"ឈាម​ថ្មី​នៃ​បក្ស​កាន់​អំណាច​នៅតែ​ប្រើ​ស្ទីល​ចាស់​ក្នុង​ការ​លាប​ពណ៌​នយោបាយ​គ្នា"

ដោយ មួង ណារ៉េត
2021-05-13
Share
"ឈាម​ថ្មី​នៃ​បក្ស​កាន់​អំណាច​នៅតែ​ប្រើ​ស្ទីល​ចាស់​ក្នុង​ការ​លាប​ពណ៌​នយោបាយ​គ្នា" លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ស្ដាំ​ចង្អុល) និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា។
Photo Screenshot

អ្នកឃ្លាំមើល​សង្គម សោកស្ដាយ​ដែល​ឈាម​ថ្មី​នៃ​មនុស្ស​នៅក្នុង​ជួរ​គណបក្ស​បក្ស​កាន់អំណាច នៅ តែ​ប្រើ​ស្ទីល​ចាស់​ក្នុង​ការ​លាប​ពណ៌​គូប្រកួត​នយោបាយ ដោយ​បំពាន​ករណីយកិច្ច​របស់​ខ្លួន ចំពោះ​ប្រជា​ពលរដ្ឋ។

អ្នកឃ្លាំមើល​សង្គម​សង្កេត​ឃើញ​បែប​នេះ ក្រោយពី​មនុស្ស​ជំនាន់​ក្រោយ និង​ឈាម​ថ្មី​ដែល​ជា​មន្ត្រី​រដ្ឋាភិបាល ចោទ​គណបក្ស​ប្រឆាំង​ដែល​ក្រុម​ខ្លួន​បាន​រម្លាយ​ចោល និង​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត ថា មិន​បាន​ជួយ​អ្វី​សោះ ក្នុង​ស្ថានភាព​ដែល​ស្រុកទេស​មាន​វិបត្តិ គឺ​បាន​តែ​ខាង​រិះគន់​ប្រឆាំង។

ទោះបីជា​ប្រទេស​កម្ពុជា ឆ្លងកាត់​ការបោះឆ្នោត ៥​អាណត្តិ​មក​ហើយ​ក្ដី ក៏​មន្ត្រី​នៅក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​មន្ត្រី​របស់​គណ​បក្ស​កាន់អំណាច​ផង​នោះ ហាក់ដូចជា​នៅតែ​មិន​យល់​ច្បាស់ អំពី​តួនាទី​របស់​មន្ត្រី​រដ្ឋាភិបាល និង​តួនាទី​របស់​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ឡើយ។

ជារឿយៗ សូម្បីតែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​អ្នកនយោបាយ​ចាស់វស្សា និង​កាន់​អំណាច​ជាង បី​ទសវត្ស​ន៍​ទៅ​ហើយ​ក្ដី ក៏​បែងចែក​តួនាទី​នេះ មិន​ដាច់​ពី​គ្នា​បាន​ដែរ ដោយ​លោក​តែងតែ​ចោទ​មន្ត្រី​បក្ស​ប្រឆាំង ថា​មិនដែល​បាន​ធ្វើ​អ្វី ដើម្បី​ជួយ​ពលរដ្ឋ ជាពិសេស​ក្នុង​គ្រា​មាន​អាសន្ន។

អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម មិន​ភ្ញាក់ផ្អើល​នឹង​ទម្លាប់​របស់​អ្នកនយោបាយ​ជើងចាស់ ដែល​ស៊ាំ​នឹង​ការ ទម្លាក់កំហុស​អ្នកដទៃ ដើម្បី​ភាព​ល្បី​របស់​ខ្លួន​នេះ​។ ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល គឺ​អ្នក​នយោបាយ​ជើង​ថ្មី ដែល​​​​​​​ជា​ឈាម​ថ្មី​ក្នុង​ជួរ​គណបក្សកាន់អំណាច បែរ​ជា​យក​មាគ៌ា​ចាស់​គម្រិល​មក​ប្រើ​ក្នុង​បរិបទ​ទំនើប​នេះ​ដែរ​។ លោក​បណ្ឌិត សេង សារី ហួសចិត្ត​ដែល​មន្ត្រី​បក្ស ប៉ុន្តែ​មាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល បែរជា​មិន​យល់​តួនាទី និង​ករណីយកិច្ច​របស់​ខ្លួន​បែបនេះ​ទៅវិញ៖ «ឈាម​ថ្មី​របស់​គណបក្ស​ប្រជាជន​នៅ​ប្រើ​ឥរិយាបថ​នយោបាយ​បែប​ចាស់ ទម្លាក់កំហុស​ទៅ​អ្នកដទៃ មិន​ប្រឹង​ធ្វើ​ល្អ​ខ្លួន​ឯង ខ្លួន​ឯង​មាន​សិទ្ធិអំណាច​ក្នុង​ការ​ប្រើប្រាស់​ថវិកាជាតិ មាន​សិទ្ធិអំណាច​ក្នុង​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់អាវុធ ក៏ប៉ុន្តែ​ឆ្លៀតពេល​ហ្នឹង ក៏​ឆ្លៀត​បន្ទោស​គេ​បន្ទោស​ឯង​បែបនេះ ដើម្បី​ឲ្យ​បាន​មុខ​កាន់​តែ​ល្អ​ជាង​មុន​។ មន្ត្រី​គណបក្ស​ប្រជាជន ជាពិសេស​ថ្នាក់ក្រោម ឬ​អាច​ថា​ចុះ​ពី​ថ្នាក់​កំពូល​មក ភ្លេច​គិតថា​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​រម្លាយ​ហើយ​។ ដូច្នេះ​មិនដឹង​ជា​កេង​នយោបាយ ដើម្បី​អ្វី?»

សារ​កេង​ចំណេញ​នយោបាយ​របស់​ឈាម​ថ្មី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី ០៦ ខែ ឧសភា នៅក្នុង​សន្និសីទ​ព័ត៌មាន របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​ស្ដីពី​ការ​ដាក់​ចេញ​វិធានការ​រដ្ឋបាល​សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ក្នុង​នោះ អភិបាលរង​រាជធានី​ភ្នំពេញ លោក កើត ឆែ ចោទ​គណបក្ស​ប្រឆាំង​ថា មិន​បាន​ជួយ​ស្អី​សោះ ចាំតែ​រិះគន់​ប្រឆាំង៖ «នៅ​ពេល​ដែល​គាត់​អត់​បាន​ចេញ​លុយ​មួយ​រៀល និង​អត់​បាន​បញ្ចេញ​កម្លាំង​ពលកម្ម​មួយ​បន្តិច​សោះ តែ​គាត់​បានតែ​និយាយ កន្លងមក​យើង​ឃើញច្បាស់​។ សួរ​ថា​ពេល​ដែល​មាន​ព្រឹត្តិការណ៍​ដូច្នេះ ដូច​គ្រោះ​ទឹកជំនន់ អាសន្ន​អន់​ក្រ​នេះ ពេល​ដែល​មាន​អគ្គីភ័យ តើ​មាន​ឃើញ​មុខ​ក្រុម​អ្នកប្រឆាំង​មក​ឬទេ​? ប៉ុន្តែ​បើ​ស្រែក​កោៗ តាម​បណ្ដាញ​សង្គម​មាន​។ ដូច្នេះ ក្រុមប្រឆាំង​នៅ​ស្រុក​យើង​នេះ គឺ​គាត់​ធ្វើ​យ៉ាងម៉េច​ឲ្យ​តែ​ប្រឆាំង»

នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត ជា​ម្ចាស់​ប្រទេស និង​ជា​ចៅហ្វាយនាយ ស្រប​ពេល​ដែល​មន្ត្រី​រាជការ​ស៊ីវិល គឺជា​អ្នកបម្រើ​រាស្ត្រ ព្រោះ​ស៊ីប្រាក់ខែ​រាស្ត្រ ដែល​រាស្ត្រ​បង់​តាមរយៈ​ពន្ធ​ដារ។ មន្ត្រីរាជការ​មាន​តួនាទី​ក្នុង​ក្របខណ្ឌ​រដ្ឋ ទទួល​បាន​ប្រាក់ខែ និង​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត ដើម្បី​បំពេញ​ករណីយកិច្ច បម្រើ​ពលរដ្ឋ​គ្រប់​កាលៈទេសៈ ជាពិសេស​ពេល​ដែល​ប្រជាពលរដ្ឋ​ប្រឈម​នឹង​ការ​លំបាក​។ ចំណែកឯ​អ្នកនយោបាយ​បក្ស​ប្រឆាំង​វិញ ជាទូទៅ​ដើរតួ​ជា​អ្នក​តាម​ឃ្លាំមើល​សកម្មភាព​របស់​រដ្ឋាភិបាល ក្នុង​ការ​បម្រើ​រាស្ត្រ​ថា តើ​រដ្ឋាភិបាល​បាន​បំពេញ​ករណីយកិច្ច​ត្រឹមត្រូវ​របស់​ខ្លួន​ដែរ​ឬ​យ៉ាងណា?

