ភរិយារបស់សមាជិកបក្សប្រឆាំង លើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្រលាញ់គ្រួសារខ្លួនឯង ប៉ុន្តែបំបែកបំបាក់គ្រួសារពួកគេឲ្យរស់រងទុក្ខវេទនា ដោយសារតែមូលហេតុនយោបាយ។ ការលើកឡើងនេះ បន្ទាប់ពីពួកគេ មើលឃើញថា លោក ហ៊ុន សែន បានបង្ហោះរូបភាពជួបជុំក្រុមគ្រួសារសាច់ញាតិរបស់លោកយ៉ាងរីករាយស្ទើររាល់ថ្ងៃ ស្របពេលដែលរដ្ឋាភិបាល បានចាប់ប្ដីរបស់ពួកគេដាក់ពន្ធនាគារទាំងបំពាន និងថែមទាំងបង្ក្រាបដោយហិង្សាលើពួកគេជាស្ត្រីថែមទៀតដែលគ្រាន់តែប្រើប្រាស់សិទ្ធិសេរីភាពតវ៉ាទាមទាររកយុត្តិធម៌ជូនប្ដី។
ក្រុមភរិយាសមាជិកគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារ លើកឡើងថា ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែមានក្តីសុខ នៅលើគំនរទុក្ខសោករបស់ពួកគេ និងប្រជា ពលរដ្ឋខ្មែរដែលកំពុងរងគ្រោះដោយអំពើអយុត្តិធម៌ដទៃទៀត។
ភរិយាសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ លោក កាក់ កុម្ភារ គឺលោកស្រី ព្រំ ចន្ថា រៀបរាប់ថា លោកស្រីកាន់តែមានអារម្មណ៍ឈឺចាប់ នៅពេលឃើញលោក ហ៊ុន សែន បង្ហោះរូបភាពជួបជុំគ្រួសារយ៉ាងរំភើយ ដោយមិនខ្វាយខ្វល់ចំពោះសម្រែកយំអង្វរករកយុត្តិធម៌ និងថែមទាំងប្រើប្រាស់កម្លាំងសន្តិសុខ និងនគរបាល ប្រើអំពើហិង្សាទាំងកម្រោលលើពួកគាត់ជាស្ត្រីទន់ខ្សោយថែមទៀត ខណៈពេលពួកគាត់ គ្រាន់តែឈរស្រែកតវ៉ាដោយសន្តិវិធីរៀងរាល់ថ្ងៃសុក្រដើម្បីទាមទារឲ្យដោះលែងប្ដីពួកគាត់វិញ៖ « ឃើញគាត់ផុសមកអ៊ីចឹង ខ្ញុំមានអារម្មណ៍ក្ដុកក្ដួលណាស់ ដូចថា អយុត្តិធម៌សម្រាប់ពួកនាងខ្ញុំជាស្ត្រី ហើយទង្វើរបស់គាត់ ( រដ្ឋាភិបាល ) ធ្វើចាប់ឃុំឃាំងគាត់ ( ប្តី ) ហើយនឹងមិនឲ្យពួកខ្ញុំជួប ហើយឥឡូវមួយសប្ដាហ៍បានជួបតែម្ដង។ ពួកខ្ញុំមានអារម្មណ៍ក្ដុកក្ដួលខ្លាំងណាស់។ ធម្មតាអត់មានប្តីនៅជិត គឺអត់គាត់ មួយដូចអត់ចន្ទល់គ្រួសារអ៊ីចឹង។ ឃើញរូបភាពរបស់គាត់ ( លោក ហ៊ុន សែន ) ផុសមកអ៊ីចឹង គឺគាត់កំពុងមានក្តីសុខលើគំនរទុក្ខរបស់ពួកខ្ញុំ » ។
លោកស្រី ព្រំ ចន្ថា បន្តថា ការណ៍ដែលពួកលោកស្រី នាំគ្នាចេញតវ៉ារៀងរាល់ថ្ងៃសុក្រ ព្រោះតែយល់ថា ប្ដីរបស់ពួកលោកស្រី គឺជាមនុស្សស្អាតស្អំ ស្រលាញ់សង្គមជាតិ មិនបានប្រព្រឹត្តអំពើខុសច្បាប់ដូចការចោទប្រកាន់នោះទេ។ មានវ័យ ៤៤ឆ្នាំ កំពុងតស៊ូចិញ្ចឹមកូនប្រុសពីរនាក់នៅក្នុងបន្ទប់ជួលតូចមួយក្នុងរាជធានីភ្នំពេញ គឺភរិយាសមាជិកបក្សប្រឆាំងរូបនេះ ទទូចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រៀនយល់អារម្មណ៍ឈឺចាប់ និងទុក្ខលំបាករបស់ពួកគេ ដែលកំពុងរស់នៅបែកបាក់ក្រុមគ្រួសារដោយសារតែមូលហេតុនៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយពីសំណាក់អាជ្ញាធររដ្ឋាភិបាល៖ « ខ្ញុំមានផលប៉ះពាល់ច្រើនណាស់ ដែលធំបំផុតនោះគាត់ ( ប្តី ) ជាមេគ្រួសារ គឺអត់ពីគាត់មួយទៅ ហាក់ដូចជាបាត់អ្វីៗ គ្រប់យ៉ាងហើយកូនខ្ញុំកំពុងវ័យសិក្សា គឺរៀនអត់ ចូលនឹកឪពុក ហើយការងារផ្គត់ផ្គង់គ្រួសារធ្លាក់មកលើខ្ញុំទាំងអស់ ហើយឥឡូវនេះ ខ្ញុំក៏អត់មានការងារធ្វើ ហើយត្រូវបង់បំណុលធនាគាររាល់ខែទៀត និងត្រូវផ្ញើលុយឲ្យគាត់ចាយនៅក្នុងពន្ធនាគារ ហើយអារម្មណ៍មួយគឺគិតដល់គាត់ផង គិតដល់ខ្លួនឯងផង និយាយទៅ គឺពិបាកមែនទែនហ្មង។ រដ្ឋាភិបាល គួរតែដោះលែងគាត់មកវិញ ហើយទម្លាក់ចោលរាល់ការចោទប្រកាន់ដោយឥតលក្ខខណ្ឌ » ។
មួយរយៈចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបង្ហោះរូបភាពជួបជុំក្រុមគ្រួសាររបស់លោកយ៉ាងមានក្តីសុខជាបន្តបន្ទាប់ និងហាក់បង្កប់នូវភាពរឹងមាំក្នុងការបន្តរក្សាអំណាចនយោបាយតពូជរបស់លោករយៈពេលយូរអង្វែងតទៅទៀត ខណៈលោកកំពុងតែបង្កើនការបង្ក្រាបលើសំឡេងប្រឆាំងដោយមិនរើសមុខ។ ជាក់ស្ដែងកាលពីថ្ងៃទី១១ ខែសីហា លោក ហ៊ុន សែន បានបង្ហោះរូបថតជួបជុំគ្រួសារធំរបស់លោកចំនួន ៣ជំនាន់ដែលមានសមាជិកប្រមាណ ៣០នាក់ ក្នុងនោះ មានភរិយារបស់លោក កូនៗបង្កើត និងចៅៗបង្កើតរបស់លោកផងដែរ។ ក្នុងកម្មវិធីជួបជុំគ្រួសារ៣ ជំនាន់របស់លោកនោះ ក៏មានកម្មវិធីច្រៀងរាំ និងផឹកស្រា ក្លែមម្ហូបអាហារថ្លៃៗផងដែរ។
រីឯភរិយាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ លោក ស៊ុន ធន់ គឺលោកស្រី សេង ចាន់ថន ថ្លែងថា សកម្មភាពដែលលោក ហ៊ុន សែន កំពុងធ្វើទាំងនេះ គឺបង្ហាញថា មេដឹកនាំរូបនេះ ស្រលាញ់តែក្រុមគ្រួសារខ្លួនឯង ហើយលោកឥតខ្វល់ចំពោះបញ្ហាពលរដ្ឋកំពុងអត់ការងារធ្វើ បញ្ហាពលរដ្ឋជំពាក់បំណុលធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្តុវ័នករ និងការចាប់ចងសកម្មជននយោបាយ សកម្មជនសង្គម និងមេដឹកនាំសហជីពជាដើម។ លោកស្រី នៅតែអះអាងថា ប្តីលោកស្រី មិនបានប្រព្រឹត្តអំពើឧក្រិដ្ឋណាមួយនោះទេ ហើយលោក ហ៊ុន សែន ប្រាកដជាដឹងច្បាស់ថា ការចាប់ឃុំខ្លួនប្តីលោកស្រី បណ្ដាលឲ្យរស់នៅបែកបាក់ក្រុមគ្រួសារគ្នានេះ គឺធ្វើឡើងដោយបំពានច្បាប់និងមានចរិតនយោបាយសុទ្ធសាធ៖ « អយុត្តិធម៌ចំពោះពួកខ្ញុំដែលជាប្រជាពលរដ្ឋស្លូតត្រង់គេ ( រដ្ឋាភិបាល ) ចាប់យកទៅធ្វើបាបយកទៅដាក់គុក ហើយយើងគ្រាន់តែតវ៉ាទាមទារ រាល់សប្ដាហ៍មកធ្វើបាបពួកខ្ញុំទៀតមកទាត់មកច្រានមកអូស ហើយមិនឲ្យខ្ញុំតវ៉ា ដូច្នេះខ្ញុំគិតថា វាអយុត្តិធម៌សម្រាប់ពួកខ្ញុំ។ពួកគាត់ ( នាយករដ្ឋមន្ត្រី ) ចេះជួបជុំគ្រួសារបាន ចុះចំណែកពួកខ្ញុំហេតុអីជួបជុំអត់បាន ? គេអត់ឆ្លើយតបជាមួយពួកខ្ញុំសោះ ធ្វើឲ្យពួកខ្ញុំឈឺចាប់ជាទីបំផុត។ ពួកខ្ញុំនៅតែស្រែកទាមទារតវ៉ាជាបន្តបន្ទាប់ទៀត ដោយសារពួកខ្ញុំមិនមានកំហុស ហើយគេធ្វើបាបដោយអយុត្តិធម៌បែបនេះ » ។

គិតចាប់តាំងពីខែមករា ឆ្នាំ២០២០មក របបក្រុងភ្នំពេញ បានចាប់ឃុំខ្លួនសមាជិកគណបក្សសង្គ្រោះជាតិជាង ២០នាក់ហើយ ដោយតុលាការ បានចោទប្រកាន់ពួកគេដូចៗគ្នាគឺពីបទរួមគំនិតក្បត់ ញុះញង់មិនឲ្យយោធាស្តាប់បង្គាប់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ភាគច្រើននៃករណីចាប់ខ្លួននេះ សមត្ថកិច្ចមិនបានបង្ហាញដីកាចាប់ខ្លួនឡើយ ហើយករណីខ្លះទៀតសមត្ថកិច្ចបានប្រើល្បិចបញ្ឆោតឱ្យពួកគេទៅជួបអ្នកនេះ ឬអ្នកនោះ រួចក៏ចាប់ខ្លួនតែម្ដង។ ករណីមួយចំនួនទៀត ប៉ូលិសចាប់មនុស្សទៅបាត់ដោយគ្មានផ្តល់ដំណឹងដល់ក្រុមគ្រួសាររបស់គេនោះទេ ទាល់តែសកម្មជនទាំងនោះទូរស័ព្ទមកប្រាប់វិញ ទើបគ្រួសារដឹងថា ពួកគាត់កំពុងជាប់ឃុំនៅពន្ធនាគារ។
ក្រោយការចាប់ឃុំខ្លួននោះ ប្រពន្ធ និងកូនៗ រួមទាំងសាច់ញាតិរបស់សមាជិកបក្សប្រឆាំង តែងតែជួបជុំគ្នាតវ៉ានៅខាងមុខសាលដំបូងរាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃសុក្រ ចាប់តាំងពីថ្ងៃទី១៩ ខែមិថុនា មក ដើម្បីទាមទារឲ្យតុលាការ ដោះលែងអ្នកទាំងនោះវិញ។ ទោះយ៉ាងណា ការតវ៉ាដោយសន្តិវិធីរបស់ពួកគេ តែងតែត្រូវបង្ក្រាបដោយហិង្សា ជាពិសេសការតវ៉ាលើកទី៧ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា កងសន្តិសុខខណ្ឌ ៧មករា បានរារាំងមិនឲ្យពួកគេជួបជុំតវ៉ានៅខាងមុខតុលាការឡើយ។ ក្រុមសន្តិសុខទាំងនោះបានដណ្ដើមបដាយកទៅហែកចោល និងរុញច្រានស្ត្រីអ្នកតវ៉ាមួយចំនួនផ្ទប់នឹងដី ហើយចាប់អូសតាមដងផ្លូវជាដើម ដោយមិនស្ដាប់ការយំអង្វរកររបស់ពួកគេឡើយ៖ «អាជ្ញាធរស្រុកខ្មែរនេះ គាត់ជាអាជ្ញាធរបែបណា ? ហេតុអីក៏ព្រៃផ្សៃយ៉ាងនេះ ? ធ្វើបាបតែស្ត្រីទន់ខ្សោយ គ្មានអាវុធ នៅក្នុងដៃ ទាមទារតែ តែឲ្យដោះលែង អ្នកទោសនយោបាយប៉ុណ្ណឹងសោះ។ សួរថាធ្ងន់ប៉ុណ្ណា ? ពិបាកប៉ុណ្ណា ? វាខុសច្បាប់នូវមាត្រាណា ? ហេតុអី ក៏ពួកគាត់មិនប្រាប់ពួកខ្ញុំ ? បានចាំបាច់មកធ្វើអូសទាញពួកខ្ញុំយ៉ាងនេះ ? តើស្រុកខ្មែរយើងមានយុត្តិធម៌ទេ ?»។
អតីតទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបណ្ឌិត សូ ណារ៉ូ លើកឡើងថា ជារឿងអភ័ព្វបំផុត សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានមេដឹកនាំដូចលោក ហ៊ុន សែន ព្រោះលោក គឺជាមនុស្ស ដែលមានចរិតឃោរឃៅ បែងចែកពណ៌សម្បុរនយោបាយខុសឆ្ងាយពីមេដឹកនាំប្រទេសដទៃទៀត នៅលើពិភពលោក ដែលហ៊ានលះបង់ក្តីសុខផ្ទាល់ខ្លួន សម្រាប់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋរបស់គេ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ ទោះយ៉ាងណាក្តី បណ្ឌិត សូ ណារ៉ូ ជឿជាក់ថា មេដឹកនាំដែលស្រលាញ់តែគ្រួសារខ្លួនឯង បក្ខពួកខ្លួនឯង និងច្បាមយកសេដ្ឋកិច្ចជាតិធ្វើមានបាននៅក្នុងក្រុមគ្រួសារខ្លួនឯង ហើយបង្កើតការឈឺចាប់ដល់ប្រជាជាតិបែបនេះ គឺនឹងមិនអាចរក្សាអំណាចបានគង់វង្សនោះឡើយ៖ « ល្អូកល្អិនក្នុងក្រុមគ្រួសាររបស់គាត់ ( លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ) ក្នុងបក្ខពួករបស់គាត់ សង់ទីស្នាក់ការធំៗ ជិះយន្តហោះសុទ្ធ តែលក្ខណៈឯកជន (Private jet) ហ៊ឺហាគ្រប់បែបយ៉ាង គ្រាន់តែអាពាហ៍ពិពាហ៍ចាយលុយរាប់សែនរាប់លានដុល្លារ ហើយផ្ទះសម្បែងវិញ គឺថា ខ្លាំងជាងព្រះបរមរាជវាំងទៀត។ ចំណែកមួយផ្នែកទៀត ដែលគាត់ ( លោក ហ៊ុន សែន ) ចាត់ទុកថា ជាសត្រូវជាដៃគូប្រឆាំងរបស់គាត់ គឺរហេមរហាម ហើយលោក ហ៊ុន សែន បង្កើតលេសគ្រប់បែបយ៉ាង ដើម្បីធ្វើទុក្ខបុកម្នេញគាត់ ដូចជា ការចាប់ចង ធ្វើទារុណកម្ម រហូតដល់ការកាប់សម្លាប់ទៀតក៏មាន។ ដូច្នេះទាំងនេះ គឺជាទុក្ខសោកនៃប្រទេសកម្ពុជា » ។
យ៉ាងណាក៏ដោយចុះ ក្រុមភរិយារបស់សមាជិកបក្សប្រឆាំង អះអាងថា ប្រសិនរដ្ឋាភិបាល នៅតែមិនទម្លាក់ចោលការចោទប្រកាន់ និងដោះលែងប្ដីពួកគេឲ្យមានសេរីភាពឡើងវិញទេនោះ គឺពួកគេនឹងនៅតែបន្តការតវ៉ាដោយអហិង្សាជារៀងរាល់ថ្ងៃសុក្រ រហូតទាល់តែទទួលបានយុត្តិធម៌ ទោះបីប្រឈមការារាំង និងការយាយីបែបណាក្ដី។
កាលពីថ្ងៃទី៦ ខែសីហា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចេញសេចក្ដីការណ៍ទាមទារឲ្យអាជ្ញាធររដ្ឋាភិបាលបញ្ឈប់ការយាយី និងការបណ្តេញដោយហិង្សាលើក្រុមគ្រួសាររបស់សមាជិកគណបក្សសង្គ្រោះជាតិ ហើយអនុញ្ញាតឲ្យស្ត្រីទាំងនោះ បន្តការតវ៉ាដោយសន្តិវិធី ព្រោះការស្វែងរកយុត្តិធម៌ គឺមិនមែនជាបទឧក្រិដ្ឋនោះទេ។ អង្គការអន្តរជាតិមួយ នេះ ក៏បានទាមទារឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ដោះលែងសកម្មជននយោបាយដែលត្រូវបានចាប់ឃុំខ្លួនដោយមិនត្រឹមត្រូវទាំងនោះវិញផងដែរ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។