អ្នកឃ្លាំមើលជំរុញឱ្យគណបក្សសង្គ្រោះជាតិរៀបចំយុវជនបន្តវេនដូចបក្ស​កាន់អំណាច​កំពុងធ្វើ

ដោយ ហេង រស្មី
2021-03-11
Share
អ្នកឃ្លាំមើលជំរុញឱ្យគណបក្សសង្គ្រោះជាតិរៀបចំយុវជនបន្តវេនដូចបក្ស​កាន់អំណាច​កំពុងធ្វើ (ឆ្វេង) បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​​ការ​អភិវឌ្ឍ​សង្គម​ (ស្តាំ) បណ្ឌិត សេង សារី សហស្ថាបនិក​វិទ្យាស្ថាន​​ប្រជាធិបតេយ្យ​កម្ពុជា។
រូប៖ ហ្វេសប៊ុក

ក្រុម​អ្នក​​តាម​ដាន​ការណ៍​​នយោបាយ​​មើល​ឃើញថា គណបក្ស​សង្គ្រោះជាតិ​អាច​​នឹង​​បាត់​បង់​​ឱកាស​​ប្រកួត​ប្រជែង​​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា ប្រសិន​​បើ​បក្ស​នេះ​​មិន​​គិត​គូរ​​ពី​​ការ​​រៀប​​ចំ​​អ្នក​​បន្ត​វេន ដូច​​អ្វី​​ដែល​​គណបក្ស​កាន់​អំណាច​​កំពុង​​ធ្វើ​សព្វថ្ងៃ​នេះទេ។

សហស្ថាបនិក​វិទ្យាស្ថាន​​ប្រជាធិបតេយ្យ​កម្ពុជាលោកបណ្ឌិត ​សេង សារី ​មានប្រសាសន៍​ថា គណបក្ស​សង្គ្រោះជាតិ​មិន​ទាន់​​បង្ហាញ​​ឱ្យ​បាន​​ច្បាស់​នៅឡើយ​អំពី​ការ​​រៀប​ចំ​កម្លាំង ​និង​​​រចនាសម្ព័ន្ធ​​​យុវជន​​ ដើម្បី​​​​បន្ត​វេន​​​ពី​​​​មេដឹកនាំ​ជំនាន់​មុន។ ​លោក​យល់​​ថា ​ប្រសិន​​បើ​​គណបក្ស​សង្គ្រោះជាតិ​​បណ្តោយ​​ឱ្យស្ថានភាព​​បែប​នេះ​​អូស​​​បន្លាយ​​​ទៅ​​មុខ​​​ទៀត​ បក្ស​ប្រឆាំង​​​ដ៏​ធំ​ជាង​គេ​​ដែល​​​ត្រូវ​​អាជ្ញាធរ​​​រំលាយ​​ចោល​​នេះ ​អាច​នឹង​​ប្រឈម​​បាត់បង់​​ការ​គាំទ្រ​​ពី​យុវជន។ ​

លោក​ជំរុញ​​ឱ្យ​​គណបក្សសង្គ្រោះជាតិ​​គួរ​រៀប​ចំ​​យុវជន​​បន្ត​វេន ​ដោយ​ដើរ​​តាមគន្លង​​នយោបាយ​​ប្រជាធិតេយ្យ ​ហើយ​អ្នក​នយោបាយ​​ជំនាន់​​ចាស់​​គួរ​​ដើរ​តួនាទី​​ជា​​អ្នក​ប្រឹក្សា​​នយោបាយ ​និង​​ជា​គំរូស​ម្រាប់​​ឱ្យ​យុវជន៖​ «ដែលមាន​ឥស្សរជននយោបាយ​ជំនាន់មុនជាខ្នង​បង្អែក ​​ដើរតួរ​ខ្លួន​ជា​គ្រូ​បាធ្យាយ​​នយោបាយ​​របស់​​មនុស្ស​ជំនាន់​ថ្មី​ ​ដើរ​តួជាវីរជន​នយោបាយ​​នៅក្នុង​បក្ស​​ប្រឆាំង​រ​បស់ខ្លួន​​​សម្រាប់​ជាគំរូ ​ឬ​សម្រាប់​ជាពិសោធន៍ដល់យុវជន​ជំនាន់ថ្មីឱ្យពួកគាត់​មាន​ឱកាស​នៅក្នុង​ការចេញប្រកួតប្រជែង ​ដើម្បី​បង្ហាញពី​សមត្ថភាព​រប់សពួកគាត់ ​ដែលជាវិធីសាស្រ្ត​មិនមែន​តែសម្រាប់​គណបក្សប្រឆាំងទេ ​សម្រាប់​គណបក្ស​កាន់អំណាចហ្នឹង ​ក៏ដូចគ្នាដែរ ​យើងឃើញថា គណបក្សកាន់អំណាច​កំពុងត្រៀមប​ញ្ចូល​យុវជន​ហ្នឹង ​ចូលក្នុងការ​ប្រកួតប្រជែង​ពីរបីឆ្នាំ​ចុងក្រោយនេះ»។​