ក្នុង​ប្រទេស​នីមួយ​រដ្ឋ​រដ្ឋាភិបាល​ដែល​រួមមាន​ទាំង​អំណាច​ដាច់​មុខ​បង្ខិតបង្ខំ​រាស្ត្រ យក​ពន្ធ​ដារ លក់ ជួល​សម្បត្តិ​រដ្ឋ ខ្ចី​លុយ​គេ យក​លុយ​និង​មធ្យោបាយ​ឯទៀត សម្រាប់​ឲ្យ​រដ្ឋាភិបាល​បំពេញ​ករណីយកិច្ច​ទាំងនោះ ដែល​រួមមាន​ការ​ជួយ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រឈម​និង​ការ​លំបាក​។​

លោក​បណ្ឌិត​ឡៅ ម៉ុង ហៃ ថា លោក​ធ្លាប់​រស់នៅ​ប្រទេសក្រៅ ៤-៥​ប្រទេស​ដែរ ហើយ​ក្នុង​ប្រទេស​មួយៗ​រស់​ពី​១​ឆ្នាំ​ឡើង​ទៅ តែ​មិន​ដែល​ដឹង​មិន​ដែល​ឮ​មន្ត្រី​រដ្ឋាភិបាល​(​ឬ​អ្នកនយោបាយ​ក្នុង​ជួរ​បក្ស​កាន់អំណាច​) និយាយ​ថា "​ក្រុមប្រឆាំង​អត់​បាន​ចេញ​លុយ​មួយ​រៀល និង​ពលកម្ម​បន្តិច​សោះ​" ដើម្បី​ជួយ​ប្រជាពលរដ្ឋ ឬ​និយាយ​ភាសា​បែបៗ​នេះ​នោះ​ទេ ទោះជា​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ហើយ​ត្រូវការ​ការ​ជួយ​ឧបត្ថម្ភ​ខ្លាំង​ក៏ដោយ។

លោក​ថា បើ​និយាយ​បែប​ហ្នឹង ប្រហែលជា​នឹង​ធ្វើ​ឲ្យ​មតិ​មហាជន​ថា មន្ត្រី​នោះ ទី​១ គឺ​មិន​យល់​អំពី​ករណីយកិច្ច​របស់​រដ្ឋាភិបាល ចំពោះ​ប្រជាពលរដ្ឋ និង​មិន​បាន​បំពេញ​ករណីយកិច្ច​ទាំងនេះ​ឲ្យ​បាន​ត្រឹមត្រូវ និង​ទី​២ មិន​យល់​អំពី​អំណាច​រដ្ឋ និង​មិន​ចេះ​ប្រើប្រាស់​អំណាច​របស់​រដ្ឋាភិបាល ដែល​រួម​មាន​ទាំង​អំណាច​ដាច់​មុខ​បង្ខិតបង្ខំ​រាស្ត្រ​យក​ពន្ធដារ លក់ ជួល​សម្បត្តិ​រដ្ឋ ខ្ចី​លុយ​គេ យក​លុយ និង​មធ្យោបាយ​ឯទៀត សម្រាប់​ឲ្យ​រដ្ឋាភិបាល​បំពេញ​ករណីយកិច្ច​ទាំងនោះ ដែល​រួម​មាន​ការ​ជួយ​ឧបត្ថម្ភ​ដល់​ប្រជា​ពលរដ្ឋ​ដែល​ប្រឈម និង​ការ​លំបាក។

