សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង​ប្ដេជ្ញា​មិន​បោះបង់​ការ​តវ៉ា ទោះ​រង​ការ​បង្ក្រាប ​ឬ​ចាប់​ខ្លួន

0:00 / 0:00

សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង​ផ្អាក​ការ​តវ៉ា​នៅ​ថ្ងៃ​សុក្រ​ទី៣០ តុលា​នេះ ប៉ុន្តែ​គ្រោង​ជួប​ជុំ​គ្នា​តវ៉ា​ជាថ្មី​ទៀត​នៅ​​សប្ដាហ៍​ក្រោយ​ បន្ទាប់​ពី​ពិធី​បុណ្យ​អុំទូក​ចប់​សព្វ​គ្រប់។ ពួកគាត់​នៅតែ​ទទូច​ឲ្យ​តុលាការ​របប​ក្រុង​ភ្នំពេញ ដោះ​លែង​ប្តី​របស់​ពួកគាត់ ដើម្បី​បាន​ជួបជុំ​គ្រួសារ​ជាថ្មី។ មន្ត្រី​សិទ្ធ​មនុស្ស​ជំរុញ​ឱ្យ​​តុលាការ​ពន្លឿន​នីតិ​វិធី​រឿង​ក្តី​សកម្មជន​បក្ស​ប្រឆាំង​នេះ​​​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ផ្តល់​យុត្តិ​ធម៌​ជូន​ពួក​គាត់​វិញ។

ប្រពន្ធ​​​របស់​​​សមាជិក​​គណបក្ស​​សង្គ្រោះ​ជាតិ លោក ស៊ុន ធន់ គឺ​​លោកស្រី សេង ចាន់ថន ឲ្យ​អាស៊ី​សេរី​ដឹង​ថា​ ការ​ផ្អាក​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ដោយសារ​ជា​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​អុំទូក ប៉ុន្តែ​នៅ​សប្ដាហ៍​ក្រោយ​លោកស្រី​ថា ​នឹង​មាន​ការ​តវ៉ា​ជាថ្មី​ទៀត។ លោកស្រី​បន្ត​ថា ក្រុម​លោកស្រី​នឹង​បន្ត​ការ​តវ៉ា​នេះ​រហូត​ ដោយ​ពុំ​ខ្លាច​រអា ឬ​បាក់​ស្បាត​នោះ​ទេ បើ​ទោះ​បី​ជា​រង​ការ​គំរាម​កំហែង និង​ការ​ចាប់​ខ្លួន ពី​ខាង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ក៏​ដោយ។ លោកស្រី​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ម្នាក់ គឺ​លោកស្រី សាត ផា ដាក់​ពន្ធនាគារ​ជា​រឿង​អយុត្តិធម៌​បំផុត ដែល​ធ្វើ​ឲ្យ​ក្រុម​លោកស្រី​ដែល​ជា​ស្ត្រី​ទន់​ខ្សោយ​ ខឹង​សម្បារ​ជា​ខ្លាំង ហើយ​ប្ដេជ្ញា​ថា នឹង​បន្ត​សកម្មភាព​តវ៉ា​នេះ​តទៅ​ទៀត។

លោកស្រី សេង ចាន់ថន ទទូច​ជាថ្មី​ទៀត​ដល់​​​តុលាការ​ឱ្យ​ពន្លឿន​ការ​នីតិ​វិធី និង​ដោះ​លែង​ប្ដី​លោកស្រី​ឲ្យ​មាន​សេរី​ភាព​វិញ ដោយសារ​លោកស្រី​កំពុង​ជួប​ការ​លំបាក​ក្នុង​គ្រួសារ​ជា​ខ្លាំង ហើយ​ម្យ៉ាង​ទៀត ប្ដី​លោកស្រី​មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ៖ « នាង​ខ្ញុំ​ក៏​សុំ​សំណូមពរ​ទៅ​អាជ្ញាធរ ទៅ​ពួក​អ្នក​បញ្ជា​ការពារ​អី​ទាំង​អស់​ហ្នឹង សូម​ឲ្យ​ពួកគាត់​បន្ថយ ឈប់​ធ្វើ​អំពើ​ហិង្សា​មក​លើ​ពួក​ខ្ញុំ ដែល​ពួក​ខ្ញុំ​ទៅ​ទាមទារ​រាល់​អាទិត្យ​ហ្នឹង កុំ​ឲ្យ​ពួក​គាត់​ធ្វើ​ទង្វើ​បែប​ហ្នឹង​មក​លើ​ពួក​ខ្ញុំ​ទៀត។ នេះ គឺ​ជា​ទង្វើ​មួយ​ដែល​ខ្មែរ​យើង​មិន​ត្រូវ​តែ​មាន ព្រោះ​តាម​ច្បាប់​កាល​ណា​យើង​ទៅ​ធ្វើ​ការ​ទាមទារ​បែប​ហ្នឹង គឺ​ត្រូវ​បាន​ការពារ​ពី​អាជ្ញាធរ ប្រជា​ការពារ ការពារ​ពួក​ខ្ញុំ អត់​ត្រូវ​ពួក​គាត់​ធ្វើ​អញ្ចឹង​ទេ។ អ៊ីចឹង​សូម​ឲ្យ​ពួកគាត់​គោរព​ច្បាប់​ដែល​បង្កើត​ទាំង​នោះ​ផង បើ​វា​មិន​ការពារ​ពួក​ខ្ញុំ ហើយ​មក​ធ្វើ​បាប​ពួក​ខ្ញុំ​ដដែល មិន​បាច់​បង្កើត​ច្បាប់​ហ្នឹង​មក​ទេ សូម​ឲ្យ​រំលាយ​ច្បាប់​ហ្នឹង​ចោល​ទៅ »

