ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន មិន​ហ៊ាន​ក្អក​ជាមួយ​វៀតណាម​ក្នុង​រឿង CLV?

ដោយ សេក បណ្ឌិត
2024.09.16
ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន មិន​ហ៊ាន​ក្អក​ជាមួយ​វៀតណាម​ក្នុង​រឿង CLV? ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម(TÔ LÂM) (ឆ្វេង) និង​លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ខុសពី​រឿងរ៉ាវ​ព្រែកជីក​ហ្វូណន​ដែល​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កូន​របស់​លោក បាន​ពន្យុះ​ឱ្យ​មាន​ចលនា​ជាតិ​និយម ដោយ​​អួតអាង​ថា​មិនខ្ចី​ពឹង​ចម្រុះ​វៀតណាម​ដក​ដង្ហើម​នោះ លោក ហ៊ុន សែន មិន​ហ៊ាន​ធ្វើ​ដូច្នេះ​ឡើយ​ក្នុង​រឿង​គម្រោង​រកស៊ី​ចូល​គ្នា​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV។ លោក​បែរ​ជា​បញ្ជា​ឱ្យ​រដ្ឋាភិបាល​កូន​របស់​លោក​ចាប់ចង​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ដាក់គុក​តាម​ទំនើងចិត្ត​ជា​បន្តបន្ទាប់​ដោយ​ចោទ​ពួកគេ​ថា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។ តើ​ហេតុអ្វី​បាន​ជា​លោក ហ៊ុន សែន មិន​ហ៊ាន​ក្អក​ជាមួយ​វៀតណាម​ក្នុង​រឿង CLV?

ឪ​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ជា​អ្នក​ដុត​បញ្ឆេះ​ឱ្យ​មាន​ចលនា​ជាតិនិយម​ក្នុង​រឿងរ៉ាវ​សាងសង់​ព្រែកជីក​ហ្វូណន ក្រោយ​វៀតណាម​មិន​សប្បាយចិត្ត​អំពី​ផល​ប៉ះពាល់​បរិស្ថាន និង​ថា​ចិន​អាច​ប្រើប្រាស់​ព្រែកជីក​នេះ​សម្រាប់​បម្រើ​ឱ្យ​ផល​ប្រយោជន៍​យោធា។

លោក ហ៊ុន សែន៖ «អ៊ីចឹង​បើ​វៀតណាម​ចង់​ស្ងាត់ សូម​វៀតណាម​ឱ្យ​បញ្ឈប់​នូវ​ការ​លើក​នេះ​លើក​នោះ។ កន្លងទៅ សុខ ទូច អី គាត់​ដាក់​ត្រលប់​ទៅ​វិញ មនុស្ស​មួយ​ចំនួន​ត្រលប់​ទៅវិញ​ដែរ។ អ៊ីចឹង​ខ្ញុំ​ក៏​ត្រូវ​នៅ​ស្ងៀម​ដែរ ព្រោះ​វៀតណាម​គាត់​​ធ្វើ​ហើយ គាត់​ហ៊ាន​ឱ្យ​ Straight Times ផ្សាយ​ទៀត។ ហេតុ​អី​បាន​មេដឹកនាំ​វៀតណាម​មិន​ព្រម​ដាក់​វិន័យ​អាហ្នុង? ខ្ញុំ​អត់​មាន​ត្រូវ​ដាក់​ពិន័យ​អ្នកណា​ទេ។ ខ្ញុំ​បង្ខំ​ចិត្ត​ត្រូវ​និយាយ ហើយ​ក៏​ផ្ញើ​សារ​ទៅ​កាន់​ប្រជាជន​វៀតណាម​ឱ្យ​ទទួល​យក​នូវ​ផល​ប្រយោជន៍​កម្ពុជា​ផង»

លោក ហ៊ុន សែន ថែម​ទាំង​បក​អាក្រាត​ថា វៀតណាម​អាច​ផ្តាច់​ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា​ពេល​ណា​ក៏​បាន ប្រសិន​បើ​កម្ពុជា​មិន​ធ្វើ​ព្រែកជីក​ហ្វូណន។

លោក ហ៊ុន សែន៖ «ពេល​ណា​មួយ ខ្ញុំ​និយាយ​ដោយ​ត្រង់ បើ​វៀតណាម​មិន​សប្បាយ​ចិត្ត ទំនិញ​កម្ពុជា​ទាំងអស់​ដឹក​ចេញ​តាម​ទន្លេ​មេគង្គ​អត់​រួច​ទេ ខ្ញុំ​សូម​ប្រាប់​អ្នក​ទាំងអស់​គ្នា​ឱ្យ​ច្បាស់។ បើ​មិន​ធ្វើ​ព្រែក​ជីក​ហ្នឹង​ទេ កម្ពុជា​នៅ​តែ​ពឹង​ដង្ហើម​គេ​ដក ដូច​អុកស៊ីហ្សែន​ដែល​ត្រូវ​គេ​ផ្តាច់ ក៏​ផ្តាច់ គេ​ឱ្យ​ក៏​ឱ្យ។ នេះ​ក៏​ជា​សារ​ដាស់តឿន​ចំពោះ​វៀតណាម​ថា មូលហេតុ​អ្វី​បានជា​កម្ពុជា​ត្រូវ​សម្រេច​ធ្វើ​ដោយសារ​វា​លំបាក​ពេក»

ក៏ប៉ុន្តែ លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កូន​របស់​លោក មិន​បាន​បញ្ឆេះ​ឱ្យ​មាន​ចលនា​ជាតិ​និយម​ដូច្នេះ​ឡើយ ក្នុង​រឿង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV

ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​ពាន់​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់​ទាមទារ​ឱ្យ​ដក​កម្ពុជា​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​នេះ ដោយសារ​ពួកគេ​បារម្ភ​ថា​កម្ពុជា​អាច​បាត់បង់​ទឹកដី ឬ ​អធិបតេយ្យ​ទៅ​វៀតណាម​នា​ពេល​អនាគត។ ផ្ទុយ​ទៅ​វិញ លោក ហ៊ុន សែន បាន​ចេញ​មុខ​រំលោភ​អំណាច​នាយករដ្ឋមន្ត្រី​ជា​កូន ដោយ​បញ្ជា​ឱ្យ​តុលាការ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ណា​ដែល​ហ៊ាន​រិះគន់​ប្រឆាំង​នឹង​វៀតណាម​ក្នុង​រឿង​នេះ ដោយ​ចោទ​ពួកគេ​ថា មាន​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល។

លោក ហ៊ុន សែន៖ «មិន​អាច​មើល​ស្រាល​បញ្ហា​នេះ​បាន​ទេ។ ហើយ​ខ្ញុំ​អំពាវនាវ​រាជ​រដ្ឋាភិបាល​តាម​ស្រាវជ្រាវ​ប្រមូល​ឱ្យ​អស់​នូវ​ក្រុម​ទាំងឡាយ​ណា​ដែល​បង្កើត​រឿង​នេះ ហើយ​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស និង​ចងក្រង​សំណុំ​រឿង​ទាំងឡាយ​នៃ​អ្នក​ដែល​បញ្ចេញ​ពី​ក្រៅ​ប្រទេស។ ហើយ​ត្រូវ​សិក្សា​អំពី​ប្រវត្តិ​គ្រួសារ​នៅ​កន្លែង​ណា បើ​វា​នៅ​ក្រៅ​ប្រទេស ដើម្បី​យើង​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង។ និយាយ​អ៊ីចឹង មិនមែន​ធ្វើ​ដូច​អាពត​ថា កូន​ក្បត់​សម្លាប់​ដល់​ឪ ឪ​ក្បត់​សម្លាប់​ដល់​កូន អត់ទេ។ ប៉ុន្តែ យើង​ត្រូវ​ស្គាល់​អំពី​ប្រវត្តិ​របស់​ពួកគេ»

ក្រោយ​ការ​បញ្ជា​នេះ អាជ្ញាធរ​នៃ​រដ្ឋាភិបាល​កូន​របស់​លោក មិន​ញញើត​នឹង​ចាប់​ចង​ពលរដ្ឋ​ខ្លួនឯង ជាពិសេស​ក្រុម​អ្នក​និយាយ​រិះគន់​រឿងរ៉ាវ​ព្រំដែន និង​កិច្ច​សហប្រតិបត្តិការ CLV នេះ​ដាក់គុក​ច្រវាក់​ជិត​១០០នាក់​ចាប់តាំង​ពី​ចុង​ខែ​កក្កដា​មក ​ក្នុង​នោះ​មាន​រាប់​ចាប់តាំង​ពី​ពលរដ្ឋ​សាមញ្ញ សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​សង្គម និង​យុវជន​ជាដើម។ ពួកគេ​ទាំងនោះ​មួយ​ភាគ​ធំ​ក្រោយ​មក​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ ខណៈ​បច្ចុប្បន្ន​នៅ​សល់​ប្រមាណ ១០នាក់ កំពុង​ជាប់​ឃុំ​បណ្ដោះ​អាសន្ន​ក្រោម​បទ​ចោទ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម» «រួម​គំនិត​ក្បត់»​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល ដែល​ក្រុម​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​ថា ជា​បទ​ចោទ​គ្មាន​ភស្តុតាង។

អ្នក​វិភាគ​នយោបាយ បណ្ឌិត សេង សារី ហៅ​ចំណាត់ការ​របស់​រដ្ឋាភិបាល​នេះ​ថា​ជា​ការ​ដើរ​បញ្ច្រាស​ចរន្ត​ជាតិនិយម​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​យុវជន។

បណ្ឌិតសេង សារី «ប្រតិកម្ម​ក្នុង​ការ​ចាប់​ខ្លួន​របស់​យុវជន បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល មាន​ន័យ​ថា​ការ​ចាប់​ខ្លួន ឬ​ការ​បង្ក្រាប​មក​លើ​យុវជន​គឺ​ស្មើ​នឹង​រដ្ឋាភិបាល​បង្ហាញ​ខ្លួន​ឯង​ថា​ខ្លួន​ឯង​កំពុង​តែ​កាន់​ជើង​ប្រទេស​វៀតណាម។ នេះ​ធ្វើ​ឱ្យ​យុវជន​ចាប់ផ្តើម​មើលឃើញ​ថា​រដ្ឋាភិបាល​ហាក់​ដូចជា​អត់​គិតគូរ​រឿង​ក្តី​បារម្ភ​របស់​ពលរដ្ឋ​ទាល់តែសោះ នៅពេល​ដែល​ពលរដ្ឋ​បង្ហាញ​ពី​ក្តី​បារម្ភ បែរ​ជា​ទៅ​កាន់​ជើង​អ្នកដទៃ​ទៅវិញ»

ជុំវិញ​ចំណាត់ការ​កណ្តាប់​ដៃ​ដែក​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន នេះ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពន្យល់​ថា លោក ហ៊ុន សែន មិន​ហ៊ាន​ក្អក​នឹង​វៀតណាម​ក្នុង​រឿង CLV នេះ គឺ​ដោយសារ​តែ​​ចង់​យក​ចិត្ត​វៀតណាម​ឱ្យ​ជួយ​បន្ត​ការពារ​អំណាច​ឱ្យ​កូន​របស់​លោក។

លោក សម រង្ស៊ី៖ «នៅពេល​ណា​ឥទ្ធិពល​ចិន​កើនឡើង​នៅ​ប្រទេស​កម្ពុជា ប្រទេស​វៀតណាម​អត់​សប្បាយចិត្ត​ទេ ហើយ ហ៊ុន សែន ភ័យ​ខ្លាច​ប្រទេស​វៀតណាម​ប្រតិកម្ម​ខ្លាំង​ដូច​ប្រទេស​វៀតណាម​បាន​ទម្លាក់​របប ប៉ុល ពត ហើយ​លើក ហ៊ុន សែន។ ខ្លាច​ក្រែង​ប្រទេស​វៀតណាម មាន​ប្រតិកម្ម​បែប​ហ្នឹង ទម្លាក់ ហ៊ុន សែន លើក​អ្នកណា​ម្នាក់​ទៀត។ អ៊ីចឹង​ហើយ​បាន ហ៊ុន សែន ភ័យ​បាន​ទៅ​លួង​ចិត្ត​ប្រទេស​វៀតណាម ជា​ថ្នូរ​ថា​ឱ្យ​ចិន​គ្រប់គ្រង​ខេត្ត​មួយ​ចំនួន​តាម​ឆ្នេរ​សមុទ្រ ហើយ​ជា​ថ្នូរ​នោះ​គឺ​ឱ្យ​ទឹក​ដី​ប្រទេស​កម្ពុជា​មួយ​ផ្នែក​នៅ​ឆ្ងាយ​ពី​សមុទ្រ​នៅ​ភូមិភាគ​ឥសាន​ជា​ពិសេស​ខេត្ត​ទាំង​៤នោះ ឱ្យ​ប្រទេស​វៀតណាម​គ្រប់គ្រង។ អ៊ីចឹង គេ​គ្រាន់តែ​ប្រើ​ជា​រូបភាព​បោក​បញ្ឆោត​ គេ​ថា​អភិវឌ្ឍ​រួម រកស៊ី​រួម​នោះ គឺ​ជា​ការ​បោក​បញ្ជោត​ទេ»

លោក សម រង្ស៊ី ហៅ​ទង្វើ​របស់​លោក ហ៊ុន សែន យ៉ាង​ដូច្នេះ​ថា ជា​ការ​«ក្បត់ជាតិ​២ដង» តាមរយៈ​ការ​ត្រូវរ៉ូវ​ជាមួយ​ចិន និង​វៀតណាម​ដែល​លោក​ថា​ដើម្បី​តែ​«រក្សា​អំណាច»​ឱ្យ​ត្រកូល​ហ៊ុន។

លោក សម រង្ស៊ី៖ «ទង្វើ​នេះ​ជា​ទង្វើ​ក្បត់ជាតិ។ ហ៊ុន សែន គឺ​ឃើញ​ព័ត៌មាន​ដែល​យើង​ស្តាប់​ឮ​ទាំង​ប៉ុន្មាន​ គឺ​គាត់​ប្រព្រឹត្តិ​អំពើ​ក្បត់ជាតិ។ ក្បត់ជាតិ​២​ដង ក្បត់ជាតិ​ជាមួយ​ចិន​ផង គឺ​ខេត្ត​នៅ​តាម​សមុទ្រ​តាម​ឆ្នេរ​សមុទ្រ គឺ​ប្រគល់​ឱ្យ​ចិន ហើយ​ខេត្ត​នៅ​ភូមិភាគ​ឥសាន​ជាប់​ព្រំប្រទល់​ដែន​ជាមួយ​ប្រទេស​វៀតណាម គឺ​ប្រគល់​ឱ្យ​ប្រទេស​វៀតណាម។ គឺ ហ៊ុន សែន គាត់​ធ្វើ​អី​ក៏​ធ្វើ​ដែរ គាត់​កាត់​ទឹកដី គាត់​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​បាត់បង់​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី គឺ​គាត់​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ខូចខាត​ច្រើនណាស់​ចំពោះ​ចិន​ផង ចំពោះ​ប្រទេស​វៀតណាម​ផង។ គាត់​ធ្វើ​អី​ក៏​ធ្វើ​ដែរ ឱ្យ​តែ​រក្សា​អំណាច​ឱ្យ​ត្រកូល​គាត់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ កាលពី​ថ្ងៃទី១១ ខែកញ្ញា។ ទោះ​យ៉ាងណា កន្លងទៅ រដ្ឋាភិបាល​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា គ្មាន​ឡើយ​ការ​កាត់​ទឹកដី​៤ខេត្ត​ទៅ​វៀតណាម ហើយ​ក៏​គ្មាន​ការ​យក​ខេត្ត​ទាំង​៤ ទៅ​ដាក់​ហ៊ុន​ ឬ​អភិវឌ្ឍ​រួមគ្នា​ជាមួយ​ប្រទេស​ជិត​ខាង​ដែរ។

ថ្វី​បើ​មាន​ការ​បកស្រាយ​យ៉ាង​នេះ​ក៏ដោយ ក៏​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​នៅ​តែ​មិន​ទុក​ចិត្ត​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ឡើយ ខណៈ​វៀតណាម​​ធ្លាប់​លើក​បន្តុប​លោក ហ៊ុន សែន ឱ្យ​ឡើង​កាន់​អំណាច និង​ធ្លាប់​ជា​សត្រូវ​ប្រវត្តិសាស្ត្រ​លេប​ត្របាក់​ទឹកដី​កម្ពុជា​ក្រោម​របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។