កិច្ចប្រជុំរយៈបីថ្ងៃនៃវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៤៥ បានបញ្ចប់នៅថ្ងៃទី២៥ មករា ហើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចូលរួម បានលើកឡើងអំពីកំណើនសេដ្ឋកិច្ចខ្ពស់ដែលកម្ពុជា សម្រេចបានដោយសារតែការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំរបស់លោករយៈពេល ៣០ឆ្នាំ។ ប៉ុន្តែអង្គការសង្គមស៊ីវិលវិញយល់ឃើញថា លោក ហ៊ុន សែន គួររៀបរាប់អំពីទំនាក់ទំនងស្ថានភាពសិទ្ធិមនុស្ស គាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ទើបចាត់ទុកថា ជាមេដឹកនាំល្អសម្រាប់កម្ពុជា។
គេហទំព័ររបស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលប្រព្រឹត្តទៅនៅទីក្រុងដាវ៉ូស ប្រទេសស្វីស (Davos-Klosters, Switzerland) នៅថ្ងៃទី២៥ មករា បានបង្ហាញជំនួបដាច់ដោយឡែកលើការពិភាក្សារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខនៃថ្នាក់នៃប្រទេសអាស៊ាន និងក្រុមអ្នកវិនិយោគជាច្រើនទៀត។ នៅក្នុងវេទិកានោះ លោក ហ៊ុន សែន បានអះអាងពីការវិវត្តន៍ទៅមុខនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់នៅរយៈពេល ២០ឆ្នាំកន្លងមក។
នៅកិច្ចប្រជុំដែលមានថ្នាក់ដឹកនាំប្រមាណ ១៤០ប្រទេសបានចូលរួមនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញអំពីកត្តារាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែរ រួមមាន បញ្ហាគ្រោះធម្មជាតិ អសន្តិសុខស្បៀង និងប៉ះពាល់អវិជ្ជមានអំពីការប្រែប្រួលអាកាសធាតុ ប៉ុន្តែថ្នាក់ដឹកនាំផ្សេងទៀត បានរួមគ្នាពិភាក្សាដោះស្រាយបញ្ហាផ្សេងពីនេះ ដូចជាបញ្ហាប្រឈមផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមដែលជាបញ្ហាមូលដ្ឋានយ៉ាងសំខាន់ក្នុងការសម្រេចចិត្តនៅពេលខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន បានបង្វែរចំណាប់អារម្មណ៍អ្នកចូលរួមវេទិកានោះ មកកម្ពុជាវិញ ដោយលោកបានបញ្ជាក់ទៀតថា សម្រាប់ប្រទេសកម្ពុជា ជាប្រទេសបើកចំហសេដ្ឋកិច្ចដែលមានសក្ដានុពលច្រើនដល់ការវិនិយោគ និងបច្ចុប្បន្នជាប្រទេសចំណូលមធ្យមដ៏រឹងមាំមួយ។
បន្ថែមលើនេះ ការបង្កើតគោលនយោបាយអភិវឌ្ឍឧស្សាហកម្ម ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធច្បាប់ និងកិច្ចសម្រួលពាណិជ្ជកម្មជាដើម គឺជាគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា។
ផ្ទុយពីការលើកឡើងរបស់លោក ហ៊ុន សែន នេះ អង្គការសង្គមស៊ីវិលនានានៅកម្ពុជា បានអះអាងថា បើចង់ទាញចំណាប់អារម្មណ៍វិនិយោគពីវេទិកាសេដ្ឋកិច្ចពិភពលោកនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែរៀបរាប់អំពីភាពរីកចម្រើននៃស្ថានភាពសិទ្ធិមនុស្ស គាំទ្រដល់អាជីវកម្ម ទើបជាការទាក់ទាញក្រុមអ្នកវិនិយោគទាំងនោះប្រកបដោយប្រសិទ្ធភាព។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បានអះអាងថា ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍសិទ្ធិមនុស្ស ត្រូវដើរទន្ទឹមគ្នា៖ «កំណើនសេដ្ឋកិច្ច និងការធានាឲ្យមានការគោរពសិទ្ធិមនុស្ស គឺប្រធានបទសំខាន់សម្រាប់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ក្នុងការធានាឲ្យមានកំណើនសេដ្ឋកិច្ច»។
អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ លោក ស្រី ចន្ធី មានប្រសាសន៍ថា ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោកនោះ កម្ពុជាហាក់ទទួលបានផលប្រយោជន៍តិចតួចពីកិច្ចប្រជុំនោះ។ ផលប្រយោជន៍ដែលកម្ពុជា ទទួលបាននោះ គឺធ្វើឲ្យសហគមន៍អន្តរជាតិ ស្គាល់ឈ្មោះប្រទេសកម្ពុជា តែប៉ុណ្ណោះ៖ «ភាគច្រើន គេមិនសូវស្គាល់កម្ពុជា ដោយសារតែប្រទេសរបស់យើងតូច»។
ទោះជាយ៉ាងណាក៏ដោយ វេទិកាសេដ្ឋកិច្ចពិភពលោកនេះ គ្រាន់តែជាវេទិកាពិភាក្សាអំពីការអភិវឌ្ឍរួមរបស់ពិភពលោកតែប៉ុណ្ណោះ មិនមែនជាវេទិកាដើម្បីដាក់សម្ពាធដល់ប្រទេសណាមួយនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។