កន្លង​មក ក្រុម​សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង​តែង​តែ​ជួបជុំ​គ្នា​ស្រែក​តវ៉ា និង​លើក​បដា​ផ្សេងៗ នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ទាមទារ​ឲ្យ​តុលាការ​​​ដោះ​លែង និង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ប្ដី ឬ​ឪពុក​របស់​ពួក​គាត់។ ទោះជា​យ៉ាង​ណា ការ​តវ៉ា​របស់​ពួកគេ​កន្លង​មក គឺ​អាជ្ញាធរ​តែង​ចេញ​មក​រារាំង ហើយ​ពេល​ខ្លះ​បង្ក្រាប​ដោយ​ហិង្សា បណ្ដាល​ឱ្យ​ក្រុម​អ្នក​តវ៉ា​រង​របួស​ធ្ងន់ និង​ស្រាល​ទៀត។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់​ទង​ទៅ អ្នក​នាំ​ពាក្យ​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ លោក​វរសេនីយ៍​ឯក សាន សុខសីហា ដើម្បី​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​កុំ​ឲ្យ​មាន​ការ​បង្ក្រាប ឬ​ប្រើ​អំពើ​ហិង្សា​លើ​សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង​ដែរ ប៉ុន្តែ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី៣០ តុលា។

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា រយៈ​ពេល​យូរ​មក​ហើយ​ដែល​សកម្មជន​បក្ស​ប្រឆាំង​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ និង​ទន្ទឹង​រង់ចាំ​រក​យុត្តិធម៌ ហើយ​តុលាការ​គួរតែ​ធ្វើការ​សម្រេច​សេចក្ដី​ឲ្យ​បាន​ឆាប់​រហ័ស។ លោក​បន្ត​ថា អ្នក​ជាប់​ឃុំ​ទាំង​នោះ ពុំ​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ តែ​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ លោក​សង្កត់​ធ្ងន់​ថា អ្នក​នយោបាយ​គួរ​រក​វិធី​ដោះ​ស្រាយ ឬ​សម្រុះ​សម្រួល​គ្នា​តាម​ផ្នែក​នយោបាយ ដើម្បី​បញ្ចប់​បញ្ហា​ជាប់​គាំង​នេះ ដោយសារ​លោក​ពុំ​មាន​ជំនឿ​លើ​តុលាការ​ក្នុង​ការ​ដោះ​ស្រាយ​រឿង​នេះ ឲ្យ​មាន​ភាព​យុត្តិធម៌​នោះ​ទេ៖ « ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត លោក​មាន​ការ​ភ័យ​ខ្លាច មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ការ​ទាមទារ​ប្រមូល​ផ្តុំ ទាមទារ​តវ៉ា​ហ្នឹង ដោយសារ​តែ​យើង​ឃើញ​ថា មាន​ការ​បង្ក្រាប​ជារឿយៗ អញ្ចឹង​ទៅ​ណា។ វា​ជា​សញ្ញា​មួយ​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ទៀត​មាន​ការ​ព្រួយ​បារម្ភ និង​មាន​ការ​ភ័យ​ខ្លាច។ ហ្នឹង​ហើយ​ យើង​បាន​ឃើញ​ហើយ រហូត​មក​ដល់​ពេល​នេះ គឺ​ឃើញ​ថា អ្នក​ដែល​ងើប​ឡើង​ទាមទារ​តវ៉ា​សិទ្ធ​សេរីភាព​ផ្សេងៗ ហ្នឹង កាន់​តែ​ថយ​ចុះ​ពី​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ដោយសារ​តែ​ការ​គំរាម​កំហែង ការ​បង្ក្រាប​របស់​អាជ្ញាធរ ដោយ​ប្រើ​ហិង្សា​ផង រហូត​ទៅ​ដល់​ឈាន​ដល់​មាន​ការ​ចាប់​ខ្លួន ចាប់​អី​ហូរហែ​ហ្នឹង »

ចាប់​តាំងពី​ខែមករា រហូត​ដល់​ចុង​ខែ​តុលា​នេះ របប​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​​ អ្នក​នយោបាយ សកម្មជន យុវជន ព្រះសង្ឃ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យ៉ាង​ហោច​ណាស់​ក៏​ជាង ៣០នាក់​ដែរ។ សកម្ម​ជន​បក្ស​ប្រឆាំង​ច្រើន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​មិន​ឱ្យ​យោធិន​ស្ដាប់​បញ្ជា និង​ប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល។ ចំណែក ក្រុម​សកម្មជន អ្នក​នយោបាយ​មិន​មែន​បក្ស​សង្គ្រោះ​ជាតិ និង​យុវជន​វិញ រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់។

ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ រួម​ទាំង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផង បាន​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​នេះ​វិញ ព្រោះ​ការ​សម្ដែង​មតិ និង​អនុវត្ត​សិទ្ធិ​នយោបាយ មិន​មែន​ជា​បទល្មើស​នោះ​ទេ តែ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ធានា​ឱ្យ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។