ស្រដៀង​​គ្នានេះ​ដែរ​ អ្នក​ស្រាវជ្រាវ​​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត​ មាស នី ​មាន​ប្រសាសន៍​ថា ​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​​គួរ​​ប្រមូល​​ឱ្យ​​យុវជន​​ចូលរួម​​ក្នុង​​ឆាក​នយោបាយ​​របស់​ខ្លួន​​ឡើងវិញ ​ព្រោះ​ការ​​ទាមទារ​​យក​​គណបក្ស​សង្គ្រោះជាតិ​មក​​វិញ​ទំនង​​​ជា​​មិន​​អាច​​​ទៅ​រួច​ឡើយ។ លោកបន្ថែមទៀតថា​ មេដឹកនាំ​​គណបក្ស​សង្គ្រោះ​ជាតិ​​ត្រូវ​​ពិចារណា​​រកយុទ្ធសាស្ត្រ​ថ្មី ​បើមាន​បំណង​ចូលរួម​​ការ​បោះឆ្នោត​​នាពេល​ខាងមុខ៖​ ​«​គណបក្សប្រឆាំងហ្នឹង ​ស្ទើរតែគ្មាន ​ឬក៏គ្មាន​ទាល់តែសោះ​នូវ​ឱកាស​រៀបចំខ្លួន​នៅពេល​ដែលគូ​បដិបក្ខ​របស់ខ្លួន​ គណបក្សកាន់អំណាច​គឺមានអ្វីៗទាំងអស់ ​មានលទ្ធភាព​ក្នុងការរៀបចំ​រចនាសម្ព័ន្ធ ​និង​ធនធាន​មនុស្ស​ដែល​គេ​ជឿថា​​ ក្រោយពីរំលាយ​គណបក្សសង្គ្រោះជាតិ ​គណបក្សកាន់អំណាច​អាចប្រើពេលពី​ ៥ឆ្នាំ ទៅ ១០ឆ្នាំ ដើម្បី​ស្តារនូវកិត្យានុភាព ​និង​ប្រជាប្រិយភាព​​របស់ខ្លួន​វិញ ​ដែលបាន​បាត់បង់កាលពីមុន​ ឆ្នាំ២០១៧»។

ក្រុម​អ្នក​​ឃ្លាំមើល​​គូស​​បញ្ជាក់ថា ការ​រៀបចំ​យន្តការ​ថ្មី ឬ​បញ្ចូល​ឈាមថ្មី​នេះ ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ គួរជៀសវាង​មើល​អ្នក​ប្រជាធិបតេយ្យ​ដូចគ្នា​​ក្នុងផ្លូវ​​មិនល្អ បញ្ឈប់​​ការ​​ចោទ​ប្រកាន់​ដែល​​ខ្វះ​មូលដ្ឋាន និង​ត្រូវ​គិត​ពី​យុទ្ធសាស្រ្ត​ក្នុង​ការ​ត្រៀម​ខ្លួន​ដើម្បី​ប្រកួត​ប្រជែង​នាពេល​ខាងមុខ។

