ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីជាច្រើននាក់ដែលតែងចូលរួមតវ៉ាសុំឱ្យតុលាការដោះលែងប្ដីពីពន្ធនាគារព្រៃសនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី៣ វិច្ឆិកា។ លោកស្រី ចាត់ទុករឿងនេះថា ជាការប៉ុនប៉ងរបស់អាជ្ញាធររបបក្រុងភ្នំពេញ ក្នុងចេតនាបំភិតបំភ័យដើម្បីកុំឱ្យពួកលោកស្រីសម្ដែងមតិឱ្យមានយុត្តិធម៌សង្គមបន្តទៀត។
ប្រពន្ធសកម្មជនបក្សប្រឆាំងដែលជួបគ្រោះថ្នាក់ចរាចរនោះ គឺលោកស្រី សុខ បូលីម៉ា ជាប្រពន្ធ លោក ឃឹម ភាណា ចៅសង្កាត់ផ្សារដេប៉ូ៣ខណ្ឌទួលគោករាជធានីភ្នំពេញជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ។
លោកស្រី សុខ បូលីម៉ា ថ្លែងនៅព្រឹកថ្ងៃទី៤វិច្ឆិកាថា មានបុរសមិនស្គាល់មុខចំនួន៣នាក់បានជិះម៉ូតូ២គ្រឿងកៀរលោកស្រីពីក្រោយពេលកំពុងធ្វើដំណើរតាមម៉ូតូជាមួយសាច់ញាតិនៅលើផ្លូវនរោត្ដមក្បែរវត្តថាន់ ក្នុងក្រុងភ្នំពេញកាលពីរសៀលថ្ងៃទី៣វិច្ឆិកា។ លោកស្រីបន្តថា ម៉ូតូរបស់ជនបង្កមួយគ្រឿងបានដួលសង្កត់លើលោកស្រីបណ្ដាលឱ្យរបួសកំភួនជើងខាងឆ្វេងធ្ងន់ធ្ងរ។លោកស្រីបន្ថែមថា ក្នុងពេលលោកស្រីដួលនោះ ជនល្មើសបានសើចចំអកដាក់លោកស្រី រួចលើកម៉ូតូនាំគ្នារត់គេចខ្លួនបាត់ ចំណែកលោកស្រីត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យឯកជនក្បែរនោះ។ លោកស្រី ចាត់ទុករឿងនេះ ថា ជាការប៉ុនប៉ងធ្វើបាបលោកស្រីពីសំណាក់អាជ្ញាធរក្រុងភ្នំពេញ ដើម្បីកុំឱ្យលោកស្រីចូលរួមតវ៉ាទាមទារឱ្យតុលាការដោះលែងប្ដីនៅថ្ងៃក្រោយ៖ «រាល់ថ្ងៃនេះខ្ញុំអត់មានសុវត្ថិភាពទេ វាអយុត្តិធម៌ចំពោះពួកខ្ញុំជាប្រពន្ធជនរងគ្រោះទៅណាមកណាព្រលឹងនៅចុងសក់រហូត ខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់ ចាប់ប្ដីខ្ញុំហើយមកធ្វើបាបខ្ញុំទៀត។ រាល់ថ្ងៃនេះចេញដើរមិនដឹងជីវិតខ្ញុំស្លាប់ពេលណាទេ និយាយរួមប្រជាជនខ្មែរទូទាំងប្រទេសបារម្ភដូចខ្ញុំអីចឹងដែរ ប៉ុន្តែគាត់មិនហ៊ាននិយាយ ចំពោះខ្ញុំ ខ្ញុំហ៊ាននិយាយ ពេលណាខ្ញុំចេញហើយព្រលឹងខ្ញុំនៅចុងសក់ទេ បើខ្ញុំជីះម៉ូតូ បើខ្ញុំជិះម៉ូតូកង់បីខ្ញុំអត់អីទេ។
បច្ចុប្បន្នលោកស្រី សុខ បូលីម៉ា កំពុងសម្រាកព្យាបាលរបួសនៅផ្ទះ ដោយមិនអាចងើបដើរទៅណាមកណាបានឡើយ។ លោកស្រី សំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធតាមចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីកុំឱ្យពួកគេចេះតែធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់តាមអំពើចិត្តទៀត។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ប្រាប់អាស៊ីសេរីថា រឿងនេះអាចជាគ្រោះថ្នាក់ចរាចរដោយចៃដន់ ដោយសារលោកស្រីបើកបរខ្វះការការប្រុងប្រយ័ត្ន៖ «ដល់ពេលមានបញ្ហាអីកើតឡើងគាត់ចេះតែចោទប្រកាន់អាជ្ញាធរ ប៉ុន្តែបញ្ហាសំខាន់វាជាក់ស្ដែងទាល់តែយើងដឹងបញ្ហាជាក់ស្ដែងមានភស្តុតាងអីច្បាស់លាស់សិនមិនមែនថា ឱ្យតែករណីបែបនេះយើងចេះតែចោទប្រកាន់លើការងារហ្នឹងកើតទេ ។ព្រោះធម្មតាការងារចរាចរពេលខ្លះគ្រោះជាក់ស្ដែងដូចជាករណីបើកបរមិនប្រុងប្រយ័តអីផ្សេងអីចឹងទៅ » ។
