ប្រពន្ធ​លោក ស៊ុន ធន់ ប្ដេជ្ញា​បន្ត​រក​យុត្តិធម៌​ឱ្យ​ប្ដី ទោះ​ជា​ត្រូវ​ក្រុម​អាជ្ញាធរ​បង្ក្រាប​ដោយ​ហិង្សា​ម្ដង​ហើយ​ម្ដង​ទៀត

0:00 / 0:00

ប្រពន្ធ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់​ធំ​ម្នាក់​ ដែល​កង​សន្តិសុខ​​ខណ្ឌ​ ៧ មករា​ ចាប់​ក្រវាត់​លើ​ផ្លូវ​កៅស៊ូ​បណ្ដាល​ឱ្យ​​​របួស​ធ្ងន់ ​ក្នុង​ពេល​តវ៉ា​​កាល​ពី​​ថ្ងៃ​ទី៤​ កញ្ញា បាន​​ប្ដេជ្ញា​​​ចិត្ត​ចូល​រួម​សម្ដែង​​មតិ​​ស្វែង​រក​យុត្តិធម៌​ឱ្យ​ប្ដី​លោក​ស្រី​​​ដោយ​មិន​មាន​ការ​រាថយ​ឡើយ។ លោក​ស្រី​​បញ្ជាក់​ថា ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​​កន្លង​មក​ធ្វើ​ឱ្យ​លោក​ស្រី​​ និង​ក្រុម​ស្ត្រី​ដទៃ​ទៀត​ ​មាន​ការ​ឈឺ​ចាប់​​កាន់​តែ​ខ្លាំង​ ហើយ​​​ពុះកញ្ជ្រោល​​​ចង់​​តវ៉ា​​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​ឡើយ។

​​ប្រពន្ធ​​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ស៊ុន ធន់ គឺ​ លោក​ស្រី​ សេង ចាន់​ថន​ ​ប្រាប់​អាស៊ី​សេរី​ថា ជិត​មួយ​សប្ដាហ៍​មក​នេះ​របួស​លោក​ស្រី​មិន​ទាន់​បាន​ធូរស្រាល​នៅ​ឡើយ​ទេ​។​លោក​ស្រី​បន្ត​ថា ​នៅ​ចុង​ដង្ហើម​ខាង​ឆ្វេង​ឈឺ​ចុក​ចាប់ ហើយ​លោក​ស្រី​​សម្រាន្ត​មិន​សូវ​លក់​ទេ ដោយ​​លោក​ស្រី​លេប​ថ្នាំ​​​ផង ​និង​លាប​ថ្នាំ​ផង​ ដើម្បី​បំបាត់​ការ​ឈឺ​ចុក​ចាប់ ក៏​នៅ​តែ​មិន​បាន​ធូរស្រាល​ដដែល​ ។​លោក​ស្រី​និយាយ​ថា​ នៅ​​ពេល​ដែល​​សន្តិសុខ​ចាប់​ក្រវាត់​​លោក​ស្រី​នោះ​​ ដើមទ្រូង​ខាង​ឆ្វេង​​របស់​លោក​ស្រី​ដួល​បោក​​លើ​ថ្នល់​កៅស៊ូ​យ៉ាង​ខ្លាំង ហើយ​​ ស្មា​ និង​កែង​ដៃ​ខាង​ឆ្វេង​​ជាំ​ខៀវ​​ ​​​ដោយ​​មិន​អាច​ធ្វើ​ការងារ​អ្វី​បាន​នោះ​ទេ៖ «ខ្ញុំ​ឈរ​អត់​ដឹង​ខ្លួន​ផង​ស្រាប់​តែ​មក​ចាប់​ខ្ញុំ​ក្រវាត់​​ទៅ​ ដល់​អីចឹង​ខ្ញុំ​អត់​មាន​ជំហរ​ក៏​ដួល​ទៅ​តាម​ដំណើរ​បណ្ដោយ​។​បើ​សិន​ជា​ខ្ញុំ​ដឹង​​ក៏​យើង​ទប់​ជំហរ​បាន​អត់​ទៅ​ទាំង​ស្នុំ​អីចឹង​ទេ​។ ដំបូង​​យើង​ភ័យ​ដែរ​ ដោយសារ​ចុក​​ខ្លាំង​ពេក​ខ្ញុំ​ទ្រាំ​អត់​បាន​​វា​ថប់ដង្ហើម វា​លំបាក​ដកដង្ហើម​ដល់​ពេល​អីចឹង​យើង​ភ័យ​ខ្លាច​វា​​បាក់​វា​អី​ឆ្អឹងជំនី​ហ្នឹង​​ »

​​​​​​ស្ត្រី​វ័យ​ ៤៨​ឆ្នាំ​រូប​នេះ​បន្ត​ថា​ ថ្វី​បើ​ស្ថានភាព​របួស​របស់​លោក​ស្រី​មិន​ទាន់​ជា​សះស្បើយ​ក្ដី​ ​ក៏​លោក​ស្រី​​នៅ​តែ​​ប្រកាន់​ជំហរ​​​ចូល​រួម​​តវ៉ា​ដោយ​សន្តិវិធី​ ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្ដី​របស់​លោក​ស្រី​ និង​អ្នក​ទោស​មនសិការ​​​ជា​ច្រើន​នាក់​ទៀត​ដោយ​មិន​មាន​ការ​រាថយ​ឡើយ​​។ លោក​ស្រី​​​​​​គ្រោង​ប្ដឹង​ទៅ​​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​ទី​១១​ កញ្ញា​ ដើម្បី​ឱ្យ​តុលាការ​​​​​​ផ្ដន្ទាទោស​ជន​ដៃ​ដល់​ដែល​ជា​សន្តិសុខ​ខណ្ឌ ៧ មករា ឈ្មោះ ឆោម ប្រសិដ្ឋ​​​​​ ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់​ ដើម្បី​កុំ​ឱ្យ​​កង​សន្តិសុខ​ទាំង​នោះ​ចេះ​តែ​វាយ​ធ្វើ​បាប​ពួក​លោក​ស្រី​​ ដែល​ជា​ស្ត្រី​ទន់ខ្សោយ​តាម​អំពើ​ចិត្ត​បន្ត​ទៀត។ ​លោក​ស្រី​ចាត់​ទុក​​​​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​នេះ​ថា ជា​ការ​ប៉ុនប៉ង​ស្លាប់​លោក​ស្រី​ ដើម្បី​បំបិទ​មាត់​​​កុំ​ឱ្យ​​ពួក​លោក​ស្រី​​តវ៉ា​នៅ​ថ្ងៃ​ក្រោយ​ទៀត៖ «គឺ​ជា​ចេតនា​ដែល​ធ្វើ​មក​លើ​ខ្ញុំ​ហ្នឹង​គឺ​ចង់​សម្លាប់​តែ​ម្ដង។ អីចឹង​ការ​ធ្វើ​បែប​នេះ​គឺ​​ពួក​ខ្ញុំ​អត់​សុខ​ចិត្ត​នៅ​ស្ងៀម​ទេ​ ហើយ​សុំ​ឱ្យ​តុលាការ​កាត់​ទោស​ទៅ​តាម​ហ្នឹង​។ព្រោះ​បើ​អត់​មាន​ចេតនា​ក៏​ខ្ញុំ​មិន​ថា​ ដែរ​ ហើយ​បើ​សិន​បាន​ប្រវាយប្រតប់​គ្នា​តិច​តួច​ក៏​ខ្ញុំ​អត់​ថា​ដែរ​ តែ​នេះ​គឺ​មាន​ចេតនា​មក​ធ្វើ​បាប​នាង​ខ្ញុំ​តែ​ម្ដង​ ប៉ុនប៉ង​ប្រុង​សម្លាប់​ខ្ញុំ​ហ្មង​។ប៉ុន្តែ​ការ​ធ្វើ​បោះ​គេ​ទោះ​បី​ធ្វើ​បាន​ម្នាក់​ក៏​ដោយ​ពួក​ខ្ញុំ​មិន​អាច​​ឈប់​តវ៉ា​ដែរ​ រឹតតែ​ប្រឹង​​តវ៉ា​បន្ថែម​ទៀត​ ដោយសារ​ការ​ឈឺ​ចាប់​​នេះ​គឺ​នៅ​ហ្នឹង​ភ្នែក​ពួក​គាត់​ពេក​ ឃើញ​ដូច​សាហាវ​ឃោរឃៅ​បំផុត​ហ្មង »

កាល​ពី​ថ្ងៃ​ទី​៤​កញ្ញា​ ប្រពន្ធ​និង​កូន​របស់​សកម្មជន​គណបក្ស​ប្រឆាំង​​ប្រមាណ ១៥នាក់​តវ៉ា​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្ដី​និង​អ្នកទោស​មនសិការ​ចំនួន ២៣នាក់​មក​វិញ។ ការ​តវ៉ា​នេះ​ ត្រូវ​បាន​​កង​សន្តិសុខ​ខណ្ឌ ៧មករា​ និង​ប៉ូលិស​ប្រមាណ ៤០ បង្ក្រាប​​ដោយ​ហិង្សា​បណ្ដាល​ឱ្យ​លោកស្រី សេង ចាន់​ថន ​របួស​ធ្ងន់​ហើយ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-​​សូវៀត ​និង​មនុស្ស ៤នាក់​ទៀត​របួស​ស្រាល ដោយ​ពួក​គាត់​ត្រូវ​បាន​ក្រុម​សន្តិសុខ​​ក្ដិច ​​និង​ទាត់​ធាក់​​រលាត់​ដៃ ​និង​ជើង​​ចេញ​ឈាម។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អភិបាល​រាជធានី​ភ្នំពេញ​ លោក ឃួង ស្រេង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​​បាន​ទេ​នៅ​ថ្ងៃ​ទី​៩​ កញ្ញា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​​​កាល​ពី​ថ្ងៃ​ទី​៤​ កញ្ញា​ រដ្ឋបាល​ខណ្ឌ​ ៧មករា ​​​​បាន​ចេញ​​លិខិត​​​បកស្រាយ​ថា រឿង​នេះ​​​កើត​ឡើង​ដោយ​អចេតនា​​ បណ្ដាល​មក​ពី​ការ​រុញច្រាន​គ្នា​​ទៅ​វិញ​ទៅ​មក​របស់​ក្រុម​អ្នក​តវ៉ា​និង​កង​សន្តិសុខ​។​ ​លិខិត​ដដែល​ឱ្យ​ដឹង​ថា​​ នៅ​ពេល​នោះ​សន្តិសុខ​ខណ្ឌ​ ៧ មករា ​ម្នាក់ គឺ​​លោក​ ឆោម ប្រសិដ្ឋ​ ខំប្រឹង​ទប់​មិន​ឱ្យ​ក្រុម​អ្នក​តវ៉ា​​មិន​ឱ្យ​រុល​ទៅ​មុខ​ ក៏​បាន​ជ្រុលដៃ​​រុញ​​​លើ​លោក​ស្រី សេង ចាន់​ថន​ បណ្ដាល​ឱ្យ​ដួល​នៅ​លើ​ថ្នល់ ហើយ​រដ្ឋបាល​ខណ្ឌ​ ៧ មករា​ ​បាន​អប់រំ​​​ដល់​សន្តិសុខ​រូប​នេះ​​ ​ព្រមទាំង​ដាក់​វិន័យ​​ផ្នែក​រដ្ឋបាល​​រួច​មក​ហើយ​ ។ ទោះ​ជា​យ៉ាង​ណា​នៅ​ក្នុង​លិខិត​មិន​បាន​បញ្ជាក់​​​អំពី​ទោស​ដែល​បាន​ដាក់​ពិន័យ​​លើ​លោក​ ឆោម ប្រសិដ្ឋ ​​បែប​នោះ​ទេ។

ការ​បកស្រាយ និង​វិធានការ​របស់​​អាជ្ញាធរ​ខណ្ឌ ៧ មករា លើ​សន្តិសុខ​ឈ្មោះ ឆោម ប្រសិដ្ឋ នេះ ​មិន​អាច​រំងាប់​កំហឹង​របស់​សាធារណជនបាន​ឡើយ ពី​ព្រោះ​សកម្មភាព​នោះ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការ​ប្រើ​ហិង្សា​ដោយ​កម្រោល​លើ​ជន​រងគ្រោះ។ តាម​រយៈ​វីដេអូ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ សន្តិសុខ​ឈ្មោះ ឆោម ប្រសិដ្ឋ បាន​ស្ទុះ​ទៅ​ចាប់​លោក​ស្រី សេង ចាន់​ថន ដែល​កំពុង​ឈរ​ដោយ​មិន​ដឹង​ខ្លួន​នោះ គ្រវាត់​ផ្ទប់​នឹង​ថ្នល់​កៅស៊ូ​​​ ធ្វើ​ឱ្យ​លោក​ស្រី​ឈឺ​ចុក​ចាប់​ក្រោក​មិន​រួច ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ក្រុម​ប្រជាពលរដ្ឋ និង​អ្នក​ការពារ​សិទ្ធិមនុស្ស បាន​ទាម​ទារ​ឱ្យ​អាជ្ញាធរ​នាំ​ខ្លួន​ជន​នោះ​ទៅ​កាត់​ទោស​តាម​ផ្លូវ​ច្បាប់។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា រឿង​នេះ​​មិន​​អាច​បញ្ចប់​ត្រឹម​ការ​អប់រំ​ ឬ​ដាក់​វិន័យ​ផ្នែក​រដ្ឋបាល​នោះ​ឡើយ​ ដោយ​ជន​ដែល​ប្រព្រឹត្តិ​​ ត្រូវ​តែ​ទទួល​ទោស​​តាម​ច្បាប់​។លោក​បន្ថែម​​ថា​ ​ រូបភាព និង​វីដេអូ​ស្តីពី​ការ​​បង្ក្រាប​ដោយ​ហិង្សា​នេះ​ ពុំ​មែន​ជា​ការ​​រុញ​ច្រាន​ដោយ​អចេតនា​ដូច​ការ​លើក​នៅ​ក្នុង​លិខិត​របស់​​រដ្ឋបាល​ខណ្ឌ ៧មករា​ នោះ​ទេ ពីព្រោះ​សន្តិសុខ​​​​​រូប​នោះ​​បាន​ចាប់​ស្ត្រី​រងគ្រោះ​ក្រវាត់​​​​​លើ​ថ្នល់​​​​ដូច​សត្វ​ធាតុ៖ «បទ​ល្មើស​ព្រហ្មទណ្ឌ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ អំពើ​ល្មើស​ព្រហ្មទណ្ឌ​មាន ២ ការ​ទទួល​ខុស​ត្រូវ។ ទី១ ទទួល​ខុស​ត្រូវ​មាន​ទោស​ដាក់​ពន្ធនាគារ ទី២ ទទួល​ខុស​ត្រូវ​ខាង​សំណង​រដ្ឋប្បវេណី។ ដូច្នេះ​មិន​អាច​យក​បទ​ល្មើស​ព្រហ្មទណ្ឌ​​ទៅ​ដោះ​ស្រាយ​គ្រាន់​តែ​ចេញ​ការ​ព្រមាន​ទៅ​តាម​បែប​បទ​រដ្ឋបាល​បាន​ទេ​ ការ​ព្រមាន​តាម​បែប​បទ​រដ្ឋបាល​គឺ​ជា​បញ្ជា ឬ​ក៏​បទ​វិន័យ​នៅ​ក្នុង​ស្ថាប័ន​មួយៗ ប៉ុន្តែ​មិន​អាច​យក​មក​ដោះ​ស្រាយ​គ្នា​តាម​​​រឿង​ព្រហ្មទណ្ឌ​ទេ »

លោក នី សុខា ឱ្យ​ដឹង​ថា ការ​តវ៉ា​ដោយ​សន្តិវិធី​គឺ​ជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​​ស្របតាម​រដ្ឋធម្មនុញ្ញ ដោយ​ពុំ​មែន​ជា​អំពើ​សុខ​ច្បាប់​នោះ​ឡើយ។លោក​ថា ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​ដែល​បង្ក្រាប​ដោយ​ហិង្សា​រារាំង​មិន​ឱ្យ​តវ៉ា​ គឺ​ជា​ទង្វើ​ខុស​ច្បាប់។

លោក​ស្រី សេង ចាន់ថន ​​បាន​ចូល​រួម​តវ៉ា​ចំនួន​ ១១​លើក​​រួច​មក​ហើយ​ ដោយសារ​មិន​ពេញ​ចិត្ត​អាជ្ញាធរ​ចាប់​ប្ដី​​​របស់​លោក​ស្រី​ដាក់​ពន្ធនាគារ​ព្រៃ​ដោយ​អយុត្តិធម៌​ ដោយ​មួយ​លើក​លោក​ស្រី​​​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ប្រមាណ​ ៤ម៉ឺន ​(៤០.០០០) រៀល។ លោក​ស្រី​ប្រាប់​ថា មូលហេតុ​ដែល​ចំណាយ​ថវិកា​អស់​​តិច​ ដោយសារ​​លោក​ស្រី​ស្នាក់​នៅ​ជា​មួយ​កូន​នៅ​រាជធានី​ភ្នំពេញ​​។ លោក​ស្រី ឱ្យ​ដឹង​ថា​ ជា​ញឹកញយ​លោក​ស្រី​ត្រូវ​បាន​កង​សន្តិសុខ​​​ខណ្ឌ​៧មករា​​​​វាយ​ដំ ក្ដិច​ និង​ទាត់​ធាក់​​ ​ប៉ុន្តែ​លោក​ស្រីនៅតែ​បន្ត​ការ​តវ៉ា​​រហូត​មក​។ លោកស្រី​​ និយាយ​ថា ចាប់​តាំង​ពី​អាជ្ញាធរ​ចាប់​ប្ដី​​របស់​លោក​ស្រី​​ដាក់​​ពន្ធនាគារ​មក​ ​លោក​ស្រី​​មិន​បាន​ធ្វើ​ការងារ​រក​ប្រាក់​ចំណូល​នោះ​ទេ​ ដោយ​ខ្វល់ខ្វាយ​ពី​​ប្ដី​​ដែល​ជាប់​​ពន្ធនាគារ​ និង​​​រវល់​​ចូល​រួម​សម្ដែង​មតិ​រក​យុត្តិធម៌​ឱ្យ​ប្ដី​​លោក​ស្រី​​ជា​បន្ត​បន្ទាប់។

គ្រូបង្រៀន និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​លោក ស៊ុន ធន់ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី១ មិថុនា ឆ្នាំ២០២០។ តុលាការ​បាន​ចោទ​លោកពីបទ ​​​​​​រួម​គំនិត​ក្បត់​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​ញុះញង់​មិន​ឲ្យ​យោធា​ស្តាប់​បង្គាប់។ លោក​ស្រី សេង ចាន់ថន ​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​រឿង​អយុត្តិធម៌​​ធ្វើ​បាប​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ ដើម្បី​ផ្គាប់​ចិត្ត​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​​ថា ​ក្រោយ​ពី​ប្ដឹង​​ទៅ​តុលាការ​ករណី​សន្តិសុខ​ខណ្ ឌ៧ មករា ​ប្រើ​ហិង្សា​លើ​លោក​ស្រី​ហើយ​ លោក​ស្រី​នឹង​ចូល​​​រួម​សម្ដែង​មតិ​​​បន្ត​ទៀត​ ដើម្បី​រក​យុត្តិធម៌​ឱ្យ​ប្ដី​របស់​លោក​ស្រី​ ហើយ​​​នឹង​ធ្វើ​សកម្មភាព​ជា​រៀងរាល់​ថ្ងៃ​សុក្រ​រហូត​មាន​ដំណោះ​ស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។