ជុំវិញ​រឿងនេះ អនុប្រធាន​គណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង អះអាអាង​ថា ​គណបក្ស​សង្គ្រោះជាតិ​​មាន​​រចនា​សម្ព័ន្ធ​យុវជន​​រួច​ហើយ ​ដែល​ជាកម្លាំង​​ខ្លាំង​ ទើប​គណបក្សប្រជាជនកម្ពុជាភ័យខ្លាច មិន​ហ៊ាន​​ចូលរួម​​ប្រកួត​ប្រជែង​​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​។ ​​លោក​​បញ្ជាក់​ថា​ ​បើ​និយាយ​​ពី​ការ​ចូលរួម​​របស់​​យុវជន​​គណបក្ស​ប្រឆាំង ​ត្រូវ​ពិនិត្យ​មើល​ពី​​បរិយាកាសនយោបាយជា​មុន​សិន ព្រោះ​វា​ជា​ឧបសគ្គ​នៃ​ការ​ចូលរួម​របស់​យុវជន​គណបក្សសង្គ្រោះជាតិ៖ «យើងមិនមែនត្រៀមទេ យើងមានរួចស្រេចហើយយើង​មាន​កម្លាំង​របស់យើង ​ដោយសារយើងមានកម្លាំងខ្លាំង កម្លាំងយុវជននៃការចូលរួម​ពី​យុវជន​ខ្លាំង​ច្រើនចឹងគណបក្សប្រជាជន គឺភ័យខ្លាច មិនហ៊ានប្រកួតប្រជែងជាមួយគណបក្សសង្គ្រោះជាតិ បានរំលាយគណបក្សសង្គ្រោះជាតិ ដែលផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ហ្នឹង​ មិន​ឱ្យ​យើង​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​កាលពី ​ឆ្នាំ២០១៨ កន្លងមកនេះ»។

របបលោក ហ៊ុន សែន បាន​​រំលាយ​​គណបក្ស​សង្គ្រោះជាតិ ​ដែល​​មាន​​អ្នក​គាំទ្រ​ជិត​ពាក់​កណ្តាល​​ប្រទេស កាល​ពី​ចុងឆ្នាំ២០១៧។ របបនេះ​​​បាន​​បំបិទ​សិទ្ធិ​ថ្នាក់ដឹកនាំ​​គណបក្ស​ប្រឆាំង​​ចំនួន ​១១៨នាក់ មិន​​ឱ្យ​​ធ្វើ​​នយោបាយ​រយៈពេល ​៥ឆ្នាំ និង​​ដក​ហូត​​យក​​អាសនៈ​ពី​​ថ្នាក់​​មូលដ្ឋាន​​រហូត​​ដល់​​ថ្នាក់​ជាតិ​​របស់​បក្ស​សង្គ្រោះជាតិ​​ទៅ​ចែក​​​គ្នា​​កាន់​​កាប់។ ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​​ជា​ច្រើន​នាក់​​ បាន​រត់​​ភៀស​ខ្លួន​​ទៅក្រៅ​ប្រទេស​ និង​​ត្រូវ​​បាន​​របប​លោក ហ៊ុន សែន បិទ​គ្រប់ច្រក​មិន​​ឱ្យ​​ត្រឡប់​មក​​កម្ពុជា​វិញ​ឡើយ ស្របពេល​​ថ្នាក់​ដឹកនាំ​​ខ្លះ​ដែល​​នៅ​ក្នុងស្រុកមិន​​ហ៊ាន​​ធ្វើ​​សកម្មភាព​​នយោបាយធំដុំ​​នោះទេ ដោយ​សារ​​ជាប់​បម្រាម ឬ​ជាប់​បណ្តឹង​​របស់​​តុលាការ។