ទោះជាបែបនេះក្តី ចាប់តាំងពីដើមឆ្នាំ២០២០មកមានសកម្មជនបក្សប្រឆាំង និងសង្គមស៊ីវិល ប្រមាណ២០នាក់ហើយត្រូវបានជនមិនស្គាល់មុខលបវាយក្បាលនិងដំបង និងខ្លះជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងរបួសធ្ងន់និងស្រាល។ អ្នករងរបួស ពីអំពើហិង្សាទាំងអស់នេះ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ខណៈជនរងគ្រោះខ្លះ ស្លាប់បាត់បង់ជីវិត ដូចជាករណីកូនប្រុសរបស់សកម្មជនបក្សប្រឆាំងម្នាក់ លោក ជុំ ពុទ្ធី ដែលកំពុងជាប់ពន្ធនាគារ ព្រៃស«ម១»ឈ្មោះ ជុំ ពុទ្ធោ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅខេត្តស្វាយរៀង កាលពីរសៀល ថ្ងៃទី១៨ តុលា។ រីឯជនរងគ្រោះខ្លះទៀត ត្រូវជាប់ពន្ធនាគារពីបទញុះញង់ និងខ្លះទៀត ធ្លាក់ខ្លួន ជាជនពិការក៏មាន។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក ស៊ឹង សែនករុណា កត់សំគាល់ថា ក្រុមស្ត្រីដែលចូលរួមតវ៉ាឱ្យដោះលែងប្ដី សកម្មជនគណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលតែងរងគ្រោះដោយជនមិនស្គាល់មុខលបវាយធ្វើបាបនិងជួបគ្រោះថ្នាក់ចរាចរជាបន្តបន្ទាប់។លោកសង្កត់ធ្ងន់ថា ជៀសវាងកុំឱ្យប្រជាពលរដ្ឋរិះគន់លើរឿងនេះ អាជ្ញាធរពាក់ព័ន្ធគួរតែស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍របស់ស្ត្រីរូបនេះឱ្យបានល្អិតល្អន់ និងចាត់វិធានការទៅលើជនល្មើសឱ្យបានធ្ងន់ធ្ងរតាមច្បាប់៖ «ស្ត្រីដែលគាត់រងរបួសហ្នឹងគួរតែដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចដើម្បីឱ្យគេស្រាវជ្រាវពីព្រោះថា នីតិវិធីកាលណាមានការកើតហេតុឡើងយើងជាជនរងគ្រោះត្រូវដាក់ប្ដឹងសមត្ថកិច្ចនៅតំបន់កើតហេតុ ឱ្យគេស្រាវជ្រាវ។បើសិនជារកឃើញថាជនប្រព្រឹត្តហ្នឹងពិតជាមានបំណងប៉ុនប៉ងបង្ករបួសស្នាមទៅលើជនរងគ្រោះពិតប្រាកដមែនគួរតែមានការអនុវត្តច្បាប់ដោយការចាប់ខ្លួនមកផ្ដន្ទាទោសតាមផ្លូវច្បាប់ » ។
ប្ដីរបស់លោកស្រី សុខ បូលីម៉ា គឺ លោក ឃឹម ភាណា ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនកាលពីថ្ងៃទី២ មេសា ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ គិតត្រឹមចុងខែកក្កដានេះ លោកបានជាប់ឃុំក្នុងពន្ធនាគារព្រៃស អស់រយៈពេលប្រមាណ៧ខែមកហើយ។
លោកស្រី សុខ បូលីម៉ា និងប្រពន្ធសកម្មជនគណបក្សប្រឆាំងជាច្រើននាក់ផ្សេងទៀត បានប្រមូលផ្តុំគ្នាសម្តែងមតិ ទាមទារឱ្យតុលាការដោះលែងប្ដីរបស់ពួកគាត់ជិត២០លើករួចមកហើយ។ ក្រុមស្ត្រីទាំងនោះ តែងរងការវាយដំពីសំណាក់កងសន្តិសុខសាលាក្រុងភ្នំពេញម្ដងហើយម្ដងទៀត។
លោកស្រីសុខ បូលីម៉ា ឱ្យដឹងថា បើទោះបីជាលោកស្រីជួបគ្រោះថ្នាក់ចរាចរណ៍ និងរងរបួសបែបនេះក្ដី ក៏ពួកលោកស្រីនៅតែប្រកាន់ជំហរនាំគ្នាចូលរួមសម្ដែងមតិទាមទារឱ្យមានយុត្តិធម៌សង្គមនៅថ្ងៃស្រកទី៦ វិច្ឆិកា និងធ្វើសកម្មភាពជាបន្តបន្ទាប់ទៅមុខទៀត រហូតដល់មានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។