គណបក្ស​សង្រ្គោះជាតិ ដែល​មាន​អ្នកបោះឆ្នោត​គាំទ្រជិត​ពាក់​កណ្តាល​ប្រទេស ត្រូវ​បាន​របប​លោក ហ៊ុន សែន រម្លាយ​ចោល​ទាំងស្រុង កាលពី​ជិត​ចុងឆ្នាំ​២០១៧​។ ក្រោយ​រម្លាយ​គណបក្ស​នេះ​រួច តុលាការ​បាន​ហាមឃាត់​សិទ្ធិ​នយោបាយ​មន្ត្រី​ក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​បក្ស​ប្រឆាំង​នេះ​ចំនួន ១១៨ រូប និង​បាន​ដកហូត​ដំណែង​ស្របច្បាប់​របស់​មន្ត្រី​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ចំនួន ៥.០០៧ រូប​។ មិន​តែ​ប៉ុណ្ណោះ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បាន​ធ្វើទុក្ខបុកម្នេញ​មន្ត្រី និង​សកម្មជន​គណបក្សប្រឆាំង​នៅ​មូលដ្ឋាន ឥត​ស្រាកស្រាន្ត។

ក្រុមប្រឹក្សា​ជាប់ឆ្នោត​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ថា ជា​រឿង​គួរ​ឲ្យ​អស់សំណើច​ណាស់ ដែល​មន្ត្រី​រដ្ឋាភិបាល ដែល​ជា​មន្ត្រី​បក្ស​កាន់អំណាច​ផង ចោទប្រកាន់​ទាំង​បំពាន មក​លើ​មន្ត្រី និង​សកម្មជន​គណបក្ស​ប្រឆាំង ដែល​បន្ត​ខិតខំ​ធ្វើ​សកម្មភាព​ជួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ទៅតាម​លទ្ធភាព ទោះ​ក្នុង​ស្ថានភាព​ដែល​អាជ្ញាធរ​មូលដ្ឋាន តាម​ធ្វើទុក្ខបុកម្នេញ​ឥត​ឈប់ឈរ​ក៏ដោយ​បែបនេះ​។ ទោះជា​យ៉ាងនេះ​ក្ដី កញ្ញា​ថា ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​មន្ត្រី​គណបក្សប្រឆាំង​នៅ​មូលដ្ឋាន នៅ​ខិតខំ​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ដូចជា​ចេញ​ថវិកា​ផ្ទាល់ខ្លួន​ក្តី ឬ​ខិតខំ​ស្វែងរក​ជំនួយ​សប្បុរសធម៌ ពី​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ដើម្បី​ជួយ​គ្រួសារ​ខ្វះខាត នៅ​មូលដ្ឋាន​របស់​កញ្ញា ដូចជា​ជួយ​ជា​អង្ករ ឬ​ជា​ថវិកា​ជាដើម។

កញ្ញា​ចៅសង្កាត់​អូរចារ ដែល​ត្រូវ​របប​ក្រុងភ្នំពេញ ដកហូត​តំណែង​ទាំង​បំពាន​នេះ ថា កញ្ញា​សោកស្ដាយ​យ៉ាង​ខ្លាំង ដែល​កញ្ញា​មិន​អាច​ជួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​កញ្ញា ឲ្យ​បាន​ពេញទំហឹង ព្រោះ​ក្រោយ​គេ​ដកហូត​តំណែង​ជាប់ឆ្នោត​ទាំង​បំពាន​នោះ កញ្ញា​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន ព្រោះ​គេ​តាម​រក​រឿង៖ «សួរ​ថា​បច្ចុប្បន្ន​នេះ នាង​ខ្ញុំ​ធ្វើ​បានទេ​? ខ្ញុំ​ធ្វើ​បាន ប៉ុន្តែ​ពេល​ខ្លះ ធ្វើ​ដោយ​អារម្មណ៍​ភិតភ័យ ធ្វើ​ដោយ​អារម្មណ៍​ខ្លាច​គេ​ចោទប្រកាន់ ឧទាហរណ៍​ខ្ញុំ​ទៅ​ចែក​អំណោយ ទៅ​ជួយ​ពលរដ្ឋ គេ​ចោទ​ខ្ញុំ​ពី​បទ​ករណី​ផ្សេងៗ ពីព្រោះ​អំណាច​នៅ​លើ​គេ គេ​ចង់​ចោទ​អី​ក៏​បាន​ដែរ​។ សរុប​សេចក្តី​មកវិញ គណបក្ស​ប្រឆាំង​កាល​នៅ​មាន​តួនាទី ឬ​មិន​មាន​តួនាទី​ក្ដី គឺ​យើង​បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង ក្នុង​ការ​​​​ជួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​អ្នក​ដែល​ជួប​ការ​លំបាក»