ក្នុង​ពេល​​អវត្តមាន​​បក្ស​ប្រឆាំង​ពី​​ឆាក​នយោបាយ​​នេះ គណបក្ស​ប្រជាជន​កម្ពុជា​​បាន​​ក្រសោប​​យក​​អំណាច​​រដ្ឋ​​ទាំង​​អស់​​មក​​កាន់​​កាប់​ផ្តាច់​​មុខ​​តែម្នាក់​ឯង ហើយ​​បាន​​បញ្ចូល​​យ៉ាង​​លឿន​​រហ័ស​​កូន​​ចៅ​មន្ត្រី​ជំនាន់​​មុន​​នៃ​​គណបក្ស​​នេះ​ ឱ្យ​​កាន់​​តំណែង​​គ្រាក់ៗ​នៅ​ក្នុង​​ជួរ​​រដ្ឋាភិបាល រដ្ឋសភា តុលាការ និង​ជួរគណ​បក្ស។ ជាពិសេស កូន​​ប្រុស​​ច្បង​របស់​​លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ត្រូវ​បាន​​ឪពុក​របស់​លោក​ ​លើក​​ជ្រោង​ឱ្យ​​​ខ្ពស់​​ផុត​​គេឯង ដើម្បី​ក្លាយ​​ជា​នាយក​រដ្ឋ​​មន្ត្រី​ទៅថ្ងៃ​អនាគត។

អ្នកនាំ​ពាក្យ​គណបក្សប្រជាជន​កម្ពុជាលោក សុខ ឥសាន លើកឡើង​ថា គណបក្ស​ប្រជាជន​មាន​រចនាសម្ព័ន្ធ​រឹងមាំ ដែល​មាន​គ្រប់​សាខា គ្រប់​ផ្នែក​ទាំងអស់ ដើម្បី​បម្រើ​សំណូមពរ​ ភារកិច្ច នយោបាយរបស់​គណបក្ស គឺ​ឆ្លុះ​បញ្ចាំង​អំពីភាព​រឹង​មាំ​​គណបក្សប្រជាជន។ លោកថា ​​ក្រុម​យុវជន​​​នៅ​​ក្នុង​​ជួរ​រដ្ឋាភិបាល​ គឺ​សុទ្ធ​​តែ​​ជា​​យុជន​​ចេញ​​ពី​​ជួរ​​គណបក្ស​។ ​លោកបន្តថា ​គណបក្សនេះ កំពុង​គិតគូរ​យុវជន​ក្នុង​រចនាសម្ព័ន្ធបក្ស​ជា​បន្តបន្ទប់ ដើម្បី​ក្លាយ​ជាទំពាំង​សម្រាប់​ជំនួសអ្នក​ជំនាន់​មុន៖ «គណបក្សប្រជាជន​មានរចនា​សម្ព័ន្ធ​រឹងមាំ​គ្រប់សាខា​គ្រប់ផ្នែក​ទាំងអស់​ ដើម្បី​បម្រើ​សំណូមពរ ភារកិច្ច​នយោបាយរ​បស់​គណបក្ស​ ក្នុង​ជួរយុវជន​គណបក្ស​ប្រជាជន​កំពុង​ត្រូវបាន​គិតគូរ​និង​បញ្ចូល​ទៅក្នុង​រចនាសម្ព័ន្ធបក្ស​ នៅក្នុង​រចនា​សម្ព័ន្ធ​រាជរដ្ឋាភិបាល​ជាបន្តបន្ទាប់ ​ហើយ​ដើម្បី​ជាទំពាំង​ស្នងឬស្សី​របស់​អ្នក​នយោបាយ​ជំនាន់មុន​»។

លោក សុខ ឥសាន អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា មានសមាជិក​​​ជាង ៦លាន​នាក់ នៅ​ទូទាំងប្រទេស ក្នុងនោះ​លោក​ប៉ាន់ស្មានថា យុវជន​មាន​ជិត ២លាន​​នាក់​។ ​លោកថា ចលនាយុវជន​គណបក្ស​ដែលដឹកនាំដោយ​លោក ហ៊ុន ម៉ាណែត​ កំពុងតម្រង់មុខព្រួញ​ទៅរកជ័យ​ជម្នះក្នុង​​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ឆ្នាំ២០២២ និង​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​ឆ្នាំ២០២៣។

ទោះ​ជាយ៉ាង​នេះក្តី អ្នក​សិក្សា​ផ្នែក​ច្បាប់លោក វ៉ន ចាន់ឡូត យល់ថា ទឹកចិត្តអ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​​នៅ​​មូល​ដ្ឋាន​​មិន​​មាន​​ការ​​ប្រែប្រួល​​នោះទេ ​ប៉ុន្តែ​បញ្ហា​​​ស្ថិត​​​នៅ​ត្រង់​​​ថា ​មេដឹកនាំ​​គណបក្ស​​នេះ មិន​បាន​​កំណត់​​យុទ្ធសាស្រ្ត​​ថ្មីឱ្យ​​បាន​​ច្បាស់​លាស់ ​ដើម្បី​​រៀប​ចំ​​យុវជន​​បន្តវេន ​និង​​ដើម្បី​​ឱ្យ​​ទទួល​​បានការ​គាំទ្រពី​ប្រជាពលរដ្ឋ​​សា​​ជាថ្មី​។ លោក​ថា ​​គណបក្ស​សង្គ្រោះជាតិ​មិន​គួរ​​បន្ត​ក្រសោប​ឈ្មោះបក្ស ​ដែល​លោក​​​​ថា​ ជា​ការ​​បិទ​​ផ្លូវ​​ខ្លួន​ឯង​​ក្នុង​​​ឆាក​​​នយោបា​យ​បែប​នេះ​​ឡើយ៖​ «​នយោបាយ​គណបក្ស​ប្រឆាំង​ហ្នឹង ​កំណត់ថា​ ខ្លួនឯង​ជា​អ្វី​ឱ្យប្រាកដ ពី​ព្រោះនៅពេល​ដែលយើង​កំណត់ខ្លួន​ឯងមិ​​នប្រាកដ ​យើងពិបាក​នៅក្នុងថា ​តើ​សកម្មភាព​អ្វីដែល​ត្រូវ​ធ្វើ​ ហើយ​ប្រជាពលរដ្ឋ​ត្រូវចូលរួម​យ៉ាង​ដូចម្តេច​ ទើប​ជាបញ្ហា​ដែល​ត្រូវដោះស្រាយ​នៅក្នុង​បញ្ហា​ចំពោះមុខ ​ខ្ញុំគិត​ថា ​ប្រសិន​បើមានការ​ជជែក​មួយមា​នកា​រចូល​រួមពី​អ្នក​នយោបាយ ​ដែលត្រូវបានដក​សិទ្ធិនយោបាយ ​ខ្ញុំគិត​ថា ​ដំណោះស្រាយ​អាច​រក​ឃើញ​សម្រាប់​អ្នក​នយោបាយ ​គឺដំណោះស្រាយ​អាចរក​ឃើញ ​ថាតើយើង​នៅ​ត្រាំត្រែង​ក្នុងការ​ទទួល​ថា ​តើត្រូវ​មាន​សង្គ្រោះ​ជាតិ ឬ​ក៏យើង​ត្រូវរក​វិធីសាស្រ្តថ្មី​»។

កម្ពុជា​​មាន​​យុវជន​ជាង​ ៣៣​ភាគរយ​ នៃ​ប្រជាពលរដ្ឋ​សរុប ហើយ​​ពួក​​គេ​នឹង​​ក្លា​យ​ជា​តួអង្គ​សំខាន់​ដែល​​អាច​​ធ្វើ​​ឱ្យ​ប្រែប្រួល​​​នយោបាយ​របស់​​កម្ពុជា​។ ក្នុង​​​បរិបទបែប​​​នេះ ​ក្រុម​​​​អ្ន​ក​​​​សង្កេត​ការណ៍​ជំរុញ​​​ឱ្យ​​​គណបក្ស​​សង្គ្រោះជាតិ​​រៀប​ចំ​យុទ្ធសាស្ត្រ​រយៈ​ពេល​​វែង​​ដោយ​​ផ្តោត​​លើ​ការ​​កសាង​​ធនធាន​​អ្នក​បន្ត​វេន ដើម្បី​ប្រកួត​​ប្រជែង​​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា​ទៅថ្ងៃអនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល