ស្ថាប័ន វីអូឌី តែងតែ​ជួយ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ។ រឿង​នេះ​ខ្ញុំ​គិត​ថា​ជា​រឿង​រសើប​មួយ ហើយ​ជា​រឿង​រសើប​មួយ​សម្រាប់​ខាង​រដ្ឋាភិបាល ដែល​គាត់​មិន​គួរ​ធ្វើ​រឿង​ហ្នឹង​ឡើង»។

បើ​ទោះ​ជា​មាន​មតិ​ពី​ពលរដ្ឋ និង​ពី​អង្គការ​សង្គម​ស៊ីវិល​ថា ​មិន​គាំទ្រ​ឱ្យ​បិទ​វីអូឌី​នេះ​ក្ដី ក៏​នៅ​ពេល​ចូល​ទៅ​មើល​ខ្ទង់​ខំមិន (Comment) របស់​ហ្វេសប៊ុក​លោក ហ៊ុន សែន វិញ ឃើញ​មាន​មតិ​សាទរ​គាំទ្រ​ចំណាត់​ការ​បិទ វីអូឌី ដោយ​លោក ហ៊ុន សែន នេះ​ព្រោងព្រាត​ដែរ។

យ៉ាង​នេះ​ក្ដី​ ការ​ចេញ​បទបញ្ជា​បិទ​ការផ្សាយ វីអូឌី នេះ​ក៏​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ដូចគ្នា​នៅ​មុន​ការបោះ​ឆ្នោត​ឆ្នាំ​២០២៣​នេះ​ ទៅ​នឹង​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ២០១៨ ដែរ​ គឺ​យុទ្ធសាស្រ្ត​គាស់​រំលើង​ស្ថាប័ន​ព័ត៌មាន​រាជ្យ​នៅ​តែ​បន្ត។ ក្រុម​អ្នក​ឃ្លាំ​មើល​រិះគន់​ថា​ ទាំង​នេះ​ក៏​ដោយសារ​មេដឹកនាំ លោក ហ៊ុន​សែន ខ្លាច​ការពិត ពីព្រោះ​ការពិត​អាច​នឹង​ធ្វើ​ឱ្យ​រង្គោះរង្គើ​ការ​ក្ដោប​ក្ដាប់​អំណាច និង​ការផ្ទេរ​អំណាច​ត​កូនតចៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។