ចៅសង្កាត់​បឹងទំពុន​ទី​២ ដែល​មិន​អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន ដោយសារ​គេ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​នោះ ថា លោក​ស្រក់​ទឹកភ្នែក និង​ឈឺចាប់ ពេល​ឃើញ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​របស់​លោក​ជួប​បញ្ហា និង​ឃើញ​ភាព​ឆក​ល្វែង​របស់​មន្ត្រី​ដែល​ដណ្តើម​តំណែង​ពី​លោក​ទាំង​បំពាន​ទាំងនោះ​។ លោក ជា ម៉ន ថា បើ​កុំ​តែ​គេ​ដកហូត​តំណែង​ស្របច្បាប់​របស់​លោក លោក​ពិតជា​អាច​ធ្វើ​បាន​ច្រើន ដើម្បី​ជួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន ជាពិសេស​ក្នុងពេលដែល​កំពុង​ជួប​វិបត្តិ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ដូចជា​លុបបំបាត់​ភាព​មិន​ប្រក្រតី និង​អំពើពុករលួយ និង​ការ​ចុះ​សួរសុខទុក្ខ​ពលរដ្ឋ​តាម​ផ្ទះ​ជាដើម៖ «ខ្ញុំ​ឃើញ​ខ្ញុំ​ទាស់ភ្នែក​ណាស់ ប៉ុន្តែ​គេ​មិន​ឲ្យ​ឱកាស​យើង​បម្រើ​ពលរដ្ឋ ខ្ញុំ​សោកស្ដាយ​មែនទែន​។ គេ​មិន​បាន​ធ្វើ ហើយ​គ្មាន​លទ្ធភាព​ធ្វើ​ឲ្យ​ដូច​យើង​ហើយ គ្រាន់តែ​យក​សម្តី​មួយ​មក​ជា​បន្ទច់បង្អាក់»

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី លោក ខៀវ តារា ឯណោះ លោ​ក​ថា​សកម្មជន​បក្ស​ប្រឆាំង​នៅ​ប្រទេស​អូស្ត្រាលី បាន​លៃលក​យក​ថវិកា​របស់​បក្ស​ទៅ​តាម​លទ្ធភាព ដើម្បី​ទិញ​ជា​ស្បៀងអាហារ ជូន​ពលរដ្ឋ​មួយ​ចំនួន​ដែល​ខ្វះខាត​ខ្លាំង ដោយសារ​វិបត្តិ​នេះ​ដែរ​។​

រីឯ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ឯណោះ ពួកគាត់​ហួសចិត្ត​នឹង​សម្ដី​មន្ត្រី​រដ្ឋាភិបាល ដែល​លាភ​ពណ៌​បក្ស​ប្រឆាំង និង​ចោទប្រកាន់ ថា មិន​បាន​ធ្វើ​អ្វី​សោះ​បែប​នេះ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក និង​កាណាដា លោក អ៊ុង រិទ្ធី សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ខិតខំ​តស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ ដើម្បី​ទាមទារ​ប្រជាធិបតេយ្យ​មកវិញ​ឲ្យ​ខាងតែ​បាន​។ ក្នុង​ពេល​ជាមួយគ្នា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស កំពុង​តស៊ូ​មតិ​ជាមួយ​សមាជិកសភា​អាមេរិក និង​សហគមន៍​អន្តរជាតិ ឲ្យ​ជួយ​អន្តរាគមន៍ ដោះស្រាយ​បញ្ហា​លំបាក​របស់​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រងគ្រោះ​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩។

