ប្រពន្ធ និងកូនសកម្មជនគណបក្សសង្គ្រោះជាតិគ្រោងនាំគ្នាតវ៉ាជាថ្មីទៀតនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី២៨ សីហា ខាងមុខ ដើម្បីទាមទារឱ្យតុលាការដោះលែងប្ដី និងពុករបស់ពួកគេ ពីពន្ធនាគារវិញដោយឥតលក្ខខណ្ឌ។ សាច់ញាតិសកម្មជនបក្សប្រឆាំងទាំងនោះនៅតែចាត់ទុកការចាប់ខ្លួននេះថា ជាការធ្វើបាបពលរដ្ឋស្លូតត្រង់ ដើម្បីបំពេញមហិច្ឆតានយោបាយរបស់គណបក្សកាន់អំណាច។
ប្រពន្ធសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិលោក ស៊ន់ ធន់ គឺលោកស្រី សេង ចន្ថា ប្រាប់អាស៊ីសេរី នៅព្រឹកថ្ងៃទី២៣ សីហា ថា ពួកលោកស្រីបានព្រមព្រៀងគ្នាតវ៉ាជាថ្មីទៀតនៅចុងខែសីហានេះ ដើម្បីស្វែងរកយុត្តិធម៌ឱ្យប្ដីរបស់លោកស្រីដោយមិនមានការរាថយឡើយ។ ប្រពន្ធសកម្មជនបក្សប្រឆាំងរូបនេះបន្តថា មូលហេតុដែលពួកលោកស្រីតវ៉ាដោយសារមិនពេញចិត្តចំពោះអាជ្ញាធរចាប់ប្ដីរបស់លោកស្រីនិងសកម្មជននយោបាយទាំងនោះដាក់គុកដោយអយុត្តិធម៌ពីព្រោះពួកគាត់មិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ៖ «ពួកខ្ញុំទាំងអស់គ្នាគឺអត់មានខ្លាចទេចង់គេធ្វើទុក្ខបុកម្នេញប៉ុណ្ណាក៏ដោយ នៅតែតស៊ូទៅមុខរហូតទាល់តែមានដំណោះស្រាយ។ ព្រោះអីការឈឺចាប់នេះធ្វើឱ្យពួកខ្ញុំនៅមិនស្ងៀមទោះបីឈឺចាប់យ៉ាងណាក៏ដោយដើម្បីឱ្យមានប្រជាធិបតេយ្យនិងឱ្យមានដំណោះស្រាយសម្រាប់ពួកខ្ញុំ។ បើយើងមិនតវ៉ាតទៅទៀតទេយើងកានតែបាត់បង់សិទ្ធិសេរីភាពកាន់តែជ្រៅហើយ។ អីចឹងសុំឱ្យបងប្អូនទាំងអស់គ្នាកុំខ្លាចទង្វើអាក្រក់របស់អាជ្ញាធរយើងត្រូវតែតស៊ូឡើង បើយើងមិនតស៊ូគ្មានអ្នកណាជួយតស៊ូយើងទេ ព្រោះគេអ្នកធំគេគិតពីសើចសប្បាយ»។
លោកស្រីឱ្យដឹងថា ពួកលោកស្រីសោកស្ដាយដែលអាក់ខានធ្វើបាតុកម្មកាលពីថ្ងៃសុក្រកន្លងទៅដោយសារជាថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីរាជការព្រមទាំងកម្មករឈប់សម្រាកលំហែកាយ ដូច្នោះប្រសិនបើពួកលោកស្រីតវ៉ាក៏ប្រជាពលរដ្ឋមិនសូវចាប់អារម្មណ៍ដែរ។
ចាប់តាំងពីអាជ្ញាធរចាប់ខ្លួនសកម្មជនបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារមកប្រពន្ធនិងកូនរបស់ពួកគេនាំគ្នាធ្វើបាតុកម្មចំនួន ៩លើកមកហើយ ដើម្បីដាក់សម្ពាធឱ្យតុលាការដោះលែងអ្នកទោសនយោបាយទាំងនោះឱ្យមានសេរីភាពវិញ។ ការតវ៉ាដោយអហិង្សារបស់ក្រុមស្ត្រីទាំងនេះត្រូវបានកងសន្តិសុខខណ្ឌ ៧មករា បង្ក្រាបដោយហិង្សាបណ្ដាលឱ្យក្រុមស្ត្រីជាច្រើននាក់របួសឈាមដៃ និងគ្រេចចង្កេះជាដើម។
ប្រពន្ធជនជាប់ឃុំលោកស្រី សេង ចន្ថា សំណូមពរសុំឱ្យអាជ្ញាធរឈប់បង្ក្រាបដោយហិង្សាលើពួកលោកស្រីបន្តទៀត ពីព្រោះពួកលោកស្រីតវ៉ាដោយសន្តិវិធី និងដោយស្របច្បាប់។
អាស៊ីសេរីមិនអាចទាក់ទងអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៣ សីហា ដោយអ្នកលើកទូរស័ព្ទជំនួសប្រាប់ថា លោកជាប់រវល។
ប៉ុន្តែអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឆាយ គឹមខឿន ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១៩ សីហា ថា សាច់ញាតិជនជាប់ឃុំទាំងនោះត្រូវសុំច្បាប់ពីអាជ្ញាធរជាមុនសិន បើពុំដូច្នោះទេ ពួកគេនឹងមិនអាចតវ៉ាបានឡើយ។ លោកបញ្ជាក់ថា ការតវ៉ាទាមទារឱ្យដោះលែងបុគ្គលណាម្នាក់ដែលតុលាការបានចោទប្រកាន់នោះ គឺជាការដាក់សម្ពាធដល់តុលាការ និងជាទង្វើខុសច្បាប់៖ «ដូច្នេះបើចង់តវ៉ាទាមទារដោះលែងជនណាម្នាក់នោះ គួរតែអនុវត្តទៅតាមនីតិវិធីច្បាប់ រកមេធាវីរកអីដើម្បីតស៊ូឡើងសវនាការ ការពារកូនក្ដីទៅ។ នេះខ្ញុំគ្រាន់តែបញ្ជាក់ជូន ២ចំណុចប៉ុណ្ណឹង»។
ផ្ទុយពីការលើកឡើងរបស់មេប៉ូលិសរូបនេះ ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា មានប្រសាសន៍ថា ការតវ៉ាដោយសន្តិវិធីដើម្បីទាមទារឱ្យតុលាការដោះលែងជនណាម្នាក់ គឺជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ។
លោកចាត់ទុកការបង្ក្រាបដោយហិង្សារបស់អាជ្ញាធរ គឺជាការរំលោភបំពានលើសិទ្ធិសម្ដែងមតិរបស់ពលរដ្ឋ៖ «បញ្ហាដែលចាប់ខ្លួនទាំងអស់នេះ វាមិនមែនជាការមួយដែលធ្វើត្រឹមត្រូវតាមច្បាប់ ពីព្រោះគេជឿថា រឿងហ្នឹងវាមានទំនាក់ទំនងបញ្ហានយោបាយច្រើនជាងបញ្ហាច្បាប់។ ដូច្នេះបើសិនជាយើងយករឿងមួយដែលជាបញ្ហាពាក់ព័ន្ធរឿងនយោបាយច្រើនជាងច្បាប់ហើយយកទៅឱ្យច្បាប់ដោះស្រាយវាពិបាកក្នុងការដោះស្រាយណាស់ ហើយទោះបីយើងដាក់មេធាវីមកពីឋានព្រះឥន្ទក៏ការពារមិនឈ្នះដែរ ពីព្រោះរឿងនេះ វាមិនមែនរឿងការអនុវត្តច្បាប់ពិតប្រាកដដូច្នេះហើយ បានជាពួកគាត់មិនសូវមានជំនឿមិនសូវមានទំនុកចិត្តទៅលើប្រព័ន្ធច្បាប់ប្រពន្ធអីហ្នឹងទេ»។
ក្រុមអង្គការជាតិ និងអន្តរជាតិ បានចេញសេចក្ដីការណ៍ជាបន្តបន្ទាប់ទាមទារឲ្យអាជ្ញាធររដ្ឋាភិបាលបញ្ឈប់ការយាយី និងការបណ្តេញដោយហិង្សាលើក្រុមគ្រួសាររបស់សមាជិកគណបក្សសង្គ្រោះជាតិ ហើយអនុញ្ញាតឲ្យស្ត្រីទាំងនោះ បន្តការតវ៉ាដោយសន្តិវិធី ព្រោះការស្វែងរកយុត្តិធម៌ គឺមិនមែនជាបទឧក្រិដ្ឋនោះទេ។ ក្រុមអង្គការផ្នែកសិទ្ធិមនុស្សទាំងនេះ ក៏បានទាមទារឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ដោះលែងសកម្មជននយោបាយដែលត្រូវបានចាប់ឃុំខ្លួនដោយមិនត្រឹមត្រូវទាំងនោះវិញផងដែរ។
ចាប់តាំងពីដើមខែមករា ឆ្នាំ២០២០ មកអាជ្ញាធរចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិប្រមាណ ២០នាក់ហើយ ដាក់ពន្ធនាគារព្រៃស។ តុលាការបានចោទប្រកាន់ពួកគេ ពីបទរួមគំនិតក្បត់ញុះញង់ឲ្យយោធិនមិនស្ដាប់បង្គាប់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ញុះញង់បង្កឱ្យមានភាពវឹកវរនៅក្នុងសង្គម និងពីបទប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល។ ប្រពន្ធនិងកូនជនជាប់ឃុំទាំងនោះចាត់ទុកការចោទប្រកាន់នេះថា ជាទង្វើអយុត្តិធម៌ធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់មិនអាចទទួលយកបានឡើយ ពីព្រោះជាការបំបិទមាត់អ្នកមាននិន្នាការនយោបាយផ្ទុយពីរដ្ឋាភិបាលឯកបក្សដើម្បីបានបន្តអំណាចទៅមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។