ប្រធាន​ស្តី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី កន្លង​មក​ក៏បាន​ជួយ​ផ្តល់​ជា​គំនិត​ជាច្រើន​ដែរ ដូចជា​ជំរុញ​ទឹកចិត្ត​ពលរដ្ឋ ឲ្យ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង និង​ឲ្យ​ពលរដ្ឋ​នាំគ្នា​សរសេរ​ទៅ​ប្រធាន​អង្គការ​ស្បៀងអាហារ​ពិភពលោក ដើម្បី​សុំ​ស្បៀងអាហារ​បន្ទាន់ ព្រោះ​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​ទាន់​ពេល​វេលា ចំពោះ​អ្នក​ដាច់​ស្បៀង។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ការបោះឆ្នោត ថា ការ​ផ្តល់​ជា​គំនិត ក៏​ជា​ការ​ល្អ​ដែរ ដើម្បី​ជួយ​គ្នា​ក្នុង​គ្រា​ដ៏​លំបាក​នេះ​។ មន្ត្រី​អង្គការ​ខុមហ្វ្រែល​លោក កន សាវង្ស ថា​បើ​ជួយ​ជា​គំនិត​ហើយ មាន​លទ្ធភាព​ជួយ​ជា​ថវិកា​ក្នុង​ន័យ​មនុស្សធម៌​ថែមទៀត​ក៏​រឹតតែ​ល្អ​។ ប៉ុន្តែ លោ​ក​ថា ករណីយកិច្ច​សំខាន់​ក្នុង​ការ​ជួយ​ពលរដ្ឋ​ក្នុង​ពេលនេះ គឺជា​បន្ទុក​របស់​មន្ត្រី​រាជការ​ក្នុង​ជួរ​រដ្ឋាភិបាល និង​តំណាងរាស្ត្រ​ដែល​ជាប់ឆ្នោត ដែល​បាន​ប្រាក់ខែ​ពី​រាស្ត្រ ដែល​ត្រូវ​ប្រឹងប្រែង​បំពេញ​កិច្ចការ​នេះ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផង និង​កុំទៅ​ចោទ​អ្នក​ដែល​មិនមែន​ជា​មន្ត្រីរាជការ​ថា គេ​មិន​បាន​ធ្វើ​អ្វី​នោះ៖ «រឿង​សំខាន់​អ្នកមាន​តួនាទី​ក្នុង​ស្ថាប័ន​រដ្ឋ នៅ​ក្នុង​ស្ថាប័ន​សភា និយាយ​ឲ្យ​ចំ​នៅក្នុង​អង្គ​នីតិ​ប្រតិបត្តិ និង​អង្គនីតិបញ្ញត្តិ ឬ​អ្នក​ដែល​ទទួល​ប្រាក់ខែ​ពី​ប្រជាពលរដ្ឋ​ហ្នឹង អ្នក​ហ្នឹងហើយ​ដែល​ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន ឲ្យ​អស់ពី​លទ្ធភាព​។ ហ្នឹង​ជា​រឿង​មួយ​ដែល​សំខាន់​។ មិនអាច​លើក​ឡើង​ថា ខ្លួន​ខំប្រឹង អ្នក​នេះ​មិន​ខំប្រឹង អាហ្នឹង​មិន​អាច​បាន​ទេ​! ប៉ុន្តែ ការ​លើក​ឡើង​បែប​នេះ​មិនមែន​បាន​ន័យ​ថា អ្នក​រិះគន់​ចាំតែ​រិះគន់​ទេ គឺ​រិះ​គន់មើល​តាម​បែប​ស្ថាបនា​ដែរ»

អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត សេង សារី សង្កេត​ឃើញ​ថា របត់​នយោបាយ​ថ្មី​ក្នុង​សម័យ​បច្ចុប្បន្ន​នៅ​កម្ពុជា មាន​ភាព​ប្រែប្រួល​ច្រើន ដោយសារតែ​រលក​ថ្មី​នៃ​អ្នកបោះឆ្នោត ជា​យុវជន ដែល​មាន​ចំនួន​ច្រើន​លើសលុប។ លោក​ថា យុវជន​មាន​គំនិត​ថ្មី​ដែល​ល្អ​ប្រសើរ​ខ្លួន​ឯង និង​មិន​ត្រូវ​គាំទ្រ​ភាព​ចាស់​គម្រិល​នៃ​ការ​ប្រើ​សារ​នយោបាយ​ចាស់​គម្រិល​នោះ​ឡើយ​។ ក្នុង​បរិបទ​នេះ លោក​ថា អ្នក​នយោបាយ​ជំនាន់​ថ្មី និង​ឈាម​ថ្មី​នៃ​គណបក្ស​កាន់អំណាច គួរ​បញ្ឈប់​ទម្លាប់​ចាស់ នៃ​នយោបាយ​លាប​ពណ៌ និង​ទម្លាក់កំហុស​អ្នកដទៃ​បែបនេះ​ត​ទៀត ព្រោះ​វា​គឺជា​រឿង​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​មួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល